ជំ. ២៦: បំភ្លេចស្នេហានេះចោលទៅ

572 56 27
                                    

បំណងល្អពីអ្នកសរសេរ: ដកដង្ហើមឱ្យវែងៗសិនចាំអានភាគនេះ:D

_________

  បុរសយើងយោងអាត្មារបស់ខ្លួនទៅកាន់ខ្ទមរបស់គេវិញទាំងកាយធ្ងន់កណ្ឌុក បេះដូងគេហុំព័ទ្ធដោយផ្សែងខ្មៅអួលអាប់ឲ្យគេវង្វេងក្នុងជម្រៅចិត្តរបស់ខ្លួនឯង។
ស៊ុងហ៊ុន ព្យាយាមថ្នមសម្រឹបជើងបំផុត ហើយឡើងទៅប្រាស់ខ្លួនដេកជិតភរិយាសំណព្វចិត្តរបស់ខ្លួន។ គេដេកបែរចំហៀង បែរមុខទៅរកប្រពន្ធ គយគន់ពីភាពស្ងប់សុខរបស់គេ បន្ទាប់មកបាតដៃក្តៅក៏លើកវែកសក់ដែលធ្លាក់រញេរញៃចេញទៅម្ខាងអស់សឹមត្រឡប់មកក្រសោបលើថ្ពាល់របស់គេវិញ។
ស្នាមទឹកភ្នែកនៅមានជាប់ថ្ពាល់គេនៅឡើយ ទើបស៊ុងហ៊ុនជួយជូតវាចេញឲ្យភរិយា តើជេយ៉ុនខ្វល់ចិត្តប៉ុណ្ណាទៅ ទើបអាចសន្ធប់ចិត្តឲ្យដេកទាំងទឹកភ្នែកបែបនេះ។ ឃើញជេយ៉ុនយំនាយក៏ឈឺដូចត្រូវគេចាក់សម្លាប់ បានស្បថសច្ចារួចហើយនិងមិនធ្វើឲ្យក្មេងម្នាក់នេះបង្ហូរទឹកភ្នែកដ៏មានតម្លៃចេញមកជាដាច់ខាត តែពេលនេះនាយក៏ជាមនុស្សតែម្នាក់គត់ ជាដើមហេតុចម្បងពីក្រោយទឹកភ្នែករបស់ភរិយា។
បុរសឱនលំទោនម្តងបន្តិចៗ រហូតដល់ទម្រង់បបូរមាត់របស់ខ្លួនបានទៅប៉ះផ្ទាល់ជាមួយនិងថ្ពាល់ក្រពុំ គេថើបស្រង់ក្លិនក្រអូបពីផ្កាម្លិះយ៉ាងវែង សង្ឃឹមថាក្លិននេះនិងជួយរំងាប់ចិត្តហ្មងសៅបានខ្លះ។
“ ស៊ុង..ហ៊ុន ” សម្លេងស្អកស្អារត្រូវបានបន្លឺឡើង ជេយ៉ុនដែលមានភ្នែកស្ទើរបើកស្ទើរបិទតែក៏ព្យាយាមនិយាយនៅពេលដឹងដល់វត្តមានបុរសជាទីស្រលាញ់។ កាយល្អិតសសុលចូលខ្លួនក្នុងរង្វង់ដៃកក់ក្តៅ ជ្រប់មុខចូលទ្រូងរបស់គេ ដៃរំញោចទៅឱបស្រាក់ចង្កេះជាប់យ៉ាងរហ័ស បីដូចជាខ្លាចបាត់បង់ខ្លាំងណាស់អ៊ីចឹង។
“ ហេតុអ្វីបងទៅយូរយ៉ាងនេះ? ” សម្លេងគេងងុលដ្បិតអីគេនៅជ្រប់មុខនិងទ្រូងមិនព្រមងើបមកវិញសោះ។ ស៊ុងហ៊ុន មិនបានឆ្លើយក៏បែរជាគ្រហឹមយ៉ាងវែង ហើយយកដៃរបស់គេទៅអង្អែលសក់រលោងលេងទៅវិញ។
“ ជេយ៉ុន~~ ” ឈ្មោះនេះ បន្លឺឡើងយ៉ាងស្ទាក់ស្ទើរ ហាក់បីដូចជាគេបានលាក់បង្កប់នូវរឿងរ៉ាងអ្វីម្យ៉ាងដែលពិបាកពន់ពេកក្នុងការទម្លាយវាចេញមកខាងក្រៅ។ ស៊ុងហ៊ុន ព្យាយាមសម្រួលផ្លូវដង្ហើមរបស់ខ្លួនឲ្យស្រួលបួលវិញ នាយច្បាំងមករាប់ឆ្នាំហើយ ឆ្លងកាត់សមរភូមិឡើងរាប់ភ្លេច ឈរលើខ្សែរបន្ទាប់ស្លាប់រស់ក៏មិនភ័យ តែជាមកភ័យនិងត្រូវឃ្លាតពីក្មេងកោះកំបុិកកំប៉ុកម្នាក់ទៅវិញ។
