ភ្លៀងនិងខ្យល់កន្រ្តាក់កាលពីយប់បានបង្កគ្រោះមហន្តរាយយ៉ាងសម្បើមដល់អ្នកភូមិកោះអណ្តែត ផ្ទះអ្នកភូមិត្រូវបានខូចខាតជាដំណំ ជម្រកអ្នកខ្លះក៏ខូចខាតទាំងស្រុង ផ្ទះជេយ៉ុនសោតក៏ទទួលរងការប៉ះទង្គិចដូចគ្នា តែបើប្រៀបធៀបទៅនិងអ្នកដ៏ទៃផ្ទះគេក៏នៅមានសភាពប្រសើរជាងច្រើន គួរតែអរគុណដើមដូងដែលដុះអមជុំវិញផ្ទះច្រើន ពុំនោះទេនិងត្រូវលំបាកច្រើនដែរពុំខាន។
ដោយសារតែផ្ទះជេយ៉ុននៅមានសភាពល្អគួបផ្សំនិងនាយតូចចំណានដែលចេះស្គាល់ថ្នាំសង្កូវផងនោះទើបយើងឃើញថានៅផ្ទះគេត្រូវបានត្រៀបត្រាទៅដោយអ្នកភូមិ ភាគច្រើនគឺជាស្រីៗនិងក្មេងវ័យល្បាក់ដប់ឆ្នាំជាង និងអ្នកឈឺដោយគ្រុនផ្តាសាយ ចំណែកឯប្រុសៗពេញកម្លាំងក៏ពូតប្រមូលកម្លាំងគ្នាទៅជុសជុលផ្ទះសម្បែងវិញ។
អាល្អិតជេយ៉ុននៅក្នុងចង្រ្កានបាយមមាញឹកដៃពីរដៃបីដុតកម្តៅថ្នាំជួយសម្រួលដល់ជម្ងឺរបស់អ្នកភូមិ ញើសហូរសស្រាក់តាមចង្អូរខ្នងនិងថ្ងាស់ប៉ុន្តែគេយកសុខភាពអ្នកភូមិដាក់ជាធំនាំមុខភាពនឿយហត់របស់ខ្លួន។
" ម៉ាលីស ជួយមើលភ្លើងឲ្យបងបន្តិចផង បងយកទឹកថ្នាំឲ្យអ៊ំៗ" ជេយ៉ុនស្រែកហៅក្មេងស្រីក្រមុំដែលនៅក្បែរខ្លួនបំផុត ពឹងនាងឲ្យជួយមើលភ្លើងឲ្យចំណែកខ្លួនក៏យកទឹកថ្នាំដែលឆ្អិនជូនចាស់ៗ ម៉ាលីសឡើងមកប្តូរកន្លែងជេយ៉ុន កាយចំហេះផេះចេញសឹមដាក់អុសថ្មីចូល។
រាងតូចទ្រម៉ែយកអាសារអ្នកភូមិមិនឲ្យទាស់ចិត្តឡើយ ការងារជាច្រើនគេធ្វើតែម្នាក់ឯង រំងាស់ថ្នាំផងរត់មកជួយមើលអាការៈអ្នកភូមិផងធ្វើឲ្យពួកគាត់កាន់តែស្ងើចសរសើរនិងសន្តានចិត្តក្មេងនេះជាខ្លាំង សេចក្តីអាណិតស្រលាញ់មកលើគ្រួសារនេះក៏មានកាន់តែច្រើនឡើង ពួកគេអាចជាសមាគមន៍តូចមួយដែលពុំសូវមានការយល់ដឹងជ្រៅជ្រះ ប៉ុន្តែការអធ្យាស្រ័យនិងអត់ឱនតែងរមែងមិនឃ្លាងឃ្លាតចាកឆ្ងាយនោះឡើយ។
ថ្ងៃត្រង់បន្តិច ជេយ៉ុនរាងរង្វើលដៃមិនសូវមានការងារទៀតនោះឡើយដ្បិតថ្នាំក៏ដាំឆ្អិនអស់ចំណែកឯអ្នកខ្លះក៏បានធូរស្បើយច្រើនដែរ ដូច្នេះនាយតូចសម្រេចថានិងទៅរកស៊ុងហ៊ុននិងពុកដែលជួយជួសជុលផ្ទះអ្នកឯទៀត។
"ពុក!" អាល្អិតប្រកូកហៅលោកពុក លោកអ៊ំសុីមក៏រត់មករកកូនទាំងញញឹម។
"ពុកពិសារទឹកដូងសិនទៅ" ជេយ៉ុនហុចផ្លែដូងកាប់ហើយថ្មីជូនពុកលោកក៏ទទួលពិសារភ្លាមៗ ដោយសារស្ថិតក្រោមកម្តៅថ្ងៃយូរម៉ោងដូងមួយផ្លែធំគាត់លើកអកតែមួយដង្ហើមក៏ដាច់។
