មិនឲ្យខកសន្យា ស៊ុងហ៊ុននិងចូលស្តីដណ្តឹងជេយ៉ុនតាមអ្វីដែលអ៊ំសុីមចង់បាន ក៏ដូចជាគោរពទៅតាមប្រពៃណីដែលចងក្រងតាក់តែងមកជាយូរហើយ។
នាយអង្គុយប្រណម បត់ជើងនៅពីក្រោយអ៊ំចេតដែលនិងត្រូវដើរតួជាមេបារបស់នាយនៅក្នុងថ្ងៃនេះ ទល់មុខខ្លួនគឺជាអ៊ំសុីម និងជេយ៉ុនដែលអង្គុយពីក្រោយគាត់។
ស្របពេលដែលចាស់ៗកំពុងជជែកគ្នា ក្មេងៗទាំងពីរក៏ឆ្លៀតពេលនេះអង្គុយសម្លឹងមុខគ្នាឲ្យបានយូរៗ បបូរមាត់គួចញញឹមអៀនខ្មូររៀងខ្លួន ទើបគ្មាននរណាចាប់អារម្មណ៍ថាលោកអ៊ំចេតនិងលោកអ៊ំសុីមបានជជែកគ្នាពីអ្វីខ្លះឡើយ។
“ ខ្ញុំដែលជាអាណាព្យាបាលមិនមានអ្វីជំទាស់និងចិត្តរបស់កូននោះឡើយ ធំពេញរូបរាង គេពេញចិត្តអ្នកណាក៏ឲ្យគេបានរួមរស់ជាមួយអ្នកនោះទៅចុះ ” លោកអ៊ំសុីមពោលបន្ថែមពីលើប្រយោគមុនៗដែលស៊ុងហ៊ុនមិនបានជាយកចិត្តទុកដាក់និងស្តាប់ប៉ុន្មាននោះឡើយ តែគ្រាន់តែឮការអនុញ្ញាតពីគាត់ត្រចៀកក៏បះឡើងត្រង់ភ្លឹង។
“ សម្រេចថាលោកមេបាបានលើកកូនប្រុសមកឲ្យកូនប្រុសខ្ញុំខាងនេះហើយពិតទេ? ” លោកអ៊ំចេតសួរបញ្ជាក់
“ ពិតប្រាកដណាស់បាទ ”
“ ហេតុតែដូច្នេះក្នុងនាមខ្ញុំជាមេបាខាងប្រុស ក៏ដូចជាមេភូមិនេះផងដែរ សូមប្រកាសឲ្យមានពិធីមង្គលការរវាងកូនប្រុសទាំងពីរក្នុងអំឡុងពេលពីរថ្ងៃខាងមុខនេះ! ” អ៊ំចេតប្រកាសជាផ្លូវការណ៍ គ្រប់គ្នាដែលបានមកក៏ជួយស្រែកហ៊ោរសាទរដល់អ្នកទាំងពីរ មង្គលលាភជ័យនិងប្រារព្ធឡើងនាពេលឆាប់ៗនេះហើយ។ជេយ៉ុន គិតថា ថ្វីបើគេត្រូវបានតម្រូវឲ្យរៀបមង្គលការតែមិនចាំបាច់អីត្រូវអប់ដុសខាត់ខ្លួនដូចជាស្រីក្រមុំអ្វីនោះឡើយ តែអត់យ៉ាងម៉េចនិងកើតទៅបើម៉ាលីសនិងជំនោរដែលជាបងរបស់គេនោះដាក់កំហិតនាយជាដាច់ខាតថាត្រូវតែថែទាំខ្លួន។ ហេតុតែប្រកែកមិនបាននោះហើយ ទើបបានជាយើងឃើញនូវរូបរាងក្មេងប្រុសទំនេរមួយល្វែងលើ និងត្រូវបានអមសងខាងដោយជំនោរនិងម៉ាលីស។
“ ខាត់ពន្លៃនិងធ្វើឲ្យស្បែកបងទន់ ម៉ាលីសធានាថាបន្ទាប់ពីខាត់ហើយសូម្បីតែស្រមោចវារកាត់ក៏រមៀលធ្លាក់បាក់កងាប់ដែរ ” ម៉ាលីស ទាញដៃជេយ៉ុនម្ខាងទៅដុសខាត់មិនភ្លេចឡើយនូវពាក្យសម្តីកំប្លុកកំប្លែងលាយឡំ បងប្អូនគេនេះចំជាមាត់រអិលមែនហើយ។
