ភាគ១៤

120 6 0
                                    

“ បញ្ឈឺចិត្ត ”

    គីរ៉ាន់ ដើរចេញពីមន្ទីរពេទ្យដោយមានជំនួយការរត់ចេញពីឡានដែលចតនៅខាងមុនកាន់ឆ័ត្រមកបាំងព្រិលឲ្យគេរហូតទៅដល់ឡាន ទើបជំនួយការរហ័សបើកទ្វាឡានខាងក្រោយឲ្យគេ។
    « ចៅហ្វាយបានជួបអ្នកនាង រ៉ូជីន ទេ? » តូរីន ដែលជាជំនួយការផ្ទាល់ខ្លួនរបស់ គីរ៉ាន់ រហ័សសួរពេលឃើញទឹកមុខចៅហ្វាយនាយដូចជាមិនល្អសោះ ឬក៏មានរឿងមិនល្អកើតឡើងលើអ្នកនាង រ៉ូជីន ហើយ?។
    « នាងស្លាប់ហើយ » គីរ៉ាន់ ងាកមកតបទាំងទឹកមុខសោកសៅហើយក៏ចូលទៅអង្គុយនៅក្នុងឡានយ៉ាងស្ងប់ស្ងាត់ទីបំផុត។
    « ...» តូរីន ឱនមុខចុះមិនមាត់កបានត្រឹមសោកសៅជាមួយចៅហ្វាយនាយដែលបានបាត់បង់មនុស្សជាទីស្រលាញ់ទៅ។ តូរីន ចូលទៅក្នុងឡានហើយក៏បើកចេញទៅទាំងចិត្តមិនស្ងប់ ព្រោះគេគិតថាមនុស្សល្អដូចជា រ៉ូជីន មិនគួរមកស្លាប់ទទេៗបែបនេះទេ អ្នកដែលបានធ្វើឲ្យនាងឈឺចាប់វេទនាមុនពេលស្លាប់នោះគួរតែទទួលបានមេរៀនឈឺចាប់ខ្លះ។
    « ចៅហ្វាយគិតបណ្ដោយឲ្យរឿងចប់តែត្រឹមនឹងមែនទេ? » តូរីន ទ្រាំលែងបានទើបដាច់ចិត្តសួរចៅហ្វាយនាយដែលអង្គុយស្ងប់ស្ងាត់នៅខាងក្រោយម្នាក់ឯងទំនងជាកំពុងឈឺចិត្តលើសគេទៅទៀត តែបែរជាមិនគិតធ្វើអ្វីម្យ៉ាង មិនសមជាចរិកចៅហ្វាយរបស់គេសោះ។
    « អ្នកណាថាយើងនឹងបណ្ដោយឲ្យរឿងបញ្ចប់ត្រឹមនេះ អ្នកដែលធ្វើឲ្យនាងឈឺចាប់ ខ្ញុំនឹងឲ្យពួកគេឈឺលើសនាងមួយលានដង » កណ្តាប់ដៃមាំក្តាប់ចូលគ្នាយ៉ាងណែនធ្វើឲ្យលេចចេញសរសៃធំៗពេញដោយកម្លាំងលើខ្នងដៃរបស់គេចេញមក កែវភ្នែកសោកសៅប្រែជាក្រហមឆ្អៅពេញដោយភ្លើងគំនុំដែលមិនអាចរលត់បាន ព្រោះគេនឹងយកភាពឈឺចាប់របស់មនុស្សទាំងអស់នោះមកលុបលាងស្នាមទឹកភ្នែករបស់នាងដែលធ្លាប់ស្រក់មកលើដើមទ្រូងរបស់គេ។
    « ចៅហ្វាយចង់ចាត់ការអ្នកណាមុនប្រាប់មកចុះ ខ្ញុំនឹងទៅចាត់ការភ្លាម »
    « ទៅចាត់ការពួកមនុស្សលោភលន់ទាំងអស់នោះមុនគេ ត្រូវធ្វើឲ្យពួកគេស្លាប់យ៉ាងវេទនាបំផុត »
    « បាទ ចៅហ្វាយ » តូរីន ញោចមាត់ញញឹមយ៉ាងឃោឃៅមិនចាញ់អ្នកខាងក្រោយពេលបានទទួលបញ្ជាធ្វើរឿងសប្បាយៗរួចហើយ ទីបំផុតគេអាចបញ្ចេញកំហឹងជំនួសអ្នកនាង រ៉ូជីន បានហើយ។
   
