ទ្វារបន្ទប់សង្គ្រោះបន្ទាន់រុញបិតយ៉ាងរហ័ស តាមដោយខ្សែភ្នែកអស់សង្ឃឹមរបស់Taehyung គេឈរច្រត់ដៃ អោនថ្ងាសទៅជ្រប់នឹងទ្វារបន្ទប់នោះ ដោយមានទឹកភ្នែកហូរមកមិនព្រមឈប់ទាល់តែសោះ។ក្នុងខ្លួនពេលនេះល្ហល្ហេមដូចខ្យល់អាកាសហាក់បីដូចជាមានតែខ្លួនឯងដែលរស់នៅលើលោកនេះ វាអាចនឹងស្លាប់បើមនុស្សដែលគេស្រឡាញ់ស្មើរជីវិតស្រាប់តែទៅចោលគេទាំងបែបនេះ។
រឿងកើតឡើងថ្ងៃនេះបង្រៀនឲ្យគេចេះស្រក់ទឹកភ្នែក ខ្លាចនឹងភាពបាត់បង់ ជាពិសេសការចងចាំដ៏សែនអាក្រក់ដែលខ្លួនធ្លាប់ធ្វើមិនល្អជាមួយSohyunកាលពីមុន រូបភាពកំណាចៗដែលខ្លួនតែងតែធ្វើដាក់នាងកំពុងតែរត់ចូលមកក្នុងខួរក្បាល ធ្វើឲ្យគេស្អប់ខ្លួនឯងណាស់ដែលអាត្មានិយមធ្វើបាបស្រីទន់ខ្សោយដូចនាង គេស្តាយក្រោយខ្លាំងណាស់។
«ចៅ...ចៅហ្វាយ»បន្ទាប់ពីនាំខ្លួនYumilaវៃខ្នោះដាក់គុករួចមកក៏អស់តួនាទីនៅទីនោះ ទើបMacoរហ័សមកមន្ទីរពេទ្យ ស្របពេលនោះឃើញចៅហ្វាយដែលធ្លាប់តែកោងកាច តែឥលូវនេះទៅជាទន់លងដ៏ថ្នាក់ឈរៗក៏ដួលមួយទំហឹង។Macoរត់ទៅជិតTaehyungបំណងនឹងជួយលើកចៅហ្វាយតែគេក៏លើកដៃហាម គេមិនបានខ្វល់ថាខ្លួនឯងនឹងស្លាប់ឬរស់ តែអ្នកដែលមិនអាចស្លាប់គឺប្រពន្ធនឹងកូនរបស់គេ។
«ចៅហ្វាយប្តូរសម្លៀកបំពាក់ដែរទេ ខ្ញុំទៅយកមកឲ្យ»Macoមើលទៅចៅហ្វាយដោយការខូចចិត្តជំនួស ព្រោះដឹងច្បាស់ចៅហ្វាយស្រឡាញ់ចៅហ្វាយស្រីខ្លាំងប៉ុណ្ណា មិនចម្លែកទៀតទេ ដែលចៅហ្វាយក្លាយទៅជាមនុស្សដែលលែងមានភាពខ្មាសនឹងការបង្ហូរទឹកភ្នែកនៅចំពោះមុខមនុស្សជាច្រើន។
«ទេ!យើងមិនទៅណាទាំងអស់លុះត្រាតែប្រពន្ធនឹងកូនរបស់យើងមានសុវត្ថិភាពសិន»សំឡេងញ័រទទ្រើកពោលមកជាមួយនឹងទឹកមុខប្រាកដប្រជា គេនឹងមិនទៅណាទាំងអស់បើSohyunមិនព្រមដឹងខ្លួន មិនព្រមត្រឡប់មកក្នុងរង្វង់ដៃគេម្តងទៀត ជាពិសេសកូនរបស់គេដែលគេតែងតែរំអុកចង់បានមកជាយូរ តែហេតុអ្វីពេលដែលមានហើយ ព្រះជាម្ចាស់ក៏លេងសើចឲ្យក្មេងមិនដឹងអីត្រូវជួបរឿងអាក្រក់បែបនេះ។
«Taeកូនមានកើតអីទេ ចុះ...ចុះSohyunនោះនាងយ៉ាងម៉េចហើយ?»សំឡេងលាន់ឮចេញពីជ្រុងម្ខាង ពេលក្រលេកទៅក៏ឃើញលោកស្រីKimដើរទាំងត្រហេបត្រហប សំឡេងដែលរដាក់រដុបនេះក៏ដឹងថាគាត់ភ័យមិនស្ទើរ ស្រួលមិនស្រួលអាចនឹងដួលសន្លប់ បើគ្មានFaraជួយកាន់ដៃទប់លំនឹង។
