ស៊ុងហ៊ុន
កែវភ្នែករបស់គេបានឆ្លុះបញ្ជាំងពីភាពឈឺចាប់គ្រប់យ៉ាង។ ខ្ញុំដឹង ខ្ញុំឮ ខ្ញុំយល់ថាគេឈឺចាប់ខ្លាំងប៉ុណ្ណា។ ខ្ញុំក៏ឈឺមិនស្ទើរដែរ បេះដូងខ្ញុំដូចត្រូវគេយកទៅដោតចង្កាក់ហើយរោយអំបិលពីលើ វាផ្សារក្រហាយនៅពេលបានឃើញពីភាពសោកសៅរបស់គេ។
នៅថ្ងៃដែលខ្ញុំបានឃើញគេឈានជើងចូលភូមិគ្រឹះជាមួយនិងរបួសពេញខ្លួន ខ្ញុំទាំងរំភើបទាំងតក់ស្លុត។ ខ្ញុំរំភើបដែលខ្ញុំបានឃើញម្ចាស់បេះដូងតែមួយគត់របស់ខ្ញុំ តែខ្ញុំក៏តក់ស្លុតព្រោះឃើញគេមានរបួសពេញខ្លួន។ នៅពេលដែលគេហក់ឱបខ្ញុំ ខ្ញុំស្ទើរតែសម្រក់ទឹកភ្នែកនៅនិងមុខអ្នករាល់គ្នា ខ្ញុំពិតជានឹកគេខ្លាំងណាស់ខ្ញុំនិយាយដោយចិត្តស្មោះ។ ខ្ញុំចង់តែលើកដៃឱបគេវិញហើយរៀបរាប់ប្រាប់គេថាខ្ញុំនឹកគេខ្លាំងប៉ុណ្ណា ខ្ញុំចង់ថើបអង្អែលលើស្នាមរបួស ហើយប៉ះប៉ូវនៅវេលាកន្លងមកដែលខ្ញុំមិនបានទៅរកគេ។
ប៉ុន្តែលោកនេះពិតជាឃោឃៅចំពោះខ្ញុំពេកហើយ ទោះខ្ញុំស្រលាញ់គេខ្លាំងប៉ុណ្ណា នឹកគេខ្លាំងប៉ុណ្ណា ក៏ខ្ញុំមិនអាចបង្ហាញពីទំហំនៃក្តីស្រលាញ់របស់ខ្ញុំទៅកាន់គេនៅចំពោះមុខអ្នកគ្រប់គ្នាបានដែរ។ គ្រប់យ៉ាងដែលខ្ញុំធ្វើគឺសុទ្ធតែមានហេតុផលទាំងអស់ ហើយហេតុផលដែលខ្ញុំធ្វើក៏ដើម្បីតែការពារគេម្នាក់គត់។
" ឯង..ជាអ្នកណា? " ខ្ញុំពិតជាចង់ទះខ្លួនឯងឱ្យបែកមាត់ដែលហ៊ានប្រើសម្លេងរឹងយ៉ាងនេះដាក់គេ។ គេព្យាយាមញញឹមទាំងកែវភ្នែករលីងរលោង ហើយវាក៏ជាចំណុចខ្សោយរបស់ខ្ញុំដូចគ្នាដែលត្រូវមកឈរមើលគេយំដូច្នេះ។
ខ្ញុំតាំងចិត្តណាស់ តាំងចិត្តធ្វើជាចិត្តដាច់មិនអើរពើរជាមួយគេ តែនៅក្នុងថ្ងៃនេះ ថ្ងៃដែលខ្ញុំសំពះផ្ទឹមជាមួយនិងនារីម្នាក់ដែលមិនមែនជាគេ ការតាំងចិត្តទាំងនោះក៏រលាយនិរាសព្រាត់ប្រាស់អស់។ ខ្ញុំឃើញគេលួចបង្ហូរទឹកភ្នែកហើយក៏រហ័សជូតវាចេញយ៉ាងលឿនដើម្បីលាក់បាំងពីអ្នកគ្រប់គ្នា។ នៅពេលនេះខ្ញុំពិតជាចង់ប្រថុយគ្រោះថ្នាក់ រត់កាត់ហ្វូងមនុស្សដើម្បីទៅរកមនុស្សដែលខ្ញុំស្រលាញ់។ ខ្ញុំចង់ប្រកាសឱ្យគ្រប់គ្នាបានដឹងថា បេះដូងរបស់ខ្ញុំមានតែ សុីម ជេយ៉ុនម្នាក់គត់ដែលអាចកាន់កាប់ និងទទួលបានក្តីស្រលាញ់ពីខ្ញុំ។ ខ្ញុំចង់ក្រសោបគេមកក្នុងរង្វង់ដៃខ្ញុំ ជូតទឹកភ្នែកឱ្យគេ ហើយខ្ញុំនិងប្រាប់គេថា គ្រប់យ៉ាងមិនអីនោះទេ បងនៅទីនេះហើយ បងនៅជាមួយអូនហើយ។ ប៉ុន្តែខ្ញុំតែងតែក្លាយទៅជាមនុស្សប្រុសកំសាក ឱ្យតែបញ្ហាប្រឈមនោះគឺទាក់ទងជាមួយនិងគេ។
ហេតុផលគ្រប់យ៉ាងដែលខ្ញុំធ្វើគឺព្រោះតែសុវត្ថិភាពភាពរបស់គេប៉ុណ្ណោះ ដូច្នេះហើយក្រៅពីធ្វើខ្លួនជាមនុស្សចិត្តដាច់ សម្តែងថាមិនបានស្រលាញ់គេ ទោះបីធ្វើបែបនោះវាមិនខុសអ្វីពីខ្ញុំកំពុងតែជាន់ឈ្លីបេះដូងខ្លួនឯងក៏មិនថ្វីដែរ។
ព្រោះនៅទីបញ្ចប់ ទោះបីជាគេស្អប់ខ្ញុំ តែខ្ញុំក៏អាចស្ងប់ចិត្តព្រោះខ្ញុំអាចធានាសុវត្ថិភាពរបស់គេបាន។
YOU ARE READING
វាយោរផាត់ស្នេហ៍
Historical Fictionដើមដូងដុះអមមាត់ច្រាំង ឆ្នេរខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកនិងវាយោរសមុទ្រពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ... Original work by:Ykayy