ភាគ១៧

118 6 0
                                    

“ អំពើល្អ ”

    « រ៉េន! រ៉េន លោកនៅឯណា? » ណាប៊ី រត់កាត់ព្រិលចេញតាមរក រ៉េន សព្វបរិវេណមន្ទីរពេទ្យ តែមិនបានឃើញគេសោះ ទើបនាងលើកទូរស័ព្ទមកខលទៅនរណាម្នាក់ទាំងដៃញ័រទទ្រើក ។
    « ហាឡូ! តើលោកយក រ៉េន ទៅទុកនៅកន្លែងណា? » សំឡេងញ័រទទ្រើកព្រោះភាពភ័យខ្លាចជាងភាពរងា តែនាងនៅប្រឹងធ្វើក្លាហានស្រែកសម្លុតអ្នកម្ខាងទៀតយ៉ាងប្រហើន។
    “ រ៉េន? ” គីរ៉ាន់ ដាក់កែវស្រាដែលកាន់ក្នុងដៃចុះ ហើយគិតដល់មនុស្សដែលឈ្មោះ រ៉េន បន្តិច ទើបគេនឹកឃើញថានាងចង់សំដៅដល់ រ៉េន ម្នាក់ណា។
    “ រ៉េមី ថ័ររ៉េស មែនទេ? កូនចៅរបស់យើងទម្លាក់គេនៅតាមផ្លូវបាត់ហើយ យ៉ាងម៉េចនាងរកគេមិនឃើញទេ? ប្រញាប់ទៅរកបន្តិចទៅប្រយ័ត្នគេកកស្លាប់មុន ហាសហា ” គីរ៉ាន់ សើចចំអកឲ្យ ណាប៊ី យ៉ាងខ្លាំង ហើយក៏បិទទូរស័ព្ទយ៉ាងលឿនពេលក្នុងចិត្តរបស់គេចាប់ផ្តើមក្តៅឆេវទ្រាំលែងបាន។
    ប្រាវ!
    ប្រអប់ដៃមាំទាញកែវស្រាគប់ទៅលើជញ្ជាំងធ្វើឲ្យកែវស្រាបែកខ្ទេចគ្មានសល់ ។
    « គីម ណាប៊ី ពេលនេះនាងថ្លើមធំដល់ថ្នាក់ហ៊ានខលមកយើងមែនទេ? » គីរ៉ាន់ គ្រឺតធ្មេញខឹងឡើងមុខប្រែជាក្រហមអស់ ព្រោះតែនារីដែលធ្លាប់ខ្លាចគេដល់ថ្នាក់គ្រាន់តែលឺសម្រិតជើងក៏ញ័រខ្លួនទទ្រើក បែរជាហ៊ានខលមកគេស្រែកសួររក រ៉េមី ថ័ររ៉េស យ៉ាងប្រហើនដាក់គេ ។
   