“ បង.. បងនិងចូលសមរភូមិវិញ.. ” ជេយ៉ុន ស្វាងងុយអស់ដូចគេចាប់បោះចូលលំហរសាគរ បេះដូងគេស្រាប់តែរងាញ័រញាក់ ហើយរួតរឹតដោយភាពល្ហរល្ហេវ គេស្ទុះកញ្ឆក់អង្គុយដូចខ្មោចសរសៃទាញ នេត្រារលីងរលោងរកកលចង់បង្ហូរសំណើមទឹកភ្នែកមកជាថ្មី។
“ បង..បងសម្លាញ់ ” សម្លេងញ័រណាស់ រកនិយាយអ្វីមិនចេញឡើយ បំពង់កគេស្អិតណែនណាន់អួលណែនពេញទ្រូង។
“ ជ-ជេយ៉ុន បង- ” មិនខុសពីជេយ៉ុនប៉ុន្មានឡើយ ស៊ុងហ៊ុនក៏មិនអាចបញ្ចប់ប្រយោគរបស់គេឲ្យបានសមរម្យដែរ កែវភ្នែកជេយ៉ុនពោរពេញដោយភាពឈឺចាប់ ទឹកភ្នែកគ្រប់ដំណក់ដែលស្រក់ចុះមកថ្លែងឲ្យដឹងដល់បេះដូងដែលកំពុងតែប្រេះបែកខ្ទេចខ្ទាំ។
“ ហឹក! ស៊ុងហ៊ុន បងនិយាយអ្វីហ្នឹង? ” ជេយ៉ុន ចាប់អង្រួនស្មារបុរសជាទីស្រលាញ់ តម្លើងសម្លេងខ្លាំងជាងមុន នេះស៊ុងហ៊ុនកំពុងតែប្រាប់នាយថាគេកំពុងតែនិងត្រៀមខ្លួនដើរចេញពីជីវិតរបស់នាយហើយតើពិតទេ?
“ ប្រាប់អូនមកថាបងមិនបានកុហក ប្រាប់អូនមកថាបងបានគិតច្បាស់ហើយ! ប្រាប់អូនមកថាបងពិតជាអាចទៅដោយងាយបែបនេះពិតមែន! ហឹកៗ ” កាន់តែគិតកាន់តែឈឺចាប់ មនុស្សកំពុងពេញស្រលាញ់ តើនិងដាច់ចិត្តចេញពីគ្នាបានដោយរបៀបណាទៅ តើស៊ុងហ៊ុនបានយកក្តីស្នេហ៍របស់គេទៅបំផ្លុងចោលក្នុងបាតសមុទ្របាត់ហើយមែនទេ។
“ ជេយ៉ុន អូនស្តាប់បងសិនណា៎ ” ស៊ុងហ៊ុន ក្រសោបឱបកាយតូចតន់ ដាក់ក្បាលគេទ្រោបលើស្មាររបស់ខ្លួន ហើយក៏ថើបសៀតផ្កាគេលួងលោមជារើយៗ គេមិនបានមានន័យថាឈប់ស្រលាញ់ជេយ៉ុននោះឡើយ ពេលឃ្លាតមកដល់គេក៏ត្រូវឈឺចាប់មិនស្ទើរដែរ តែគេមានកាតព្វកិច្ចធំខ្លាំងណាស់ដែលត្រូវរ៉ាប់រង គេមិនអាចសំងំសុខតែម្នាក់ឯងបានឡើយ។
  ជេយ៉ុន ទាំងខឹងទាំងឈឺចាប់លាយឡំគ្នា ប្រាណគេញ័រចំប្រប់នៅក្នុងរង្វង់ដៃស្វាមី គេពិតជាចង់ស្តីបន្ទោស ចង់ស្រែកជេរដើម្បីកម្ចាត់កំហឹងនិងចិត្តដែលឈឺ តែគេនិងមិនបណ្តោយឲ្យមោហៈមកសន្ធប់ចិត្តបានឡើយ ទើបគេសំងំស្ងៀមសិនស្តាប់ស៊ុងហ៊ុនបកស្រាយ។
