កាយតូចល្វត់ល្វន់ ក្នុងឈុតអាវស្បែកពណ៌ខ្មៅពីខាងក្រៅ ព្រមជាមួយអាវយឺតខ្មៅពីខាងក្នុង សាកសមជាមួយនឹងខោស្បែករឹបរៀង បង្ហាញឲ្យឃើញជើងតូចស្រឡូន មានពាក់ស្បែកជើងប៉ាត់តាក.វែង ទៀតនោះ មើលពីជ្រុងណាក៏ស្រស់ស្អាត ទាក់ទាញចិត្ដអ្នកនៅក្នុងអង្គភាពឲ្យងាកមកចាប់អារម្មណ៍លើនាងគ្រប់គ្នា ។ បបូរមាត់ក្រហមព្រឿង ស្បែកមុខរលោង អមដោយកែវភ្នែកមុតថ្លា កាន់តែមើលចំ កាន់តែរំជើបរំជួល ត្បិតតែទឹកមុខនាងមាំ មិនបញ្ចេញស្នាមញញឹម ប៉ុន្តែក៏នៅតែស្រស់ស្អាតខ្លាំង ចុះទម្រាំនាងបញ្ចេញស្នាមញញឹមមកទៀត មិនរលំរលាយផែនដីទៅហើយទេ?
"អរុណសួស្តី! អ្នកនាងដ្រា..."គ្រាន់តែមកដល់មុខជណ្ដើរយន្តប្រអប់ ក៏មានអ្នកធ្វើការស្វាគមន៍នាងទៅហើយ ត្បិតតែនាង ក៏មានស្នាដៃខ្លាំងក្នុងអង្គភាព ទើបនរណាៗក៏ស្ងើចសរសើរនិងរាក់ទាក់នាង ។
"ចាស! អរុណសួស្តី"សាន់ដ្រាក៏តបទៅនាយកំលោះខាងនោះវិញជាមួយទឹកមុខស្មើរធម្មតាដូចរាល់ដងដដែល អ្នកខាងនោះក៏មិនបានអន់ចិត្ត ព្រោះគេដឹងច្បាស់ នាងមានចរិតបែបណា ហើយគេក៏នៅតែញញឹមរាក់ទាក់ដាក់នាងដដែល ។
"ខ្ញុំឮមកថា អ្នកនាងជិតប្ដូរទៅកូរ៉េហើយពិតទេ?"
"ហ៊ឹម! ពិតមែនហើយ"សាន់ដ្រាតបរួចក៏ដើរចូលក្នុងជណ្ដើរយន្ត បន្ទាប់ពីជណ្តើរបានបើកទ្វារ នាយកំលោះម្នាក់នោះក៏ចូលទៅព្រមជាមួយនឹងនាងដែរ ។
"ចាំផង!..."ទ្វារជណ្ដើរយន្តរៀបនឹងបិទទៅហើយ ក៏មានសម្លេងមួយស្រែកកាត់ ដែលអាចឲ្យស្រីតូចចាំសម្លេងនោះបានច្បាស់ថាជានរណា ទើបនាងលូកដៃចុចបូតុងឲ្យទ្វាររបើកវិញ អ្នកខាងនោះក៏អាចចូលមកទាន់ ។
"មើលទៅឯងដូចហត់នឿយខ្លាំងម្ល៉េះ? ដកដង្ហើមមួយៗទៅ"ឃើញសភាពអ្នកខាងនោះពិបាកភ្នែកមើលខ្លាំងពេក នាងក៏ជ្រួញចិញ្ចើមឡើងទាំងឆ្ងល់ នាងរិតតែអត់នឹងខ្នើសចិត្តមិនបាន ពេលឃើញមិត្តឈរដកដង្ហើមញាប់ស្អេកសឹងមិនដល់គ្នា មិនដឹងថានាងទៅធ្វើអ្វីមក ទើបទៅជាអញ្ចឹង ។
"ថ្ងៃនេះឡានយើងខូច ផ្លូវក៏ស្ទះទៀត ទើបយើងត្រូវរត់មកនឹងណា"វីនីយ៉ាតបទៅមិត្ត ទាំងដៃកំពុងច្រត់ចង្កេះសងខាង ផ្លូវដង្ហើមក៏ដកដង្ហើមញាប់ៗ សឹងផុតម្ដងៗ នាងមិនគិតថាថ្ងៃនេះជាថ្ងៃស៊យរបស់នាងនោះទេ ។
"ខលប្រាប់យើងឲ្យទៅយកឯងក៏បាន"
"យើងមិនបានគិតដល់រឿងហ្នឹងនឹងណា"ការសន្ទនារបស់ពួកគេក៏ស្ងាត់ ព្រោះសាន់ដ្រាចង់ទុកឲ្យមិត្តបានដកដង្ហើមរៀងស្រួលបន្ដិច ចំណែកនាយកំលោះខាងនោះក៏ស្ងាត់ដែរ ព្រោះគេមិនចង់លូកមាត់ជាមួយពួកនាងច្រើនខ្លាចរំខានចិត្តពួកនាង ។
