“មនុស្សកុហកបោកប្រាស់ ”
ងុឺត!
ឡានទំនើបពណ៌ខ្មៅពីរគ្រឿងឈប់នៅមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់ម្ចាស់សម្ព័ន្ធ អ៊ីសាជី ស្របពេលអ្នកបម្រើនិងក្រុមអង្គរក្សក្នុងផ្ទះទាំងអស់ឈរតម្រៀបជួរចាំស្វាគមន៍ការមកដល់ម្តងទៀតរបស់អ្នកនាងតូចរបស់ អ៊ីសាជី ជាស្រេច។
ណាប៊ី ឈានជើងចុះពីលើឡានងើយសម្លឹងដំបូលផ្ទះដែលនាងបានចាកចេញឆ្ងាយអស់រយះបួនឆ្នាំមកហើយ តាំងពីថ្ងៃដែលនាងសម្រេចចិត្តចាកចេញពីទីនេះនាងមិនដែលគិតថានឹងត្រឡប់មកកាន់កន្លែងដ៏ឈឺចាប់មួយនេះទៀតទេ ប៉ុន្តែចុងក្រោយនាងនៅតែត្រូវត្រឡប់មកវិញដដែល ពេលវេលាកន្លងហួសទៅបួនឆ្នាំហើយប៉ុន្មានគ្រប់យ៉ាងនៅទីនេះហាក់ដូចជាគ្មានការផ្លាស់ប្តូរទាល់តែសោះ បេះដូងរបស់នាងនៅតែឈឺចាប់គ្រប់ពេលឈានជើងចូលក្នុងផ្ទះមួយនេះ។ ណាប៊ី ឈប់ជើងមួយកន្លែងទាំងខ្លួនប្រាណចាប់ផ្តើមញ័រទទ្រើកព្រោះតែអារម្មណ៍របស់នាងនៅដិតដាមនឹងរឿងដ៏តក់ស្លុតដែលបានកើតឡើងកាលពីបួនឆ្នាំមុនមិនទាន់រលុតបាត់។
« ទៅរួចទេ បើពិបាករស់នៅផ្ទះមួយនេះ ចាំពូប្តូរផ្ទះថ្មីឲ្យក៏បាន » លោក យូនស៊ីន សួរទៅកាន់ស្រីក្រមុំដែលឱនមុខចុះដោយស្ថានភាពភ័យខ្លាច។
« មុនពេលខ្ញុំសម្រេចចិត្តត្រឡប់មកកាន់ អ៊ីសាជី វិញ ខ្ញុំបានត្រៀមខ្លួនដើម្បីប្រឈមមុខជាមួយគ្រប់យ៉ាងជាស្រេចហើយ ដូច្នេះមិនថាខ្ញុំភ័យខ្លាចយ៉ាងណាទេ ខ្ញុំនឹងមិនរត់គេចម្តងទៀតឡើយ » ណាប៊ី ងើបមុខឡើងព្យាយាមប្រឈមមុខនឹងភាពភ័យខ្លាចក្នុងខ្លួន ជើងស្រឡូនចាប់ផ្តើមបោះជំហានទៅមុខដើរចូលទៅក្នុងផ្ទះម្តងមួយជំហានៗ ពីមួយជំហានទៅមួយជំហានកាន់តែធ្វើឲ្យបេះដូងរបស់នាងឈឺចាប់ខ្លាំងឡើងៗរហូតចូលមកដល់កណ្តាលបរិវេនក្នុងផ្ទះ។ ណាប៊ី ឈរនៅចំចំណុចកណ្តាលផ្ទះងើយសម្លឹងមើលទៅជាន់ទីពីរទាំងកែវភ្នែកចាប់ផ្តើមជ្រាបដំណក់ទឹកថ្លាស្រក់ចុះមកជោកថ្ពាល់។
« ហ៊ឹក! លោកប៉ា...អ្នកម៉ាក់! »
ដុក!
