ជំ.៥:មាត់រឹង ចិត្តរឹង

495 68 1
                                    

  "មុខរបួសចាប់ផ្តើមក្រៀមហើយ ខ្ញុំថាមិនយូរទេលោកនិងមាំមួនវិញមិនខាន"​ ជេយ៉ុន លាបថ្នាំឲស៊ុងហ៊ុនបណ្តើររៀបរាប់បណ្តើរ នាយតូចងើយមុខមកប្រសព្វភ្នែកនិងអ្នកកម្លោះតែត្រូវគេបែរមុខចេញប្រងើយកណ្តើយដាក់ទៅវិញ បើនិយាយថាជេយ៉ុនមុខក្រាស់គឺពិតជាត្រឹមត្រូវណាស់ ត្បិតអីរយៈពេលដែលអ្នកកម្លោះស៊ុងហ៊ុនបានដឹងខ្លួនឡើង គេពុំមានចង់ជ្រលក់មាត់កនិយាយស្តីតបនិងខ្លួននោះទេ ណាស់តែនាយនេះទេតើដែលសសៀរចូលទៅក្បែរគេរហូត។
  រឹកពារគំរោះគំរើយមិនបានបង្កជាក្តីឈឺផ្សារឬអាក់អន់នៅក្នុងចិត្តឡើយ ផ្ទុយទៅវិញជេយ៉ុននៅតែរក្សាស្នាមញញឹមមិនចេះរីងស្ងួតឲទៅនាយកម្លោះមុខស្ងួតម្នាក់នេះជានិច្ច ថ្វីបើគេមិននិយាយរកខ្លួនក៏គេឥតមានតវ៉ាប្រកែកមិនចង់នៅក្បែរនាយឡើយ ដូចនេះគ្មានហេតុផលអ្វីដែលនាយគួរតែរក្សាគម្លាតឃ្លាតឆ្ងាយពីគេនោះទេ។
  "ចង់សម្រាកវិញក៏តាមតែចិត្តលោកចុះ ខ្ញុំទៅហាលថ្នាំហើយ"​ វាពិតជាគួរឲធុញខ្លាំងណាស់នៅពេលដែលនាយតូចតែងតែរ៉ាយរ៉ាប់រាល់សកម្មភាពដែលខ្លួនត្រូវធ្វើមកកាន់គេទាំងដែលគេមិនបានសួរផងនោះ នេះបើជាកូនទាហានរបស់នាយ នាយនិងពិន័យឲរត់ជុំវិញបន្ទាយបួនដប់ជុំកម្តៅសាច់ដុំលេងមិនខាន។ ជេយ៉ុន ដើរចេញទៅទាំងស្នាមញញឹមជាប់មាត់ នាយមិនមែនជាមនុស្សសុាំញុាំ និយាយច្រើនច្រំដែលនោះទេ តាមពិតទៅណាដែលនាយធ្វើបែបនេះក៏ព្រោះតែចង់ញោះស៊ុងហ៊ុនប៉ុណ្ណោះ នាយគ្រាន់តែយល់ថានៅពេលដែលមនុស្សមុខមាំដូចជាគេបង្ហាញអាការៈធុញទ្រាន់គឺពិតជាល្អមើលខ្លាំងណាស់ ជាងនេះទៅទៀតជេយ៉ុនក៏ចង់ដឹងផងដែរតែគេនិងទ្រាំមិននិយាយតបតនិងខ្លួនបានយូរប៉ុណ្ណាទៅ។
  "មនុស្សស្អីគួរឲធុញ និយាយច្រើន សុាំញុាំ"​ស៊ុងហ៊ុនសម្លក់ផែនខ្នងអាល្អិតទាំងមាត់រអ៊ូរង៉ូវ ក៏សរសើរខ្លួនឯងដែរ ដែលមានការអត់ធ្មត់ខ្ពស់ពុំនោះទេមាត់ជេយ៉ុននិងរយះដល់គុម្ពត្រចៀកដោយស្នាដៃនាយមិនខាន។
  "បងជេយ៉ុន!" សម្លេងចច្រេចត្រូវបានប្រកូកឡើងស្របនិងដំណើរស្វាហាប់របស់ក្មេងប្រុសវ័យដប់មួយឆ្នាំ សក់ក្បាលឈូសក្រោមៗអស់តែនៅផ្នែកកណ្តាលបែរជាវែងរហូតដល់អាចក្រងបាន អាល្អិតដើរតាំងៗមករកជេយ៉ុនជាមួយទឹកមុខញញឹមពព្រាយ។
  "ម៉ាឌី! មិនទៅជួយឡើងទូកជាមួយពុកឯងទេអ្ហេស៎? "​ជេយ៉ុន ញញឹមរាក់ទាក់ក្មេងប្រុសដោយក្តីស្រលាញ់តែក៏មិនភ្លេចរៀបចំនូវប្រយោគសួរទៅវិញផងដែរ ដ្បិតថ្មើរនេះជាពេលត្រូវចេញទូករកត្រីតែបែរជាឃើញអាច្រម៉ក់មកទីនេះទៅវិញ។