/ទឹង!/
សម្លេងកណ្ដឹងបន្លឺឡើង បញ្ជាក់ថាពួកគេបានមកដល់ជាន់ដែលចង់មក ភ្លាមនោះទ្វារក៏បើក ទើបសាន់ដ្រានិងវីនីយ៉ា ដើរចេញទៅព្រមគ្នា ដោយសារអ្នករួមដំណើរមុននេះ បានចេញនៅផ្នែករបស់គេជាន់ក្រោមនេះមួយជាន់ ទើបនៅសល់តែនាង២នាក់ដែលត្រូវឡើងមកផ្នែករបស់ពួកនាង ។
"អ្នកនាងដ្រា! អ្នកនាងវី! លោកនាយហៅឲ្យទៅបន្ទប់របស់គាត់ទាន"កំលោះមុខស្រស់ ដែលត្រូវជាកូនចៅរបស់លោកនាយរបស់ពួកនាង ក៏អោនគំនាបនិងប្រាប់តាមអ្វីដែលលោកនាយបញ្ជាឲ្យគេធ្វើ ពួកនាងមិនបានតបអ្វីឡើយ ហើយក៏បន្តនាំគ្នាទៅបន្ទប់ចៅហ្វាយ ព្រោះបើគាត់ហៅ នោះក៏មកពីរឿងដែលពួកនាងត្រូវធ្វើ គឺត្រូវផ្ទេរទៅប្រទេសកូរ៉េខាងត្បូង ក្នុងពេលឆាប់ៗនេះឯង ។
/តុក!តុក.../
"អញ្ជើញចូល"ក្រោយទទួលបានការអនុញ្ញាត សាន់ដ្រាក៏រុញទ្វារចូលទៅខាងក្នុង និងមានវីនីយ៉ាចូលទៅតាមក្រោយ ពួកនាងចូលមកដល់ក៏មិនភ្លេចគោរពមេកើយដែរ ។
"សូមគោរពលោកនាយ!"ស្រីស្រស់ទាំង២អោនគំនាបបុរសវ័យកណ្ដាលដែលអង្គុយនៅតុធ្វើការរបស់គាត់ព្រមគ្នា មុននឹងងើបឈរត្រង់ខ្លួនត្រងស្ដាប់ការនិយាយរបស់គាត់ ។
"ពួកឯងទៅអង្គុយនៅសាឡុងសិនទៅ"សាន់ដ្រានិងវីនីយ៉ាក៏ព្រមទៅតាមសម្ដី ពេលពួកនាងដាក់ខ្លួនអង្គុយចុះរួច គាត់ក៏ងើបដើរមកទម្លាក់ខ្លួនអង្គុយទល់មុខពួកនាងដែរ ។
"ខ្ញុំហៅពួកឯងមក គឺមានតែមួយរឿងប៉ុណ្ណោះ តើពួកឯងមានគំនិតយោបល់បែបណា ប្រសិនបើខាងអង្គភាពសម្រេចផ្ទេរពួកឯងទៅប្រទេសកូរ៉េនោះ?"លោកឌីវីត ខាល់ឌីឡូ ដែលត្រូវជាមេក្រុមក្នុងក្រុមកងកម្លាំងពិសេសរបស់សាន់ដ្រា ហើយក៏ជាអ្នកដែលមើលការខុសត្រូវសាន់ដ្រាតាំងពីលោកពូរបស់នាងយកនាងមកសហរដ្ឋអាមេរិកដូចគ្នា ។
"សម្រាប់ខ្ញុំ! ខ្ញុំមិនប្រកែកនោះទេលោកនាយ ខ្ញុំត្រៀមខ្លួនរួចហើយ"សាន់ដ្រាតបជាមួយទឹកមុខមាំ ប្រាកដប្រជាថានាងគិតច្បាស់ហើយ នាងមិនបានស្ដាយក្រោយ ដែលត្រូវត្រឡប់ទៅទីនោះទេ ព្រោះកន្លងមកដែលនាងខំប្រឹង ទោះឆ្លងកាត់ការលំបាកមកច្រើន ក៏រឿងនេះវាជារឿងមួយដែលនាងចង់ធ្វើ នាងចង់ត្រឡប់ទៅទីកន្លែងដែលនាងបានចាកចេញកាលពី១០ឆ្នាំមុន ត្រឡប់ទៅកន្លែងឈឺចាប់ដែលនាងចងចាំមកមិនដែលភ្លេច ។
"ចុះឯង វីនីយ៉ា? ឯងគិតបែបណា?"
