“ អរគុណដែលលោកមិនស្រលាញ់ខ្ញុំ រ៉េន ”
រាងស្តើងក្នុងឈុនគេងយប់អង្គុយនៅតុក្បែរមាត់បង្អួច ម្រាមស្រឡូនយកបង់បិទរបួសបិទនៅកែងដៃដែលកើតឡើងពីការច្រានរបស់ រ៉េន កាលពីថ្ងៃហើយទើបនាងក្រោកពីកៅអីប្រុងឡើងគេងលើគ្រែ តែដោយសារមិនទាន់ឃើញ រ៉េន ឡើងមកបន្ទប់ ទើបនាងដើរទៅបើកទ្វាបន្ទប់មើលទៅជាន់ខាងក្រោម។ នៅជាន់ខាងក្រោមបិទភ្លើងអស់ហើយ តែហេតុអ្វី រ៉េន មិនទាន់ឡើងមកបន្ទប់ទៀត? ណាប៊ី ដើរចុះជណ្តើរសំដៅទៅបន្ទប់ធ្វើការដែលនៅបើកភ្លើងចោលទំនងជា រ៉េន នៅក្នុងនោះ។ ម្រាមស្រឡូនបម្រុងបើកទ្វាបន្ទប់ចូល តែក៏ស្ទាក់ស្ទើរព្រោះតាំងពីមានរឿងជាមួយគ្នាកាលពីថ្ងៃមកគេមិននិយាយរកនាងសូម្បីមួយម៉ាត់ បើនាងចូលទៅពេលនេះហើយគេសួរ តើនាងគួរឆ្លើយថាម៉េច?។
« ណ្ហើយចុះ! » ណាប៊ី ចង់ត្រឡប់ទៅបន្ទប់វិញ ប៉ុន្តែបើនាងត្រឡប់ទៅបន្ទប់វិញទាំងមិនបានឃើញច្បាស់ថាគេនៅក្នុងបន្ទប់នេះនាងច្បាស់ជាគេងមិនលក់ទេ ទើបនាងសម្រេចចិត្តបើកទ្វាចូលទៅក្នុងបន្ទប់ធ្វើការ។
រាងក្រាស់គេងលក់ឱបដៃលើសាឡុនក្នុងបន្ទប់យ៉ាងរំភើយ គេប្រហែលជាមិនចង់ជួបមុខនាងទើបមកសម្ងំគេងនៅទីនេះ។ ណាប៊ី ដើរថ្នមជើងចូលទៅជិតគេ នាងញញឹមស្រាលៗពេលសម្លឹងឃើញមុខគួរឲ្យស្រលាញ់ពេលគេគេងលក់ហើយ។
« ពេលគេងលក់មិនគួរឲ្យខ្លាចដូចពេលធម្មតាទេ » ណាប៊ី ញញឹមស្រស់ម្នាក់ឯង ហើយក៏ដើរទៅយកភួយពីក្នុងទូមកដណ្តប់ឲ្យគេ។រាងស្តើងដាក់ខ្លួនអង្គុយក្បែរគេ កែវភ្នែកស្រទន់សម្លឹងរង្វង់ស្រស់សង្ហាមិនដាក់ភ្នែក មានតែពេលដែលគេមិនដឹងខ្លូនបែបនេះប៉ុណ្ណោះដែលនាងអាចមើលមុខគេបានពេញភ្នែក តាមពិតគេមិនមានមុខមាត់ស្អាតអស្ចារ្យអ្វីទេ តែហេតុអ្វីនាងស្រលាញ់គេយ៉ាងនេះ? សម្តីរបស់គេដែលប្រើជាមួយនាងក៏មិនពិរោះ បើនិយាយពីទង្វើរបស់គេដែលធ្វើដាក់នាងវិញរឹតតែព្រៃផ្សៃ ប៉ុន្តែហេតុអ្វីនាងនៅតែយល់ថាស្រលាញ់គេខ្លាំងយ៉ាងនេះ? គ្រប់យ៉ាងដែលគេផ្តល់ឲ្យនាងមិនថាជារសជាតិល្វីងជូរចត់ពិបាកលេបប៉ុណ្ណាទេ នាងនៅតែយល់ថាផ្អែមឆ្ងាញ់ដដែល គេជាគ្រប់យ៉ាងរបស់នាង តែគួរឲ្យស្តាយដែលនាងមិនមែនជាគ្រប់យ៉ាងរបស់គេ។ ណាប៊ី ក្រោកឈរឡើងខណះបេះដូងរបស់នាងចាប់ផ្តើមឈឺចាប់ខ្ទោកៗពេលនឹកឃើញថាបេះដូងរបស់គេមិនមែនជារបស់នាងទេ។