    ណាប៊ី ដាក់ទូរស័ព្ទចុះពី គីរ៉ាន់ ហើយក៏រហ័សរត់កាត់ព្រិលចេញទៅរក រ៉េន នៅតាមផ្លូវចេញពីមន្ទីរពេទ្យ ព្រោះ គីរ៉ាន់ និយាយថាកូនចៅរបស់គេបានទម្លាក់ រ៉េន ចោលនៅតាមផ្លូវទៅហើយ។
    « រ៉េន! រ៉េន! » ណាប៊ី ស្រែកហៅ រ៉េន ដោយក្តីព្រួយបារម្ភ ព្រិលធ្លាក់ក្រាស់ដល់ថ្នាក់នេះគេច្បាស់ជារងាស្លាប់ហើយ បើគេងសន្លប់នៅតាមផ្លូវប្រហែលត្រូវព្រិលធ្លាក់កប់ជិតទៅហើយ។
    « រ៉េន! លោកកុំកើតអ្វីណា? » ណាប៊ី ដើរទៅកាយគំនរព្រិលខ្ពស់ៗនៅតាមផ្លូវដោយដៃទទេរហូតបាតដៃឡើងក្រហមត្រជាក់ស្ពឹកអស់។
    « នាងកំពុងធ្វើអ្វី? » សំឡេងគ្រលររឹងបន្លឺឡើងពីខាងក្រោយខ្នងរបស់ស្រីក្រមុំដែលព្យាយាមកាយគំនរព្រិលដូចកូនកណ្តុរកាយរកសំបុក មិនថាដៃរបស់នាងឡើងក្រហមរហូតរបកស្បែកចេញឈាមពណ៌ក្រហមប្រឡាក់ជាប់ព្រិលសយ៉ាងណាក៏នាងមិនឈប់កាយពីមួយគំនរទៅមួយគំនរទៀត រហូតបានលឺសំឡេងរបស់គេទើបនាងឈប់ដៃហើយងាកមករកគេទាំងក្តីរំភើប។
    « រ៉េន! » ណាប៊ី ស្ទុះក្រោកឡើងចូលទៅឱបអ្នកដែលឈរបានដោយពឹងលើមែកឈើមាំមួយដែលគេរើសមកតាមផ្លូវ។
    « លែងដៃ! » រ៉េន ប្រឹងទាញដៃស្រឡូនដែលចូលឱបដងខ្លូនរបស់គេចេញដោយមុខក្រញូវបញ្ជាក់ថាគេមិនពេញចិត្តឲ្យនាងមកឱបគេនោះទេ។
    « មុខរបស់លោកមានរបួសហើយ ពួកគេវាយលោកមែនទេ? »
    « កុំមករវល់ មិនមែនរឿងរបស់នាងទេ » រ៉េន ចាប់កដៃដែលបម្រុងលូកមកប៉ះមុខរបស់គេដើម្បីមើលស្នាមបែកបន្តិចបន្តួចដែលត្រូវពួកគ្រូពេទ្យក្លែងក្លាយទាំងនោះវាយ។ ដៃរបស់នាងស្នាមរបួសសព្វកន្លែង ហេតុអ្វីមិនមើលផង? ហេតុអ្វីនាងមកចាប់អារម្មណ៍នឹងរបួសបន្តិចបន្តួចលើមុខរបស់គេទៅវិញ តើនាងមិនឈឺរបួសរបស់ខ្លួនឯងទេ? ។
    « ត្រឡប់ទៅមន្ទីរពេទ្យវិញទៅ » នាងមិនអាចមិនរវល់ជាមួយគេបានទេ ទោះគេមិនពេញចិត្តឲ្យនាងមករវល់ជាមួយគេក៏ដោយ នាងមិនអាចទ្រាំឈរមើលគេឈឺបានទេ ព្រោះនាងនឹងឈឺចាប់លើសគេរាប់លានដង ។ ណាប៊ី ព្រមដកដៃពីមុខរបស់គេ តែនាងក៏ប្តូរមកចាប់កដៃរបស់គេវិញ នាងត្រូវនាំគេទៅមន្ទីរពេទ្យវិញដើម្បីមើលរបួស ម្យ៉ាងទៀតពេលនេះខ្លួនរបស់គេត្រជាក់ណាស់មិនអាចទ្រាំនៅក្រោមព្រិលបានទៀតទេ។