"បើសាន់ដ្រាសម្រេចចិត្តទៅទីនោះ ខ្ញុំក៏យល់បែបហ្នឹងដែរលោកនាយ ម្យ៉ាងខ្ញុំក៏មិនអាចបណ្ដោយឲ្យសាន់ដ្រាទៅតែឯងនោះដែរទាន"
"ចុះម៉ាក់របស់ឯងនោះ?"សាន់ដ្រាជ្រឹមចិញ្ចើមសម្លឹងមុខមិត្តទាំងមិនពេញចិត្ត ត្បិតថាពួកនាងធ្វើការមកជាមួយគ្នាយូរហើយក្ដី ប៉ុន្តែបើឲ្យវីនីយ៉ាទៅជាមួយនាង ទាំងដែលនាងក៏មានម្ដាយនៅតែម្នាក់ឯងទៀតនោះ នាងមិនចង់ឲ្យមិត្តសម្រេចចិត្តទៅដែរនោះឡើយ ។
"វាជាការងារដែលថ្នាក់លើដាក់មក អ្នកម៉ាក់គាត់ច្បាស់ជាយល់"វីនីយ៉ាញញឹមតបជាមួយមិត្ត បញ្ជាក់ថាមិនជាបញ្ហាអីឡើយ ត្រឹមប៉ុណ្ណឹងនោះ អ្នកម៉ាក់របស់នាងតែងសម្របតាមការសម្រេចចិត្តរបស់នាងជានិច្ច ។
"បើពួកឯងសម្រេចចិត្តច្បាស់ហើយ ខ្ញុំនឹងបញ្ចូនឈ្មោះរបស់ពួកឯង ទៅខាងអង្គភាពនៅប្រទេសកូរ៉េ ពួកឯងគ្រាន់តែត្រៀមខ្លួនសម្រាប់ការធ្វើដំណើរទៅ"
"ចាសលោកនាយ!"
"ទៅធ្វើការរបស់ពួកឯងបន្តចុះ"សាន់ដ្រានិងវីនីយ៉ាក៏ងើបឈរអោនគំនាបលាលោកឌីវីតរួច ក៏បណ្ដើរគ្នាចេញទៅ ទុកឲ្យមនុស្សចាស់អង្គុយមើលពួកនាងទាំងដកដង្ហើមធំ ហាក់ដូចជាមិនស្ងប់ចិត្តដែលឲ្យពួកនាងទៅទីនោះ ជាពិសេសគឺសាន់ដ្រា ។
"សង្ឃឹមថាពេលទៅដល់ទីនោះ ឯងនឹងរៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានល្អណាសាន់ដ្រា ពូមិនបាននៅចាំដាស់តឿនឯងទៀតនោះទេ"លោកឌីវីតពោលឡើងទាំងទឹកមុខស្រពាប់ស្រពោន កាលបើនឹកដល់រឿងដែលទាក់ទងនឹងសាន់ដ្រា ដែលលោកធ្លាប់បានដឹងតាមរយៈពូរបស់នាងដែលជាមិត្តសម្លាញ់គាត់ បើសិនមិនដោយសារពាក្យថាសងសឹក នាងក៏មិនអាចដើរដល់ផ្លូវមួយនេះ អ្វីដែលគាត់បារម្ភ ខ្លាចថានាងមិនចេះទប់អារម្មណ៍ ព្រោះភាពឆេវឆាវរបស់នាងនឹងឯង ។
@មន្ទីរពេទ្យក្នុងក្រុងសេអ៊ូល
/ត្រិក!ត្រិក.../
