ភាគ៥៦

152 5 0
                                    

  “ ចាប់ខ្លួន ”

  ណាប៊ី គេងនៅលើគ្រែក្នុងបន្ទប់ពិនិត្យសុខភាពក្នុងផ្ទះរបស់លោកដុកទ័រ គ្រីស ។
  « ព្រឹកនេះអ្នកនាងមានអារម្មណ៍វិលមុខឬចង់ក្អួតទៀតទេ? » លោកដុកទ័រកាន់ក្រដាសពិនិត្យសុខភាពរបស់ ណាប៊ី ចូលមកអង្គុយកៅអីជិតនាងសួរនាំ។
  « អត់ទេ មួយរយៈនេះខ្ញុំមានអារម្មណ៍ដូចជាខ្លួនឯងមិនមែនជាអ្នកជំងឺអ៊ីចឹង » ណាប៊ី តបជាមួយលោកគ្រូពេទ្យវិញដោយទឹកមុខស្រស់ថ្លា។
  « ប៉ុន្តែតាមការសង្កេតមើលដុំសាច់នៅតែលូតលាស់ជារៀងរាល់ថ្ងៃ ហេតុអ្វីវាមិនធ្វើទុកដល់អ្នកនាង? ខ្ញុំគិតថាដូចជាមានអ្វីចម្លែក ប៉ុន្តែយ៉ាងណាអ្នកនាងត្រូវតែសម្រាកឲ្យគ្រប់គ្រាន់និងញុំថ្នាំឲ្យបានគ្រប់ចំនួន ពេលនេះការពិនិត្យបានបញ្ចប់ហើយអ្នកនាងអាចចេញទៅខាងក្រៅបាន »
  « អរគុណលោកគ្រូពេទ្យណាស់ » ណាប៊ី ដោះឧបករណ៍ពិនិត្យជាប់ដៃចេញហើយក៏ក្រោកចុះពីលើគ្រែចេញពីបន្ទប់មកក្នុងផ្ទះវិញ។

