ភាគ៦៩

77 2 0
                                    

នៅឯបន្ទប់តែងខ្លួនមនុស្សស្រីឯណេះវិញ ក្រោយរៀបចំតុបតែងខ្លួនរួចស្រេច ខេតនិងក្រមុំៗ២នាក់ទៀត ក៏នៅអង្គុយជាគ្នា រង់ចាំកម្មវិធីដែលជិតចាប់ផ្តើមនៅពេលបន្តិចទៀត ។ ខណៈនោះ ទ្វារបន្ទប់ក៏បើកឡើង អ្នកដែលចូលមក គឺលោកស្រីស៊ីរ៉ា ។ គាត់ដើរមកក្បែរពួកនាងទាំងញញឹមបិទមាត់មិនជិតសោះ ។

"រៀបចំខ្លួនរួចរាល់ហើយឬ?"
"ចាសអ្នកមីង!..."ខេតញញឹមឆ្លើយតបទៅគាត់ ។ មាត់ថាត្រៀមខ្លួនរួច ប៉ុន្តែដៃជើងនាងឡើងត្រជាក់អស់ទៅហើយ នៅពេលគិតដល់វេលាបន្ដិចទៀត ដែលនាងនឹងចេញទៅខាងក្រៅ ។ នាងភ័យខ្លាំងណាស់ ហើយក៏រំភើបខ្លាំងណាស់ដែរ ។ ថ្ងៃដែលនាងតែងតែចង់ឲ្យកើតមានឡើង វាកំពុងតែកើតហើយ ។

"ធ្វើអារម្មណ៍ឲ្យសប្បាយៗទៅណាក្មួយ! កុំតានតឹងពេកអីណា"លោកស្រីស៊ីរ៉ាទម្លាក់ដៃលើក្បាលនាងនិងអង្អែលថ្នមៗ ។ អារម្មណ៍មនុស្សស្រីនៅថ្ងៃពិសេសរបស់ខ្លួន តែងតែមានការភ័យអរជារឿងធម្មតា ព្រោះកាលថ្ងៃដែលគាត់រៀបការជាមួយប៉ារបស់ជុងហ្គុក គាត់ក៏មានអារម្មណ៍បែបហ្នឹងដូចគ្នាដែរ ។
"ចាស!..."
"ឥឡូវមីងត្រឡប់ទៅក្រៅវិញហើយណា មីងមិនរំខានទៀតទេ"
"ចាសអ្នកមីង!..."ខេត
"ដ្រា! មកខាងក្រៅជាមួយម៉ាក់ណា"គាត់ងាកមកបបួលអនាគតកូនប្រសាដែលនៅអង្គុយក្បែរនោះ ។
"ចាសម៉ាក់!...យើងទៅខាងក្រៅហើយណា"សាន់ដ្រាងាកទៅប្រាប់វីនីយ៉ានិងខេត រួចក៏ងើបចាកចេញទៅជាមួយលោកស្រីស៊ីរ៉ា ដោយទុកឲ្យវីនីយ៉ាជាអ្នកនៅកំដរខេត ។
.....

"នេះឬអនាគតកូនប្រសានោះ? ស្រស់ស្អាតដល់ហើយលោកស្រី ពិតជាសាកសមជាមួយនឹងក្មួយជុងណាស់ ស្រស់ស្អាតទាំងគូរតែម្ដងហើយ"លោកស្រីប្រពន្ធលោករដ្ឋមន្ត្រី ក៏ពោលសរសើរពីសម្រស់របស់សាន់ដ្រាមិនដាច់ពីមាត់ ក្រោយលោកស្រីស៊ីរ៉ាណែនាំខ្លួននាងឲ្យគាត់បានស្គាល់ ។ ជុងហ្គុកដែលនៅជិតនោះ ញញឹមសឹងស្ងួតជើងធ្មេញ ពេលទទួលបានការសរសើរពីចាស់ទុំ ។ គេក៏ទទួលស្គាល់ដែរថាអនាគតប្រពន្ធរបស់គេស្អាតណាស់ នាងស្អាតទាំងកាយខាងក្រៅ ស្អាតទាំងចិត្តគំនិតខាងក្នុងទៀត ។

"ចុះពេលណាទើបគិតគូររៀបការនឹងគេដែរក្មួយជុង?"គាត់ញញឹម ហើយសួរទៅនាយសង្ហា នាំឲ្យនាងល្អិតដែលត្រូវមនុស្សចាស់សរសើរចំៗនោះ អៀនថ្ពាល់ឡើងក្រហមអស់ទៅហើយ ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Where stories live. Discover now