ភាគ៣២

122 4 0
                                    

“ ស្តីបន្ទោស ”

    រ៉េន ចេញពីបន្ទប់ទឹកជាមួយកូនកន្សែងជូតសក់នៅក្នុងដៃ ភ្នែកមុតស្រួចងាកទៅសម្លឹងស្រីក្រមុំដែលគេងលង់លក់នៅលើគ្រែយ៉ាងស្កប់ស្កល់ ដោយសារតែមួយរយះនេះគេគេងនៅបន្ទប់ធ្វើការ នាងប្រហែលស្រួលខ្លួនដែលគេងគ្រែមួយតែឯងហើយ។ រ៉េន មិនទាន់ចេញទៅបន្ទប់ធ្វើការភ្លាមៗដូចសព្វដង តែថ្ងៃនេះគេស្រាប់តែចាប់អារម្មណ៍នឹងតុក្បែរបង្អួចដែល ណាប៊ី តែងតែអង្គុយបត់ផ្កាយក្រដាសដាក់កែវថ្លាជារៀងរាល់ថ្ងៃ។ ប្រអប់ដៃមាំចាប់កែវថ្លាដែលមានផ្កាយក្រដាសចម្រុះពណ៌កន្លះកែវ គេព្យាយាមសម្លឹងរកមើលភាពសំខាន់របស់ផ្កាយក្រដាសដែលនាងស្រលាញ់មិនឃើញទើបដាក់ចុះកន្លែងដើមវិញ ហើយក៏បន្តទៅរើសៀវភៅដែលគរនៅលើតុមកមើលម្តងមួយៗដោយគេក៏មិនយល់ពីខ្លួនឯងនៅពេលនេះទេ ហេតុអ្វីនៅសុខៗស្រាប់តែមានអារម្មណ៍ចង់ដឹងអ្វីដែលទាក់ទងនឹងនាងបែបនេះ?។
    « សៀវភៅកំណត់ហេតុ! » រ៉េន កាន់សៀវភៅកំណត់ហេតុចាស់មួយក្បាលនៅក្នុងដៃទំនងជានាងសរសេរតាំងពីនាងរៀននៅវិទ្យាល័យ។ រ៉េន សាកមើលលេងៗព្រោះចង់ដឹងថានាងសរសេរអ្វីខ្លះនៅក្នុងនោះ តើមានឈ្មោះគេនៅក្នុងសៀវភៅកំណត់ហេតុរបស់នាងឬអត់? ព្រោះគេក៏ធ្លាប់ជួយនាងពីមិត្តកាលពីវិទ្យាល័យដែរ។
    “ ខ្ញុំ គីម ណាប៊ី ហាសហា ថ្ងៃនេះខ្ញុំមានត្រកូលហើយ គីម ជាត្រកូលរបស់គ្រួសារខ្ញុំ ខ្ញុំបានរស់នៅមណ្ឌលកុមារកំព្រាអស់រយះពេល១៧ឆ្នាំហើយ ខ្ញុំស្ទើតែមិនជឿថាខ្ញុំអាចមានថ្ងៃបានជួបលោកប៉ានិងអ្នកម៉ាក់ម្តងទៀត ” 
    រ៉េន ទាញកៅអីអង្គុយដោយអារម្មណ៍ក្ដុកក្ដួល គេបើកអានទំព័របន្ទាប់ដោយជក់ចិត្ត។