    « នាងចង់នាំខ្ញុំទៅឲ្យពួកនោះចាប់បោះចេញមកខាងក្រៅទៀតឬយ៉ាងម៉េច? » នាងល្ងង់ឬក៏ធ្វើល្ងង់ឲ្យពិតប្រាកដទៅ ពេលគេត្រូវចាប់ចេញមកគ្មានគ្រូពេទ្យណារវល់ជាមួយគេឡើង មានន័យថាគ្រូពេទ្យទាំងអស់ក៏ដឹងរឿងដែលគេត្រូវចាប់ចេញពីមន្ទីរពេទ្យ ហើយក៏ចូលរួមសហការជាមួយអ្នកដែលចាប់គេចេញពីមន្ទីរពេទ្យផងដែរ ម្យ៉ាងទៀតពួកនោះមិនបានចាប់គេទៅទីណាទេ គ្រាន់តែទម្លាក់គេចោលនៅតាមផ្លូវបន្ទាប់ពីចេញផុតពីមន្ទីរពេទ្យប៉ុណ្ណោះ ដូច្នេះគោលដៅរបស់ពួកគេគឺមិនចង់ឲ្យគេស្នាក់នៅមន្ទីរពេទ្យមួយនោះទៀត បើគេទៅវិញពេលនេះក៏ត្រូវពួកនោះចាប់គេបោះចេញមកវិញដដែលទេ។
    « បើលោកមិនត្រឡប់ទៅមន្ទីរពេទ្យវិញ អ៊ីចឹងលោកចង់ទៅណា? » ណាប៊ី ដើរតាមសួររាងក្រាស់ដែលចេះតែដើរទៅមុខជារឿយៗជាមួយមែកឈើមួយជួយទប់ខ្លួនរបស់គេ។
    « ...»
     រ៉េន មិនតបហើយចេះតែប្រឹងដើរទៅមុខទាំងរងាស្ទើរកកស្លាប់ តែគេមិនព្រមស្លាប់នៅទីនេះទេ គេត្រូវចេញពីទីនេះឲ្យបាន គេត្រូវមានជីវិតដើម្បីដឹងឲ្យបានថាអ្នកណាដែលហ៊ានធ្វើបែបនេះចំពោះគេ។
     « ត្រជាក់ណាស់ ពាក់អាវពេទ្យរបស់ខ្ញុំទៅ » ណាប៊ី ទ្រាំឃើញគេរងាជិតស្លាប់តទៅទៀតមិនបាន ទើបនាងដោះអាវពេទ្យដៃវែងខាងក្រៅរបស់នាងទៅគ្របលើខ្លួនរបស់គេ ទោះអាវពេទ្យស្តើងមិនអាចទប់ភាពត្រជាក់បាន តែយ៉ាងណាក៏គ្រាន់បើជាងឲ្យគេពាក់អាវអ្នកជំងឺស្តើងដៃខ្លីតែមួយដែរ។
     រ៉េន ឈប់ដំណើរពេលនាងយកអាវពេទ្យស្តើងរបស់នាងមកគ្របឲ្យគេ គេបានប្រាប់ហើយថាមិនឲ្យនាងមករវល់ជាមួយគេទេ ហេតុអ្វីនាងនៅតែដើរតាមគេមិនឈប់បែបនេះ? ។ រ៉េន ចាប់ទាញអាវពេទ្យចេញពីលើកខ្លួនហើយងាកមករកស្រីក្រមុំដែលឱបដៃរងាញ័រដូចកូនសត្វ បបូរមាត់ឡើងស្លេកអស់ ដែលនាងនៅប្រឹងដើរតាមគេទាំងខ្លួនឯងក៏ពាក់អាវដៃខ្លី តែបែរជាដោះអាវក្រៅដៃវែងមកឲ្យគេ នាងឆ្កួតទេដឹង? គេស្អប់នាង គេជេរស្តីដេញនាងឲ្យចេញពីគេដូចសត្វធាតុរាល់ថ្ងៃហេតុអ្វីនាងនៅតាមគេមិនឈប់ទៀត? ថែមទាំងចេះតែបារម្ភពីគេលើសពីខ្លួនឯងទៀតផង។
     « ពាក់អាវនាងវិញទៅ! » រ៉េន គប់អាវទៅឲ្យនាងវិញហើយក៏ដើរទៅមុនបន្ត គេមិនដេញនាងឲ្យត្រឡប់ទៅវិញព្រោះគេដឹងថានាងប្រាកដជាមិនស្តាប់សម្តីរបស់គេឡើយ ទើបគេឲ្យអាវទៅនាងវិញដើម្បីឲ្យនាងដើរតាមគេបន្ត។
    
