“ បញ្ជីក្លែងកាយ ”
ណាប៊ី ដើរចេញពីក្រុមហ៊ុនសំដៅទៅឡានដែលចតចាំនាងជាស្រេច ដោយសារតែគ្មានឯកសារសំខាន់អ្វីឲ្យនាងស៊ីញេទៀតឡើយ ទើបនាងចង់ឆាប់ត្រឡប់ទៅផ្ទះដើម្បីសម្រាក។
« គឺនាង! ឆាប់គប់ទៅ! » សម្រែកមនុស្សមួយក្រុមនៅក្បែរក្រុមហ៊ុនធ្វើឲ្យ ណាប៊ី បើកភ្នែកធំៗដោយភាពតក់ស្លុត ។
« តើមានរឿងអ្វី? » ណាប៊ី រហ័សសួរក្រុមមនុស្សដែលរត់ចូលមករកនាងព្រមជាមួយដុំថ្មគ្រប់ដៃ។
« គប់នាងទៅ! »
ណាប៊ី លើកដៃបាំងមុខបិទភ្នែកទាំងភិតភ័យខ្លាំងដល់ថ្នាក់ធ្វើអ្វីមិនកើតក្រៅពីឈរចាំទទួលរងដុំថ្មរបស់ក្រុមកម្មករទាំងអស់គប់សំដៅមកនាង។
ឌឹប! ឌឹប!
ត្របកភ្នែកពីរជាន់បើកឡើងយឺតៗក្រោយរាងកាយនាងទទួលបានភាពកក់ក្តៅពីរង្វង់ដៃរបស់នរណាម្នាក់ ដែលរត់មកឱបនាងជាប់ណែន ។
« ឆាប់...ចូលទៅវិញទៅអ្នកនាង! » រ៉េន ឱបរាងកាយតូចជាប់ក្នុងរង្វង់ដៃឲ្យនាងឱនក្បាលចូលជ្រកក្រោមដើមទ្រូងរបស់គេ ហើយក៏នាំនាងចូលទៅខាងក្នុងក្រុមហ៊ុនវិញគេចពីក្រុមកម្មករដែលមកតវ៉ានៅមុខក្រុមហ៊ុន។
ណាប៊ី ឈានថយចេញពីគេ ក្រោយចូលមកដល់ក្នុងក្រុមហ៊ុនដែលជាកន្លែងមានសុវត្ថិភាពហើយ។
« តើមានរឿងអ្វីកើតឡើង? »
« គឺ...អួយ! » រ៉េន មិនទាន់បានឆ្លើយតបជាមួយនាងផង ក៏ត្រូវបុគ្គលិករត់ប៉ះគេ ត្រូវខ្នងដែលមានរបួសព្រោះតែរងដុំថ្មជំនួសនាងមុននេះ។
« ទៅការិយាល័យមើលរបួសសិនទៅ » ណាប៊ី រហ័សចាប់ប្រអប់ដៃមាំអូសគេទៅមើលរបួសនៅក្នុងការិយាល័យរបស់នាងវិញ។
ការិយាល័យអគ្គនាយក
រ៉េន ដោះឡេវអាវចេញម្តងមួយៗយ៉ាងពិបាកព្រោះស្មារបស់គេឈឺខ្លាំងណាស់ ឈឺថ្នាក់ដៃរបស់គេទាំងមូលលើកមិនចង់រួច។
« ចាំខ្ញុំជួយ! » ណាប៊ី ដាក់ប្រអប់ថ្នាំដែលកាន់ជាប់ដៃជាយូទៅលើតុហើយចូលមកជួយដោះឡេវអាវឲ្យគេ។
«...» រ៉េន មិនបានប្រកែកដូចរាល់តែគេបែរជាអង្គុយស្ងៀមឲ្យនាងដោះឡេវអាវនិងដោះអាវចេញពីខ្លួនរបស់គេយ៉ាងងាយស្រួល។
« ស្នាមជាំខ្លាំងណាស់ តើគួរទៅមន្ទីរពេទ្យទេ? » ណាប៊ី ពិនិត្យមើលស្នាមជាំលើខ្នងទូលាយហើយសួរគេដោយក្តីបារម្ភ។