ណាប៊ី ទន់ជើងដាក់ខ្លួនអង្គុយដល់លើឥដ្ឋការ៉ូពណ៌ប្រផេះពេលសម្លឹងឃើញកន្លែងដែលលោកប៉ានិងអ្នកម៉ាក់របស់នាងបានធ្លាក់ចុះមកហើយ ទិដ្ឋភាពគ្រប់យ៉ាងនៅថ្ងៃនោះស្ថិតនៅពេញក្នុងការចងចាំរបស់នាងដូចជាទើបតែកើតឡើងពីម្សិលមិញ គ្រប់ពេលមកដល់ទីនេះបេះដូងរបស់នាងឈឺចាប់ដូចត្រូវគេយកកាបិតមកចាក់អ៊ីចឹង។
« ណាប៊ី...! » រង្វង់ដៃមាំលូកក្រសោបឱបរាងកាយតូចញ័រទទ្រើកជាការលួងលោមឲ្យនាងមានអារម្មណ៍ធូរស្រាលពីអតីតកាលដ៏ឈឺចាប់ខ្លះ។
« ហ៊ឹក...ហ៊ឺ! » ណាប៊ី បង្វែរខ្លួនមកឱបរាងកាយមាំណែនដៃ នាងជ្រប់មុខយំក្នុងដើមទ្រូងរបស់គេដោយក្តីឈឺចាប់បំផុត ដល់ថ្នាក់ធ្វើឲ្យបេះដូងដែលធ្លាប់តែរឹងដូចថ្មគ្រប់ពេលនៅក្បែរនាងក៏ចាប់ផ្តើមឈឺឈួលឡើងយ៉ាងចម្លែក។ ប្រហែលមកពីគេធ្លាប់បាត់បង់អ្នកដែលខ្លួនឯងស្រលាញ់ខ្លាំង ទើបពេលនេះគេអាចយល់ពីអារម្មណ៍របស់នាងច្បាស់រហូតលួចឈឺចាប់ជាមួយនាងទៀតផង។
មួយសន្ទុះក្រោយមក
ណាប៊ី ហាក់បានប្រសើរឡើងបន្តិច ក្រោយពេលព្យាយាមទទួលយករឿងគ្រប់យ៉ាងហើយ ។
« ខ្ញុំអាចនិយាយគ្នាជាមួយ ណាប៊ី តែពីរនាក់បានទេ? » លោក យូនស៊ីន ដាក់ខ្លួនអង្គុយលើសាឡុនទល់មុខ ណាប៊ី ដោយសុំអនុញ្ញាតពី រ៉េន ដែលដើរតាម ណាប៊ី ជាប់មិនទៅណាឆ្ងាយសូម្បីមួយជំហាន។
« អ៊ីចឹងខ្ញុំឡើងទៅមើលបន្ទប់សិន » រ៉េន ដកខ្លួនចេញ ទុកឱកាសឲ្យលោក យូនស៊ីន បាននិយាយគ្នាជាលក្ខណៈផ្ទាល់ខ្លួនជាមួយ ណាប៊ី។
« អ្នកប្រុសសូមមកខាងនេះ » អ្នកបម្រើក្នុងផ្ទះកាន់វ៉ាលីដើរនាំផ្លូវ រ៉េន ទៅកាន់បន្ទប់របស់ ណាប៊ី កាលពីមុន។
ក្រាក!
