ភាគទី 45: ចាងជី...មនុស្សឆ្កួត
ផ្ដើមភាគនេះតពីភាគមុននៅពេលដែលស៊ីនហាវប្រុងនឹងចេញទៅក្រៅហើយប៉ុន្ដែត្រូវស៊ូហាងចាប់ដៃជាប់មិនឲ្យចេញទេ ស្ថានភាពមួយនេះហើយដែលធ្វើឲ្យជីស៊ីនបានឃើញស៊ីនហាវពេញៗភ្នែកទាំងភ្ញាក់ផ្អើល...
«ឯង...» ជីស៊ីនលាន់មាត់ទាំងភាពស្រឡាំងកាំង នាយចាំក្មេងម្នាក់នេះច្បាស់ណាស់ហើយផ្ទៃមុខតូចៗនេះបានផុសឡើងក្នុងខួរក្បាលនាយគ្រប់ពេលគ្មានថ្ងៃណាភ្លេចឡើយ នាយតែងតែតាមរកនាយតូចជានិច្ចប៉ុន្ដែមិនឃើញសោះ ឥឡូវបែរជាមកជួបគ្នានៅទីនេះទាំងមិនបានត្រៀមខ្លួនទុកមុនទៅវិញ តើនេះជានិស្ស័យមែនទេ?? ហើយពេលនេះគួរតែនិយាយអ្វីទៅ??
«ខ~~ខ្ញុំមានការរវល់ សុំទៅសិនហើយ» ទោះបីជាពេលនេះត្រូវស៊ូហាងចាប់ដៃជាប់ក៏ដោយក៏ស៊ីនហាវនៅតែមានះបេះដៃស៊ូហាងចេញដែរ បន្ទាប់ពីដៃមានសេរីភាពហើយក៏ប្រញាប់ចេញពីទីនេះបាត់ទៅ ចំណែកជីស៊ីនឃើញបែបនេះក៏ប្រាប់មិត្តសិនមុននឹងចេញទៅ
«អាជី...យើងមានការត្រូវធ្វើហើយវ៉ើយ» ជីស៊ីនបែរមកប្រាប់ចាងជីហើយក៏រត់ចេញទៅក្រៅតាមស៊ីនហាវបាត់ទៅ ព្រោះនេះជាពេលវេលាល្អហើយដែលនាយបានជួបស៊ីនហាវម្ដងទៀត ម្ដងនេះនាយមិនឲ្យឱកាសកន្លងផុតឡើយ
«មកទីនេះធ្វើអី?? បន្ទប់លោកកក់គឺនៅខាងនោះមិនមែនខាងនេះទេ» នៅពេលដែលស៊ីនហាវនិងជីស៊ីនចេញទៅបាត់អស់ស៊ូហាងក៏ឆ្លៀតសួរចាងជីទាំងចងចិញ្ចើមចូលគ្នា ព្រោះតែឃើញចាងជីសម្លឹងមុខខ្លួនមិនព្រមឈប់សោះ
«ក៏ព្រោះតែយើងនឹកឯង!! អត់ទេ...មិនមែនទេ!! គឺយើងចង់និយាយថា យើងមកទីនេះព្រោះចង់សួរពត៌មានខ្លះៗពាក់ព័ន្ធជាមួយនឹងបន្ទប់ដែលយើងបានកក់» ចាងជីសម្លឹងមុខស៊ូហាងភ្លឹកពេកទើបធ្លោយមាត់និយាយពាក្យក្នុងចិត្តចេញមក ប៉ុន្តែនាយក៏រហ័សតាំងស្មារតីមកវិញទាន់ទើបនាយបង្វែរសាច់រឿងកុំឲ្យស៊ូហាងចាប់ពិរុទ្ធនាយបាន
«ហុឹម~~បើអ៊ីចឹងទៅបន្ទប់ទទួលភ្ញៀវមុនចុះ ចាំខ្ញុំទៅតាមក្រោយ» ពាក្យដែលចាងជីនិយាយចេញមកមុននេះស៊ូហាងស្ដាប់លឺពេញត្រចៀកប៉ុន្ដែធ្វើជាស្ដាប់មិនលឺ ហើយក៏ឲ្យចាងជីទៅចាំខ្លួននៅឯបន្ទប់ទទួលភ្ញៀវមុនទាំងផ្ទៃមុខចាប់ផ្ដើមឡើងក្រហមព្រឿងៗតិចៗ