“ ធ្វើការហាលក្តៅរាល់ថ្ងៃ ដៃធ្វើត្រីរាប់រយក្បាល វាមកទន់រលោងអីនិងត្រឹមពីរថ្ងៃនោះ! ” និយាយទាំងសើចក្នុងបំពង់ក
“ ធ្វើការហាលថ្ងៃប៉ុណ្ណេះហើយ សាច់នៅម៉ដ្ឋដូចក្រមួន ទម្រាំតែដេកស្ងៀមនៅផ្ទះទៀតនោះតើយ៉ាងណាទៅ? ” ជំនោរ អត់មិនបាននិងលើកឡើងនូវចំណុចទាំងនេះ។ ទេវតាដូចជាស្រលាញ់ជេយ៉ុនដល់ហើយទើបបានជាប្រសូត្រនូវរូបរាងដ៏ល្អឥតទាស់ឲ្យគេដូច្នេះ សម្បុរពណ៍មាសរលើបដូចជាទឹកឃ្មុំ ថ្ពាល់ក្រពុំសមនិងមុខ ពីក្បាលដល់ចុងជើងមិនមានកន្លែងណាដែលថាទាស់មិនសុីសង្វាក់គ្នានោះឡើយ។
“ ពន្លើសច្បាស់ណាស់! ”
“ យ៉ាងម៉េចក៏យ៉ាងម៉េចទៅ ម៉ាលីស ឯងនៅជួយខាត់ស្បែកឲ្យគេចុះ បងទៅរកក្រមួនឃ្មុំហើយ ” ជំនោរ ចាក់ទឹកលាងដៃរួចក៏ដោះឈ្នួតក្រមាពីលើក្បាលមកចងនៅលើចង្កេះវិញ។
“ ម៉ាលីស នៅថ្ងៃការរបស់ឯង ឯងមានអារម្មណ៍យ៉ាងម៉េចដែរ? ” ជេយ៉ុន បង្ហើបឡើង ខណៈម៉ាលីសកំពុងត្រដុសដៃជើងឲ្យខ្លួន។ នាងល្អិត ផ្អៀងក្បាលបន្តិចហាក់កំពុងស្រមើស្រមៃទៅកាន់ថ្ងៃជ័យរបស់ខ្លួន បន្ទាប់ពីនឹកឃើញហើយនាងក៏ញញឹម។ ម៉ាលីសក្បង់រមៀតម៉ដ្ឋពីក្នុងត្រឡោកមកលាបលើកំភួនជើងរបស់ជេយ៉ុន សឹមតបទៅកាន់គេវិញ។
“ មានអារម្មណ៍ថាភ័យអរៗណាបង ដេកមិនលក់រសាប់រសល់ អារម្មណ៍មនុស្សដែលអន្ទះអន្ទែងចង់ឲ្យដល់ថ្ងៃឆាប់ៗនោះអី ហិហិ ” ម៉ាលីសមិនភ្លេចនោះឡើយនូវសំណើចចុងបំពង់ករបស់នាង នាងមើលទៅមានក្តីសុខខ្លាំងណាស់ពេលនិយាយពីមង្គលការរវាងនាងនិងប្តីរបស់នាង ហើយជេយ៉ុនក៏ចាប់ផ្តើមយល់អារម្មណ៍មួយនេះច្បាស់ ព្រោះវាក៏ជាអារម្មណ៍ដែលកំពុងតែកើតមានមកលើរូបនាយផ្ទាល់ វាមានទាំងភ័យ មានទាំងរំភើប ចិត្តមួយនឹកបន់ឲ្យដល់ថ្ងៃឆាប់ៗ ចិត្តមួយទៀតក៏គិតថាវាលឿនពេកហើយនាយរកបត់បែនធ្វើខ្លួនមិនត្រូវសោះ។
“ បង...ភ័យណាម៉ាលីស ” ជេយ៉ុន ដាច់ចិត្តទម្លាយចេញមក នាយក៏មិនយល់ដែរថាមានហេតុផលអ្វីដែលត្រូវភ័យបើនេះជាពិធីល្អ ពិធីមង្គលសោះ តែចិត្តនេះនៅតែភ័យបុកពោះដូចជាក្មេងជំទង់ដែលទើបនិងស្គាល់ស្នេហាលើកដំបូងអ៊ីចឹង។