    មន្ទីរពេទ្យជាយក្រុង
   
    ត្របកភ្នែកស្តើងបើកឡើងម្តងទៀតបន្ទាប់បិទអស់ជាច្រើនថ្ងៃ។
    « អ្ហើយ! » ណាប៊ី សម្លឹងឃើញពិដានពណ៌សរបស់មន្ទីរពេទ្យ នាងក៏ដកដង្ហើមធំហាក់ធូរក្នុងទ្រូងបន្តិច ព្រោះនាងស្មានតែខ្លួនឯងបានទៅកន្លែងដែលមិនចង់ទៅហើយ សំណាងល្អដែល គីរ៉ាន់ មិននាំនាងផ្ទះមួយនោះម្តងទៀត។
    ក្រាក!
    « អ្ហា៎! ឯងដឹងខ្លួនហើយមែនទេ? » ហារ៉ា រហ័សរត់ចូលមករកអ្នកដែលប្រឹងក្រោកអង្គុយទាំងមិនទាន់មានកម្លាំងស្រួលបួល។
    « តើខ្ញុំសន្លប់យូប៉ុណ្ណាហើយ? »
    « ឯងសន្លប់បីថ្ងៃហើយដឹងទេ ខ្ញុំភ័យណាស់គិតថាឯងនឹងមិនដឹងខ្លួនមករហូតទៀតផង » ហារ៉ា ជួយរៀបចំខ្នើយដាក់កល់ខ្នងរបស់ ណាប៊ី ដើម្បីឲ្យអ្នកជំងឺទើបងើបមកពីសន្លប់អង្គុយបានស្រួលខ្លួន។
    ណាប៊ី តាមមើលទង្វើល្អៗដែល ហារ៉ា បានធ្វើចំពោះនាងហើយធ្វើឲ្យនាងមិនដាច់ចិត្តសង្ស័យថា ហារ៉ា ជាអ្នកយករឿងរបស់នាងនិងរឿងរបស់ រ៉ូជីន ស្នាក់នៅមន្ទីរពេទ្យទៅប្រាប់អ្នកស្រី ដាលីន នោះទេ ទើបនាងសម្រេចចិត្តសួរតាមត្រង់។
    « បងមិនមែនជាអ្នកយករឿងដែលអ្នកនាង រ៉ូជីន ស្នាក់នៅទីនេះទៅប្រាប់អ្នកស្រី ដាលីន ទេឬ? »
    ហារ៉ា ឈប់សកម្មភាពគ្រប់យ៉ាងពេលត្រូវអ្នកដែលអង្គុយលើគ្រែអ្នកជំងឺសួរនាងចំៗបែបនេះ តាមពិតនាងក៏មិនបានគិតចង់ក្បត់ទំនុកចិត្តរបស់ ណាប៊ី ប៉ុន្មានដែរ តែនាងពិតជាត្រូវការលុយជាចាំបាច់ពិតមែន។
    « បងសុំទោសផងណា គឺគ្រួសារបងកំពុងមានបញ្ហា បងត្រូវការលុយពិតមែន » ហារ៉ា រហ័សសុំទោស ណាប៊ី ជំនួសឲ្យការឆ្លើយតបសំណួររបស់ ណាប៊ី វិញ នាងសង្ឃឹមថា ណាប៊ី នឹងយល់ពីនាង។
    « មិនអីទេ យ៉ាងណារឿងក៏វាហួសទៅហើយ ខ្ញុំមិនខឹងបងទេ » ណាប៊ី ព្រមអភិទោសឲ្យ ហារ៉ា ងាយៗព្រោះ ហារ៉ា ហ៊ានសារភាពត្រង់ៗមិនរកលេសកុហកតទៅទៀតបែបនេះមានន័យថា ហារ៉ា ក៏នៅមានចិត្តល្អខ្លះដែរ គ្រាន់តែនាងមានបញ្ហាលុយតែប៉ុណ្ណោះ ។
    « ណាប៊ី ល្អបំផុតហើយ ហេតុអ្វីក៏ព្រមអភិទោសឲ្យបងងាយៗបែបនេះ? ហ៊ឹក!» ហារ៉ា មានអារម្មណ៍ខុសកាន់តែខ្លាំងពេលទទួលបានការអភិទោសងាយៗបែបនេះ ហាក់ដូចជានាងមើលទៅអាក្រក់ខ្លាំងណាស់ដែលលួចក្បត់មនុស្សស្មោះត្រង់និងចិត្តល្អដូចជា ណាប៊ី។
    « កុំយំអីអាក្រក់មើលណាស់ »
    « បងថា ណាប៊ី មិនសមរស់នៅក្នុងពិភពលោកដ៏អាក្រក់មួយនេះទេ ព្រោះប្អូនស្រស់ស្អាតពេកហើយ ស្អាតទាំងចិត្តគំនិតនិងរូបរាងណា ហ៊ឹក! បងសុំទោសពិតមែនចំពោះរឿងនោះ ហ៊ឺ! »
    « បានហើយឈប់យំទៅ ប៉ុន្តែប៉ុន្មានថ្ងៃមកនេះបងបានទៅមើល រ៉េន ខ្លះទេ? គេយ៉ាងម៉េចហើយ? »
    « គេមានអ្នកនាង វីណា នៅមើលថែហើយ ឯងបារម្ភស្អីទៀត »
    « ពិតមែនហើយ ប៉ុន្តែខ្ញុំនៅតែបារម្ភដដែល ព្រោះរឿងរបស់ រ៉ូជីន ធ្វើឲ្យប៉ះពាល់ផ្លូវចិត្តរបស់គេខ្លាំងណាស់ »
    « គឺលឺមកថាមិនព្រមញុំអ្វី គិតតែពីសម្ងំគេងនៅលើគ្រែមិនព្រមចេញទៅធ្វើលំហាត់ជើងសោះ ប្រហែលជាជើងដែលលើករួចនោះវិលទៅសាភាពដើមវិញហើយ »
    « បងស្រី ខ្ញុំចង់ទៅមើលគេ » ណាប៊ី ទាញសារ៉ូមចេញពីដៃយ៉ាងឆាប់រហ័សរកតែអ្នកដែលឈរនិយាយហាមមិនទាន់។
    « ឯងទៅគេច្បាស់ជាដេញឯងដូចឆ្កែឆ្មាទៀតមិនខាន » ហារ៉ា ចាប់ស្មាតូចហាមមិនឲ្យនាងទៅរកគេ ព្រោះនាំតែមានរឿងកាន់តែធំជាងនេះ។
    « ចឹងបងគិតឲ្យខ្ញុំអង្គុយមើលគេប្រើជីវិតរស់នៅដូចស្លាប់ចឹងមែនទេ? ទោះជាគេជេរស្តីឲ្យខ្ញុំឬដេញខ្ញុំដូចសត្វធាតុយ៉ាងម៉េចក៏ខ្ញុំមិនខ្វល់ដែរ ខ្ញុំគ្រាន់តែចង់ឲ្យគេប្រើជីវិតបានល្អជាងនេះប៉ុណ្ណោះ ខ្ញុំចង់ឃើញគេរស់នៅដោយរីករាយមិនចង់ឃើញគេរស់នៅដោយភាពឈឺចាប់បែបនេះទេ »
    ហារ៉ា លែងដៃពី ណាប៊ី លែងហាមឃាត់តទៅទៀតពេលបានស្តាប់គ្រប់យ៉ាងចេញពីមាត់របស់ ណាប៊ី រួចហើយ។ ណាប៊ី រហ័សរត់ចេញទៅពេលទទួលបានការអនុញ្ញាតពីអ្នកមើលថែនាងហើយ។
   