រ៉េន បើកទ្វាចូលទៅកាន់បន្ទប់ធំទូលាយនៅជាន់ខាងលើដែលមានការតុកតែងយ៉ាងរស់រវើកតាមរបៀបបន្ទប់ក្មេងស្រី។ នៅលើជញ្ជាំងបន្ទប់មានបិទរូបថតគ្រួសារនិងរូបកាលពីក្មេងរបស់នាងជាច្រើន រ៉េន សម្លឹងមើលរូបថតទាំងអស់នៅលើជញ្ជាំងហើយក៏ដើរទៅកាន់តុមួយក្បែរមាត់បង្អួចទំនងជាតុរៀនរបស់នាង។
« ជាក្មេងញៀនសៀវភៅប្រលោមលោកតើ! » រ៉េន ភ្លេចខ្លួនញញឹមចេញមកពេលបានឃើញសៀវភៅប្រលោមលោកជាច្រើនក្បាលរៀបទុកដាក់នៅលើតុយ៉ាងរៀបរយហើយ មើលទៅនាងមានរបៀបល្អណាស់។ រ៉េន ដើរចេញពីតុរៀនរបស់នាងទៅកាន់គ្រែគេងធំទូលាយដែលមានកម្រាលពណ៌ផ្ទៃមេឃគួរឲ្យស្រលាញ់វិញ គ្រាន់តែមកដល់គ្រែគេងភ្លាមគេក៏ប្រទះភ្នែកនឹងរូបថតកាលរៀននៅវិទ្យាល័យរបស់នាងដែលដាក់តាំងនៅលើតុក្បែរក្បាលគ្រែ។
« នាង...? » រ៉េន លើរូបថតមកមើលទាំងជ្រួញចិញ្ចើមចូលគ្នាព្យាយាមនឹកគិតថាគេធ្លាប់ជួបនាងនៅកន្លែងណា ព្រោះឯកសណ្ឋានសាលាមួយនេះជាឯកសណ្ឋានសាលាតែមួយជាមួយសាលាដែលគេរៀនកាលនៅវិទ្យាល័យដូចគ្នា។
« ក្មេងសំរាម! ហិ...ណាប៊ី ពាក្យសម្តីរបស់នាងពិតជាមិនអាចជឿជាក់បានពិតមែន »
ផាំង!
រ៉េន ទម្លាក់រូបថតរបស់នាងទុកលើតុវិញមួយទំហឹងដោយអារម្មណ៍ប្រែជាមួរម៉ៅមួយរំព្រិចពេលដឹងថានាងលាក់បាំងរឿងដែលនាងធ្លាប់ជួបគេកាលនៅរៀនវិទ្យាល័យ។ តាមពិតមិនមែនតែមួយរឿងនេះទើបធ្វើឲ្យគេចាប់ផ្តើមខឹងជាមួយនាងម្តងទៀតខ្លាំងយ៉ាងនេះទេ តែគេយល់ថានាងមានរឿងជាច្រើនដែលលាក់បាំងជាមួយគេ គ្រប់ពាក្យសម្តីដែលនាងនិយាយកន្លងមកសុទ្ធតែមិនអាចជឿជាក់បាន។
ក្រាក!
ណាប៊ី ដើរចូលមកព្រមជាមួយវ៉ាលីរបស់នាងដែលអ្នកបម្រើជួយអូសមកទុកនៅក្នុងបន្ទប់ តែ ណាប៊ី ក៏ប្រាប់ឲ្យបម្រើចេញទៅវិញពេលឃើញ រ៉េន ឈរឱបដៃរងចាំនាងដោយទឹកមុខមិនល្អ។
« ចាំខ្ញុំប្រាប់ឲ្យមេផ្ទះរៀបចំបន្ទប់មួយទៀតឲ្យលោក » ណាប៊ី គិតថាមូលហេតុដែលធ្វើឲ្យ រ៉េន មិនសប្បាយចិត្តព្រោះតែរឿងដែលគេត្រូវគេងបន្ទប់តែមួយជាមួយនាង ទើបនាងរហ័សប្រាប់ឲ្យគេដឹងថាគេអាចទៅគេងបន្ទប់ផ្សេងបាន។