« មិនមានអ្វីធ្ងន់ធ្ងរទេ គ្រាន់តែលាបថ្នាំបន្តិចក៏បាត់ហើយ » រ៉េន តបហើយក៏លើប្រអប់ថ្នាំហុចទៅឲ្យស្រីក្រមុំដែលរវល់តែឱនពិនិត្យស្នាមជាំលើខ្នងរបស់គេមិនឈប់ មើលទៅនាងដូចជាបារម្ភពីគេពេកហើយ ។
« ប៉ុន្តែជាំដល់...! »
« ខ្ញុំប្រាប់ថាមិនអីគឺមិនអីហើយ នាងគ្រាន់តែលាបថ្នាំមក ចាំបាច់និយាយច្រើនធ្វើអី » រ៉េន បញ្ចេញសំឡេងមួរម៉ៅឲ្យនាងមួយរំព្រិច ពេលខ្លះគេមិនបានខឹងនាងទេ គេគ្រាន់តែស្អប់ការដែលនាងធ្វើល្អចំពោះគេខ្លាំងពេកតែប៉ុណ្ណោះ។
« ខ្ញុំយល់ហើយ » នាងយកថ្នាំមកលាបលើស្នាមជាំលើខ្នងនិងស្មារបស់គេយ៉ាងស្ងៀមស្ងាត់ ដោយមិនបង្ខំឲ្យគេទៅមន្ទីរពេទ្យទៀតឡើយ តែនាងក៏ឆ្លៀតសួររឿងកម្មកររោងចក្រដែលមកបង្ករឿងនៅមុខក្រុមហ៊ុនវិញ។
« តែហេតុអ្វីក្រុមកម្មករមើលទៅខឹងសម្បារយ៉ាងនេះ? »
« ពួកគេស្រែកថាក្រុមហ៊ុនកេងចំណេញថ្លៃពលកម្មរបស់ពួកគេ »
« ប៉ុន្តែតួលេខក្នុងបញ្ជីប្រាក់ខែដែលបើកឲ្យកម្មករត្រឹមត្រូវល្អតើ! »
« ខ្ញុំក៏បានពិនិត្យមើលដែរ ចំនួនប្រាក់ខែនិងចំនួនម៉ោងដែលពួកគេបានធ្វើការគឺត្រូវគ្នាល្អណាស់ ប៉ុន្តែកម្មករទាំងនោះនៅតែស្រែកថាពួកគេមិនទទួលបានប្រាក់ខែត្រូវតាមចំនួនម៉ោងធ្វើការ »
និយាយមកដល់ត្រឹមនេះ ណាប៊ី ក៏លាបថ្នាំឲ្យ រ៉េន ហើយរល្មម ទើបនាងជួយលើអាវលើសាឡុនពាក់ឲ្យគេវិញ។
« ខ្ញុំគិតចង់ទៅមើលរោងចក្រនៅល្ងាចនេះ ដើម្បីស៊ើបសួរពីរឿងបញ្ហាប្រាក់ខែរបស់កម្មករផង នាងត្រឡប់ទៅផ្ទះមុនជាមួយអ្នកបើកឡានចុះ »
« អត់ទេ ខ្ញុំចង់ទៅជាមួយលោកដែរ » ណាប៊ី រហ័សក្រោកឈរតាម រ៉េន និងសុំទៅមើលរោងចក្រជាមួយគេដែរ ព្រោះក្រៅពីរឿងប្រាក់ខែកម្មករនាងក៏ចង់ទៅពិនិត្យមើលរឿងប្រេងដែលរោងចក្របានប្រើប្រាស់ផងដែរ ម្យ៉ាងទៀតនាងក៏បារម្ភពី រ៉េន មិនចង់ឲ្យគេទៅតែម្នាក់ឯងទេ ព្រោះគេប្រហែលមិនទាន់ដឹងនៅឡើយថាសម្ព័ន្ធ អ៊ីសាជី ឃោឃៅប៉ុណ្ណា អ្នកនៅជុំវិញខ្លួនទាំងអស់សុទ្ធតែមិនអាចទុកចិត្តបាន មានតែនាងជាអ្នកដែលរស់នៅក្នុងសម្ព័ន្ធ អ៊ីសាជី ជាច្រើនឆ្នាំប៉ុណ្ណោះដែលយល់ពីរឿងនេះច្បាស់។
