ភាគទី14: តើគាត់ជាអ្នកណា??
ផ្ដើមភាគនេះកាត់មកខាងមន្ទីពេទ្យវិញម្ដង ដំណឹងដែលចាងជីចូលពេទ្យបានលឺដល់អ្នកស្រីចាងនៅឯផ្ទះ ទើបគាត់ប្រញាប់មកមើលកូនប្រុសគាត់ទាំងបារម្ភ...
«លោកគ្រូពេទ្យកូនប្រុសខ្ញុំយ៉ាងមិចហើយ?? តើគេកើតអ្វីធ្ងន់ធ្ងរដែរទេ??» អ្នកស្រីចាងបើកទ្វារចូលមកសួរលោកគ្រូពេទ្យដែលកំពុងតែពិនិត្យចាងជីទាំងព្រួយបារម្ភ នេះឲ្យទៅធ្វើការពីរថ្ងៃមានរឿងទាំងពីរថ្ងៃ តើឲ្យគេគ្រប់គ្រងក្រុមហ៊ុនបានយ៉ាងមិចទៅ??
«ហុឹម...អ្នកស្រីកុំបារម្ភអី កូនអ្នកស្រីគ្រាន់តែថ្លោះចង្កេះប៉ុណ្ណោះ សម្រាកមួយអាទិត្យនឹងអាចធូរស្បើយមកវិញហើយ» នៅពេលដែលពិនិត្យរួចរាល់ហើយ លោកគ្រូពេទ្យក៏បានប្រាប់ពីអាការៈរបួសឲ្យអ្នកស្រីចាងបានដឹង ប្រាប់រួចហើយគាត់ក៏ចេញទៅធ្វើការរបស់គាត់បន្ដទៀតទៅ
«កូនជី...កូនឈឺខ្លាំងដែរទេ?? អ្នកណាហ៊ានធ្វើឲ្យកូនប្រុសម៉ាក់ទៅជាបែបនេះ?? ប្រាប់ម៉ាក់មក ចាំម៉ាក់ចាត់ការគេឲ្យ» នៅពេលដែលលោកគ្រូពេទ្យចេញទៅបាត់អ្នកស្រីចាងចូលមកអង្អែលក្បាលកូនប្រុសទាំងចង់ស្រក់ទឹកភ្នែក ព្រោះតែគាត់មិនដែលបានឃើញសភាពកូនប្រុសគាត់យ៉ាប់យ៉ឺនបែបនេះទេពីមុនមក
«កូនមិនអីទេ ឲ្យវាកន្លងហួសទៅចុះ កូនក៏ធ្វើជ្រុលដូចគ្នាដែរ» ដោយឃើញអ្នកជាម្ដាយបារម្ភខ្លាំងបែបនេះចាងជីក៏ចាប់ដៃនឹងនិយាយលួងលោមគាត់កុំឲ្យរករឿងជនដែរបង្ក តាមពិតទៅនាយមិនមែននិយាយការពារស៊ូហាងទេ ប៉ុន្តែនាយខ្លាចថាអ្នកស្រីចាងឃើញគេហើយច្រឡំកូនទៀត ទើបនាយនិយាយបែបនេះ
«ហុឹម...កូនជីងសន្លប់មិនទាន់ដឹងខ្លួនទៀត មើលចុះជាំភ្នែកអស់ហើយ» នៅពេលដែលលឺកូនប្រុសមិនចង់រករឿងជនបង្កបែបនេះ អ្នកស្រីចាងក៏មិនចង់បង្ខំកូនដែរ តែគាត់បែរមកជាអាណិតជីងកែដែលកំពុងតែគេងសន្លប់ជិតនោះទាំងក្ដីបារម្ភទៅវិញ
«ស៊ូហាង...លើកនេះលេងដៃធ្ងន់ពេកហើយ...» ចាងជីដេកនិយាយតែម្នាក់ឯងទាំងខ្នាន់ខ្នាញ់ក្នុងចិត្ត មិនគួរណាភ្លាត់ឲ្យគេធាក់ខ្លួនថ្លោះចង្កេះបែបនេះសោះ បើជួបលើកក្រោយកុំសង្ឃឹមថាឲ្យរួចខ្លួនឲ្យសោះ នាយនឹងធ្វើបាបគេឲ្យដឹងដៃតែម្ដង ចាំតែមើលទៅ។