« បើចង់គេងគ្រែតែមួយជាមួយខ្ញុំក៏និយាយតាមត្រង់មកមិនបាច់លេងខ្លួនធ្វើដូចជាមិនចង់បែបនេះទេ » រ៉េន តបបែបរករឿងមកវិញ ធ្វើឲ្យអ្នកដែលឱនរៀបចំវ៉ាលីដោយខ្លួនឯងត្រូវងើបមកសម្លឹងមុខរបស់គេដោយងឿងឆ្ងល់។ តើខ្មោចព្រាយបិសាចអ្វីចូលគេទៀតហើយ? ទើបគេចាប់ផ្តើមរករឿងនាងទៀតបែបនេះ។
« តាមតែលោកគិតទៅចុះ » ណាប៊ី ចាក់បណ្ដោយធ្វើមិនខ្វល់ព្រោះនាងហត់នឿយមកពេញមួយថ្ងៃហើយ មិនចង់ឈ្លោះប្រកែកជាមួយគេទៀតទេ។
ពេលឃើញនាងមិនខ្វល់នឹងសម្តីរបស់គេបែបនេះ រ៉េន កាន់តែមួរម៉ៅជាមួយនាងលើសដើម ទើបគេដើរចូលទៅចាប់ដៃនាងទុកមិនឲ្យនាងចូលទៅងូតទឹកគេចពីគេទាន់។
« ខ្ញុំនិយាយមិនខុសទេ ព្រោះនាងជាមនុស្សដែលចូលចិត្តនិយាយខុសពីការពិត អាចហៅមនុស្សពូកែកុហកបោកប្រាស់ក៏បាន » រ៉េន បន្ថែមកម្លាំងច្របាច់ដើមដៃស្រឡូនឡើងណែនធ្វើឲ្យស្នាមក្រហមចាប់ផ្តើមលេចចេញមកតាមម្រាមដៃរបស់គេ។
« អ៊ឹះ! ខ្ញុំនិយាយខុសពីការពិតពេលណា? » ណាប៊ី ទាញប្រអប់មាំចេញពីដើមដៃរបស់នាងព្រោះគេកំពុងតែធ្វើឲ្យដៃរបស់នាងឈឺចាប់។
« គឺនេះហើយ! នាងប្រាប់ថាមិនធ្លាប់ស្គាល់ខ្ញុំពីមុនមកទេ តែតាមការពិតយើងធ្លាប់ជួបគ្នានៅវិទ្យាល័យរួចមកហើយ » រ៉េន ចង្អុលទៅរូបថតកាលរៀនវិទ្យាល័យរបស់នាង។
« សូម្បីតែលោកមិនអាចចំណាំខ្ញុំបានផង ធ្វើម្តេចខ្ញុំអាចចំំណាំលោកបាននោះ ខ្ញុំក៏មិនចាំថាធ្លាប់ជួបលោកកាលនៅរៀនវិទ្យាល័យដែរ ដូច្នេះខ្ញុំមិនបាននិយាយខុសការពិតទេ » ណាប៊ី ធ្វើពុតជាមិនចាំរឿងគ្រប់យ៉ាងបានល្អណាស់ ទាំងដែលការពិតនាងមិនដែលភ្លេចរឿងកាលនៅវិទ្យាល័យម្តងណាឡើយ នាងចាំគ្រប់យ៉ាងពីគេមិនធ្លាប់ភ្លេចចំណុចណាមួយឡើយ។
« នៅមានរឿងមួយទៀត នាង...» រ៉េន រដាក់រដុកចង់និយាយបន្តិចមិនចង់និយាយបន្តិច ។
« រឿងអ្វីទៀតនិយាយឲ្យអស់មក »
« នាងប្រាប់ថាមិនបានស្រលាញ់ខ្ញុំទេ »
« ពិតមែនហើយ ខ្ញុំមិនបានស្រលាញ់លោកទេ » នាងក្លាហានមែនដែលអាចតបតជាមួយគេដោយនិយាយប្រយោគមួយនេះបានយ៉ាងល្អមិនមានភាពរអាក់រអួលទាំងដែលបេះដូងរបស់នាងកំពុងលោតជិតចេញមកខាងក្រៅ។