"ចុះមួយផ្លែទៀតមិនមែនយកឲ្យពុកដែរឯណាអី?" លោកអ៊ំជ្រឹមភ្នែកបន្ទាបសម្លេងចង់ញ៉ោះអាល្អិតច្បាស់ណាស់ អាល្អិតញញឹមបែបអៀនហើយក៏ក្រវីក្បាល ពុកគេចំមែនហើយយល់ដឹងគ្រប់តែរឿង។
"បងស៊ុងហ៊ុននៅឯណាពុក?" ដឹងថាមិនអាចកំបាំងពីឪពុកបាន ជេយ៉ុនសម្រេចសួរគាត់ដោយផ្ទាល់តែម្តង អ៊ំសុីមសើចក្នុងដើមកជាមួយនិងជេយ៉ុន ចេះមកធ្វើខ្លួនអឹមអៀនដូចស្រីក្រមុំទៅកើត។
"នោះ!កំពុងប្រក់ដំបូល" ជេយ៉ុន ពោលអរគុណឪពុករួចក៏បង្ហួសដើរតាមដៃដែលគាត់ចង្អុរ ស៊ុងហ៊ុងហាក់ផ្ចង់អារម្មណ៍និងការងារខ្លាំងណាស់ដ្បិតជាពុំបានចាប់អារម្មណ៍ដឹងពីវត្តមានរបស់ជេយ៉ុនដែលកំពុងឈរមើលគេនោះឡើយ។
"លោក.." សម្លេងស្រាលៗស្រទន់ដែលធ្លាប់ស្គាល់ហើរចូលត្រចៀកបង្អាក់សកម្មភាពអ្នកកម្លោះឲបែរមករកម្ចាស់សម្លេង ស៊ុងហ៊ុនចុះពីទីខ្ពស់ទុកការងារចោលមួយឡែកសិន ក្រែងថាក្មេងនេះមករកគេមានការអ្វី។
"ពិសារទឹកដូងសិនទៅ ហត់មួយព្រឹកហើយ" អាល្អិតហុចដូងទាំងកាន់ដៃពីរ ស៊ុងហ៊ុនសម្លឹងមុខគេឆ្លាស់ជាមួយនិងផ្លែដូងទំនងជារាងចម្លែកចិត្ត តែដោយក្តីហេវហត់គេក៏មិនបានប្រកែករករឿងឈ្លោះអ្វីឡើយ នាយទទួលយកផ្លែដូងទាំងពោលពាក្យអរគុណក្រោមដង្ហើមខ្សាវៗ។
នាយស៊ុងហ៊ុនបោះផ្លែដូងទទេរចោលទៅម្ខាង បម្រុងនិងទៅធ្វើការវិញតែក៏ត្រូវទច់ងក់ខណៈពេលដែលជេយ៉ុនដោះក្រមាដែលបង់ជាប់និងកមកជូតញើសឲ្យគេ។
"ម្សិលមិញហាលភ្លៀងថ្ងៃនេះហាលថ្ងៃ លោកមេបញ្ជាការទាហានត្រូវលំបាកព្រោះអ្នកស្រុកកោះដូចជាពួកខ្ញុំហើយ" ដោយសារតែកម្ពស់ទាបជាងទើបជេយ៉ុនត្រូវងើយមុខឡើងនិងជំទើតជើងបន្តិចដើម្បីជូតញើសនៅលើថ្ងាស់របស់គេ រយៈចម្ងាយសុវត្ថិភាពត្រូវបានកាត់បន្ថយ ផ្ទៃមុខតូចច្រមិចក៏ខិតមកកាន់តែជិតនៅក្នុងខណៈនោះស៊ុងហ៊ុនស្រាប់តែភ្លេចដកដង្ហើម វាជិតពេកស៊ុងហ៊ុនស្ទើរតែអាចរាប់ដឹងថានៅលើត្របកភ្នែករបស់គេមានរោមភ្នែកប៉ុន្មានសរសៃ រោមភ្នែកងរក្រាស់នោះទៀតសោតក៏តែងតែរង្គើរប៉ប្រះថ្ពាល់រាល់ពេលដែលជេយ៉ុនព្រិចភ្នែក ហើយលោកឧត្តមនាវីនៅតែប្រកាន់ភ្ជាប់នូវគោលគំនិតដដែលគឺ "ជេយ៉ុនពិតជាស្អាតខ្លាំងណាស់" គេស្អាតពេក ស្អាតលើសអស់នារីដែលធ្លាប់បានជួបពីមុនមក ស្អាតពេកធ្វើឲ្យបេះដូងរំជួយដូចជាក្មេងជំទង់ដែលទើបនិងមានស្នេហាលើកដំបូង វាធ្វើឲ្យគេរំភើបតែក៏ខ្លាចក្នុងពេលតែមួយ គេខ្លាចថាបេះដូងរឹងមាំមួយនេះនិងទ្រាំទ្រលែងបាន ខ្លាចថាគេនិងបាក់លោមដកខ្លួនលែងរួច។