    “ ខ្ញុំ...ខ្ញុំចង់ក្លាយជាអ្នកដែលអាចជួយសង្គ្រោះជីវិតមនុស្សបាន បន្ទាប់ពីខ្ញុំបានឃើញមនុស្សស្លាប់នៅតាមផ្លូវនៅថ្ងៃនេះហើយខ្ញុំបែរជាមិនអាចជួយគេបាន ខ្ញុំពិតឈឺចាប់ខ្លាំងណាស់ ខ្ញុំចង់ក្លាយជាគ្រូពេទ្យម្នាក់នៅថ្ងៃអនាគត ”
    « ព្រោះតែចង់ក្លាយជាគ្រូពេទ្យទើបនាងសុខចិត្តរស់នៅមន្ទីរពេទ្យជាយក្រុងអស់រយះពេលជាច្រើនឆ្នាំក្រោមការគាប់សង្កត់ពី គីរ៉ាន់ ហើយនាងមិនគិតនឹងចាកចេញចឹងមែនទេ? ល្ងង់មែន! » រ៉េន រអ៊ូទាំងខឹងម្នាក់ឯង។
    “ ខ្ញុំបានឃើញ...លោកប៉ានិងអ្នកម៉ាក់ ធ្លាក់ចុះពីខាងលើមក សំឡេងកាំភ្លើង...បងប្រុសកាន់កាំភ្លើង! ខ្ញុំ...”
    « លោកកំពុងធ្វើអ្វីនៅទីនោះ? » សំឡេងរបស់ ណាប៊ី បន្លឺឡើង ទើប រ៉េន រហ័សបិទសៀវភៅទុកកន្លែងដើមយ៉ាងរហ័ស។
    « ខ្ញុំកំពុងតែរៀបចេញទៅហើយ! » រ៉េន ក្រោកឈរឡើងហើយដើរចេញពីបន្ទប់យ៉ាងរហ័ស។
    ណាប៊ី អង្គុយមើល រ៉េន ចេញទៅផុត ទើបក្រោកចុះពីលើគ្រែទៅលើកសៀវភៅដែលដាក់មិនរៀបរយមកមើលត្រង់ស្នាមដែលទើបនឹងបើកមុននេះ។
    “ ខ្ញុំ...ជាអ្នកសម្លាប់លោកប៉ានិងអ្នកម៉ាក់...! ”
    គ្រឹប!
    ណាប៊ី បិទសៀវភៅវិញយ៉ាងឆាប់រហ័សទាំងបេះដូងចាប់ផ្តើមលោតញាប់ធ្វើឲ្យនាងដកដង្ហើមស្ទើរមិនដកគ្នាមួយរំព្រិច គ្រប់យ៉ាងនៅជុំវិញខ្លួនរបស់នាងប្រែជាវិលចូលគ្នាតាមរាងកាយដែលចាប់ផ្តើមឈរលែងនឹង ណាប៊ី ច្រត់ដៃនឹងតុទាំងបិទភ្នែក ព្យាយាមដកដង្ហើមមួយៗហើយដើរយឺតៗទៅយកថ្នាំដែលនៅក្នុងថតតុក្បែរក្បាលគេមកលេប រួចក៏សម្ងំស្ងៀមមួយសន្ទុះទើបបានប្រសើរឡើង ។
    « រ៉េន បានអានទំព័រនោះហើយឬនៅ? » ណាប៊ី អង្គុយសម្លឹងសៀវភៅកំណត់ហេតុលើតុទាំងដកដង្ហើមធំពេញដោយក្តីព្រួយបារម្ភ។
   