សម្លេងរទេះរុញដែលកកិតជាមួយនឹងការ៉ូមន្ទីរពេទ្យ បន្លឺកាន់តែញាប់ទៅៗ ខណៈពេលមានក្រុមពេទ្យ២ ៣នាក់កំពុងរុញរទេះនោះចូលទៅខាងក្នុង សភាពស្ដូកស្ដឹងលែងដឹងខ្យល់អី លើខ្លួនដានទៅដោយឈាមពាសពេញអាវទាហ៊ានរបស់គេនោះ ក៏អាចឲ្យយើងដឹងបានដែរ ថាគេត្រូវនឹងអ្វីមក ហើយអ្វីដែលស្មានមិនដល់អ្នកដែលដេកសន្លប់នោះ គឺជាមនុស្សតែម្នាក់ដែលមានងារជា វីរៈសេនីយ៍ឯក ក្នុងជួរទាហ៊ាន គេគឺ ជុងហ្គុកនឹងឯង ប៉ុន្តែហេតុអ្វីគេមានរបួសធ្ងន់ថ្នាក់នេះ? មិនមែនដោយសារការភ្លាត់ស្នៀតរបស់គេទេ តើពិតទេ?
"អត់ទោស!...សូមលោកមេត្តានៅរង់ចាំខាងក្រៅចាស"អ្នកគ្រូពេទ្យម្នាក់ក៏ប្រញាប់និយាយឃាត់ដំណើររបស់បុរសម្នាក់ដែលមកជាមួយនឹងអ្នករបួសតាមរយៈ ឧត្ថម្ភាគចក្រប្រើសម្រាប់កងកម្លាំងទាហ៊ាន ហើយគេម្នាក់នោះ គ្មានអ្នកណាឡើយ ក្រៅពី ជីមីន ម៉ាន់ដ្រូ អនុសេនីយ៍ប្រចាំអង្គភាពឡើយ ។ កាលដែលត្រូវឡើងមកព្រមជាមួយនឹងជុងហ្គុក ក៏ព្រោះលើខ្លួនគេក៏មានរបួស ទើបលោក ឧត្តមសេនីយ៍ បញ្ជាឲ្យគេឡើងមកសេអ៊ូលព្រមគ្នាដើម្បីព្យាបាលខ្លួនដែរ ។
"ជីមីន! លោកមិនអីទេមែនទេ?"ស្របពេលដែលគេកំពុងឈរសម្លឹងមាត់ទ្វារបន្ទប់សង្គ្រោះបន្ទាន់ ក៏មានអ្នកគ្រូពេទ្យស្រីម្នាក់រត់មករកគេ ព្រមនឹងសួរនាំគេដោយទឹកមុខព្រួយបារម្ភផងដែរ ។
"ខ្ញុំមិនអីទេ"ជីមីនតបហីៗ ហាក់ដូចមិនចង់និយាយរកនាង គេបម្រុងនឹងទៅអង្គុយលើកៅអីរង់ចាំហើយ ប៉ុន្តែត្រូវស្រីស្រស់ម្នាក់នោះចាប់ដៃគេជាប់ ។
"លោកមានរបួសហើយ គួរតែលាងសម្អាតនិងព្យាបាលរបួសសិនទៅ"
"ត្រឹមរបួសពីខាងក្រៅ វាមិនធ្វើឲ្យខ្ញុំស្លាប់ទេ"
______ជីមីននិងស្រីម្នាក់នឹងធ្លាប់មានរឿងអីជាមួយគ្នាឬ? ហេតុអីជីមីនមិនចង់និយាយជាមួយនាង?
មីនដ្រាស៊ី♡
YOU ARE READING
ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)
Actionប្រលោមលោកបែបបរទេស(BG Novel) ....... ពេលវេលាចាប់ផ្ដើម អាចនឹងមិនសូវជាល្អសម្រាប់ស្នេហាពួកយើង ប៉ុន្តែបងសន្យា...ជីវិតរបស់អូននឹងមានតែភាពស្រស់បំព្រង បន្ទាប់ពីរឿងគ្រប់យ៉ាងបានបញ្ចប់ ។ Actor : Jungkook / Sandra Jimin / Cath Taehyung...