“ គ្រប់គ្នាតែងតែភ័យនៅពេលជិតដល់ថ្ងៃរៀបការរបស់ពួកគេ ម៉ាលីសយល់ណាបងយ៉ុន ប៉ុន្តែសូមបងសម្រួលអារម្មណ៍ចុះ អារម្មណ៍ភ័យទាំងនោះនិងជំនួសមកវិញដោយក្តីរំភើបនៅពេលដែលបងបានជួបនិងកូនកម្លោះរបស់បង ” នាងតូចដងទឹកលាងសម្អាតខ្លួនឲ្យជេយ៉ុនបណ្តើរក៏ជួយសម្រួលដល់ផ្លូវអារម្មណ៍របស់គេបណ្តើរ ដ្បិតថាក្នុងចំណោមពួកគេនាងមានអាយុក្មេងជាងមែនពិត តែនាងឆ្លងកាត់បទពិសោធន៍ស្នេហានិងជីវិតអាពារពិពាហ៍មុន ដូច្នេះនាងដឹងច្បាស់ថានិងត្រូវឆ្លងកាត់អារម្មណ៍បែបណាខ្លះ។
ជេយ៉ុន ក្រហឹមគល់ក ចាំស្តាប់រាល់ពាក្យសម្តីរបស់ម៉ាលីស មិនទាន់បានតបតអ្វីទៀតផង នាងល្អិតម៉ាលីសក៏បើកក្រអូមមាត់និយាយតទៀតបាត់ទៅហើយ។
“ ខ្ញុំពិតជាភ្ញាក់ផ្អើលនៅពេលដែលលោកស៊ុងហ៊ុននិយាយថាគាត់និងបងទាក់ទងគ្នា និយាយត្រង់ចុះណា ម៉ាលីសគិតថាគាត់ជាមនុស្សដែលគ្មានមនោសច្ចេតនានោះទេ” ម៉ាលីសសើចជេយ៉ុនក៏សើចដូចគ្នា រូបនាយក៏មិនធ្លាប់គិតថាពួកគេអាចដើរមកដល់ចំណុចនេះដ្បិតអីការជួបគ្នាលើកដំបូងរវាងគេនិងស៊ុងហ៊ុនគឺពិតជាមិនល្អនោះឡើយ មានតែភាពសោះកក្រោះ គំរោះគំរើយ និងជម្លោះតែប៉ុណ្ណោះ។
គ្មានមនោសញ្ចេតនា? ជេយ៉ុននឹកអស់សំណើចខ្លាំងនៅត្រង់ចំណុចនេះ ព្រោះមានតែនាយប៉ុណ្ណោះដែលដឹងថា ស៊ុងហ៊ុនជាមនុស្សដែលមានមនោសច្ចេតាសុីជម្រៅជាទីបំផុត ហើយក៏ជាមនុស្សប្រុសដ៏ផ្អែមល្ហែមម្នាក់ផងដែរ។
“ បងក៏ភ្ញាក់ផ្អើលដែរ ពួកយើងទាក់ទងគ្នា ” ជេយ៉ុន បានត្រឹមតែញញឹមហើយនឹកគិតទៅដល់រឿងកន្លងមក អ្វីៗកើតឡើងយ៉ាងឆាប់រហ័សប្រៀសដូចជាឆាកកុនដែលត្រូវបានគេរៀបចំតាក់តែងមកអ៊ីចឹង។
“ ម៉ាលីសឆ្ងល់ណាស់ បើលោកស៊ុងហ៊ុនមិនសូវចេះមាត់កដូច្នេះ បងចែចង់គ្នាយ៉ាងម៉េចទើបបានធ្វើជាសង្សារគ្នា? ” ជេយ៉ុន ធ្លោយមាត់សើចម្តងទៀត សើចខ្លាំងនិងឮជាងលើកមុនៗ មិនរំពឹងថាម៉ាលីសនិងសួរសំនួរនេះឡើយ បើប្រាប់ថានាយជាអ្នកសារភាពប្រាប់ស៊ុងហ៊ុនមុនតើម៉ាលីសនិងគិតថានាយឲ្យដៃស៊ុងហ៊ុនទេ?