« នាងជាអ្នកដឹកនាំសម្ព័ន្ធ អ៊ីសាជី ទាំងមូល ខ្ញុំម្តេចនឹងមានសិទ្ធិហាមនោះ »
គេបញ្ចេញសំឡេងបែបមិនពេញចិត្តឲ្យនាងទៅជាមួយ តែក៏មិនមានសិទ្ធិហាមឃាត់នាង ទើបបានត្រឹមមួរម៉ៅហើយក៏ដើរចេញទៅយ៉ាងលឿន ។ ណាប៊ី រហ័សរត់ទៅតាមពីក្រោយគេ ទោះដឹងថាគេមិនពេញចិត្តឲ្យនាងទៅរោងចក្រជាមួយគេក៏ដោយ ប៉ុន្តែនាងនៅតែត្រូវទៅឲ្យបាន។
រោងចក្ររបស់សម្ព័ន្ធ អ៊ីសាជី
បុរសវ័យម្ភៃក្រាស់ម្នាក់ដើរចែករូបថតរបស់ រ៉េននិងណាប៊ី ឲ្យកម្មករដែលតវ៉ានៅមុខរោងចក្រ ។ ក្រោយពីចែករូបថតឲ្យក្រុមកម្មករហើយគេក៏ដើរចូលទៅកន្លែងស្ងាត់ដាច់ឆ្ងាយពីអ្នកដទៃហើយលើកទូរស័ព្ទខលទៅមនុស្សម្នាក់ដោយរិកពារគួរឲ្យសង្ស័យ។
« ខ្ញុំធ្វើតាមបញ្ជារបស់លោក បានចែករូបថតរបស់អ្នកនាងប្រធាននិងស្វាមីឲ្យក្រុមកម្មករស្គាល់មុខរបស់ប្តីប្រពន្ធមួយគូនោះរួចហើយ »
“ ធ្វើការបានល្អ ខ្ញុំនឹងផ្ញើរលុយចូលគណនីរបស់ឯងឥឡូវនេះ ”
« ប៉ុន្តែលោកពិតជាច្បាស់ថាអ្នកនាងប្រធាននិងស្វាមីមកមើលរោងចក្រពិតមែនទេ? »
“ បន្តិចទៀតពួកគេនឹងទៅដល់ហើយ ឯងនិងកូនចៅចាំតែទទួលស្វាគមន៍នាងឲ្យចាស់ដៃទៅបានហើយ ”
« បាទ ប៉ុន្តែអាចបន្ថែមថ្លៃឲ្យខ្ញុំបន្តិចទៀតបានទេ ខ្ញុំនឹងជួយរារាំងមិនឲ្យនាងនិងស្វាមីបាននិយាយជាមួយកម្មករម្នាក់ណាឡើយ »
“ ធ្វើការងារឲ្យបានសម្រេចសិនទៅ ខ្ញុំនឹងបន្ថែមលុយឲ្យឯង ”
« អរគុណលោកខ្លាំងណាស់ » ប្រធានរោងចក្រដាក់ទូរស័ព្ទចុះញោចមាត់ញញឹមដោយក្តីពេញចិត្ត។
មួយសន្ទុះក្រោយមក
ឡានទំនើបពណ៌ខ្មៅរបស់ រ៉េននិងណាប៊ី បានបើកចូលមកឈប់នៅខាងមុខរោងចក្រ ធ្វើឲ្យកម្មករដែលអង្គុយរងចាំពួកគេយ៉ាងអន្ទះសារនាំគ្នាក្រោកឈរឡើងដើរសំដៅមករកឡានទំនើបដោយក្នុងដៃមានមានកាន់អាវុធគ្រោះថ្នាក់គ្រប់ប្រភេទ។
« ហេតុអ្វីកម្មករដឹងថាពួកយើងមក? » ណាប៊ី សួរឡើងដោយងឿងឆ្ងល់តែគ្មានអ្នកណាអាចផ្តល់ចម្លើយឲ្យនាងបានឡើយ សូម្បីតែ រ៉េន។