« នាងមិនបានស្រលាញ់ខ្ញុំ តែទង្វើររបស់នាងគ្រប់យ៉ាងនៅពេលនេះបញ្ជាក់ច្បាស់ណាស់ថានាងស្រលាញ់ខ្ញុំ ណាប៊ី »
« ឈប់លង់នឹងខ្លួនឯងទៅ » ណាប៊ី រហ័សគេចមុខដើរចេញមិនឲ្យគេចាប់បានភស្តុតាងមុខក្រហមរបស់នាងទាន់។
រ៉េន មិនព្រមចាញ់នាងងាយៗឡើយ យ៉ាងណាគេត្រូវតែរកភស្តុតាងចាប់កន្ទុយមនុស្សស្រីពូកែនិយាយខុសពីការពិតម្នាក់នេះឲ្យបាន ជើងមាំឈានតែមួយជំហានក៏នាំខ្លួនរបស់គេទៅទាន់ស្រីក្រមុំដែលដើរចេញពីគេមុននេះទៅហើយ រ៉េន លូកចាប់កដៃតូចទាញរាងកាយនាងឲ្យថយមកក្នុងរង្វង់ដៃរបស់គេវិញ ហើយក៏ទម្លាក់បបូរមាត់បំបិទមាត់ស្រីក្រមុំដែលប្រុងស្រែកឲ្យស្ងាត់មាត់មួយរំព្រិច។ រ៉េន ផ្តល់ស្នាមថើបបែបលួងលោមយ៉ាងទន់ភ្លន់លើបបូរមាត់ទន់ជាប់ចិត្តរបស់នាងរហូតធ្វើឲ្យម្រាមស្រឡូនដែលខ្ញាំស្មារបស់គេមុននេះត្រូវប្តូរមកជាឱបករបស់គេវិញ បបូរមាត់ដែលនៅស្ងៀមមិនកម្រើកស្រាប់តែចាប់ផ្តើមកម្រើកតបតជាមួយគេវិញទាំងភ្លើតភ្លើន។ រ៉េន ថយក្រោយបន្តិចម្តងៗពេលដែលជើងរបស់គេប៉ះនឹងគ្រែក្នុងបន្ទប់ហើយគេក៏ចាប់ឱបចង្កេះតូចមួយក្តាប់លើខ្លួនតូចស្រាលដូចសំលីទម្លាក់ទៅលើគ្រែទាំងមិនទាន់ដកមាត់ចេញពីគ្នា។ បបូរមាត់ក្រាស់ចាប់ផ្តើមរំកិលចេញពីបបូរមាត់ទន់ម្តងបន្តិចៗរហូតផុតពីបបូរមាត់របស់នាងចេញមកដល់សាច់កសខ្ចីរបស់នាងវិញ គេថើបករបស់នាងយ៉ាងរោលរាលជាទីបំផុត ធ្វើឲ្យនាងត្រូវបាត់បង់ស្មារតីតាមការថើបដ៏បុិនប្រសព្វរបស់គេរហូតមិនដឹងថាគេចង់ធ្វើអ្វីលើនាងឡើយ។
« រ៉េន! » ណាប៊ី បើកភ្នែកឡើងស្ទុះរំកិលខ្លួនថយក្រោយមួយរំព្រិចពេលដឹងដល់ភាពឈឺចាប់នៅផ្នែកខាងក្រោម នាងភ្លេចខ្លួនតែមួយភ្លែតសោះ ដៃរវាមរបស់គេក៏ទៅដល់ផ្នែកខាងក្រោមរបស់នាងទៅហើយ។