     មួយសន្ទុះក្រោយ
    
     « លោកនៅខាងមុខដូចជាមានផ្ទះ » ណាប៊ី ចង្អុលទៅផ្ទះដែលមើលឃើញមិនសូវច្បាស់ ព្រោះព្រិលក្រាស់ពេក។
     « ...» រ៉េន បានឃើញតាមដៃរបស់ស្រីក្រមុំប្រាកដថាជាផ្ទះអ្នកស្រុកហើយគេក៏រហ័សដើរប្រញាប់ទៅ តែទោះគេប្រញាប់យ៉ាងណាក៏មិនបានលឿនដែរ ព្រោះជើងរបស់គេមិនល្អដូចមនុស្សធម្មតា។
     « តោះឆាប់ទៅ! » ណាប៊ី មកពីខាងក្រោយឱបដៃរបស់គេជាប់ដើម្បីជួយគេឲ្យដើរបានលឿនជាងមុនព្រោះបាននាងជួយកាន់គេ។
     « ...» រ៉េន មិនទាញដៃរបស់នាងចេញព្រោះគេក៏ចង់ទៅដល់ផ្ទះមួយនោះឆាប់ៗ ព្រោះគេរងាស្ទើរតែស្លាប់ទៅហើយ គេមិនអាចទ្រាំនៅក្រោមព្រិលបានទៀតទេ ទើបគេព្រមឲ្យនាងជួយដើម្បីបានទៅផ្ទះមួយនោះបានលឿន។
    
