ភាគទី5: សងសឹក
ផ្ដើមភាគនេះកាត់មកពេលដែលគ្រូពេទ្យបាននាំអ្នកស្រីចាងដែលជាម្ដាយរបស់ចាងជីចូលមកបន្ទប់ពិនិត្យវិញម្ដង។ លោកគ្រូពេទ្យកំពុងតែវាស់សម្ពាធឈាម ព្រមទាំងរៀបចំថ្នាំសម្រាប់ឲ្យអ្នករបួស ចំណែកចាងជីវិញគឺគិតតែពីឈរសម្លឹងមុខស៊ូហាងដែលកំពុងអង្គុយលើសាឡុងជិតអ្នកស្រីស៊ូនោះទាំងមិនដាក់ភ្នែកសោះ...
«ដោយសារតែគាត់មិនចងចាំអ្នកណាបែបនេះហើយទើបធ្វើឲ្យគាត់មានភាពភ័យខ្លាចជាមួយនឹងមនុស្សនៅជុំវិញខ្លួន ប៉ុន្តែបើមើលទៅត្រូវពឹងលើលោកខាងនេះឲ្យជួយហើយ» បន្ទាប់ពីពិនិត្យរួចរាល់ហើយលោកគ្រូពេទ្យបានប្រាប់ចាងជីពីអាការ:របស់អ្នករបួស មិនត្រឹមតែប៉ុណ្ណោះទេ គាត់បែរមកប្រាប់ស៊ូហាងឲ្យជួយមើលថែថែមទៀតផង ព្រោះពេលនៅលើដំបូលនោះអ្នកស្រីចាងបានស្ងប់អារម្មណ៍មកវិញនៅពេលដែលឃើញស៊ូហាង
«បាទ...អរគុណលោកគ្រូពេទ្យ» ចាងជីបានអរគុណលោកគ្រូពេទ្យទាំងភ្នែកនៅតែសម្លឹងមើលមុខស៊ូហាងជាប់ នាយមិនព្រមងាកភ្នែកក្រឡេកមើលអ្នកណាទាំងអស់ សូម្បីតែអ្នកស្រីចាងដែលកំពុងតែគេងនៅលើគ្រែពេទ្យនោះក៏នាយមិនមើលដែរ
«អ៊ីចឹងពេទ្យសុំលាសិនហើយ» ថាហើយលោកគ្រូពេទ្យក៏ដើរចេញពីបន្ទប់នេះបាត់ទៅ ចំណែកចាងជីវិញនៅឈរទ្រឹងសម្លឹងស៊ូហាងដដែរ ឃើញពេទ្យចេញទៅដូច្នេះស៊ូហាងក៏ចូលទៅទាញភួយដណ្ដប់ឲ្យអ្នកស្រីចាងទាំងក្ដីបារម្ភ ព្រោះតែខ្លួនទើបធ្វើឲ្យអ្នកស្រីចាងជួបរឿងបែបនេះ
«លោកមើលកូនខ្ញុំយូរហើយ តើលោកមានអ្វីចង់និយាយមែនទេ?» អ្នកស្រីស៊ូបានអង្គុយលើសាឡុងពេទ្យសម្លឹងមើលចាងជីយូរហើយ ប៉ុន្តែនៅតែឃើញចាងជីតាមសម្លឹងមើលស៊ូហាងរហូត ដោយអត់ទ្រាំឆ្ងល់មិនបានគាត់ក៏បានសួរចាងជីតាមត្រង់តែម្ដង
«បាទ...គឺមានច្រើនណាស់...តើហាងហាងអាចមានពេលនិយាយជាមួយខ្ញុំបន្ដិចបានទេ?» លឺអ្នកស្រីស៊ូសួរហើយ ចាងជីក៏ដកភ្នែកចេញពីស៊ូហាងក្រឡេកមកមើលអ្នកស្រីស៊ូវិញព្រមទាំងតបដោយសម្ដីទន់ភ្លន់ ហើយក៏ចោលភ្នែកមកមើលស៊ូហាងសារជាថ្មីម្ដងទៀត
