ជំ.១៧:ម៉ោងមួយរំលងអាធ្រាត

516 67 11
                                    

  ដំណេកដ៏ស្កប់ស្កល់ត្រូវបានរំខាន ក្រឡេកមើលទៅក្រៅព្រះចន្ទនៅរះខ្ពស់ត្រដែតមេឃក៏ងងឹត ស៊ុងហ៊ុនសន្មតថាវេលាថ្មើរនេះប្រហែលនៅពាក់កណ្តាលយប់នៅឡើយ ចិត្តមិនចង់ភ្ញាក់ ភ្នែកមិនចង់បើក តែសម្លេងរងំៗរបស់បណ្តូលចិត្តនៅក្បែរត្រចៀកនៅតែអាចបង្ខំនរៈឲ្យបើកភ្នែកឲ្យខានតែបាន។
“ស៊ុងហ៊ុន..”
“ហឹមម..” ស៊ុងហ៊ុន ចាប់កដៃតូចដែលប្រថាប់នៅលើទ្រូងកុំឲ្យកេះអង្រួនខ្លួនតទៅទៀត នាយងើបក្បាលមើលជេយ៉ុនបន្តិចរួចក៏ប្រាស់ដេកទៅវិញ។
“ស៊ុងហ៊ុន...” អាល្អិតជេយ៉ុន ខ្សឹបរសាវៗជាប់និងត្រចៀកធ្វើឲ្យស៊ុងហ៊ុនព្រឺសម្បុរស្វាងងងុយអស់ នេត្រាខ្មៅនិលទាំងគូបើកអស់ៗសម្លឹងទៅបណ្តូលចិត្តកាត់ស្បៃរាត្រីងងឹតស្លុប។
“មានអ្វីមែនទេ?”
“អូនចង់ចេញទៅក្រៅ” ស៊ុងហ៊ុន លើកចិញ្ចើមឡើងដោយចិត្តពិភាល់ យប់ថ្មើរនេះហើយជេយ៉ុននៅចង់ចេញទៅណាទៀត ចម្លែកដែរគេមិនមានជាអ្នកដើរហើរយប់ព្រលប់ផង។
“អូនចង់ទៅណា?”
“បងងើបសិនមក” ទោះបីជាអត់ងងុយ ទោះបីជាមានចម្ងល់ច្រើនស៊ុងហ៊ុនរមែងតាមចិត្តជេយ៉ុនជានិច្ច នាយទាញជេយ៉ុនឲ្យងើបមុនសឹមខ្លួនងើបតាមក្រោយ ទាញអាវនៅលើក្បាលដំណេកមកស៊កត្រៀមខ្លួនចាំជូនម្ចាស់ចិត្តទៅកន្លែងដែលគេចង់ទៅ។
“បាទ បងតាមអូន”

  នៅកណ្តាលយប់ស្ងាត់សូម្បីតែសត្វក៏មិនបានស្រែកយំឆ្លើយឆ្លងគ្នាដែរ លើកលែងតែចង្រិតដែលជាសត្វចូលចិត្តសប្បាយ ស្រែកកំដររាត្រីស្ងាត់ត្រជាក់។ ដំណក់សន្សើមប្រមូលផ្តុំលើស្លឹកឈើកាលបើគរគ្នាច្រើនក៏តោងស្រក់ចុះមួយតំណក់ៗ តក់ទៅលើស្លឹកដូងងាប់រតិករតក់។ ដើរកាត់តាមក្រោយផ្ទះចូលទៅកាន់ព្រៃស្តុកតែកន្លែងដែលជេយ៉ុនចង់ទៅមិនជាជ្រៅឆ្ងាយពីផ្ទះប៉ុន្មានឡើយដ្បិតដើរបានប្រមាណប្រាំមួយនាទីជាងជេយ៉ុនក៏ទច់ដំណើរ។