"អរគុណហើយ ការងារបម្រើប្រជារាស្រ្តជាភារកិច្ចដែលរាជការគួរតែធ្វើវាមិនលំបាកនោះឡើយ" ស៊ុងហ៊ុន ចាប់កដៃតូចបង្អាក់រាល់សកម្មភាពរបស់គេរួចក៏ថយខ្លួនមួយជំហានដើម្បីរក្សាគម្លាតមួយសមស្របវិញ សាចដុំមួយក្តាប់កម្រើកក្នុងទ្រូងនោះលោតខ្លាំងពេកហើយនាយខ្លាចថាជេយ៉ុននិងស្តាប់ឮ។
"ពន្លៃជ្រុះអស់ហើយ ខ្ញុំជួយប្តូរថ្មីឲ្យ" ស៊ុងហ៊ុន ឱនមើលទៅចង្កេះខ្លួន ឃើញថាក្រណាត់រុំបានរសាយចំណង ជាប់កម្ទេចពន្លៃបន្តិចបន្តួចប៉ុណ្ណោះនៅលើមុខរបួស ប៉ុន្តែនាយក៏ពុំចង់រំខានជេយ៉ុនទៀតនោះឡើយទើបហាមជេយ៉ុន។
"ធ្វើការយូរគង់តែជ្រុះអស់ទៀតទេ ចាំល្ងាចទៅចុះ"
"អ្ហា៎ហត់ណាស់!" សម្លេងជនទីបីត្រូវបានឮបង្អាក់ការឆ្លើយឆ្លងរវាងអ្នកទាំងពីរ ជំនោររត់កក្លាក់ពីចម្ងាយមកដាក់ក្បាលលើស្មាររបស់ជេយ៉ុនតម្អួញតម្អែប្រាប់គេ។
"ស្អុយញើសខ្លាំងណាស់!" ជេយ៉ុន រុញក្បាលគេចេញ ពោលពាក្យដូចជាមិនពេញចិត្តតែនៅលើមុខមានស្នាមញញឹមមិនរបូត នេះគ្រាន់តែចង់លេងសើចជាមួយនិងជំនោរតែប៉ុណ្ណោះ។ ជំនោរកាលបើត្រូវមិត្តញ៉ោះដូច្នេះហើយក៏ក្រៀកចង្កេះជេយ៉ុនជាប់សសុលក្បាលនិងអាវរបស់ជេយ៉ុនធ្វើឲ្យវាសើមអស់ដោយញើសរបស់ខ្លួន។
"មើស៎ រសើប!"
"ឯងលម្អៀង យកទឹកដូងឲ្យបងស៊ុងហ៊ុនប៉ុន្តែគ្មានរបស់យើង!" កម្លោះជំនោរទន្រ្ទាំជើងធ្វើរឹកមិនសុខចិត្តច្រណែនដូចជាកូនក្មេង ជេយ៉ុនក៏សើចកខឹកជាមួយនិងភាពក្រម៉េចក្រមើមរបស់គេ។
អារម្មណ៍កាលពីយប់ក៏បំបុកជ្រួលច្រាលពេញទ្រូងលោកនាយទាហានសារជាថ្មី ស៊ុងហ៊ុននៅតែរកឈ្មោះដាក់ឲ្យវាមិនឃើញថាជាអារម្មណ៍អ្វី លោកគ្រាន់តែអាចដៅបានថារាល់ពេលដែលជំនោរនៅជិតនិងជេយ៉ុនលោកហាក់មិនពេញចិត្តសោះ និងចេះតែជ្រួលច្របល់ចង់ដឹងថាក្មេងទាំងពីរនេះមានទំនាក់ទំនងបែបណាឲ្យប្រាកដ។ លោកតាមមើលជេយ៉ុនដែលច្បិចចុងច្រមុះជំនោរហើយក៏ប្រាប់គេថានិងយកផ្លែដូងឲ្យគេមួយផ្លែដែរ លោកមើលឃើញពីភាពរីករាយរបស់ជំនោរដែលទទួលបានការយកចិត្តទុកដាក់ពីជេយ៉ុន នៅក្នុងពេលតែមួយលោកក៏ចាប់ភ្នកដឹងផងដែរថា ជេយ៉ុនតែងតែយកចិត្តទុកដាក់ជាមួយអ្នកគ្រប់គ្នា អ្នកដែលក្មេងនោះយកអាសារមិនមែនមានតែគេម្នាក់នោះឡើយ ហឹមមម មិនគួរណាលើកសង្ឃឹមខ្ពស់ហួសប្រមាណថាគេចាត់ទុកខ្លួនសំខាន់សោះ។សូមរងចាំភាគបន្ត
YOU ARE READING
វាយោរផាត់ស្នេហ៍
Historical Fictionដើមដូងដុះអមមាត់ច្រាំង ឆ្នេរខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកនិងវាយោរសមុទ្រពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ... Original work by:Ykayy