     ផ្ទះចំការរបស់អ្នកស្រុក
    
     លោកយាយចំណាស់ដែលនៅផ្ទះចំការតែម្នាក់ឯង យកភួយក្រាស់ៗមកដណ្តប់លើរាងកាយកម្លោះក្រមុំមួយគូដែលចូលមកសុំស្នាក់នៅផ្ទះរបស់នាង។
     « ត្រជាក់យ៉ាងនេះ ពួកឯងដើរកាត់ព្រិលឆ្ងាយយ៉ាងនេះបានយ៉ាងម៉េចហា៎? » លោកយាយបង្កាត់ភ្លើងឲ្យកម្លោះក្រមុំទាំងពីរអាំងបំបាត់ភាពរងាបណ្តើរក៏សួរនាំបណ្តើរ។
     « គឺពួកខ្ញុំត្រូវគេយកមកទម្លាក់ចោលនៅតាមផ្លូវ ទើបប្រឹងដើររកកន្លែងស្នាក់ » ណាប៊ី ឆ្លើយតបជាមួយលោកយាយ ទាំងដែល រ៉េន នៅសម្ងំស្ងៀមមិនមាត់ក។
     « ហើយបានញុំអ្វីមកហើយឬនៅ? »
     « នៅទេលោកយាយ »
     « ចឹងនៅអាំងភ្លើងទីនេះហើយ ចាំយាយទៅយកបាយម្ហូបពេលល្ងាចមកឲ្យ »
     « ចាំខ្ញុំទៅជួយលោកយាយ » ណាប៊ី ទម្លាក់ភួយចុះហើយបម្រុងក្រោកទៅជួយរៀបចំអាហារជាមួយលោកយាយ។
     « មិនបាច់ទេ នៅអាំងភ្លើងទីនេះហើយ ដៃឯងមានរបួសថែមទៀត ចាំយាយយកអាហារនិងថ្នាំលាងរបួសមកឲ្យ » លោកយាយ ប្រាប់ឲ្យ ណាប៊ី អង្គុយចុះអាំងភ្លើងបន្តទៀតហើយក៏ដើរចេញទៅ។
     « ហេតុអ្វីនាងមកតាមខ្ញុំ? នាងអាចត្រឡប់ទៅមន្ទីរពេទ្យវិញបានតើស? » រ៉េន សួរដោយសំឡេងរឹងខ្លាំងបញ្ជាក់ថាគេមិនពេញចិត្តឲ្យនាងមកតាមគេទេ។
     « ខ្ញុំមិនអាចបណ្ដោយឲ្យលោកដើរកាត់ព្រិលត្រជាក់តែម្នាក់ឯងបានទេ ខ្ញុំបារម្ភពីលោក » ណាប៊ី ងាកទៅសម្លឹងគេដោយក្រសែភ្នែកស្រទន់បែបព្រួយបារម្ភតែបែរជាប៉ះនឹងកែវភ្នែករឹងពេញដោយភាពមិនពេញចិត្តរបស់គេទៅវិញ ទើបធ្វើឲ្យបេះដូងរបស់នាងប្រែជាសោកសៅមួយរំព្រិច ព្រោះមិនអាចនាងបារម្ភចំពោះគេប៉ុណ្ណានោះទេ តែក្តីបារម្ភដែលនាងមានឲ្យគេត្រឹមតែជាការរំខាននិងគួរធុញមួយនៅក្នុងចិត្តរបស់គេប៉ុណ្ណោះ។
     « នាងដឹងទេថាទង្វើល្អដែលនាងធ្វើចំពោះខ្ញុំនឹងធ្វើឲ្យខ្ញុំកាន់តែស្អប់នាងលើសដើម ព្រោះអ្វីដឹងទេ? »
     « ព្រោះអ្វី? »
     គេសម្លឹងនាងដោយកែវភ្នែកក្រហមពេញដោយភាពខឹងស្អប់តែនាងបែរជានៅតែសម្លឹងមើលគេដោយកែវភ្នែកស្រទន់ដូចដើមមិនប្រែ នាងគឺល្ងង់បំផុតនៅលើលោកនេះ ។
     « គឺព្រោះតែអំពើល្អរបស់នាងចំពោះខ្ញុំនេះហើយ ដែលធ្វើឲ្យខ្ញុំមិនបានជួបជាមួយ រ៉ូជីន នាងធ្វើល្អដាក់អ្នកដទៃទាំងមិនសួរថាគេត្រូវការអំពើល្អរបស់នាងឬក៏អត់ ហើយចុងក្រោយនាងក៏បំផ្លាញ់អ្នកដទៃដោយតែអំពើល្អបែបអាត្មានិយមរបស់នាងនេះហើយ » រ៉េន ក្រោកឈរឡើងពេញកម្ពស់ហើយដើរទៅអង្គុយក្បែរជញ្ជាំងឆ្ងាយពីស្រីក្រមុំដែលធ្វើឲ្យគេមានអារម្មណ៍ខឹងខ្លាំងគ្រប់ពេលនៅក្បែរនាង នាងកាន់តែធ្វើល្អចំពោះគេ គេក៏កាន់តែស្អប់នាង ស្អប់រហូតមិនចង់ឲ្យនាងនៅក្នុងជីវិតរបស់គេទៀត តែមិនដឹងថាហេតុអ្វីបានជានាងចេះតែតាមគេមិនឈប់សោះ? ។
     “ ខ្ញុំគ្មានចេតនាធ្វើឲ្យរឿងទៅជាបែបនោះទេ ” ណាប៊ី អង្គុយឱបក្បាលជង្គង់ឱនមុខចុះទាំងឈឺចាប់ព្រោះតែកំហុសដែលនាងបានបង្កឡើង ធ្វើឲ្យនាងមិនអាចបំភ្លេចរឿងមួយនោះអស់មួយជីវិត ព្រោះនាងបានធ្វើខុសចំពោះ រ៉េន ជាបុរសសំខាន់បំផុតក្នុងជីវិតរបស់នាង។
    
