ភាគទី7: ចង់ទៅផ្ទះ
ផ្ដើមភាគនេះគឺតពីភាគមុននៅពេលដែលស៊ូហាងបានឆ្លៀតពេលមកមើលអ្នកស្រីចាងទាំងយប់...។ គ្រាន់តែស៊ូហាងចូលមកមិនទាន់បានប៉ុន្មានផង អ្នកស្រីចាងក៏ចូលមកឱបព្រមទាំងហៅស៊ូហាងថាកូនពេញៗមាត់ ទាំងដែលកូនប្រុសគាត់នៅអង្គុយលើសាឡុងសោះ...
«កូនទៅណា?? ម៉េចបានមិនព្រមមកមើលម៉ាក់ចឹង??» អ្នកស្រីចាងសួររាងតូចទាំងកំពុងតែឱបរាងតូចជាប់មិនព្រមលែងសោះព្រោះគាត់គិតថាម្នាក់នេះគឺជាកូនរបស់គាត់ អ្នកស្រីចាងពិតជាចង់ឱបកូនគាត់បែបនេះរាល់ថ្ងៃខ្លាំងណាស់ ដោយសារតែគាត់មានអារម្មណ៍ថាមិនដែលទទួលបានភាពកក់ក្តៅពីកូនបែបនេះទេ
«អ៊ំស្រីខ្ញុំពិតជាសុំទោសពិតមែន ក៏ព្រោះតែខ្ញុំរវល់ការងារ ទើបមិនអាចមកបាន ហើយណាមួយខ្ញុំក៏ចង់ឲ្យម៉ាក់របស់ខ្ញុំនៅផ្ទះម្នាក់ឯងដែរ» រាងតូចនិយាយសុំទោសព្រមទាំងលើកហេតុផលមកបញ្ជាក់ផងដែរ ពេលនេះរាងតូចបានសម្រេចចិត្តឱបអ្នកស្រីចាងតបវិញយ៉ាងជាប់ដូចគ្នាដោយមិនខ្វល់ពីចិត្តចាងជីដែលជាកូនបង្កើតឡើយ
«បើពិបាកឆ្លៀតពេលមក ចឹងលាឈប់ពីការងារនោះទៅ» ដោយលឺស៊ូហាងប្រាប់ថារវល់ធ្វើការងារ ចាងជីក៏បានបោះពាក្យមួយឃ្លាទៅរាងតូច ដោយឲ្យរាងតូចលាឈប់ពីការងារដើម្បីអាចមានពេលមកមើលម្ដាយខ្លួនបាន
«លោកឯងចិញ្ចឹមខ្ញុំមែន??» ពាក្យសម្ដីចាងជីនិយាយមកធ្វើឲ្យស៊ូហាងមានអារម្មណ៍ថាខឹងជាខ្លាំង រាងតូចបានតបទៅចាងជីទាំងសម្លក់មុខចង់ជ្រុះគ្រាប់ភ្នែកចេញមកក្រៅ នេះកំពុងតែស្អប់ផង មកនិយាយបែបនេះមកទៀតគឺកាន់តែស្អប់លើសដើម
«បានតើ...គ្រាន់តែមនុស្សប្រុសរាងតូចស្ដើងម្នាក់សោះ គិតថាខ្ញុំចិញ្ចឹមមិនរស់មែនទេ?? ឯងប្រាប់មកថាឯងពេញចិត្តទ្រុងបែបណា?? ហើយចង់ញុំាចំណីប្រេនម៉ាកអីចាំខ្ញុំទិញឲ្យត្រូវចិត្ត??» ចាងជីបានសួរស៊ូហាងទាំងទឹកមុខច្រឡឺម នាយមានអារម្មណ៍ថាប្លែកខុសពីធម្មតានៅពេលឃើញស៊ូហាង កាលពីមុនសង្សាររបស់នាយគួរឲ្យស្រលាញ់ណាស់ តែស៊ូហាងម្នាក់នេះវិញឃើញហើយគឺចង់តែញ៉ោះឲ្យខឹងទេ