    ថ្ងៃថ្មីនៅការិយាល័យអគ្គនាយក
   
    តុក! តុក!
    សំឡេងគោះទ្វាធ្វើឲ្យ ណាប៊ីនិងរ៉េន រហ័សប្តូរកន្លែងអង្គុយគ្នា ព្រោះ រ៉េន មិនចង់ឲ្យអ្នកខាងក្រៅមកឃើញគេអង្គុយនៅតុធ្វើការដែលជាតំណែងរបស់ភរិយា។
    « ចូលមក! » ណាប៊ី រៀបចំខ្លួនរៀបរយនៅកៅអីអគ្គនាយកហើយក៏ឆ្លើយអនុញ្ញាតឲ្យអ្នកខាងក្រៅចូលមក។
    « រឿងដែលអ្នកនាងប្រធានឲ្យខ្ញុំទៅស៊ើបនៅធនាគារបានមកហើយ នេះជារូបភាពឡាននិងមនុស្សពីកាំមេរ៉ាសុវត្ថិភាពនៅធនាគារ » អ្នកស៊ើបរបស់ក្រុមហ៊ុនដែលអាចទុកចិត្តបានម្នាក់យកវីដេអូពីកាំមេរ៉ាមកឲ្យ ណាប៊ី មើល។
    « លុយពីរពាន់លាននៅក្នុងឡានមួយមែនទេ? »
    « បុរសអាវខ្មៅនេះរូបរាងនិងកម្ពស់មិនដូចប្រធានរោងចក្រទេ » រ៉េន ក្រោកពីសាឡុនមកតាំងពីពេលណាមិនដឹង ពេលដែលដឹងគេក៏មកឈរឱនមើលវីដេអូក្បែរ ណាប៊ី បាត់ទៅហើយ។
    « អាចតាមដានដឹងទេថាឡាននេះទៅកន្លែងណា? » ណាប៊ី សួរបន្ត។
    « ទាំងអស់នេះជាវីដេអូដែលចាប់បានតាមផ្លូវ ឡានមួយគ្រឿងនេះដូចជាចូលទៅក្នុងឃ្លាំងចាស់មួយនៅជាយក្រុង »
    « ខ្ញុំត្រូវទៅមើលកន្លែងនោះឥឡូវនេះ! » ណាប៊ី ក្រោកឈរឡើងយ៉ាងមុឺងម៉ាត់។
    « នាងគិតទៅម្នាក់ឯងមែនទេ? » រ៉េន សួរដោយទឹកមុខមិនគួរឲ្យជឿថានាងនឹងទៅម្នាក់ឯង។
    « អត់ទេ! » ណាប៊ី ងាកទៅតបជាមួយគេ ដោយញាក់ភ្នែកជាសញ្ញាបញ្ជាក់ថាឲ្យគេទៅជាមួយនាង។
   