  នៅក្នុងស្បៃងងឹតអ្វីដែលស៊ុងហ៊ុនចាប់អារម្មណ៍មុនគេគឺអ្វីម្យ៉ាងដែលមានពណ៍សៗពង្រាយគ្នាត្រង់នេះមួយចុបត្រង់នោះមួយចុប ហើយមិនយូរប៉ុន្មានក្លិនក្រអូបពិដោរក៏សាយភាយចូលពេញរន្ធច្រមុះ។ ហិតដឹងពីក្លិនដែលធ្លាប់ស្គាល់ស៊ុងហ៊ុនមិនត្រូវការពេលយូរជាងនេះឡើយដើម្បីសម្គាល់ពីអត្តសញ្ញាណរបស់វត្ថុសៗទាំងនោះ វាគឺ...ផ្កាម្លិះ។
“ជេយ៉ុន!” ស៊ុងហ៊ុន ដង្ហោយហៅបណ្តូលចិត្តនៅពេលស្រវ៉ារកកាយតូចតែក៏ស្រវ៉ាចាប់បានតែខ្យល់ តែស្របពេលតែមួយនោះដែរស្រមោលលើមៗរបស់ជេយ៉ុនក៏រំលេចឡើងចំពីមុខនាយប៉ុន្តែស្ថិតនៅក្នុងរយៈចម្ងាយឆ្ងាយគួរសម។
“អូននៅទីនេះ!” ហាក់ជួយរំងាប់អារម្មណ៍សង្សារ ជេយ៉ុនបន្លឺសម្លេងឲ្យកាន់តែច្បាស់ថានេះជាគេមែនពិត ស្ថិតនៅក្នុងបរិវេនមិនឆ្ងាយពីគ្នាប៉ុន្មាននោះឡើយ។ បន្ទាប់ពីសម្លេងរបស់ជេយ៉ុនបានស្ងប់ស្ងាត់ទៅពន្លឺពណ៍បៃតងតូចមួយក៏បានបំភ្លឺឡើង ពន្លឺនោះមិននៅស្ងៀមឡើយពោលគឺវាមានចលនាអាចបន្លាស់ទីបាន។
  មួយ..ពីរ..បី...បួន ពន្លឺដ៏សែនតូចនោះបំភ្លឺឡើងម្តងមួយម្តងពីររហូតដល់ច្រើនរាប់លែងអស់ ដោយសារតែពន្លឺតូចៗនេះអាចឲ្យស៊ុងហ៊ុនមើលឃើញជេយ៉ុនបានប្រសើរជាងមុន ស៊ុងហ៊ុនស្ទើរតែលត់ជង្គង់យំនៅទីនេះ មិនមែនយំក្នុងន័យអាក្រក់តែយំព្រោះតែរំភើប ជេយ៉ុន សង្សារត្រួយបណ្តូលចិត្តឈរនៅម្ខាងមើលមកកាន់ខ្លួនជាមួយនិងស្នាមញញឹមដ៏សែនស្រស់ស្អាតគ្មានផ្ទឹម ផ្កាម្លិះដែលជះក្លិនក្រអូនឈួល សត្វអំពិលអំពែករាប់រយក្បាលហើរចុះឡើងឆ្វែលឆ្វាត់ជុំវិញពួកគេ អូហ៍!ស៊ុងហ៊ុនមិនចង់ឲ្យពេលវេលារំកិលតទៅមុខទៀតឡើយ បើនាយមានអំណាចអាចបញ្ឈប់ពេលវេលាឲ្យនៅនិងថ្កល់មួយកន្លែងបាននាយនិងបញ្ឈប់ភ្លាមដោយឥតស្ទើរស្ទាក់ហើយនិងរស់នៅក្នុងពេលនេះតទៅរហូត។
  ដោយភ្លេចខ្លួនជាមួយនិងតថភាពជុំវិញខ្លួន ស៊ុងហ៊ុនពុំបានចាប់អារម្មណ៍ឡើយថារាងល្អិតបានផ្លាស់ប្តូរទីតាំងមកឈរទល់មុខគេវិញឡើយ ដៃស្រឡូនទាំងគូឡើកជូតទឹកភ្នែកមួយដំណក់ដែលជ្រាបចេញទាំងម្ចាស់សមីខ្លួនមិនបានដឹង។
