ទីវាលពណ៌បៃតងដ៏ធំល្វឹងល្វើយបូករួមជាមួយនឹងផ្ទៃមេឃខៀវស្រឡះ បើមើលតែមួយជ្រុង វាពិតជាស្រស់ស្អាតណាស់ គួរជាទីលំហែកាយ បំបាត់ភាពស្រ្ដេស ប៉ុន្តែបើក្រលេកមើលជុំវិញនោះឲ្យបានយូរបន្ដិច ទើបដឹងថានៅទីនេះ មានតែភាពស្ងប់ស្ងាត់គួរឲ្យស្រណោះស្រណោក ភាពនឹករលឹកដល់នរណាម្នាក់ដែលនៅឆ្ងាយ ភាពរងាឯកោកណ្ដោចកណ្ដែង ជាពិសេសសម្រាប់មនុស្សស្រីម្នាក់នេះតែម្ដង ។ ខ្យល់បក់រវិចៗប៉ះជាមួយនឹងកាយតូចស្ដើងរបស់សាន់ដ្រា ដែលកំពុងដើរទៅសម្ដៅទៅកន្លែងដែលនាងចង់ទៅជាមួយនឹងផ្កាលីលីពណ៌សមួយបាច់ក្នុងដៃ ។ ថ្ងៃមុននាងដើរមកទីនេះតែម្នាក់ឯង ប៉ុន្តែថ្ងៃនេះ នាងមានបុរសម្នាក់ដើរកាន់ដៃនាងមកជាមួយគ្នា ត្បិតគេក៏ចង់មកគោរពផ្នូរប៉ាម៉ាក់របស់នាងជាលើកដំបូងដែរ ។
សាន់ដ្រាយកបាច់ផ្កាដែលកាន់មកទៅដាក់ពីមុខផ្នូរលោកប៉ាអ្នកម៉ាក់ រួចដាក់ខ្លួនអង្គុយចុះក្បែរនោះ ។ ជុងហ្គុកទម្លាក់ខ្លួនអង្គុយចុះក្បែរនាង ។
"ប៉ា!..ម៉ាក់!..ថ្ងៃនេះកូនមកលេងនឹងប៉ាម៉ាក់ទៀតហើយ ប៉ាម៉ាក់មាននឹកដល់កូនឬអត់?"ត្បិតបបូរមាត់នាងញញឹម ប៉ុន្តែកែវភ្នែកដែលបង្ហាញឡើងមក បញ្ជាក់ថានាងនឹកដល់ពួកគាត់ខ្លាំងណាស់ ។ បើសិនពេលនេះ ពួកគាត់នៅមានជីវិត ម្ល៉េះពួកគាត់ប្រាកដជាអាចញញឹមយ៉ាងមានសេចក្ដីសុខពេលឃើញនាងមានជីវិតមួយដែលល្អប្រសើរ ជួបមនុស្សប្រុសដែលល្អម្នាក់ មានម៉ាក់ក្មេកដែលស្រឡាញ់យកចិត្ត យកថ្លើម និងមានតែស្នាមញញឹមរាល់ថ្ងៃ ។ ប៉ុន្តែមិនថ្វីទេ យ៉ាងណាពួកគាត់ប្រហែលជាកំពុងតែមើលនាងពីខាងលើមកហើយ ហើយពួកគាត់ក៏ប្រហែលជាកំពុងមានក្ដីសុខជាមួយនាងដែរក៏ថាបាន ។
"កូននឹកអ្នកទាំងពីរខ្លាំងណាស់ រយៈពេលកន្លងទៅដែលកូនរស់នៅអាមេរិក កូនអាចនឹងមិនបានមករកប៉ាម៉ាក់ញឹកញាប់ ប៉ុន្តែចាប់ពីពេលតទៅ កូនសន្យានឹងមកលេងប៉ាម៉ាក់ឲ្យបានញឹកញាប់ណា ព្រោះពេលនេះកូនបានមករស់នៅក្បែរនឹងប៉ាម៉ាក់វិញហើយ"
"ហើយនៅមានរឿងមួយទៀតដែលកូនចង់ឲ្យប៉ាម៉ាក់បានដឹង ពេលនេះកូនក៏រកបានបុរសដ៏ល្អម្នាក់ដែលអាចមើលថែកូនបានហើយដែរ ប៉ាម៉ាក់កុំបារម្ភពីកូនអី! កូននៅជាមួយគេ គឺមានសេចក្ដីសុខខ្លាំងបំផុត"សាន់ដ្រាងាកមកញញឹមដាក់អ្នកដែលអង្គុយក្បែរ រួចក៏ចាប់កាន់របស់គេជាប់ លើកបង្ហាញចំពោះមុខផ្នូរអ្នកមានគុណរបស់ខ្លួន នាងចង់បញ្ជាក់ប្រាប់ពួកគាត់ថា នេះហើយជាអនាគតកូនប្រសាររបស់ពួកគាត់ ជាមនុស្សដែលកូនស្រីរបស់គាត់អាចពឹងពាក់បានទៅថ្ងៃខាងមុខ។
YOU ARE READING
ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)
Actionប្រលោមលោកបែបបរទេស(BG Novel) ....... ពេលវេលាចាប់ផ្ដើម អាចនឹងមិនសូវជាល្អសម្រាប់ស្នេហាពួកយើង ប៉ុន្តែបងសន្យា...ជីវិតរបស់អូននឹងមានតែភាពស្រស់បំព្រង បន្ទាប់ពីរឿងគ្រប់យ៉ាងបានបញ្ចប់ ។ Actor : Jungkook / Sandra Jimin / Cath Taehyung...