    តាមផ្លូវទៅកាន់ឃ្លាំងនៅជាយក្រុង
   
    ដោយសារតែនៅក្នុងសម្ព័ន្ធ អ៊ីសាជី គ្មានអ្នកគួរឲ្យទុកចិត្ត ទើប ណាប៊ីនិងរ៉េន មកកាន់ទីតាំងដែលសង្ស័យថាជាកន្លែងលាក់លុយពីរពាន់លានរបស់ក្រុមហ៊ុនដោយផ្ទាល់ ប៉ុន្តែនាងនិងគេមិនបានមកតែពីរនាក់ទេ ទោះយ៉ាងណានាងក៏នាំអង្គរក្សពីរនាក់មកជាមួយដែរ ម្នាក់ជាអ្នកបើកឡានដែលអាចទុកចិត្តបានហើយម្នាក់ទៀតជាអង្គរក្សដែលធ្វើការឲ្យលោកប៉ានាងតាំងតែងពីក្មេង ដូច្នេះគេទាំងពីរនាក់នេះសុទ្ធតែអាចទុកចិត្តបាន។
    ងុឺត!
    « ខ្ញុំគិតថាឃ្លាំងមួយនេះហើយ » ណាប៊ី ទម្លាក់អាយផេតនៅក្នុងដៃចុះហើយរហ័សបើកទ្វាឡានចេញទៅខាងក្រៅ។
    « ឈរខាងក្រោយខ្ញុំទៅ » រ៉េន ចេញមកតាមក្រោយនាង ទាញដៃឲ្យនាងទៅឈរនៅពីខាងក្រោយខ្នងគេវិញ ដើម្បីសុវត្ថិភាពរបស់នាង។
    អង្គរក្សពីរនាក់ដើរនាំមុខ ណាប៊ីនិងរ៉េន ចូលទៅកាន់ឃ្លាំងចាស់ទុកចោលមួយកន្លែងដោយប្រុងប្រយ័ត្ន។
    « ពួកឯងជាអ្នកណា? » សំឡេងគ្រលរកំណាចសម្លុតសួរក្រុមមនុស្សប្លែកមុខដែលសម្រុកចូលមកឃ្លាំងរបស់គេ។
    « គឺឡានមួយនោះ! » ណាប៊ី មិនចាប់អារម្មណ៍នឹងសំណួរក្រុមអ្នកលេងតែនាងបែរជាលាន់មាត់ដោយភាពភ្ញាក់ផ្អើលពេលក្រឡេកឃើញឡានដឹកលុយចេញពីធនាគារវិញ។
    គ្រប់គ្នាចោលភ្នែកទៅតាមដៃរបស់នាង សូម្បីដែលអ្នកលេងដែលអង្គុយស្ងៀមនៅក្នុងឃ្លាំងក៏ចាប់ផ្តើមក្រោកឈរឡើងពេលដឹងថានាងមកទីនេះព្រោះដែលឡានមួយគ្រឿងនោះ។
    « ស្ថានភាពមិនល្អទេ នាងចេញទៅចាំនៅខាងក្រៅមុនទៅ » រ៉េន ទាញដៃតូចរុញនាងបង្ខំឲ្យចេញទៅចាំនៅខាងក្រៅព្រោះមើលទៅក្រុមអ្នកលេងកំពុងអូសដំបងសំដៅមកកាន់ពួកគេហើយ។
    « ចុះលោក រ៉េន? ខ្ញុំមិនអាចទុកលោកចោលបានទេ » ណាប៊ី ឱបដៃ រ៉េន ជាប់មិនថាគេប្រឹងរុញនាងចេញពីគេយ៉ាងណាក៏មិនបាន។
    « អេ! ចាត់ការកុំឲ្យពួកគេចេញទៅវិញបាន » មេក្រុមអ្នកលេងស្រែកឡើងទើបកូនចៅកាន់ដំបូងរត់ចូលសំដៅមករក ណាប៊ីនិងរ៉េន។
    ឌឹប! ឌឹប!
    អង្គរក្សពីរនាក់របស់ណាប៊ី កំពុងប្រយុទ្ធជាមួយក្រុមអ្នកលេងដប់នាក់យ៉ាងសាហាវមិនខុសពីក្នុងរឿងកុន។
    « ខ្ញុំត្រូវតែដឹងឲ្យបានថាលុយពីរពាន់លានពិតជានៅក្នុងឡានមែនឬអត់? » ណាប៊ី លែងដៃ រ៉េន ហើយរហ័សរត់សំដៅទៅឡានដែលចតទុកចោលនៅជិតជញ្ជាំងយ៉ាងលឿន។
    « ណាប៊ី! » រ៉េន ប្រុងរត់ទៅតាមនាងតែក៏ត្រូវក្រុមអ្នកលេងទាក់មុខ ទើបគេនៅដាល់គ្នាជាមួយក្រុមអ្នកលេងបន្ត។
    ណាប៊ី រត់មកដល់ឡាន តែបើកទ្វាខាងក្រោយមិនបាន ព្រោះត្រូវចាក់សោបាត់ទៅហើយ។
