ភាគទី46: ចរចារ
ផ្ដើមភាគនេះគឺកាត់មកក្រោយបន្ដិចនៅពេលដែលចាងជីចូលងូតទឹកក្នុងបន្ទប់ទឹក ដោយសារតែនាយហត់នឹងការងារពេកទើបនាយសម្រេចចិត្តដេកត្រាំទឹករំសាយអារម្មណ៍រហូតដល់ដេកលក់មិនដឹងអី។ រំលងមកប្រហែលជាយូរនាយក៏បានក្រោកពីការដេកត្រាំទឹកវិញដោយសារតែលឺសំឡេងជីងកែនិងស៊ូហាងនិយាយគ្នា។ នាយប្រញាប់ស្លៀកពាក់ខោអាវចេញមកក្រៅដើម្បីមើលថាតើមានរឿងអ្វីខ្លះ ប៉ុន្តែគ្រាន់តែនាយមកដល់នាយស្រាប់តែឈរគាំងតែម្ដង...
«ស៊ូហាង...» ចាងជីបើកទ្វារបន្ទប់ទឹកចេញមកដោយស្លៀកពាក់អាវដេកយប់គូរជាមួយស៊ូហាងប៉ុន្ដែពណ៌ខ្មៅសាច់រលោង នាយស្រែកហៅឈ្មោះរាងតូចទាំងភាពតក់ស្លុតនៅពេលដែលឃើញសភាពស៊ូហាងដេកនៅក្នុងថ្លុកឈាមក្រហមឆ្អៅ សភាពស៊ូហាងពិតជាធ្វើឲ្យចាងជីតក់ស្លុតរកពាក្យអ្វីនិយាយចេញមកមិនបានទេ ពេលនេះនាយបានត្រឹមតែឈរគាំងសម្លឹងមើលស៊ូហាងប៉ុណ្ណោះ
«បងជី...មិនដូចអ្វីដែលបងបានឃើញទេ...គឺគេ...គេជាអ្នកធ្វើវាដោយខ្លួនឯងទេ...អូន...អូនមិនដឹងរឿងអ្វីឡើយ...បងត្រូវតែជឿអូនណា...» ជីងកែងាកមកក្រោយហើយប្រញាប់បកស្រាយយ៉ាងលឿននៅពេលដែលឃើញចាងជីតក់ស្លុតបែបនេះ នាងខំនិយាយបកស្រាយយករួចខ្លួនទាំងដែលអំបែងថូនៅលើដៃនាងនៅឡើយទេ
«ស៊ូហាង~~ឆាប់ក្រោកឡើង!! ឯងកុំកើតអីឲ្យសោះណា» ចាងជីដកភ្នែកពីស៊ូហាងសម្លឹងមុខជីងកែហើយក៏រត់ចូលមកត្រកងស៊ូហាងហៅស៊ូហាងឲ្យដឹងខ្លួនមកវិញទាំងក្ដីបារម្ភយ៉ាងខ្លាំង នេះគឺជាទិដ្ឋភាពទីមួយហើយដែលនាយបានឃើញក្មេងពូកែឌឺរបស់នាយដេកក្នុងសភាពបែបនេះ
«បងជី...កុំហៅវាអី!! វាងាប់បាត់ហើយ!! ដូច្នេះបងនិងអូនអាចរស់នៅជាមួយគ្នាដូចជាពេលមុនបានហើយ» ជីងកែឈានជើងដើរមកមុខបន្ដិចដើម្បីប្រាប់ឲ្យចាងជីកាត់ចិត្តពីស៊ូហាងទាំងសភាពនាងពេលនេះប្រៀបដូចជាមនុស្សវិកលចរិតយ៉ាងអ៊ីចឹង ហើយពាក្យសម្ដីរបស់នាងកាន់តែធ្វើឲ្យចាងជីខឹងនាងលើសមុនទៅទៀត