« កុំទៅ! »
ណាប៊ី ឈប់ជើងង៉ក់ភ្ញាក់ព្រើតពេលត្រូវប្រអប់ដៃមាំចាប់ដៃរបស់នាងជាប់។ ណាប៊ី ងាកក្រោយឃើញថាគេនៅគេងលក់នៅឡើយ ទើបនាងបានធូរទ្រូងមកវិញ ព្រោះបើគេភ្ញាក់មកឃើញនាងនៅជិតគេ ច្បាស់ជាមានរឿងទៀតមិនខាន។ ម្រាមស្រឡូនបម្រុងចាប់ដៃរបស់គេចេញ តែគេបែរជារឹតតែចាប់ណែនឡើយដូចជាកំពុងតែខ្លាចនាងទៅណាចោលគេ ខុសពីរាល់ដងដែលគេចាប់កដៃនាងយ៉ាងណែនដោយការខឹងស្អប់។
« សុំទោស...សុំទោស! »
ណាប៊ី ទម្លាក់ដៃដែលចង់ទាញដៃរបស់គេចេញចុះ ចិត្តរបស់នាងទន់យ៉ាងងាយដោយគ្រាន់តែលឺពាក្យថាសុំទោសរបស់គេ អារម្មណ៍ដែលអន់ចិត្ត តូចចិត្តទាំងប៉ុន្មានរសាយអស់មួយរំព្រិច ពេលលឺថាការគេកំពុងតែនិយាយពាក្យថាសុំទោសមកកាន់នាង។
« រ៉ូជីន! បងសុំទោស! »
បបូរមាត់ស្តើងដែលប្រុងញញឹម ប្រែមកជាក្រៀមក្រំមួយរំព្រិច កែវភ្នែកដែលស្រស់ថ្លាពេញដោយពន្លឺមុននេះក៏ប្រែជារលីងរលោងពោលពេញដោយទឹកថ្លាភ្លាមៗក្រោយដឹងថាគេកំពុងតែនឹកគិតដល់មនុស្សស្រីម្នាក់ណាហើយ។ ហេតុអ្វីមុននេះនាងថ្លើមធំហ៊ានលួចមានសង្ឃឹមថាគេសុំទោសនាងបែបនេះ? នាងពិតជាជឿជាក់ថាខ្លួនឯងសំខាន់សម្រាប់គេពេកហើយ តាមពិតនាងសម្រាប់គេគ្រាន់តែជាមនុស្សគ្មានតម្លៃម្នាក់តែប៉ុណ្ណោះ នាងប្រៀបមិនបាននឹងរបស់ជុំវិញខ្លួនរបស់គេផង ទោះនាងឈរនៅចំពោះរបស់គេក៏គេមិនទុកនាងក្នុងភ្នែកដែរ ហេតុអ្វីនាងនៅតែភ្លេចខ្លួនហើយគិតថាខ្លួនឯងសំខាន់សម្រាប់គេទៀត?។ ណាប៊ី ទាញដៃមាំចេញមួយទំហឹង ព្រោះមិនចង់នៅស្តាប់ពាក្យនឹកនាដល់អតីតសង្សារបស់គេតទៅទៀត តែក៏ធ្វើឲ្យ រ៉េន ភ្ញាក់ព្រោះតែកម្លាំងដៃរបស់នាង។
« ហ៊ឹក! » ណាប៊ី រហ័សងាកមុខចេញជូតទឹកភ្នែកលើថ្ពាល់រហូតស្ងួតអស់។
« ហេតុអ្វីនាងនៅទីនេះ? » រ៉េន ក្រោកឡើងសួរទៅកាន់ស្រីក្រមុំដែលបែរខ្នងដាក់គេ តែនាងក៏ងាកមកវិញពេលលឺគេសួរដោយសំឡេងរឹងខ្លាំង។
« ព្រោះមិនឃើញលោកឡើងទៅបន្ទប់ ទើបខ្ញុំចុះមកមើល »
« បើបានឃើញខ្ញុំគេងនៅទីនេះហើយ នាងក៏ឡើងទៅបន្ទប់វិញទៅ »
« ខ្ញុំកំពុងតែទៅហើយ » ណាប៊ី ប្រឹងទប់ទឹកភ្នែកដែលចេះតែចង់ស្រក់ចុះមកគ្រប់ពេលលឺសម្តីបែបមិនពេញចិត្តរបស់គេហើយ។
« ឈប់ យកភួយរបស់នាងទៅវិញផង »
ប្រូស!