« ក្រែងនាងមិនស្រលាញ់ខ្ញុំមែនទេ? » គេខិតចូលមកជិតនាងទាំងមុខក្រហមពេញដោយភ្លើងតណ្ហាដែលមិនអាចបង្រ្កាបបាន។ រ៉េន មិនខ្វល់ថានាងកំពុងតែចង់បញ្ឈប់គ្រប់យ៉ាងនៅពេលនេះ តែគេបែរជាដោះអាវរបស់ខ្លួនឯងចេញយ៉ាងឆាប់រហ័សហើយចាប់ទាញជើងស្រឡូនដែលចង់រត់គេចពាក់កណ្តាលទីឲ្យចូលមកក្រោមដើមទ្រូងរបស់គេវិញ។
« រ៉េន ពួកយើងមិនអាចធ្វើបែបនេះបានទេ »
« ហេតុអ្វីមិនបាន? ក្រែងយើងបានរៀបការជាមួយគ្នារួចហើយ? »
« តែលោកជាអ្នកនិយាយខ្លួនឯងទេថាវាគ្រាន់តែជាការរៀបការក្លែងក្លាយប៉ុណ្ណោះ »
« ចុះបើខ្ញុំប្រាប់នាងនៅពេលនេះថាខ្ញុំប្តូរចិត្តហើយ តើនាងគិតយ៉ាងណាដែរ? »
ពេលឃើញនាងហាក់យល់ន័យរបស់គេហើយ គេក៏ទម្លាក់បបូរមាត់ក្រាស់ទៅគ្រប់គ្រងបបូរមាត់របស់នាងម្តងទៀតដោយចាប់ផ្តើមថើបលួងលោមរហូតឲ្យនាងលង់ខ្លួនជាមួយគេដកមិនរួច ទើបគេចាប់ផ្តើមចាត់ការគ្រប់យ៉ាងតាមចិត្តរបស់គេ ទម្រាំតែនាងព្យាយាមចង់បកក្រោយក៏ហួសពេលបាត់ទៅហើយ ព្រោះនាងបានក្លាយជារបស់គេបានសម្រេចទៅហើយ ចាប់ពីពេលនេះទៅគ្រប់យ៉ាងរបស់នាងក៏ដូចជារបស់គេដូចគ្នា។
កណ្តាលរាត្រីស្ងប់ស្ងាត់ រាងក្រាស់ដោះអាវបញ្ចេញសាច់ដុំប្រាំមួយកងឈរឱបដៃនៅមាត់បង្អួចសម្លឹងរាងស្តើងដែលគេងលង់លក់នៅលើគ្រែបន្ទាប់ពីអស់កម្លាំងពេញមួយប្រលប់។ រ៉េន ញោចចុងមាត់ញញឹមយ៉ាងឃោឃៅបំផុតដាក់អ្នកដែលគេងលក់មិនដឹងអ្វី មិនថាគេបានដេកជាមួយនាងហើយក៏ដោយក៏បេះដូងរបស់គេនៅតែគ្មាននាងបន្តិចសោះ នាងមិនបានធ្វើឲ្យគេរំភើបអ្វីបន្តិចឡើយ ទោះរាងកាយរបស់នាងស្រស់ស្អាតនិងគួរឲ្យជាប់ចិត្តយ៉ាងណាក៏ដោយ។ អ្វីដែលគេធ្វើទាំងប៉ុន្មាននេះមិនមែនគ្រាន់តែចង់យកឈ្នះមនុស្សមាត់រឹងដូចជានាងតែប៉ុណ្ណោះទេ តែគេធ្វើព្រោះតែសម្លឹងឃើញគ្រប់យ៉ាងដែលនាងមានទៅវិញទេ។
“ រ៉េន ស្តាប់ម៉ាក់ឲ្យច្បាស់ណា គ្រួសារយើងបានបាត់បង់ច្រើនណាស់ ដូច្នេះអ្វីដែលយើងត្រូវយកមកវិញត្រូវតែជាគ្រប់យ៉ាងរបស់ អ៊ីសាជី ” រ៉េន នឹកឃើញដល់សម្តីរបស់អ្នកស្រី ដាលីន ដែលនិយាយជាមួយគេក្រោយគេបានសម្រេចចិត្តចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយ ណាប៊ី។ ដំបូងគេក៏មិនយល់ស្របនឹងគំនិតរបស់អ្នកម៉ាក់របស់គេដែរ តែក្រោយពីគេបានលឺរឿងដែល ណាប៊ីនិងលោក យូនស៊ីន និយាយគ្នាមុននេះហើយគេក៏សម្រេចចិត្តធ្វើតាមសម្តីអ្នកម៉ាក់របស់គេ។
