ភាពស្ងប់ស្ងាត់ រមែងតែជាអ្វីដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នា។ ក្នុងភាពស្ងប់ស្ងាត់ យើងអាចរក្សាចិត្តឱ្យនឹងនរ ការគិតក៏ស្រឡះល្អច្រើន។
ស៊ុងហ៊ុន តែងតែងជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់ គេតែងតែចង់បានភាពស្ងប់ស្ងាត់ ប៉ុន្តែចំពោះគ្រានេះគឺអត់នោះឡើយ។ ក្នុងបន្ទប់បួនជ្រុងមួយនេះ គឺស្ងប់ស្ងាត់ណាស់ ប៉ុន្តែកាន់តែស្ងាត់នាយបែរជាកាន់តែខ្លាចទៅវិញ។
ជេយ៉ុន ដេកសណ្តូកនៅលើគ្រែ កម្រើកតែបន្តិចក៏មិនកម្រើក បបូរមាត់ក្រពុំផ្កាឈូកមួយនោះ ពេលនេះមើលទៅដូចជាខ្សោះគ្មានសូម្បីតែឈាមមួយដំណក់។ យ៉ាងណាមិញ ផ្ទុយពីសភាពដែលស្ងប់ស្ងាត់ ក្នុងចិត្តរបស់បុរសគឺកំពុងតែកោលាហលជាអណេក ក្នុងខួរក្បាលនាយសែនរញេរញៃ ហើយវាតែងតែគាស់កកាយឱ្យឃើញរូបភាពកាលពី ពីរថ្ងៃមុនជានិច្ច។ សម្លេងនាយស្រែកឱ្យជេយ៉ុន ទឹកភ្នែកប្រុសតូចដែលហូរស្រក់ចុះ និងរូបភាពដែលគេរត់មករងកាំបិតជំនួសខ្លួន។ ស៊ុងហ៊ុន ចង់តែបោកក្បាលទៅនិងសរសរផ្ទះ ដើម្បីបញ្ឈប់កុំឱ្យគិតដល់រឿងទាំងនោះទៀត កាលបើកាន់តែនឹកឃើញគឺកាន់តែឈឺចាប់។
“ បងសូមទោស ” ពោលទាំងទឹកភ្នែកស្រក់មករដឹក។ ដៃរបស់គេចាប់ក្រសោបប្រអប់ដៃស្រឡូនយកមកថែលថើប ធ្វើឱ្យដំណក់ទឹកភ្នែករបស់គេសើមជោគពេញខ្នងដៃរបស់ជេយ៉ុន។ នាយទន់ជ្រាយបំផុត នៅពេលដែលបញ្ហាគ្រប់យ៉ាងមានរួមបញ្ចូលជេយ៉ុននៅក្នុងនោះ។ កាលបើវេលាយប់អាធ្រាតដូច្នេះទៀត វាជាភាពងាយស្រួលឱ្យយើងស្តាប់សម្លេងទួញសោកកាន់តែឮ ដែលនាយមកមើលជេយ៉ុននេះគឺមកទាំងលបលួចតែប៉ុណ្ណោះ បើមិនមែនជាពាក់កណ្តាលអាធ្រាត ឬយប់ជ្រៅនោះទេ នាយមិនអាចមកមើលជេយ៉ុនបាននោះឡើយ។ មិនយល់ដែរ ថាហេតុអ្វីទើបនាយត្រូវលួចលាក់ចេញចូលទីធ្លាផ្ទះខ្លួនឯង ដឹងត្រឹមតែថា ប្រសិនបើមាននរណាម្នាក់បានឃើញនាយមកទីនេះ មកមើលថែជេយ៉ុន នោះនិងមានរឿងធំមិនខាន។
“ ឈឺខ្លាំងទេ? ” នាយឱនទៅខ្សឹបក្បែរត្រចៀកជេយ៉ុន សឹមសសៀរបង្អូសខ្លួនខិតក្រោម ដើម្បីថើបត្រង់បរិវេណដែលមានរបួស។ ស្រមៃមើលបើពេលនោះ លម្អង មិនបានរត់មកដល់ភូមិគ្រិះទាន់ពេល បើសិនកម្លាំងពីផ្ទះទៅជួយមិនទាន់ ហើយជេយ៉ុនមិនអាចជួយសង្រ្គោះទាន់ពេលនោះ នាយនិងយំឱ្យលិចពិភពលោកឃោឃៅមួយនេះមិនខាន។
“ រវាងត្រង់នេះ និងបេះដូងអូន តើមួយណាឈឺជាង? ” ទោះបីជាគ្មានចម្លើយ តែត្រាណត្រើយនៅតែព្យាយាមសួរដដែល។ កន្លងមកនេះតើជេយ៉ុន ឈឺចាប់ប៉ុណ្ណាទៅ តើគេមានអារម្មណ៍យ៉ាងណានៅពេលដែលមនុស្សខ្លួនស្រលាញ់ពេញទ្រូងទៅរៀបការនិងអ្នកផ្សេង។ តើគេយំខ្លាំងប៉ុណ្ណាទៅ ខូចចិត្តប៉ុណ្ណាទៅ មួយរយៈមកនេះ ខ្លួនគម្រោះគម្រើយ សម្តីតូចធំដាក់ជេយ៉ុនច្រើនណាស់ តើគេមានអន់ចិត្តដែលឬទេ? គួរឱ្យស្តាយណាស់ ដែលនាយមិនអាចសូម្បីតែនិយាយពាក្យផ្អែមល្ហែមដើម្បីជាការលួងលោមទៅកាន់គេបានដូចកាលគ្រាមុន។
“ បងសន្យាឱ្យអូនច្រើនណាស់ តែសូម្បីតែមួយក៏បងមិនទាន់បានសម្រេចវាឱ្យអូនដែរ ”