    « កំពុងរកកូនសោមែនទេ? » មេក្រុមអ្នកលេងលើកកូនសោបង្ហាញស្រីក្រមុំដែលកំពុងរកបើកទ្វាឡានមើលរបស់ខាងក្នុង។
    « ឆាប់ឲ្យកូនសោមក? »
    « និយាយតាមត្រង់ទៅខ្ញុំក៏ចង់ឲ្យកូនសោទៅនាងដែរ តែមិនបានទេព្រោះអ្នកដែលយកមកផ្ញើរប្រាប់ថាមិនឲ្យអ្នកណាប៉ះពាល់ឡានមួយនេះឡើយ »
    « ឆាប់ឲ្យមកនេះ! »
    មេក្រុមអ្នកលេងដឹងទាន់ថានាងចង់លួចកញ្ឆក់យកកូនសោទើបគេដកដៃទាន់ពេល។
    « មិនបាន! » គេញាក់ចិញ្ចើមឌឺដងឲ្យ ណាប៊ី ដែលកំពុងឈរសម្លឹងកូនសោក្នុងដៃរបស់គេដោយទឹកមុខតានតឹង។
    ឌឹប!
    ប្រូស!
    ឈរឌឺ ណាប៊ី សុខៗគេក៏ដួលសន្លប់ទៅលើដីព្រោះតែ រ៉េន វាយពីខាងក្រោយ។ ណាប៊ី លើកមេដៃឲ្យ រ៉េន ជាមួយស្នាមញញឹម ព្រោះគេតែងតែមកទាន់ពេលជានិច្ច។
    « ឆាប់បើកទ្វាឡានទៅ » រ៉េន រើសកូនសោបោះឲ្យស្រីក្រមុំ ។
    ណាប៊ី ចាប់កូនសោបានហើយក៏យកទៅចាក់បើកមេសោរួចបើកឡានទ្វាមើលរបស់ខាងក្នុងយ៉ាងប្រញាប់ប្រញាល់។
    « គ្មានអ្វីទេ! » ណាប៊ី បើកភ្នែកធំៗឃើញថានៅក្នុងឡានគ្មានលុយពីរពាន់លានដែលនាងតាមរកទេ។
    « ពិតជាគ្មានអ្វីមែនទេ? » រ៉េន មិនជឿនោះទេថាខាងក្នុងពិតជាគ្មានអ្វីទាល់តែសោះ ទើបគេរហ័សរត់មកមើលជាមួយនាង។
    « គ្មានអ្វីពិតមែន? ហើយ...! »
    « ប្រយ័ត្ន! »
    ណាប៊ី ទាញ រ៉េន មកឱបទាំងលើកដៃរងដំបងដែលប្រុងវាយមកលើក្បាលរបស់ រ៉េន។
    ឌឹប!
    « អួយ! » ណាប៊ី ទប់ដៃដែលហូរឈាមជោកដៃអាវភ្លាមៗ។
    « ចង្រៃយ៍! » រ៉េន សម្លឹងមើលដៃស្រឡូនដែលកំពុងហូរឈាមហើយក៏ស្ទុះចូលទៅចាប់កាច់កដៃមនុស្សដែលវាយនាងមុននេះមួយទំហឹង។
    « អួយ! អួយ! » មេក្រុមអ្នកលេងលុតជង្គង់លើដីស្រែកទាំងឈឺចាប់ពេលកដៃរបស់គេមួយចំហៀងកំពុងតែត្រូវបំបាក់ដោយដៃរបស់ រ៉េន។
    « ឆាប់ប្រាប់ឲ្យគ្នារបស់ឯងឈប់ភ្លាម បើមិនឈប់ទេយើងនឹងបំបាក់ដៃឯងម្ខាងទៀតមិនខាន »
    « ឈប់!...ពួកឯងឆាប់ឈប់! »
    កូនចៅរបស់គេបញ្ឈប់ការប្រយុទ្ធជាមួយអង្គរក្សរបស់ ណាប៊ី មួយរំព្រិចពេលលឺសំឡេងស្រែកទាំងឈឺចាប់របស់មេគេហើយ។
    ឌឹប!
    រ៉េន ទាត់គេមួយជើងបង្ហើយដើម្បីបញ្ចេញកំហឹងចំពោះរឿងដែលគេធ្វើឲ្យ ណាប៊ី មានរបួស ។ ដៃមាំឈោងទៅចាប់ដៃស្រឡុនហើយអូសនាងចេញពីឃ្លាំងទៅកាន់ឡាននៅខាងមុខវិញទាំងខឹងសម្បារមិនទាន់បាត់។
    « អួយ! »
    អង្គរក្សទាំងពីរនាក់បែកមុខបែកមាត់រហ័សចូលទៅក្នុងឡាន តែ រ៉េននិងណាប៊ី បែរជាឈប់ដំណើរនៅក្បែរឡាន។