Taehyungក្រោកឈរពេញកម្ពល់ទាំងឈឺក្បាលខ្ទោកៗ ហើយក៏នាំរាងកាយទៅរកម្តាយ មុននឹងនាំគាត់ទៅអង្គុយឲ្យបានស្រួលបួលជាងនេះ បន្ទាប់ពីនិយាយពីហេតុការណ៍ដ៏ឃោរឃៅរបស់Yumila។
លោកស្រីKimលើកដៃរឹតទ្រូងដោយការភ្ញាក់ផ្អើល ថាហើយគាត់មើលមនុស្សមិនខុសទេ គាត់ដឹងមកជាយូរថានាងស្រីនោះអាក្រក់ប៉ុណ្ណា តែធ្វើអីមិនបានព្រោះតែពេលនោះកូនប្រុសខ្លួនលង់នឹងស្រីបិសាចនោះខ្លាំងពេក។
«បែបនេះSohyunកើតអីខ្លាំងដែរទេ ម៉ាក់ភ័យខ្លាំងណាស់Tae»
«ខ្ញុំមិនទាន់ដឹងដូចគ្នា តែបើប្រពន្ធខ្ញុំកើតអីមែន ខ្ញុំមិនព្រមឲ្យច្បាប់ជាអ្នកដាក់ទោសYumilaទេ ខ្ញុំនឹងប្រើវិធីរបស់ខ្ញុំ»ទាំងលោកស្រីKim Maco នឹងFaraសុទ្ធតែព្រឺរសម្បុរនឹងប្រយោគចុងក្រោយរបស់Taehyung។
«កុំណា៎Tae ម៉ាក់មិនចង់ឲ្យកូនធ្វើបែបនោះ ពេលនេះមកជួយបន់ឲ្យSohyunរួចផុតពីគ្រោះថ្នាក់វិញទៅប្រសើរជាង»ទោះបីជាស្អប់Yumilaដល់ឆ្អឹងប៉ុណ្ណា ក៏លោកស្រីមិនត្រូវការឲ្យកូនខ្លួនឯងទៅជាប់កម្មពៀរជាមួយទៀតដែរ សុំត្រឹមតែឲ្យនាងដេកគុកអស់មួយជីវិតបែបនឹងក៏បានហើយ។
«ទោះSohyunមានសុវត្តិភាព ក៏មិនប្រាកដថាកូនរបស់ខ្ញុំមានសុវត្ថិភាពដែរម៉ាក់ ត្រឹមខ្ញុំជាមនុស្សប្រុសនៅមិនអាចធ្វើអារម្មណ៍បាន ចុះទម្រាំតែSohyunទៀត នាងនឹងឈឺចាប់ប៉ុណ្ណាទៅ»Taehyungខាំមាត់ ថាមិនចង់ឲ្យខ្លួនយំម្តងទៀតទេ តែហេតុអ្វីឲ្យតែនឹកដ៏រឿងកូនពេលណា ទឹកភ្នែកវាច្រាលមកខ្លាំងបែបនេះ ទោះបីប្រឹងកុហកខ្លួនឯងថាកូននឹងមិនកើតអី តែតាមពិតក៏នៅតែជាការពិត។
«Sohyunមានកូនឬ ម៉េចក៏មិនព្រមប្រាប់ម៉ាក់ឲ្យលឿនជាងនេះបន្តិច!!»លោកស្រីគាំងមួយខណៈ ព្រោះមិនដឹងថាកូនប្រសារស្រីមានទម្ងន់បូករួមនឹងTaehyungមិនទាន់ប្រាប់ទៀត ពេលដឹងហើយមិនដឹងទឹកភ្នែកមកពីណាខ្លះ សម្រុកស្រក់ដំណាលនឹងកូនប្រុសដែរ។ចំណែកអ្នកក្រោមបញ្ជារទាំងពីរនាក់ក៏បានតែឈរមើល ដោយអារម្មណ៍ក្តុកក្តុលមិនគួរណាអ្នកស្រីរបស់គេមកជួបរឿងបែបនេះ។
YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romance" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...