“ ក្រុមហ៊ុន ថ័ររ៉េស មិនអាចដកចេញពីក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធ អ៊ីសាជី បានទេ បើអ្នកនាងចង់ដកក្រុមហ៊ុន ថ័ររ៉េស ឲ្យអ្នកប្រុស រ៉េន វិញក៏ត្រូវរងចាំរយះពេលបីឆ្នាំទៀតដែរ ”
រ៉េន ស្តាប់តែប៉ុណ្ណេះគេក៏ឡើងទៅបន្ទប់របស់ ណាប៊ី ដោយមិនបានលឺអ្វីទៀតឡើយ ប៉ុន្តែគេក៏សម្រេចចិត្តថាធ្វើតាមគំនិតអ្នកម៉ាក់របស់គេភ្លាមៗគឺត្រូវលេបយកសម្ព័ន្ធ អ៊ីសាជី ឲ្យបានមុន គីរ៉ាន់ និងអ្នកផ្សេងទៀតដែលចង់មកគ្រប់គ្រងសម្ព័ន្ធមួយនេះ។ និយាយតាមត្រង់ទៅគេធ្វើបែបនេះក៏ព្រោះតែគេមិនទុកចិត្តថាណាប៊ី អាចគ្រប់គ្រងសម្ព័ន្ធ អ៊ីសាជី បានបីឆ្នាំទេ មនុស្សស្រីទន់ខ្សោយម្តេចនឹងអាចនៅក្នុងចំណោមសត្វចចកដែលចាំតែខាំត្របាក់នាងជាចំណីបានដល់បីឆ្នាំទៅ ដូច្នេះគេគួរតែខ្លាចជាស្វាមីពេញសិទ្ធិរបស់នាងដើម្បីអាចឡើងទៅអង្គុយនៅតំណែងរបស់នាងជំនួសវិញ។
« នាងគួរតែអរគុណខ្ញុំ ណាប៊ី » រ៉េន ញោចមាត់ញញឹមយ៉ាងសមចិត្តជាទីបំផុតចេញមកលើផ្ទៃមុខ។
អ្នកម៉ាក់របស់គេនិយាយត្រូវ អ្វីដែល គីរ៉ាន់ បានធ្វើចំពោះគ្រួសាររបស់គេ មិនសមឲ្យគេយកទៅវិញត្រឹមតែក្រុមហ៊ុនរបស់គេប៉ុណ្ណោះទេ តែគេត្រូវយកគ្រប់យ៉ាងទាំងអស់ដែលជារបស់ អ៊ីសាជី ទើបសាកសមនឹងភាពឈឺចាប់និងតម្លៃលះបង់របស់គេចំពោះការភ្នាល់មួយនេះ។
រងចាំភាគបន្ត
YOU ARE READING
ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)
Romanceជំនួបស្នេហ៍រយះពេលខ្លី ប្រៀបបាននឹងឈុនឆាកស្នេហាដ៏ផ្អែមល្ហែមដែលកើតឡើងក្នុងជំពូកមួយនៃសៀវភៅប្រលោមលោកដែលមានកម្រាស់រាប់លានទំព័រ ជាក្តីស្រលាញ់ដែលមិនធ្លាប់នឹងនឹកស្មានដល់ ជាស្នេហាដែលកើតឡើងដោយមិនបានព្រៀមទុកជាមុន តែក៏បានក្លាយជាការចងចាំដល់មានន័យជ្រាលជ្រៅបំផុតនៅក...