    បន្ទប់លេខ៣៦៥
   
    « ឆាប់ចេញទៅ! ចេញឲ្យឆ្ងាយទៅ! »
    ប្រាវ!
    « អ្ហា៎! បងធ្វើឆ្កួតស្អីនឹង? »
    « ឆាប់ចេញទៅ! »
    ប្រាវ!
    វីណា រត់ចេញពីបន្ទប់របស់ រ៉េន ស្ទើរមិនទាន់ ព្រោះ រ៉េន ឆេវឆាវមិនស្តាប់អ្នកណា គិតតែពីដេញនាងនិងគ្រប់គ្នាទាំងអស់ឲ្យចេញពីបន្ទប់របស់គេ មួយថ្ងៃៗគេគិតតែពីសម្ងំនៅក្នុងបន្ទប់ងងឹតតែម្នាក់ឯង អ្នកណាចូលទៅជិតក៏មិនបាន។
    « គិតថាខ្ញុំខ្វល់មែនទេ? បើស្រលាញ់នាងនោះណាស់ក៏ស្លាប់ទៅតាមវាទៅ » វីណា ឈរថាឲ្យ រ៉េន នៅខាងមុនបន្ទប់ហើយក៏ដើរចេញទៅ ព្រោះនាងមិនខ្វល់ជាមួយ រ៉េន ស្រាប់ហើយ នាងមកទីនេះក៏ព្រោះតែសម្លឹងឃើញទ្រព្យសម្បត្តិរបស់គេតែប៉ុណ្ណោះ ។
   
