ភាគបញ្ចប់

328 10 1
                                    

“ ៣៦៥ថ្ងៃ ”

  រ៉េន ឈរនៅក្រោមដើមឈើធំមួយនៅខាងក្រោយមន្ទីរពេទ្យដែលមនុស្សគ្រប់គ្នាជឿថាជាដើមឈើស័ក្តិសិទ្ធិ   ។ ស្លឹកឈើចាប់ផ្តើមប្រែពណ៌ពីប៉ៃតងទៅជាលឿនទុំម្តងបន្តិចៗព្រោះរដូវស្លឹកឈើជ្រុះកំពុងតែជិតចូលមកដល់ កាលពីមុនគេមកទីនេះជាមួយ ណាប៊ី តែគេមិនដែលជឿឡើយថាគ្រាន់តែសរសេរបំណងប្រាថ្នាចងនៅលើមែកឈើមួយនេះក៏អាចធ្វើឲ្យបំណងប្រាថ្នាប្រែក្លាយជាការពិតបាននោះ ប៉ុន្តែលើកនេះគេនឹងដាក់ចិត្តជឿរឿងផ្តេសផ្តាសមួយនេះម្តង ព្រោះឲ្យតែអាចមានវិធីឲ្យ ណាប៊ី ជាផ្សះស្បើយឡើយវិញបាន កុំថាឡើយត្រឹមសរសេរសំបុត្រចងទៅនឹងដើមឈើ សូម្បីតែឲ្យគេលុតជង្គង់នៅទីនេះមួយឆ្នាំក៏គេព្រម។
  “ បើដើមឈើមួយនេះពិតជាស័ក្ដិសិទ្ធិមែន សុំជួយឲ្យ ណាប៊ី បានជាផ្សះស្បើយឡើងវិញផង ” រ៉េន សរសេរលើក្រដាសហើយមូលដាក់ក្នុងកែវថ្លាតូចមួយរួចយកខ្សែអំបោះពណ៌ក្រហមចងកែវថ្លាដាក់ក្រដាសបំណងប្រាថ្នារបស់គេជាប់នឹងមែកឈើ ដូចអ្វីដែល ណាប៊ី ធ្លាប់ធ្វើកាលពីលើកមុន។
   ដុក!
   គេធ្វើឲ្យរង្គើមែកឈើដាច់ខ្សែអំបោះក្រហមធ្លាក់កែវក្រដាសបំណងប្រាថ្នារបស់អ្នកដទៃមកលើដី។ រ៉េន រហ័សឱនរើសកែវបំណងប្រាថ្នាមួយនោះមកពិនិត្យមើលទើបឃើញឈ្មោះ ណាប៊ី ។ កែវបំណងប្រាថ្នាមួយនេះជារបស់នាង ទើបគេរហ័សបើកឆ្នុកមាត់កែវយកក្រដាសខាងក្នុងមកបើកមើល។
   “  ដើមឈើស័ក្តិសិទ្ធិសុំឲ្យ រ៉េន ដើរបានឡើងវិញឆាប់ៗ ”
   បេះដូងរបស់គេប្រែជាឈឺចាប់ឡើងមួយរំព្រិចពេលបានអានអក្សរដែលនាងសរសេរនៅលើក្រដាសហើយ រ៉េន ងើយមុខឡើងព្យាយាមទប់មិនឲ្យទឹកភ្នែកស្រក់ចុះមក តែគេក៏ប្រទះនឹងឃើញឈ្មោះរបស់នាងលើកែវបំណងប្រាថ្នាផ្សេងទៀតដែលចងនៅជាប់ដើមឈើ ទើបគេឈោងស្រាយយកមកបើកមើលជាបន្តបន្ទាប់ ប៉ុន្តែគ្រប់យ៉ាងដែលនាងសុំពីដើមឈើស័ក្តិសិទ្ធិគឺមានតែមួយប៉ុណ្ណោះ គឺសុំឲ្យគេឆាប់ដើរបានឡើងវិញ។ នាងធ្វើគ្រប់យ៉ាងដើម្បីគេកន្លងមក តែគេបែរជាមើលមិនឃើញសោះ គេចេះតែគិតអាក្រក់លើនាង ទាំងដែលគ្រប់យ៉ាងដែលនាងធ្វើគឺដើម្បីគេទាំងអស់ សូម្បីតែបំណងប្រាថ្នារបស់នាងក៏ដើម្បីគេដែរ តើនាងគ្មានបំណងប្រាថ្នាសម្រាប់ខ្លួនឯងខ្លះទេ?។
   « អូនពិតជាល្ងង់ណាស់ ណាប៊ី! » រ៉េន សម្លឹងកែវបំណងប្រាថ្នារបស់នាងដែលគេរៀបចំចងជាប់នៅលើមែកឈើឲ្យនាងវិញយ៉ាងរៀបរយ។

You've reached the end of published parts.

⏰ Last updated: Dec 28, 2023 ⏰

Add this story to your Library to get notified about new parts!

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now