  ហារ៉ា កំពុងរៀបចំអាហារពេលព្រឹកនៅលើតុ ពេលក្រឡេកឃើញ ណាប៊ី ក៏រហ័សដើរទៅអូសដៃស្រឡូនចូលមកតុអាហារ។
  « អាហារពេលព្រឹករួចរាល់ហើយឆាប់ញុំទៅ » ហារ៉ា ទាញកៅអីឲ្យ ណាប៊ី អង្គុយហើយនាងក៏ចូលអង្គុយនៅកៅអីនាងដែរ។
  « បងមានអ្វីចង់សួរខ្ញុំមែនទេ? » ណាប៊ី គ្រាន់តែឃើញកាយវិការយកចិត្តរបស់ ហារ៉ា នាងក៏ដឹងភ្លាមថា ហារ៉ា កំពុងតែចង់ដឹងរឿងអ្វីមួយមិនខាន។
  « ឯងនិងលោក រ៉េន ត្រូវគ្នាវិញហើយមែនទេ? »
  «...» ណាប៊ី ងើបមកសម្លឹងមុខរបស់ ហារ៉ា ហើយមិនមាត់ ប៉ុន្តែ ហារ៉ា ក៏អាចយល់គ្រប់យ៉ាងនៅក្នុងចិត្តរបស់ ណាប៊ី នៅពេលនេះ។
  « ឈប់បារម្ភច្រើនហើយគ្រាន់តែចំណាយពេលវេលារបស់ឯងជាមួយគេយ៉ាងមានក្តីសុខទៅបានហើយ »
  « បើពួកយើងកំពុងតែមានពេលវេលាដ៏ល្អជាមួយគ្នាសុខៗហើយខ្ញុំស្រាប់តែទៅបាត់ តើគេនឹងខូចចិត្តប៉ុណ្ណា? » ណាប៊ី ឱនមុខចុះយ៉ាងក្រៀមក្រំ ព្រោះឲ្យតែស្រម៉ៃឃើញថាគេឈឺចាប់ព្រោះតែនាង បេះដូងរបស់នាងក៏ឈឺចាប់ស្ទើរតែស្លាប់ភ្លាម។
  ហារ៉ា ឃើញបែបនេះទើបឈោងទៅចាប់ដៃ ណាប៊ី ជាការលួងលោមមិនឲ្យ ណាប៊ី គិតច្រើន។
  « ចុះបើប្តូរឯងជាគេវិញ តើឯងនឹងមានអារម្មណ៍បែបណា? បើសិនជាមនុស្សដែលឯងស្រលាញ់ព្យាយាមនៅឆ្ងាយពីឯង ធ្វើឲ្យឯងស្អប់គេជារៀងរាល់ថ្ងៃ ហើយនៅចុងក្រោយទើបឯងដឹងថាគ្រប់យ៉ាងដែលគេធ្វើ ព្រោះតែមិនចង់ឲ្យឯងឈឺចាប់ពេលដែលគេបាត់ខ្លួនពីពិភពលោកនេះទៅ »
« ខ្ញុំច្បាស់ជាស្តាយក្រោយដែលមិនអាចដឹងរឿងលឿនជាងនេះ ខ្ញុំច្បាស់ជាបន្ទោសខ្លួនឯងដែលមិនអាចនៅជិតគេ និងចែករំលែកភាពឈឺចាប់ដែលគេលាក់ទុកតែម្នាក់ឯងបាន ខ្ញុំច្បាស់ជាមានអារម្មណ៍សោកស្តាយអស់មួយជីវិត »
« លោករ៉េន គេក៏មានអារម្មណ៍មិនខុសពីឯងដែរ ដូច្នេះឈប់ខ្ជះខ្ជាយពេលវេលាទៀតទៅ ហើយចាប់ផ្តើមចំណាយពេលវេលាយ៉ាងមានតម្លៃជាមួយគេចាប់ពីពេលនេះទៅ » ហារ៉ា ញញឹមដាក់ ណាប៊ី ជាការផ្តល់កម្លាំងចិត្ត ទើប ណាប៊ី ព្រមញញឹមនិងងក់ក្បាលជាការឆ្លើយតបមកនាងវិញ។
   ផាំង! ផាំង!
   « អ្ហា៎! »
   ណាប៊ីនិងហារ៉ា ទប់ត្រចៀកក្រាបចុះក្រោមតុពេលលឺសំឡេងផ្ទុះខ្លាំងដូចជាសំឡេងកាំភ្លើងនៅខាងមុខផ្ទះ។
   « តើមានរឿងអ្វី? » ហារ៉ា ងាកទៅសួរ ណាប៊ី ដែលមិនដឹងរឿងដូចគ្នា។
   « ចេញទៅមើលទៅ » ណាប៊ី ក្រោកឈរឡើងទាំងត្រជាក់ចុងដៃភ័យនឹងសំឡេងផ្ទុះមុននេះមិនទាន់បាត់ តែនាងក៏ត្រូវបង្ខំចិត្តដើរចេញពីតុអាហារទៅមើលខាងមុខផ្ទះដែលជាប្រភពសំឡេង។
   ក្រាក!
   « អ្ហា៎! » ហារ៉ា ស្រែកភ្លាត់សំឡេងពេលបើកទ្វាមកស្រាប់តែមានដៃមាំលូកមកចាប់ដៃរបស់ ណាប៊ី អូសនាងចេញទៅខាងក្រៅផ្ទះបាត់។