គេប្រមូលភួយមូលចូលគ្នាគប់មកក្បែរជើងស្រឡូនដោយទឹកមុខមិនពេញចិត្ត។
« នៅទីនេះត្រជាក់ណាស់ ភួយនេះលោកទុកដណ្តប់ទៅ » ណាប៊ី ឱនរើសភួយមកដណ្តប់ឲ្យគេទោះដឹងថាគេមិនពេញចិត្តហើយក៏ដោយ នាងគ្រាន់តែធ្វើព្រោះបារម្ភខ្លាចគេឈឺតែប៉ុណ្ណោះ។
« ខ្ញុំប្រាប់ឲ្យនាងយកចេញ! » រ៉េន គំហកដាក់នាងខ្លាំងៗដោយការខឹងសម្បារដែលនាងមិនស្តាប់តាមសម្តីរបស់គេហើយនៅចចេសយកភួយមកដណ្តប់ឲ្យគេ ទាំងគេមិនត្រូវការ ។ ហេតុអ្វីនាងចាំបាច់ធ្វើល្អជាមួយមនុស្សអាក្រក់ដូចជាគេដែរ? ដឹងទេថាទង្វើល្អរបស់នាងធ្វើឲ្យគេកាន់តែស្អប់ខ្លូនឯង នាងកាន់តែធ្វើល្អដាក់គេ គេកាន់តែយល់ថាខ្លួនឯងជាមនុស្សអាក្រក់ខ្លាំង គេមិនចង់ឲ្យខ្លួនឯងមើលទៅអាក្រក់និងថោកទាបខ្លាំងជាងនេះទៀតទេ គេមិនចង់រស់នៅក្នុងអារម្មណ៍ដែលបន្ទោសខ្លួនឯងគ្រប់ពេលទេ ដូច្នេះសូមអង្វរនាងឈប់ធ្វើល្អជាមួយគេទៀតទៅ។
« ព្រោះតែជាភួយដែលខ្ញុំយកមកទើបលោកមិនដណ្តប់មែនទេ? ចុះបើប្តូរជាអ្នកនាង រ៉ូជីន ជាអ្នកយកមកវិញ លោកប្រហែលជាចង់ដណ្តប់ណាស់ហើយមែនទេ? »
« នាងគ្មានសិទ្ធិនិយាយពី រ៉ូជីនទេ ឆាប់ចេញពីទីនេះទៅ! » គេគំហកខ្លាំងៗដាក់នាងមិនគិតពីអារម្មណ៍របស់អ្នកស្តាប់សូម្បីតែបន្តិច ដឹងទេថាសំឡេងរបស់គេកំពុងដែលកម្ទេចបេះដូងរបស់នាងម្តងបន្តិចៗ។
« រ៉ូជីន ស្លាប់ហើយ ខ្ញុំបានឃើញសពនាងត្រូវបានបញ្ចុះដោយផ្ទាល់ភ្នែក ហ៊ឹក! » ណាប៊ី ដឹងថាប៉ុន្មានថ្ងៃនេះ រ៉េន កំពុងតែគិតពីអ្វី នាងមិនចង់ឲ្យគេឈឺចាប់ព្រោះតែក្តីសង្ឃឹមផ្តេសផ្តាសនោះទេ ទើបនាងបញ្ជាក់គ្រប់យ៉ាងឲ្យគេដឹង។
« មិនថារ៉ូជីននៅរស់ឬស្លាប់ទៅហើយក៏ដោយខ្ញុំនៅតែស្រលាញ់នាង ចំណែកនាងវិញ ណាប៊ី ខ្ញុំគ្មានថ្ងៃស្រលាញ់នាងជាដាច់ខាត »