    ក្រោយពី វីណា ចេញទៅផុត ទើប ណាប៊ី ដែលឈរលាក់ខ្លួនៅក្បែរនោះហ៊ានចេញមក ព្រោះបើ វីណា ឃើញនាង ច្បាស់ជាមិនឲ្យនាងចូលទៅរក រ៉េន បានទេ។
    « មុខពីរច្បាស់ណាស់ » ណាប៊ី លួចថាឲ្យ វីណា ពីក្រោយខ្នងព្រោះនាងបានស្តាប់លឺសម្តីរបស់ វីណា ដែលថាឲ្យ រ៉េន មុននេះ។ ណាប៊ី សម្លឹងមើល វីណា រហូតនាងចេញទៅផុតទើប ណាប៊ី ហ៊ានបើកទ្វាបន្ទប់របស់ រ៉េន ចូលទៅខាងក្នុងដោយមិនខ្វល់អ្វីច្រើន ព្រោះនាងតាំងចិត្តមកឲ្យគេជេរស្រាប់ហើយ។
    ក្រាក!
    ឌឹប!
    « អ៊ួយ! »
    ទើបតែឈានជើងចូលក្នុងបន្ទប់បានមួយជំហានក៏ត្រូវក្បាលមួយសៀវភៅក្រាស់ចង់បែកក្បាលទៅហើយ តើបិសាចណាចូលសន្ធិតគេទើបសាហាវដ៏ថ្នាក់នេះ?។
    « ឆាប់ចេញទៅ! ប្រយ័ត្នថាខ្ញុំមិនបានប្រាប់ » គេស្ទុះក្រោកអង្គុយស្រែកសម្លុតនាង។
    « ប៉ុន្មានថ្ងៃនេះលោកមិនទៅធ្វើចលនាជើងទេ? » ណាប៊ី ធ្វើជាស្តាប់មិនលឺសម្តីរបស់គេមុននេះ នាងឱនរើសសៀវភៅដែលគេគប់ក្បាលរបស់នាងមុននេះឡើងមកហើយដើរចូលទៅរកគេយ៉ាងមុខក្រាស់។ យ៉ាងណានាងក៏សម្រេចចិត្តមកទីនេះដើម្បីឲ្យគេជេរទៅហើយ ដូច្នេះបើមិនអាចបញ្ចុះបញ្ចូលឲ្យគេត្រឡប់ទៅធ្វើចលនាជើងបានទេ នាងមិនព្រមទៅវិញឡើយ។
    រ៉េន ឃើញនាងដើរចូលមករកគេយ៉ាងប្រហើនមិនខ្លាចពាក្យគំរាមរបស់គេមុននេះ គេក៏ទាញសៀវភៅមួយក្បាលទៀតមកគប់នាង។
    ប្រូស!
    សៀវភៅធ្លាក់ទៅលើឥដ្ឋដោយមិនត្រូវខ្លួនស្រីក្រមុំដែលដើរចូលមកបន្តិចព្រោះនាងដឹងទាន់ទើបរហ័សគេច។
    « នាង! » គេងាកទៅរករបស់ផ្សេងដើម្បីគប់នាងតប៉ុន្តែមិនទាន់រកបានផងនាងក៏ដើរចូលមកដល់គេបាត់ទៅហើយ។
    « ឆាប់ក្រោកទៅរៀនធ្វើចលនាជើងទៅ » ណាប៊ី យកសៀវភៅដែលរើសមកដាក់នៅលើតុត្រង់កន្លែងដើមហើយក៏បង្ខំគេឲ្យទៅរៀនធ្វើចលនាជើងបន្ត។
    « នាងមានសិទ្ធិអ្វីមកបញ្ជាខ្ញុំ? »
    គេប្រើក្រសែភ្នែកខឹងស្អប់សម្លឹងមកនាងដូចដើម ទើបធ្វើឲ្យបេះដូងរបស់នាងឈឺចាប់មិនខុសពីរាល់ដង ប៉ុន្តែដើម្បីគេ នាងត្រូវតែទ្រាំទទួលយកភាពឈឺចាប់មួយនេះតែម្នាក់ឯង។