     ភូមិគ្រឹះម្ចាស់សម្ព័ន្ធ អ៊ីសាជី
    
     តូរីន ដើរយ៉ាងប្រញាប់ប្រញាល់ចូលមកក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់សម្ព័ន្ធ អ៊ីសាជី ដែលមាន គីរ៉ាន់ រស់នៅក្នុងផ្ទះដ៏ធំមួយនេះតែម្នាក់ឯង ព្រោះគេជាអ្នកស្នងតំណែងតែម្នាក់គត់របស់សម្ព័ន្ធ អ៊ីសាជី។
     « ចៅហ្វាយមានរឿងហើយ » តូរីន ឈប់ជើងនៅពីមុខសាឡុនក្នុងបន្ទប់ទទួលភ្ញៀវដ៏ធំទូលាយដែលមាននាយកំលោះជាចៅហ្វាយនាយអង្គុយផឹកស្រាតែម្នាក់ឯងយ៉ាងមួរម៉ៅ។
     ផាំង!
     « មានរឿងស្អី? » គីរ៉ាន់ ទម្លាក់កែវស្រាក្នុងដៃទៅលើតុមួយទំហឹងដោយអារម្មណ៍មិនល្អ ព្រោះរឿងដែល ណាប៊ី ហ៊ានខលមកគេធ្វើឲ្យគេមានអារម្មណ៍មួរម៉ៅមិនឈប់សោះ នាងប្រៀបដូចជាបន្លាដែលចាក់ជាប់នៅក្នុងចិត្តរបស់គេ ឲ្យតែនាងនៅមានជីវិត គេមិនអាចរស់នៅមានក្តីសុខបានទេ។
     « ខាងមន្ទីររាយការណ៍មកថាអ្នកនាង ណាប៊ី បាត់ខ្លួនពីមន្ទីរពេទ្យហើយ »
     «...» គីរ៉ាន់ ស្ងៀមធ្មឹងពេលបានលឺដំណឹងមួយហើយ ជាតិស្រាដែលចូលក្នុងខ្លួនធ្វើឲ្យគេស្រវឹងតិចៗមុននេះក៏ស្វាងអស់រលីង គេនៅស្ងៀមហាក់កំពុងតែប្រើគំនិតគិតយ៉ាងល្អិតល្អន់ជាទីបំផុត។
     ទីង!
     « ហាឡូ! » គីរ៉ាន់ រហ័សលើកទូរស័ព្ទដែលរោទិ៍ឡើងមកស្តាប់ទាំងរិកពារមុឹងម៉ាត់ជាទីបំផុត។
     “ ពេលនេះអ្នកនាងបាត់ខ្លួនហើយ តើម្ចាស់សម្ព័ន្ធដូចជាលោកកំពុងតែធ្វើអ្វី? បើអ្នកនាងកើតអ្វីឡើងមក លោកកុំគិតថាអាចកាន់តំណែងជាអ្នកដឹកនាំសម្ព័ន្ធ អ៊ីសាជី បានទៀតឲ្យសោះ  ”
     គ្រឹប!
     ប្រាវ!
     « ចង្រៃយ៍! » គីរ៉ាន់ ទាញកែវស្រានៅចំពោះមុខគប់ចោលដើម្បីរំសាយអារម្មណ៍ដែលត្រូវអ្នកក្នុងសម្ព័ន្ធគំរាមគំហែងព្រោះតែរឿងរបស់ ណាប៊ី តទៅទៀត។
     « ឆាប់ហៅគ្នារបស់យើងទាំងអស់ឲ្យតាមទៅរកនាងមកវិញភ្លាម »
     « បាទ ចៅហ្វាយ » តូរីន រហ័សបន្ទន់ខ្លួនទទួលបញ្ជាហើយចេញទៅធ្វើកិច្ចការដែលចៅហ្វាយបញ្ជាយ៉ាងរហ័ស។
     « ណាប៊ី នាងកាន់តែប្រហើនហើយ នាងហ៊ានរត់ចេញពីកន្លែងដែលយើងអនុញ្ញាតឲ្យនាងនៅផងមែនទេ? » គីរ៉ាន់ ច្របាច់កែវស្រាមួយទំហឹងស្ទើរតែបែក កែវភ្នែកប្រែជាក្រហមដូចបិសាចព្រោះតែកំហឹងកំពុងតែចូលមកគ្របដណ្តប់ពេញខ្លួនរបស់គេនាពេលនេះ គេមិនអាចបាត់បង់គ្រប់យ៉ាងដោយតែនាងទេ គេមិនព្រមឲ្យរឿងបែបនោះកើតឡើងបានឡើយ ។
             រងចាំភាគបន្ត
     
    
   
  

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now