   « នៅឲ្យស្ងៀម! » គីរ៉ាន់ ចាប់ ណាប៊ី ជាប់ដោយយកកាំភ្លើងភ្ជង់ត្រង់សៀតផ្ការបស់នាងគំរាមមិនឲ្យនាងរើចេញពីក្នុងដៃរបស់គេ។
   « បងយកកាំភ្លើងមកបាញ់ទាំងកណ្តាលថ្ងៃបែបនេះ លែងខ្លាចប៉ូលីសចាប់ហើយមែនទេ? » ណាប៊ី សួរទៅកាន់ គីរ៉ាន់ ដែលកាន់តែឆេវឆាវធ្វើការមិនប្រុងប្រយ័ត្នដូចមុន ក្នុងអំឡុងពេលដែលគេអង្គុយនៅតំណែងជាប្រធានសម្ព័ន្ធ អ៊ីសាជីនិងកំពុងតែត្រូវនាងតាមរកភស្តុតាងចាប់គេដាក់គុកបែបនេះ គេគួរណាតែប្រុងប្រយ័ត្នខ្លួន តែហេតុអ្វីគេហ៊ានមកទីនេះបង្ករឿងទាំងព្រឹកទៅវិញ? តើគេមិនខ្លាចនាងហៅប៉ូលីសឲ្យមកចាប់គេកាន់តែងាយស្រួលជាងមុនទេ? ធ្វើទង្វើបែបនេះមិនសមជាគេសោះ ។
    « គីរ៉ាន់ លោកចង់ជាប់គុកកាន់តែឆាប់ជាងមុនមែនទេ? ទើបមកធ្វើបាប ណាប៊ី ដល់ទីនេះ? » ហារ៉ា ស្រែកគំរាម គីរ៉ាន់ ហើយក៏លើកទូរស័ព្ទមក ប្រុងខលទៅប៉ូលីស។
    « ចង់ខលទៅប៉ូលីសក៏ខលទៅ ព្រោះពេលនេះខ្ញុំកំពុងតែត្រូវប៉ូលីសតាមចាប់ខ្លួនស្រាប់ហើយ ខ្ញុំគ្មានអ្វីត្រូវខ្លាចទៀតទេ យ៉ាងហោចណាស់ខ្ញុំបាញ់សម្លាប់នាងហើយក៏ប្រគល់ខ្លួនឲ្យប៉ូលីសតែប៉ុណ្ណឹង » គីរ៉ាន់ មិនបាននិយាយតែមាត់ ប៉ុន្តែម្រាមដៃរបស់គេត្រៀមកេសកៃកាំភ្លើងជាស្រេច។
    « តើនេះមានន័យថាម៉េច? ប៉ូលីសមានភស្តុតាងចាប់បងហើយមែនទេ? » ណាប៊ី ភ្ញាក់ផ្អើលជាខ្លាំងពេលលឺសម្តីរបស់ គីរ៉ាន់ ហើយ។
    « សមដូចចិត្តឯងហើយមែនទេ? ដែលបានឃើញបងប្រុសត្រូវប៉ូលីសចាប់បែបនេះ? »
    ទីង!
    ហារ៉ា លើកសារដែលផ្ញើរដោយ រ៉េន មើលហើយក៏លាន់មាត់ឡើង។
    « វីណា បានសារភាពគ្រប់យ៉ាងហើយ! ប៉ូលីសថែមទាំងរកឃើញភស្តុតាងជាច្រើននៅការិយាល័យនិងផ្ទះរបស់លោក មិនត្រឹមតែប៉ុណ្ណោះករណីកាស៊ីណូឆេះស្លាប់មនុស្សជាច្រើនកាលពីប៉ុន្មានថ្ងៃមុនក៏ជាថ្វីដៃរបស់លោកដែរ » ហារ៉ា ចំហរមាត់ធំៗព្រោះពាក្យដែល គីរ៉ាន់ និយាយទាំងប៉ុន្មានមុននេះមិនបានកុហកទេ គេកំពុងតែត្រូវប៉ូលីសតាមចាប់ អ៊ីចឹងពាក្យដែលគេថាចង់សម្លាប់ ណាប៊ី ក៏មិនមែនគ្រាន់តែគំរាមដែរ។ ហារ៉ា ទប់មាត់បើកភ្នែកធំៗដោយភាពតក់ស្លុតសម្លឹងមុខឃោឃៅគ្មានមេត្តារបស់ គីរ៉ាន់។
   « បើចង់ឲ្យ ណាប៊ី រស់ ប្រាប់ឲ្យអា រ៉េន ទៅរកយើងតែម្នាក់ឯង បើយើងដឹងថាគេយកប៉ូលីសទៅជាមួយយើងនឹងបាញ់កម្ទេចក្បាលរបស់នាង » គីរ៉ាន់ ផ្ដាំទៅកាន់ ហារ៉ា ហើយក៏អូស ណាប៊ី ឡើងឡានបើកចេញទៅយ៉ាងលឿន។
   ហារ៉ា រត់ចេញទៅតាមឡានដល់របងផ្ទះទើបងាកមកចាប់ទូរស័ព្ទចុចខលទៅកាន់ រ៉េន ទាំងញ័រដៃទទ្រើកវិញ។

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now