“ បងសន្យាថាបងនិងការពារអូន តែមើលចុះ អូនបែរជាត្រូវមកឈឺខ្លួនដោយសារតែបងទៅវិញ ”
“ បងសន្យាថាបងនិងត្រឡប់ទៅវិញ តែបងបែរជាមិនអាចដកខ្លួនចេញពីទីនេះបានទៅវិញ ” ជួនជាមួយនិងពាក្យមួយឃ្លាៗ នាយក៏បង្ហូរសម្រក់ទឹកភ្នែកឥតឈប់ឈរ។ ក្នុងខួរក្បាលពេលនេះគឺពោរពេញទៅដោយបញ្ហាចាក់ស្រេសជាច្រើន គេតែងតែបិទភ្នែកដេកជាមួយនិងបេះដូងដែលធ្ងន់ដូចត្រូវបានរបស់រាប់រយតោនសង្កត់ពីលើជារាងរាល់យប់។ គេតែងតែគិតអំពីអ្វីគ្រប់យ៉ាង និងព្យាយាមរកដំណោះស្រាយមួយដ៏សមស្របបំផុត ពិតនាយមិនចង់ឱ្យមានអ្នកណាមួយត្រូវរងឈឺចាប់ដោយសារតែការសម្រេចចិត្តរបស់គេនោះឡើយ។ ប៉ុន្តែ ព្រេងវាសនាដូចជាលេងសើចជ្រុលខ្លាំងពេកជាមួយនិងនាយ មិនថាត្រូវដើរតាមកន្លងផ្លូវមួយណានោះទេ វាសុទ្ធតែជាផ្លូវទាល់ទាំងអស់ ហើយអ្នកដែលរងថ្មបាក់ គឺជាអ្នកដែលមានចំណែកក្នុងជម្រើសរបស់នាយនោះហើយ។
រឿងមួយដែលជាចំណងចងនាយជាប់ទៅនិងសេចក្តីទុក្ខបំផុតនោះគឺ ស្នេហានិងតួនាទី។ ទាំងនេះសុទ្ធតែជាជម្រើសដែលពិបាកក្នុងការរើស។
ដើរតាមបេះដូង រមែងតែងទទួលបានក្តីសុខខាងផ្លូវចិតជាប្រាកដណាស់ តែបើបែបនោះ នាយនិងក្លាយទៅជាមនុស្សអាត្មានិយមដែលយកតែសុខខ្លួនឯង ហើយទុកឱ្យជីវិតមនុស្សរាប់រយនាក់រស់នៅដូចជាកប៉ាល់គ្មានចង្កូត ហើយវាក៏ជាប្រការមួយដែលក្បត់និងមនសិកា ការងារផងដែរ។
បើជ្រើសយក តួនាទី បេះដូងដែលលោតនៅក្នុងទ្រូងនេះ ប្រាកដជារងទុក្ខវេទនាដល់ថ្ងៃស្លាប់មិនខាន។ គេស្រលាញ់ជេយ៉ុនណាស់ ស្រលាញ់លើសពីជីវិតខ្លួនឯងទៅទៀត រាល់ថ្ងៃនេះឱ្យនាយ សោះអង្គើយដាក់ជេយ៉ុន នាយស្ទើរតែប្រេះទ្រូងបែកម្តងម្កាលទៅហើយ តែសួរថានាយមានជម្រើសទេ? ចម្លើយគឺមានតែមួយគត់ គឺអត់។ ស៊ុងហ៊ុន របស់យើងជាមនុស្សប្រុសដែលយកសេចក្តីសុខអ្នកដទៃជាធំ ច្បាស់ណាស់ថាគេសុខចិត្តទ្រាំឈឺចាប់ខ្លួនឯង តែមិនអាចចោលតួនាទី ដែលអាចនិងបង្កផលប៉ះពាល់ដល់អ្នកដទៃនោះទេ ដូច្នេះនាយ មានតែខាំមាត់ លាក់បាំងសេចក្តីស្រលាញ់ ហើយទ្រាំបៀមទុកនូវភាពឈឺចាប់តែប៉ុណ្ណោះ។
“ បងមិនគួរផ្តួចផ្តើមស្នេហានេះឡើងទេ បងមិនគួរនាំអូនមករងទុក្ខបែបនេះទេ បើបងមិនស្រលាញ់អូន អូនក៏មិនត្រូវឈឺចាប់យ៉ាងនេះដែរ ” គេសែនស្តាយ ស្តាយខ្លាំងណាស់។ មិនមែនស្តាយព្រោះតែស្រលាញ់ជេយ៉ុននោះទេ តែនាយស្តាយដែលមិនអាចរក្សាស្នេហ៍មួយនេះបាន។ ប្រសិនបើនាយមិនផ្តួចផ្តើមបណ្តុះសេចក្តីស្រលាញ់នោះទេ រឿងថ្ងៃនេះក៏មិនកើតឡើងដែរ ក្មេងប្រុសស្លូតត្រង់ម្នាក់នេះក៏មិនបាច់ត្រូវរងឈឺចាប់។ ហេតុអ្វីក៏គេគំនិតរាក់ចង់បង្កើតស្នេហា ដែលមិនអាចដុះដាលលូតលាស់បានដូច្នេះ?
“ តើពួកយើងអាចស្រលាញ់គ្នា នៅជីវិតបន្ទាប់បានទេ? ”
YOU ARE READING
វាយោរផាត់ស្នេហ៍
Historical Fictionដើមដូងដុះអមមាត់ច្រាំង ឆ្នេរខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកនិងវាយោរសមុទ្រពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ... Original work by:Ykayy