« អរគុណដែលលោកមិនស្រលាញ់ខ្ញុំ រ៉េន » ណាប៊ី ញញឹមដាក់ រ៉េន ទាំងកែវភ្នែករលីងរលោងចង់យំ ពាក្យសម្តីរបស់គេធ្វើឲ្យបេះដូងរបស់នាងឈឺចាប់និងមានអារម្មណ៍ធូរស្រាលក្នុងពេលតែមួយ ទើបនាងគ្មានពាក្យអ្វីតបជាមួយគេក្រៅពីពាក្យថាអរគុណ។
ណាប៊ី ដើរចេញទៅទាំងទឹកភ្នែកស្រក់មកជោកថ្ពាល់ ប៉ុន្តែនាងបែរជាបានបន្សល់ទុកនូវចម្ងល់ដល់ខួរក្បាលនិងបេះដូងរបស់ រ៉េន ឲ្យកាន់តែច្របូកច្របល់ទៅវិញ ។ ខួរក្បាលរបស់យល់ថានាងកំពុងតែនិយាយបញ្ឈឺឌឺដងឲ្យគេ តែហេតុអ្វីបេះដូងរបស់គេឈឺចាប់យ៉ាងនេះ ប្រយោគដែលនាងនិយាយចេញមកទាំងអួលដើមក បូករួមនឹងកែវភ្នែកដ៏ឈឺចាប់របស់នាងកំពុងដិតជាប់ក្នុងអារម្មណ៍របស់គេ បេះដូងរបស់គេបានកំពុងតែប្រាប់គេថានោះមិនមែនត្រឹមតែពាក្យបញ្ឈឺឌឺដងប៉ុណ្ណោះទេ ប៉ុន្តែនាងដូចជាកំពុងតែចង់ប្រាប់អ្វីម្យ៉ាងមកកាន់គេផងដែរ។
ប៉ុន្មានសប្តាហ៍កន្លងផុតទៅ
រ៉េននិងណាប៊ី ទៅធ្វើការនិងរស់នៅជាមួយគ្នាដូចប្តីប្រពន្ធដទៃឯទៀតដែរ អ្វីដែលខុសពីប្តីប្រពន្ធអ្នកដទៃទៀតគឺការនិយាយគ្នា រ៉េននិងណាប៊ី មិននិយាយរកគ្នាតាំងពីយប់ដែលឈ្លោះគ្នានៅបន្ទប់ធ្វើការក្នុងផ្ទះ ។ មនុស្សពីរនាក់នៅក្នុងការិយាធ្វើការតែមូយ ប៉ុន្តែបែរជាមិននិយាយរកគ្នាសូម្បីតែមួយម៉ាត់ ទើបធ្វើឲ្យបរិយាកាសក្នុងការិយាល័យមានភាពអាប់អួលជាខ្លាំង រហូតធ្វើឲ្យ ឆេមីន ដែលយកឯកសារសំខាន់នៅរោងចក្រមកឲ្យ ណាប៊ី ស៊ីញេ មានអារម្មណ៍អាប់អួលចម្លែកៗ។
« ហេតុអ្វីខែនេះរោងចក្រទិញប្រេងចូលច្រើនជាងខែមុនទៅទៀត? » ណាប៊ី សួរទៅកាន់ ឆេមីន ដោយការងឿងឆ្ងល់ ព្រោះនាងមិនដឹងទេថានៅរោងចក្រត្រូវការប្រើប្រេងច្រើនយ៉ាងនេះដែរ។
« ដោយសារតែខែនេះក្រុមហ៊ុនត្រូវបញ្ចេញផលិតផលលើសពីខែមុនគុណនឹងពីរ ទើបត្រូវការទិញប្រេងបន្ថែម »
« ខ្ញុំយល់ហើយ » ណាប៊ី ឱនស៊ីញេលើឯកសារហើយក៏ប្រគល់ទៅឲ្យ ឆេមីន វិញ។ ឆេមីន ឱនគោរពនាងបន្តិច ទើបដើរចេញទៅ។