« តើមានផ្លូវផ្សេងដើម្បីចូលទៅក្នុងរោងចក្រទេ? » រ៉េន ងាកទៅសួរអ្នកបើកឡាន។
« បាទ ខ្ញុំស្គាល់ផ្លូវចូលរោងចក្រមួយទៀតដែរ »
« អញ្ចឹងឆាប់ទៅតាមផ្លូវនោះទៅ » ណាប៊ី បញ្ជាទៅអ្នកបើកឡានយ៉ាងលឿន ព្រោះបើនៅយូទៀតច្បាស់ជាត្រូវកម្មករបំបែកកញ្ចក់ឡានយកដំបងវាយក្បាលនាងមិនខាន។
អ្នកបើកឡាននាំ រ៉េននិងណាប៊ី មកដល់ច្រកចូលរោងចក្រមួយទៀតដែលគ្មានកម្មករម្នាក់នៅចាំផ្លូវឡើយ ប៉ុន្តែផ្លូវដើរចូលទៅក្នុងរោងចក្ររៀងពិបាកបន្តិច ព្រោះសុទ្ធតែបំណែកដុំថ្មដែលកើតឡើងព្រោះតែស្ថានភាពផ្លូវបេតុងដែលខូចធ្ងន់ធ្ងរ។
« ហេតុអ្វីផ្លូវបេតុងចូលរោងចក្ររងការខូចខាតធ្ងន់ធ្ងរយ៉ាងនេះ? តើក្រុមហ៊ុនមិនគិតសាងសង់ឡើងវិញខ្លះទេ? » ណាប៊ី សម្លឹងផ្លូវដែលខូតខាតស្ទើរទាំងស្រុងដោយអារម្មណ៍មិនល្អ។
តែ រ៉េន មិនមាត់កហើយក៏ដើរកាត់ផ្លូវខូចសំដៅចូលទៅរោងចក្រយ៉ាងលឿន ណាប៊ី ឃើញបែបនេះក៏រហ័សងាកទៅសួរអ្នកបើកឡានរបស់នាង។
« មានយកស្បែកជើងប៉ាត់តាមកទេ? » ព្រោះស្បែកជើងដែលនាងកំពុងពាក់មានកែងខ្ពស់ពេក ទើបនាងងាកទៅសូររកស្បែកជើងដែលសាកសមនឹងស្ថានភាពផ្លូវដែលនាងត្រូវដើរនៅពេលនេះ។
« បាទ មាន » អ្នកបើកឡានរហ័សដើរទៅយកស្បែកជើងប៉ាត់តាពីក្នុងឡានមកប្តូរឲ្យនាង។
ក្រោយពីប្តូរស្បែកជើងប៉ាត់តារួច នាងក៏ដាក់សំបុត្រមួយនៅក្នុងខោប៉ៅអាវរបស់គេជំនួសឲ្យពាក្យអរគុណ រួចនាងក៏រត់ចូលទៅក្នុងរោងចក្រតាម រ៉េន បាត់។ កម្លោះអ្នកបើកឡានយកសំបុត្រដែលចៅហ្វាយស្រីដាក់ក្នុងហោប៉ៅអាវមកមើល។
“ បន្លំខ្លួនធ្វើកម្មករ ចូលទៅស៊ើបសួរបញ្ហារបស់កម្មករដែលកំពុងតវ៉ានៅខាងមុនឲ្យខ្ញុំ ”
កម្លោះអ្នកបើកឡានអានអក្សរនៅលើក្រដាសហើយក៏យកក្រដាសដាក់ក្នុងមាត់ទំពាលេបចូលទៅក្នុងពោះអស់។
ការិយាល័យប្រធានរោងចក្រ
« សូមអញ្ជើញអ្នកនាងនិងលោកប្រធាន » ប្រធានរោងចក្រនាំ រ៉េននិងណាប៊ី ចូលមកក្នុងការិយាល័យ ព្រោះអ្នកទាំងពីរទាមទារចង់ពិនិត្យមើលបញ្ជីរបស់រោងចក្រ។
