ភាគទី19: មិនទទួលស្គាល់
ផ្ដើមភាគនេះកាត់មកភូមិគ្រឹះត្រកូលជូវិញម្ដង បន្ទាប់ពីចេញពីផ្ទះសំណាក់ហើយ ជីស៊ីនក៏សម្រេចចិត្តត្រឡប់មកផ្ទះវិញ...
«ហូរ...អ្នកប្រុសរបស់ខ្ញុំត្រឡប់មកវិញហើយ...» ជីស៊ីនដើរចូលដល់ក្នុងផ្ទះភ្លាមស្រាប់តែម៉ែដោះក្រឡេកឃើញហើយក៏រត់ចូលមកឱបនាយទាំងក្ដីនឹករលឹក ព្រោះតែគាត់ខានបានមើលថែជីស៊ីន 2 ឆ្នាំហើយ
«សឺត...ខ្ញុំនឹកម៉ែដោះខ្លាំងណាស់...ជាពិសេសនឹកម្ហូបស្នាដៃម៉ែដោះតែម្ដង...» ជីស៊ីនបានឱបម៉ែដោះវិញព្រមទាំងបានថើបថ្ងាស់គាត់មួយខ្សឺតមុននឹងរអ៊ូថានឹកគាត់
«ល្អណាស់...ចឹងចាំម៉ែដោះទៅធ្វើម្ហូបឲ្យញ៉ាំណា...» ដោយទទួលបានសម្ដីដ៏ផ្អែមល្ហែមត្រឡប់មកវិញហើយ ម៉ែដោះច្បិចថ្ពាល់ជីស៊ីនបន្ដិច ហើយក៏ប្រញាប់ចូលចង្ក្រានបាយដើម្បីធ្វើម្ហូបអាហារទទួលជីស៊ីនត្រឡប់មកវិញ
«យើងស្មានតែឯងលែងត្រឡប់មកវិញហើយតើ...» បន្ទាប់ពីស្ងាត់ការជជែកហើយ សម្ដីមាំៗក៏បានបន្លឺឡើងនៅពីមុខទូរទស្សន៍ដ៏ធំមួយ លឺបែបនេះជីស៊ីនក៏ដើរសំដៅទៅកន្លែងដែលជាប្រភពនៃសំឡេង
«ជម្រាបសួរលោកប៉ា...កូនត្រឡប់មកនៅជាមួយប៉ាវិញហើយ...» ជីស៊ីនដើរចូលមកអង្គុយលើសាឡុងសិនមុននឹងដាច់ចិត្តនិយាយជម្រាបសួរអ្នកដែលមាននាមជាឪពុក ព្រមទាំងសម្លឹងមើលមុខលោកជូមិនដាក់ភ្នែកឡើយ
«យ៉ាងមិចហើយ...បានសម្រេចដែរទេ??» ដោយឃើញកូនសម្លឹងមុខបែបនេះ លោកជូក៏សួរពីកិច្ចការដែរគាត់បានឲ្យជីស៊ីនធ្វើនៅប្រទេសស្វីស តើវាយ៉ាងណាហើយ?? បានសម្រេចដែរឬទេ??
«ប៉ាកុំបារម្ភអី...ខ្ញុំបានធ្វើវាជោគជ័យហើយ...ថៅកែឆាមិនងាយរួចខ្លួនពីសំណាញ់ច្បាប់ទេ...» ជីស៊ីនសម្លឹងមើលមុខលោកជូក៏ព្រោះតែចង់លឺសំណួររបស់គាត់នេះហើយ នាយទៅស្វីសព្រោះតែភារកិច្ចមួយនេះឯង
«ល្អណាស់...យើងនឹងគោរពតាមសន្យាដែលបានព្រៀងទុក...» បន្ទាប់ពីបានដឹងចម្លើយដែលស្របនឹងចិត្តគាត់ហើយ លោកជូក៏បាននិយាយយល់ព្រមចំពោះកិច្ចសន្យារបស់គាត់ជាមួយកូនប្រុសទាំងមិនពេញចិត្ត
