ភាគទី10: ជួបម្ដងទៀត
ផ្ដើមភាគនេះកាត់មកដល់ថ្ងៃថ្មីវិញម្ដង ថ្ងៃនេះគឺជាថ្ងៃល្អ ថ្ងៃដែលអ្នកស្រីចាងបានត្រឡប់មកផ្ទះវិញ។ ដោយសារតែខ្លាចមានឃាតករមកតាមអ្នកស្រីចាងដូចម្សិលមិញទៀត ទើបចាងជីសម្រេចចិត្តនាំអ្នកស្រីចាងមកមើលថែនៅផ្ទះវិញ...
«អ្នកម៉ាក់ចុះមួយៗ» ចាងជីបានកាន់ដៃអ្នកម្ដាយចុះពីលើឡានសេរីទំនើបយ៉ាងជាប់ព្រោះខ្លាចអ្នកម្ដាយដួលដោយមានអ្នកបម្រើនៅឈរត្រៀបត្រាចាំគោរពអ្នកដែលមាននាមជាចៅហ្វាយនាយ
«ទីនេះ...» អ្នកស្រីចាងសម្លឹងមើលសភាពនៅក្នុងផ្ទះហាក់មានអារម្មណ៍ថាចម្លែក ពេលនោះការចងចាំរបស់គាត់ក៏ចាប់លផ្ដើមត្រឡប់មកវិញបន្ដិចម្ដងៗរហូតទាល់តែគាត់បានចងចាំមកវិញ
«នេះជាផ្ទះរបស់យើង តើអ្នកម៉ាក់ចាំដែរទេ??» ចាងជីបានដឹកដៃអ្នកម្ដាយចូលក្នុងផ្ទះព្រមទាំងនិយាយប្រាប់គាត់ទាំងស្នាមញញឹម ព្រោះតែនាយមិនទាន់ដឹងឡើយថាអ្នកស្រីចាងមានការចងចាំមកវិញ
«ម៉ាក់ស្គាល់ផ្ទះខ្លួនឯងតើ ម៉េចបានជាកូនមកប្រាប់ម៉ាក់ចឹង?? អានី ឯណាឯកសារ?? យកមកឲ្យយើងសុីញ៉េនៅឯបន្ទប់ការងារ» លឺកូនប្រុសប្រាប់បែបនេះអ្នកស្រីចាងសួរកូនវិញទាំងស្នាមញញឹមបែបហួសចិត្ត ទាំងដែលគាត់មិនចង់ចាំទេថាគាត់ទើបតែចេញពីពេទ្យ អ្វីដែលសំខាន់ទៀតនោះគ្រាន់តែចងចាំមកវិញភ្លាមគាត់មានចរិតម៉ឺងម៉ាត់ចំពោះការងារខ្លាំងណាស់
«ម៉ាក់...នេះម៉ាក់មានការចងចាំវិញហើយមែនទេ??» ឃើញអ្នកម្តាយដូចជារឹងមាំហើយកាចបែបនេះ ចាងជីក៏ចូលមកជិតអ្នកស្រីចាងបន្ដិចហើយក៏សួរឡើងទាំងក្នុងចិត្តកំពុងតែឆ្លេឆ្លាចង់ដឹងចម្លើយ
«ម៉ាក់ធម្មតាតើ តែម៉ាក់គ្រាន់តែឆ្ងល់ថាម៉េចបានម៉ាក់មកនៅផ្ទះចឹង??» លឺកូនប្រុសសួរបែបនេះអ្នកស្រីចាងដើរចូលមកអង្គុយលើសាឡុងថ្លៃៗមុននឹងតបទៅកាន់កូនប្រុសវិញ ពេលនេះគាត់ក៏កំពុងតែឆ្ងល់ខ្លួនឯងដែរ នាទីចុងក្រោយដែលគាត់ចាំគឺត្រូវឡានបុក បន្ទាប់ពីនោះគាត់មានអារម្មណ៍ថាដូចជាយល់សប្តិ ចាំមិនសូវច្បាស់ទេ