« បានហើយលោកចង់ទៅធ្វើអ្វីក៏ទៅធ្វើបន្តទៀតចុះ » រ៉េន ដេញប្រធានកម្មករឲ្យចេញទៅវិញ ព្រោះគេត្រូវការពិនិត្យឯកសារដោយស្ងប់ស្ងាត់។
« បាទ » ប្រធានកម្មករចេញទៅវិញតាមបញ្ជារបស់ រ៉េន ។
រ៉េននិងណាប៊ី ចាប់ផ្តើមបើកមើលបញ្ជីដែលចង់មើលម្តងមួយម្តងមួយយ៉ាងល្អិតល្អន់តែគ្មានអ្វីខុសគ្នាទាល់តែសោះ សូម្បីតែតួលេខចំនួនប្រេងដែលរោងចក្រប្រើប្រាស់ប្រចាំខែដែល ណាប៊ី ធ្លាប់ឃើញថាខុសក៏រកមិនឃើញខុសដែរ។ ចំនួនប្រេងដែលទិញចូលនិងប្រើប្រាស់មានភាពសមាមាត្រគ្នាល្អណាស់ហើយក៏មានសមាមាត្រគ្នានឹងចំនួនផលិតផលដែលផលិតបានផងដែរ។
« គ្មានអ្វីខុសទេ » ណាប៊ី ទម្លាក់បញ្ជីទៅលើតុដោយភាពតានតឹង។
« នៅទីនេះរកមិនឃើញអ្វីខុសប្រក្រតីសោះ មានតែទៅសួរកម្មករដោយផ្ទាល់ប៉ុណ្ណោះទើបអាចរកចម្លើយបានខ្លះ »
« មិនបាច់ទេ ខ្ញុំបានប្រើឲ្យគេទៅស៊ើបសួរហើយ ពួកយើងគួរតែចំណាយពេលដើរពិនិត្យមើលភាពខុសប្រក្រតីនៅក្នុងរោងចក្រល្អជាង »
« ឈប់សិន នាងកំពុងតែចង់ប្រាប់ខ្ញុំថានៅក្នុងរោងចក្រមានរឿងខុសប្រក្រតីផ្សេងទៀតមែនទេ? »
« ខ្ញុំបានរកឃើញតួលេខចំនួនប្រេងដែលប្រើប្រាស់ប្រចាំខែនិងចំនួនដែលទិញចូលមកមានចំនួនខុសគ្នាឆ្ងាយណាស់នៅក្នុងបញ្ជីក្នុងការិយាល័យរបស់លោកថ្ងៃមុន ប៉ុន្តែបញ្ជីនៅទីនេះធម្មតាទាំងអស់ មិនមែនលោកជាអ្នកធ្វើរឿងនេះទេដឹង? »
« ខ្ញុំមិនបានធ្វើទេ! » រ៉េន រហ័សប្រកែកដាច់ខាត។
« ខ្ញុំនិយាយលេងទេ អ្នកណាទៅសង្ស័យប្តីខ្លួនឯងបាននោះ » នាងញញឹមដាក់គេហើយឈោងដៃទាញថ្ពាល់គេលេងយ៉ាងគួរឲ្យស្រលាញ់ហើយក៏ដើរចេញទៅធ្វើឲ្យ រ៉េន ត្រូវភ្លាំងធ្វើខ្លួនមិនត្រូវភ្លាមៗ។
« នាងលេងអ្វីចម្លែកៗបែបនេះ » គេលើកដៃអង្អែលថ្ពាល់ខ្លួនឯងទាំងមិនដឹងខ្លួន តើគេកើតអ្វីនឹង? ហេតុអ្វីមានអារម្មណ៍ខ្មាស់អៀនយ៉ាងនេះ? គេគួរតែខឹងនាងទើបត្រូវ ហេតុអ្វីគេបែរជាមិនខឹងជាមួយនាង? ។ រ៉េន ក្រវីក្បាលតិចៗព្រោះមិនយល់ពីខ្លូនឯង ហើយក៏ដើរទៅតាមនាង ដើម្បីទៅពិនិត្យមើលគ្រប់យ៉ាងនៅក្នុងរោងចក្របន្ត។