ម៉ាឌី ក្រវីក្បាលបានន័យថាគេមិនទៅនោះទេ ក្មេងនេះជាកូនអ្នកជិតខាង គេចូលចិត្តជេយ៉ុនណាស់ដោយសារជេយ៉ុនជាមនុស្សចិត្តទូលាយនិងបានបង្ហាត់គេឲស្គាល់ពីព្យញ្ចនៈ ស្រៈពេញតួ​និងស្រៈនិស្ស័យទើបគេអាចចេះអានមកទល់សព្វថ្ងៃ ម្យ៉ាងជេយ៉ុនថែមទាំងចេះវិជ្ជាពេទ្យស្គាល់ថ្នាំសង្កូវច្រើនហើយឧស្សាហ៍បង្ហាញឲម៉ាឌីស្គាល់ទៀតផង ហេតុដូច្នេះហើយទើបរៀងរាល់ពេលទំនេរយើងតែងតែឃើញវត្តមានម៉ាឌីនៅផ្ទះជេយ៉ុនជានិច្ច។
   "អត់ទេបងថ្ងៃនេះម៉ែទៅជាមួយពុកហើយ ហើយគាត់ប្រាប់ទៀតថាទាល់តែយប់ជ្រៅណាស់ទើបត្រឡប់មកវិញ ខ្ញុំសូមបងដេកជាមួយ មួយយប់ផង"​ អាល្អិតសើចស្ញេញលួងលោមចិត្តជេយ៉ុន នាយក៏មិននិយាយអ្វីត្រឹមតែងក់ក្បាលជាសញ្ញាប្រាប់ទៅម៉ាឌីថាអាចដេកបានមិនថ្វីនោះទេ។ អាល្អិតម៉ាឌីអរពេកក៏ឱបចង្កេះជេយ៉ុនខ្វេរ រាល់ថ្ងៃនេះបន់ឲតែបានដេកជាមួយជេយ៉ុនទេដ្បិតជេយ៉ុនតែងនិទានរឿងប្លែកៗឲគេស្តាប់ជានិច្ច។
  "​អ្នកណាគេនៅក្នុងផ្ទះបងហ្នឹង?"​ ម៉ាឌីស្រាប់តែទាក់ភ្នែកនិងបុរសប្លែកមុខ អង្គុយក្នុងផ្ទះជេយ៉ុននឹងថ្កល់ដូចរូបចម្លាក់ ជេយ៉ុនញោចញញឹមហើយឆ្លើយទាំងមិនងាកមើលតាមដៃរបស់ម៉ាឌីឡើយ។
  "ជាមនុស្សចំណូលថ្មី..." ម៉ាឌី បើកភ្នែកម៉ង់ៗដាក់ជេយ៉ុន គេឧស្សាហ៍ចេញចូលផ្ទះជេយ៉ុនណាស់ តែដូចជាមិនធ្លាប់ដឹងថាផ្ទះនាយមានសមាជិកថ្មីអ្វីនោះទេ ដ្បិតនៅទីនេះជេយ៉ុនគ្មានសាច់ញាតិទេពោលគឺមានតែពីរនាក់ឪពុកកូនប៉ុណ្ណោះ។
   "មនុស្សចំណូលថ្មី? ខ្ញុំអាចលេងជាមួយគាត់បានទេ?"​ មកដល់ត្រឹមនេះជេយ៉ុនផ្អាកហាលថ្នាំហើយនឹកអស់សំណើចជាមួយម៉ាឌីជាខ្លាំង វាគ្មានបញ្ហានោះទេបើក្មេងគេចង់លេងជាមួយស៊ុងហ៊ុន តែអ្វីដែលជាបញ្ហានោះតើស៊ុងហ៊ុនព្រមលេងជាមួយក្មេងវិញឬអត់ បើជាមួយនាយគំរោះគំរើយប៉ុណ្ណឹងហើយចុះទម្រាំជាមួយក្មេងទៀតនោះ? ក្រែងតែមិនទាន់បាននិយាយគ្នាផងស៊ុងហ៊ុននិងបំភ័យក្មេងដោយទឹកមុខមាំៗរបស់គេទេ។
  "រឿងនេះមានតែឯងសាកផ្ទាល់ទេទើបដឹង"​
  ស៊ុងហ៊ុនឯក្នុងផ្ទះបានត្រឹមមើលការសន្ទនារបស់ពួកគេពីចម្ងាយដោយចម្ងល់ មិនដឹងបបួលគ្នានិយាយពីអ្វីទេ ទើបឃើញតែមើលមុខខ្លួនហើយសើចបែបនេះ។ ភ្លាមៗនាយស្រាប់តែឃើញថាក្មេងប្រុសដែលកំពុងឈរនិយាយជាមួយជេយ៉ុនបានដើរតម្រង់មកកាន់ខ្លួន។
  "ជម្រាបសួរលោកពូមុខមាំ! " សម្តីក្មេងធ្វើឲស៊ុងហ៊ុនភ្ញាក់ព្រើត ចុះគេកើតអីទើបមកហៅខ្លួនដូច្នេះ?
  "ឯង.. ហៅយើង?" នាយលើកដៃចង្អុរខ្លួនឯងទាំងសួរបញ្ជាក់
"បាទ ក្រែងពូឈ្មោះ "មុខមាំ"​ មិនចឹង?"​នាយមិនត្រូវការសួរទេថាក្មេងនេះហៅខ្លួនបែបហ្នឹងតាមអ្នកណា សំណើចឮៗចេញពីមាត់ជេយ៉ុនអាចឲដឹងបាត់ទៅហើយថាជេយ៉ុននេះឯងជាអ្នកប្រាប់ឈ្មោះចម្លែកៗនេះទៅកាន់ក្មេង។
  "យើងមិនមែនឈ្មោះមុខមាំទេ យើងឈ្មោះស៊ុងហ៊ុន! "​ ឆ្លើយតែប៉ុណ្ណឹងនាយក៏ងើបក្រូសដើរចេញបាត់ ម៉ាឌីអេះក្បាលខ្វោកៗឡេងឡង់មិនយល់តើគួរជឿរអ្នកណាឲប្រាកដទៅ? ចាស់ៗអស់នេះពិបាកយល់ដល់ហើយ។

វាយោរផាត់ស្នេហ៍Where stories live. Discover now