“ វាជារឿងសម្ងាត់របស់ពួកយើង ឯងមិនចាំបាច់ចង់ដឹងនោះឡើយ” ជេយ៉ុន ដាក់ចង្អុរដៃលើបបូរមាត់ហើយក៏ព្រិចភ្នែកម្ខាងដាក់ម៉ាលីស។
“ ហាហា មិនចង់ដឹងក៏បាន ” “ ចុះបងយ៉ុនមិនចង់បានបទពិសោធន៍អីពីម៉ាលីសវិញទេហរ៎? ” ម៉ាលីសយកក្រមាថ្មីឲ្យជេយ៉ុនផ្លាស់ ហើយក៏ឱនមកនិយាយខ្សឹបៗនៅជិតត្រចៀករបស់គេ។ ជេយ៉ុន បើកភ្នែកម៉ក់ៗដាក់នាងល្អិត ដូចកំពុងគិតថាគួរតែសួរអ្វី។
“ បទពិសោធន៍? ”
“ ក៏ដូច.. ពេលការរួចប្តីប្រពន្ធគេធ្វើអ្វី ធ្វើយ៉ាងម៉េចខ្លះនោះអី~~ ” ម៉ាលីស បន្ទាបបង្អូសសម្លេងនិយាយយ៉ាងច្រលើម ជេយ៉ុនចង់តែត្បុលក្បាលចូលក្រោមដីឲ្យបាត់ៗនោះទេ ក្មេងនេះមាត់ឆៅសួរគេត្រង់ៗដល់ហើយ។
“ អាម៉ាលីស!! ”
“ ហាហាហា អប់រមៀតហើយៗ ម៉ាលីសទៅហើយ!! ” ម៉ាលីសប្រញាប់ដកថយរត់ទៅបាត់ ខ្លាចក្រែងថានិងត្រូវសុីគល់អុសរបស់ជេយ៉ុន។
ពិតមែនថាអៀននិងប្រធានបទដែលម៉ាលីសលើកយកមកនិយាយ តែជេយ៉ុនក៏ចាប់ផ្តើមគិតហើយថានាយគួរតែធ្វើអ្វីនៅយប់ថ្ងៃរៀបការរបស់គេ។ រៀបការហើយប្រាកដណាស់និងគេចមិនផុតពីយប់ផ្សំដំណេកនោះទេ គ្រាន់តែគិតដល់ក៏មានអារម្មណ៍ថាព្រឺសម្បុរអស់សព្វទាំងខ្លួនដែរ។សូមរងចាំភាគបន្ត...
I'm so excited for next part. Saur here's another part for you guys xD
YOU ARE READING
វាយោរផាត់ស្នេហ៍
Historical Fictionដើមដូងដុះអមមាត់ច្រាំង ឆ្នេរខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកនិងវាយោរសមុទ្រពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ... Original work by:Ykayy