    « នាងឆ្កួតមែនទេ? ហេតុអ្វីក៏យកដៃមករងជំនួសខ្ញុំ? នាងគិតថាឆ្អឹងរបស់នាងរឹងជាងដំបងឬយ៉ាងម៉េច? » រ៉េន ឈប់ដំណើរ ស្រែកគំហកស្តីបន្ទោសឲ្យនាងខ្លាំងៗមិនគិតពីអារម្មណ៍របស់អ្នកដែលខំជួយគេរហូតមានរបួសខ្លួនឯង។
    « ពិតមែនហើយខ្ញុំឆ្កួត ខ្ញុំឆ្កួតដែលជួយមនុស្សដូចជាលោក! ហ៊ឹក! » ណាប៊ី ទ្រាំលែងបានទើបស្រែកឲ្យគេវិញទាំងទឹកភ្នែករលីងរលោង កន្លងមកនាងតែងតែព្យាយាមជួយគេគ្រប់យ៉ាង តែអ្វីដែលនាងទទួលបានពីគេមានតែពាក្យសម្តីបន្ទោស បើគេមិនចេះនិយាយពាក្យអរគុណទេ ក៏គួរណាស់តែសួរនាងថាឈឺដែរទេ?ឬក៏ហត់ដែរទេ? គេសួរតែប៉ុណ្ណឹងក៏នាងអស់ចិត្តដែរ តែហេតុអ្វីគេគិតតែពីបន្ទោសនាង? ធ្វើឲ្យនាងមានអារម្មណ៍ថាគ្រប់យ៉ាងដែលខ្លួនឯងបានធ្វើសុទ្ធតែជាកំហុសនិងនាំទុក្ខឲ្យគេ បើដឹងថាជួយហើយត្រូវមកស្តាប់ពាក្យស្តីបន្ទោសបែបនេះ នាងទុកឲ្យក្បាលគេបែកល្អជាង។
    ណាប៊ី ស្រែកឲ្យគេហើយក៏ប្រុងចូលឡានតែក៏ត្រូវដៃមាំចាប់នាងទុក។ នាងងាកមកសម្លឹងមុខរបស់គេទាំងកែវភ្នែករលីងរលោង ខណៈនេះនាងឈឺចិត្តជាងឈឺមុខរបួសឆ្ងាយណាស់ នាងពិតជាខកបំណងខ្លាំងចំពោះគេ អំពើល្អរបស់គេប៉ុន្មានថ្ងៃនេះធ្វើឲ្យនាងគិតខុសលើគេទាំងស្រុង គិតថាគេនឹងលែងស្អប់នាងទៀតហើយ ប៉ុន្តែចុងក្រោយគេចំពោះនាងនៅតែដដែល គ្មានថ្ងៃអាចកែប្រែបានឡើយ។
    «...» រ៉េន មិនមាត់ទុកឲ្យនាងគិតគ្រប់យ៉ាងតាមចិត្តចង់ គេដឹងថានាងកំពុងតែគិតអ្វី ហើយគេក៏ទុកឲ្យនាងគិតបន្តទៀតដោយមិនបកស្រាយអ្វីឡើយ គេគ្រាន់តែយកកូនកន្សែងចេញមកចងមុខរបួសឃាត់ឈាមឲ្យនាង រួចហើយគេក៏ចូលទៅក្នុងឡានមុននាងដោយមិននិយាយអ្វីមួយម៉ាត់។
    « ខ្ញុំមិនចូលចិត្តរបៀបដែលលោកវាយក្បាលហើយក៏មកអង្អែលខ្នងតាមក្រោយបែបនេះទេ ហ៊ឹក! » ណាប៊ី ស្រែកឲ្យគេហើយក៏ចូលទៅក្នុងឡានអង្គុយស្រក់ទឹកភ្នែកយ៉ាងស្ងប់ស្ងាត់នៅក្បែរគេ សូម្បីសំឡេងយំបន្តិចក៏នាងមិនបន្លឺឲ្យគេលឺដែរ នាងសុខចិត្តខាំមាត់បង្ហូរទឹកភ្នែកយ៉ាងស្ងៀមស្ងាត់។
    “ មនុស្សចិត្តអាក្រក់! ហ៊ឹក! ខ្ញុំចង់ស្អប់លោកណាស់ដឹងទេ? បើមានជាតិក្រោយមែន ខ្ញុំនឹងកើតមកដើម្បីស្អប់លោក រ៉េន “ ណាប៊ី អង្គុយងាកមុខចេញពីគេទាំងលើកដៃជូតទឹកភ្នែកដែលចេះតែស្រក់ចុះមកមិនឈប់ មិនថានាងជូតយ៉ាងណាក៏មិនអស់ ព្រោះតែគេនាងត្រូវមកឈឺទាំងដៃ ឈឺទាំងចិត្តដំណាលគ្នា។
              រងចាំភាគបន្ត
   
   

   
   
  
   

   
   
   

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now