ភាគទី29: អ្នកណាជាអ្នកខុស
បើក្រឡេកមកមើលក្រុមហ៊ុន CBG នេះវិញក៏មិនខុសគ្នាពីក្រុមហ៊ុនដទៃទៀតដែរ!! បុគ្គលិកទាំងអស់នាំគ្នាធ្វើការងាររបស់ខ្លួនតាមទម្លាប់ ចំណែកឯស៊ូហាងឯណេះវិញកំពុងតែពិភាក្សាគ្នាជាមួយនឹងលោកប្រធានាធិបតីនៅក្នុងអូហ្វីសដូចរាល់ដង....
«តាមពិតទៅប្លង់កន្លែងនេះគឺជាបន្ទប់សម្រាប់ជួលរៀបចំបែបសមុទ្រ ដើម្បីថតរូបផលិតផល តើកូនចង់កែវាយ៉ាងមិចវិញ??» លោកប្រធានាធិបតីបើកឯកសារដែលមានប្លង់ទាំងអស់ប្រាប់ទៅស៊ូហាង ព្រោះតែស៊ូហាងមានបំណងចង់ផ្លាស់ប្ដូរវាចេញ
«លោកប៉ាមើលចុះ បន្ទប់ធំយ៉ាងនេះ បើយើងរៀបចំតុបតែងវាដោយរបស់ពិតវិញគិតយ៉ាងមិចដែរ?? កូនចង់បានខ្សាច់និងទឹកសមុទ្រពិតៗ» ស៊ូហាងបានបញ្ចេញគំនិតរបស់ខ្លួនដែលបានគិតកាលពីម្សិលមិញប្រាប់ឲ្យលោកប្រធានាធិបតីបានដឹង ព្រោះតែការប្រើផ្ទាំង LED បែបនេះខាតភ្លើងខ្លាំងណាស់ ហើយណាមួយវាក៏អស់លុយច្រើនផងដែរ
«ហុឹម...គំនិតកូនក៏ល្អម៉្យាងដែរ តែបើយើងត្រូវការរបស់ពិតបែបនេះ វានឹងមិនងាយស្រួលក្នុងការជញ្ជូនចូលទេ ណាមួយនៅមានខាងច្បាប់ទៀត» លោកប្រធានាធិបតីយល់ស្របនឹងគំនិតរបស់ស៊ូហាងពេញទំហឹងហើយ តែបញ្ហាត្រង់ថាបើយករបស់ពិតចូល តើយកចូលដោយវិធីណា?? ហើយតើច្បាប់ហាមឃាត់ឬក៏អត់??
«លោកប៉ាជាប្រធានាធិបតីធិបតីទាំងមូល គ្រាន់តែរឿងច្បាប់កូនគិតថាមិនពិបាកទេ លោកប៉ាអាចធ្វើសេចក្ដីស្នើសុំទៅអជ្ញាធរបាន ចំណែកខាងតុបតែងទុកឲ្យកូនជាអ្នករៀបចំទៅចុះ» ស៊ូហាងប្រាប់ទៅលោកប្រធានាធិបតីទាំងភាពម៉ឺងម៉ាត់ជាទីបំផុត គម្រោងការបែបនេះខ្លួនបានគិតទុករួចរាល់ហើយមុននឹងចូលមកស្នើសុំលោកប្រធានាធិបតីឲ្យកែដូច្នេះ
«ល្អ...សម្រេចតាមកូនចុះ ព្រោះមិនយូរទេកូននឹងក្លាយជាអ្នកគ្រប់គ្រងវាហើយ» លោកប្រធានាធិបតីពេញចិត្តជាមួយនឹងគំនិតច្នៃប្រឌិតរបស់ស៊ូហាងខ្លាំងណាស់ នេះអ្នកស្រីស៊ូពិតជាចិញ្ចឹមកូនបានល្អពិតមែន ទាំងការសិក្សា ទាំងឥរិយាបថនិងច្បាប់ទម្លាប់ផ្សេងៗទៀត បើសិនជាគាត់បានចិញ្ចឹមកូនដោយផ្ទាល់មិនដឹងជាល្អយ៉ាងណាទេ