“ ជេយ៉ុន អូនស្តាប់បងណា ”  ស៊ុងហ៊ុន ទាញគេឲ្យតទល់គ្នា ក្រសោបមុខតូចច្រមិចក្នុងហត្ថាទាំងទ្វេរ ហើយមកទល់ពេលនេះទើបជេយ៉ុនរឮកដឹងថាវាជាលើកទីមួយហើយដែលនាយបានឃើញទឹកភ្នែកហូរចេញពីប្រឡង់ភ្នែកបុរសចិត្តរឹងម្នាក់នេះ។
“ បងទៅដើម្បីបំពេញកាតព្វកិច្ច បងទៅដើម្បីជាតិ អូននៅចាំបងនិយាយទេ? បងបានសន្យានិងអូនហើយ មិនថាបងត្រូវឃ្លាតពីអូនប៉ុន្មានដងនោះទេ បងនិងស្វែងរកផ្លូវមកកាន់អូនវិញដោយខានពុំបាន ជេយ៉ុន បងនិងត្រឡប់មកវិញ អូនជឿចិត្តបងណា! ” បុរសស្រវាទាញប្រអប់ដៃតូចមកប្រថាប់លើទ្រូងរបស់ខ្លួន អង្វរទាមទារសុំការយល់ចិត្ត ជេយ៉ុនពេលនេះត្រចៀកប្រែជាហឹងរងំស្តាប់អ្វីលែងឮទៅហើយ ទុក្ខសោកដែលរឹតរួតចិត្តឲ្យគេមិនអាចគិតអ្វីបានត្រឹមត្រូវ បានត្រឹមតែទ្រោបមុខទៅក្នុងទ្រូងប្តីហើយបង្ហូរទឹកភ្នែកសសឹក។
“ ហឹកៗ ” ស៊ុងហ៊ុន សង្វាតឱបកាយតូចសារជាថ្មី ឱបខ្លាំងហើយណែនជាងមុន ទឹកភ្នែកកម្រក៏ស្រក់រដឹកប្រណាំងប្រជែងនិងគូស្នេហា បេះដូងធ្លុះធ្លាយគ្មានសល់បំណែក នាយគ្រាន់តែសង្ឃឹមថានិងអាចត្រឡប់មករកជេយ៉ុន ក្នុងពេលដ៏ឆាប់វិញទៅចុះ។
“ បំភ្លេចស្នេហាមួយនេះចោលទៅ ហើយត្រឡប់ទៅរកកាតព្វកិច្ចបងវិញចុះ ” បន្ទាប់ពីសម្រួលអារម្មណ៍តាំងសតិមកវិញបានហើយ ជេយ៉ុនក៏ចោលប្រយោគមុតស្រួចដូចកាំបិតនេះទៅចាក់ឆ្កៀលបេះដូងរងរបួសបន្ថែម។ ស៊ុងហ៊ុន ស្រឡាំងកាំងមួយខណៈ ខួរក្បាលដូចជាដំណើរការយឺតជាងភ្នែកដែលរលើបរលោងដោយសន្សើមទឹកភ្នែក ហើយមិនប៉ុន្មានវិនាទីផង ដំណក់សន្សើមក្តៅឧណ្ហៗទាំងនោះក៏ហូរចាកផែនថ្ពាល់ជាន់លើដានចាស់របស់វា។
“ ជេយ៉ុន ” បុរសដង្ហោយហៅមនុស្សជាទីស្រលាញ់ក្នុងទឹកដមសម្លេងដ៏គួរឲ្យអាណិតបំផុត បុរសកម្សត់ចង់ចរចារតទៀតជាមួយនិងភរិយាដែរ ប៉ុន្តែជេយ៉ុប្រាស់ខ្លួនដេកបែរខ្នងដាក់នាយ បដិសេធមិននិយាយតទៅទៀតឡើយ។
“ អូនសម្រាកចុះ ថ្ងៃស្អែកសឹមយើងចរចារគ្នាទៀត សុបិនល្អប្រពន្ធសម្លាញ់ ” នាយប្រថុយថើបថ្ពាល់ក្រពុំមួយខ្សឺត ជាសំណាងដែរ ដែលជេយ៉ុនមិនបានរុញគេចេញ ទើបនាយប្រហើនថើបក្បាលគេមួយដង្ហើមយ៉ាងវែងទៀតសឹមបុរសប្រាស់ខ្លួនដេកទៅម្ខាងដែរ។ យប់នេះផងដែរ ស៊ុងហ៊ុន ចំណាយពេលពេញមួយយប់គិតពីជំហានបន្ទាប់ដែលត្រូវដើរ និងឧបសគ្គរាប់លានជំពូកដែលតាមផ្ចាញ់ផ្ចាលគេ។

វាយោរផាត់ស្នេហ៍Where stories live. Discover now