« ខ្ញុំមានប្រជុំនៅពេលរសៀល » រ៉េន ក្រោកពីកៅអីនិយាយប្រាប់ ណាប៊ី តែកាយវិការរបស់គេដូចជាកំពុងនិយាយចោលច្រើនជាង ហើយគេក៏ដើរចេញទៅ។ ដោយសារតែមួយរយះនេះគេជាអ្នកទទួលខុសត្រូវការងារជំនួសនាងគ្រប់យ៉ាង រហូតទទួលបានការទុកចិត្តពីមនុស្សក្នុងសម្ព័ន្ធគ្រប់គ្នា មើលទៅប្រហែលមិនយូរទៀតទេ គ្រប់យ៉ាងនឹងទៅជារបស់គេហើយ គេនិងនាងក៏មិនចាំបាច់ទ្រាំរស់នៅជាមួយគ្នាដោយភាពសោះកក្រោះបែបនេះទៀតដែរ ។
« ...» ណាប៊ី មិនតបហើយគ្រាន់តែអង្គុយស្ងៀមព្រោះនាងដឹងថាគេមិនបានចង់ឲ្យនាងតបជាមួយគេទេ គេគ្រាន់តែចង់ឲ្យនាងដឹងតែប៉ុណ្ណោះ។ ក្រោយពីគេចេញទៅបាត់នាងក៏ដើរទៅតុធ្វើការហើយរៀបចំឯកសារដែលរាយប៉ាយឲ្យរៀបរយឡើងវិញ ចៃដន្យ ណាប៊ី បានប្រទះភ្នែកនឹងឯកសារមួយនៅគែមតុ ទើបនាងលើកមកបើកមើល ហើយអ្វីដែលសរសេនៅក្នុងឯកសារមួយនោះធ្វើឲ្យទឹកមុខរបស់ស្រីក្រមុំប្រែជាតានតឹងយ៉ាងខ្លាំង។
ក្រាក!
ណាប៊ី រហ័សបិទឯកសារនៅនឹងដៃដាក់ទុកនៅកន្លែងដើមវិញ ពេលឃើញ រ៉េន ចូលមក។
« ខ្ញុំភ្លេចឯកសារ! » រ៉េន ដើរយ៉ាងរហ័សចូលមកយកឯកសារដែលភ្លេចហើយក៏ចេញទៅវិញភ្លាមៗ។
« តើមានរឿងអ្វី? ហេតុអ្វីបានជាតួលេខក្នុងបញ្ចីទាំងពីរខុសគ្នា? » ណាប៊ី ឈររអ៊ូម្នាក់ឯងព្រោះមិនហ៊ានសួរ រ៉េន ពីរឿងដែលនាងកំពុងតែឆ្ងល់ ណាមួយគេមិនចង់និយាយជាមួយនាងផង បើនាងសួរគេច្បាស់ជាដៀលថានាងល្ងង់ទៀតមិនខាន។
រងចាំភាគបន្ត
YOU ARE READING
ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)
Romanceជំនួបស្នេហ៍រយះពេលខ្លី ប្រៀបបាននឹងឈុនឆាកស្នេហាដ៏ផ្អែមល្ហែមដែលកើតឡើងក្នុងជំពូកមួយនៃសៀវភៅប្រលោមលោកដែលមានកម្រាស់រាប់លានទំព័រ ជាក្តីស្រលាញ់ដែលមិនធ្លាប់នឹងនឹកស្មានដល់ ជាស្នេហាដែលកើតឡើងដោយមិនបានព្រៀមទុកជាមុន តែក៏បានក្លាយជាការចងចាំដល់មានន័យជ្រាលជ្រៅបំផុតនៅក...