ណាប៊ី ដើរថតម៉ាស៊ីនដែលប្រើនៅក្នុងរោងចក្រហើយក៏ចូលទៅថតប្រេងដែលស្តុបទុក ហើយចុងក្រោយនាងក៏ចូលទៅមើលកន្លែងទុកដាក់វត្ថុធាតុដើម។
« ក្នុងនោះត្រជាក់ណាស់កុំចូលទៅអី » រ៉េន ចាប់ដៃស្រឡូនហាមនាងមិនឲ្យចូលទៅបន្ទប់ត្រជាក់សម្រាប់ទុកវត្ថុធាតុដើម។
« បើមិនចូលយើងមិនអាចដឹងចំនួនវត្ថុធាតុដើមដែលត្រូវប្រើនៅក្នុងខែនេះទេ »
« ក្នុងបញ្ជីបានបញ្ជាក់តួលេខច្បាស់ហើយតើ »
« លោកជឿតួលេខក្នុងបញ្ជីនឹងមែនទេ? »
« គឺ...» រ៉េន ស្ទាក់ស្ទើរព្រោះគេក៏មិនទុកចិត្តនឹងតួលេខក្នុងបញ្ជីទាំងនោះប៉ុន្មានដែរ។
« បើលោកក៏មិនជឿជាក់តួលេខទាំងអស់នោះដែរ អញ្ចឹងយើងចូលទៅពិនិត្យមើលគ្រប់យ៉ាងដោយខ្លួនឯងទៅ » ណាប៊ី និយាយចប់ក៏ដើរចូលទៅ ទើប រ៉េន រហ័សចូលទៅតាមនាងព្រោះខ្លាចនាងមានរឿងអ្វីកើតឡើង។
គ្រឹប!
ទ្វាបន្ទប់ត្រជាក់ត្រូវបានទាញបិទនិងចាក់សោយ៉ាងជាប់ក្រោយ រ៉េននិងណាប៊ី ចូលទៅខាងក្នុងហើយ។ ប្រធានរោងចក្រដាក់កូនសោចូលខោប៉ៅអាវហើយក៏លើកទូរស័ព្ទដែលនៅតភ្ជាប់ជាមួយអ្នកម្ខាងទៀតស្រាប់មកនិយាយ។
« បាទ ពួកគេពិតជាមិនជឿជាក់លើបញ្ជីក្លែងក្លាយដែលខ្ញុំធ្វើពិតមែន? ប៉ុន្តែពេលនេះខ្ញុំបានចាត់ការពន្យាពេលពួកគេឲ្យលោកហើយ លោកមានពេលគ្រប់គ្រាន់ដើម្បីដឹកប្រេងចេញទៅកំពង់ផែនៅល្ងាចនេះ »
“ ធ្វើការបានល្អ! ហាសហាស ” បបូរមាត់ក្រាស់សើចឡើងដោយភាពឃោឃៅលាយឡំនិងភាពលោភលន់របស់ខ្លួន យកទើបម្ចាស់ដៃមាំដាក់ទូរស័ព្ទចុះលើតុ និងលើកកាន់កែវស្រាក្រហមមកផឹកអបអរជំនួសវិញ។
រងចាំភាគបន្ត
YOU ARE READING
ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)
Romanceជំនួបស្នេហ៍រយះពេលខ្លី ប្រៀបបាននឹងឈុនឆាកស្នេហាដ៏ផ្អែមល្ហែមដែលកើតឡើងក្នុងជំពូកមួយនៃសៀវភៅប្រលោមលោកដែលមានកម្រាស់រាប់លានទំព័រ ជាក្តីស្រលាញ់ដែលមិនធ្លាប់នឹងនឹកស្មានដល់ ជាស្នេហាដែលកើតឡើងដោយមិនបានព្រៀមទុកជាមុន តែក៏បានក្លាយជាការចងចាំដល់មានន័យជ្រាលជ្រៅបំផុតនៅក...