    « ខ្ញុំគ្មានសិទ្ធិបញ្ជាលោកទេ ហើយលោកក៏គ្មានសិទ្ធិមកធ្វើបាបខ្ញុំដែរ បើខ្ញុំជាអ្នកព្យាយាមលាក់បាំងរឿងដែលអ្នកនាង រ៉ូជីន ស្នាក់នៅក្នុងមន្ទីរពេទ្យតើវាយ៉ាងម៉េច? លោកចង់ធ្វើអ្វីខ្ញុំ? ព្រោះនោះជាសិទ្ធិរបស់ខ្ញុំទេ លោកមានសិទ្ធិអ្វីមកថាខ្ញុំជាអ្នកខុសបែបនេះឬបែបនោះ លោកគ្មានសិទ្ធិថាខ្ញុំជាមនុស្សអាត្មានិយមនោះទេ » បើប្រើវិធីនិយាយស្រួលបួលមិនអាចឲ្យគេព្រមតស៊ូក្រោកឈរម្តងទៀតបាន នាងមានតែប្រើវិធីបញ្ឈឺឲ្យគេឈឺចាប់និងស្អប់នាងកាន់តែខ្លាំងបែបនេះហើយ។
    « នាង ណាប៊ី! »
    ឌឹប!
    រាងក្រាស់ធ្លាក់ពីលើគ្រែទៅដល់លើកម្រាលឥដ្ឋព្រោះតែឈោងចាប់ស្រីក្រមុំដែលឈរនិយាយបញ្ឈឺឲ្យគេ តែនាងគេចថយក្រោយទើបធ្វើឲ្យគេធ្លាក់ទៅលើកម្រាលឥដ្ឋយ៉ាងអាម៉ាស់។
    « សភាពដូចកូនឆ្កែពិការជើងបែបនេះ កុំមកគិតចង់សងសឹកជាមួយខ្ញុំអីល្អជាង » ណាប៊ី ឈរឱបដៃថាឲ្យគេទាំងពេបជ្រាយមើលងាយហើយក៏រលាស់សក់ដើរចេញទៅតាមរបៀបអ្នកឈ្នះធ្វើឲ្យអ្នកដែលលូននៅលើឥដ្ឋឈឺចិត្តរកអ្វីមកប្រៀបផ្ទឹមពុំបាន។
    « ណាប៊ី! ពុទ្ធោអើយ! ស្រីចង្រៃឆាប់ត្រឡប់មកវិញមក ចាំមើលខ្ញុំនឹងធ្វើឲ្យនាងឈឺចាប់លើសខ្ញុំរាប់លានដង » រ៉េន ស្រែកហៅនាងឡើងតឹងសរសៃក គេខឹងជាមួយ ណាប៊ី ស្ទើរដាច់សរសៃឈាមខួរក្បាល គេនឹងសងសឹកជាមួយនាងវិញឲ្យបាន គេនឹងធ្វើឲ្យនាងឈឺចាប់លើសគេមួយលានដង គេនឹងក្រោកឈរម្តងទៀតដើម្បីប្រដៅមនុស្សស្រីអាក្រក់ពិសពុលដូចជានាង។
    គ្រឹប!
    ណាប៊ី ទាញទ្វាបន្ទប់បិទទាំងបេះដូងឈឺដូចជាចាប់ហែកចេញពីគ្នា តែក៏មិនអាចចូលទៅបកស្រាយឲ្យគេយល់វិញបានព្រោះមានតែវិធីនេះប៉ុណ្ណោះ មានតែឲ្យគេស្អប់នាងនិងចង់សងសឹកជាមួយនាងខ្លាំងប៉ុណ្ណោះ ទើបអាចឲ្យគេក្រោកឡើងម្តងទៀតបាន។
    « សុំទោសផង រ៉េន » ណាប៊ី បិទភ្នែករំងាប់អារម្មណ៍ហើយក៏ដើរចេញទៅដោយមិនមានភាពសោកស្តាយចំពោះទង្វើរបស់ខ្លួនមុននេះ។
            រងចាំភាគបន្ត
   

   
   
  
   

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now