ភាគទី15: ប៉ាបង្កើត
ផ្ដើមភាគនេះតពីភាគមុននៅពេលដែលស៊ូហាងមកដល់ផ្ទះ ក៏ស្រាប់តែបានឃើញលោកប្រធានាធិបតីឈរនៅចំពោះមុខទាំងភាពមានអំណាច...
«លោកប្រធានាធិបតី??» ស៊ូហាងបើកភ្នែកធំៗហៅអ្នកដែលបានឈរយ៉ាងមុតមាំនៅចំពោះមុខរបស់ខ្លួនសឹងតែមិនជឿចំពោះភ្នែកខ្លួនឯង ព្រោះតែនៅសុខៗស្រាប់តែឃើញវត្តមានលោកប្រធានាធិបតីនៃប្រទេសចិននៅឈរមុខផ្ទះខ្លួនបែបនេះអ្នកណាមិនភ្ញាក់ផ្អើល ហើយតែថាតើគាត់មកទីនេះដើម្បីអ្វី?? ឬមួយគាត់ចង់សួររកផ្លូវទៅកន្លែងណាមួយទេដឹង?? បើបែបនោះមែនដូចជាមិនហេតុផលទេ ហើយចុះគាត់មកទីនេះដើម្បីអ្វីឲ្យប្រាកដទៅ??
«ស៊ូហាងហា៎...មិចកូនមកមិន...ហាស៎...លោកបង...» អ្នកស្រីស៊ូលឺសំឡេងឡានកូនបើកចូលមកច្បាស់ណាស់តែមិចបានជាមិនឃើញចូលផ្ទះចឹង?? ដោយមិនឃើញកូនចូលទៅក្នុងអ្នកស្រីស៊ូក៏ចេញមកហៅកូន ប៉ុន្តែក៏ត្រូវប្រទះជាមួយនឹងលោកប្រធានាធិបតីដូចគ្នា
«ស៊ូហាងហេស៎?? តើគេជាកូនរបស់អូននិងបងមែនទេ??» គ្រាន់តែលឺអ្នកស្រីស៊ូហៅឈ្មោះស៊ូហាងភ្លាមលោកប្រធានាធិបតីក៏សួរទាំងភ្ញាក់ផ្អើល ព្រោះពួកគាត់បាននិយាយគ្នារួចហើយថាបើពួកគាត់មានកូនគាត់នឹងដាក់ឈ្មោះឲ្យកូនរបស់គាត់ថាស៊ូហាង ហើយក្មេងម្នាក់នេះឈ្មោះស៊ូហាង ចឹងបានន័យថាក្មេងនេះជាកូនរបស់គាត់ហើយ
«កូនហាងចូលផ្ទះ...» ដោយមិនចង់និយាយអ្វីច្រើនអ្នកស្រីស៊ូក៏បានអូសដៃស៊ូហាងចូលមកក្នុងផ្ទះយ៉ាងលឿន ចំណែកស៊ូហាងវិញបានត្រឹមតែឆ្ងល់អំពីទំនាក់ទំនងម្ដាយខ្លួននិងលោកប្រធានាធិបតីប៉ុណ្ណោះ
«ចាំនៅទីនេះហើយ» នៅពេលដែលឃើញអ្នកស្រីស៊ូអូសដៃកូនចូលទៅក្នុងផ្ទះបែបនេះ លោកប្រធានាធិបតីក៏បានប្រាប់ឲ្យអង្គរក្សដែលតែងតែតាមដានស៊ូហាងនោះនៅឈរចាំនៅមុខផ្ទះជាមួយនឹងអង្គរក្សបីនាក់ទៀត ហើយគាត់ក៏ចូលទៅក្នុងតាមអ្នកស្រីស៊ូដែរទៅ
«ស៊ូណាត់ហា៎...មិចបានជាអូនគេចមុខបងចឹង?? បងខំតាមរកអូនឡើង 20 ឆ្នាំជាងហើយណា មិចក៏អូនធ្វើដាក់បងបែបនេះ??» នៅពេលដែលចូលមកដល់ខាងក្នុងភ្លាមលោកប្រធានាធិបតីក៏បានចូលមកចាប់ដៃស៊ូហាងម្ខាងទៀតដើម្បីឃាត់ដំណើរអ្នកស្រីស៊ូ ដៃស៊ូហាងពេលនេះម្ខាងត្រូវអ្នកម្ដាយកាន់ ហើយដៃម្ខាងទៀតត្រូវលោកប្រធានាធិបតីកាន់ តើពេលនេះគួរតែធ្វើយ៉ាងណាទៅ??