“បងថាចូលចិត្តផ្កាម្លិះត្រូវទេ? យប់នេះផ្ការីកច្រើន អូនចង់មើលវាជាមួយបង”
“ត្រូវហើយបងចូលចិត្តម្លិះ ម្លិះតែមួយប៉ុណ្ណោះមិនមានផ្កាណាមកជំនួសបានទៀតឡើយ” ជាការតបស្នងស៊ុងហ៊ុនស្រាក់ចង្កេះអង្រ្កងទាញកាយតូចមកផ្អឹមជាប់ជាមួយនិងខ្លួន។ ម្លិះដែលស៊ុងហ៊ុននិយាយមិនសម្តៅទៅលើផ្កាសុទ្ធសាធឡើយ វាជាន័យធៀបប្រដូចជេយ៉ុនទៅនិងដើមផ្កា ស្រស់ស្អាត ក្រអូបទាំងកាយវាចាចិត្ត ទន់ភ្លន់និងបរិសុទ្ធ ជេយ៉ុនគឺជាផ្កាតែមួយទងគត់ដែលស៊ុងហ៊ុនប្រាថ្នា។
“បងមានអារម្មណ៍ថារាងរាល់មួយវិនាទីម្តងបងស្រលាញ់អូនកាន់តែខ្លាំង” ជេយ៉ុន សើចកាច់កហើយក៏វាយទ្រូងមាំមួយដៃ ផ្អែមគ្រប់តែពេលឲ្យនាយអៀនដកខ្លួនមិនរួច។
“ផ្អែមហួសសស ហិហិ”
“គួរឲ្យជ្រេញណាស់ហើយពិតទេ?បងក៏យល់ថាដូច្នោះដែរ តែគ្រប់ពេលដែលបងសម្លឹងចំមុខអូន ហាក់បីដូចជាបងបានលង់ស្រលាញ់អូនសាជាថ្មីម្តងទៀតដូចគ្នា ហើយគ្រប់ពេលដែលអារម្មណ៍នោះកើតឡើងបងក៏ស្រលាញ់អូនខ្លាំងឡើងទ្វេរគុណ”  ជេយ៉ុនផ្តេកក្បាលចូលទៅក្នុងរង្វង់ទ្រូងកក់ក្តៅ ពាក្យសម្តីជ្រួតជ្រាបសព្វពេញទាំងកាយ គេក៏ទទួលបានអារម្មណ៍នោះដូចគ្នាតែមិនក្លាហានបញ្ចេញវាមកក្រៅដូចជាស៊ុងហ៊ុនឡើយ សម្រាប់អ្នកផ្សេងស្តាប់ទៅគេនិងសើចព្រោះប្រៀបដូចជាស្នេហាក្មេងៗដែលកើតឡើងដូចភ្លើងចំបើង តែចំពោះពួកគេទាំងពីរនាក់វាជាស្នេហាដ៏សុីជម្រៅឬសគល់កំពុងបែកខ្ញែកកាន់តែឆ្ងាយចូលទៅក្នុងបេះដូង។ ក៏ដូចដែលស៊ុងហ៊ុនធ្លាប់បាននិយាយនោះអី ពួកគេគឺប្រើប្រាស់ភាសាបេះដូងប្រាស្រ័យទាក់ទងគ្នា អ្នកដទៃមិនត្រូវការយល់ មិនត្រូវការសម្របឬរៀនពីពួកគេឡើយ ភាសានោះគឺមានតែពួកគេពីរនាក់ប៉ុណ្ណោះដែលអាចប្រើប្រាស់ផ្តោះផ្តងទៅវិញទៅមកបាន។

វាយោរផាត់ស្នេហ៍Where stories live. Discover now