ទម្រាំតែបានមកផ្ទះវិញ មេឃមីខ្មៅដាប ងងឹតរកមើលអ្វីសឹងតែមិនឃើញ។ ជេយ៉ុន កំពុងស្ថិតនៅក្នុងឡានជាមួយនិងម្ចាស់ប្រុសស្រី និងមីងឃ្យូផងដែរ។ ដោយអ្នកទាំងពីរនោះបានអង្គុយជាមួយគ្នានៅផ្នែកខាងមុខ ចំណែកឯខ្លួនក៏អង្គុយនៅផ្នែកខាងក្រោយជាមួយនិងលោកទេពសេនា។
ជារើយៗ កម្លោះតូចរបស់យើង តែងតែលួចសម្លឹងមើលទៅកាន់ផែនខ្នងទូលាយមួយនោះជានិច្ច។ ជេយ៉ុន ឃើញគេញញឹមស្រាលចេញមករហូតមើលទៅដូចជាមានសេចក្តីសុខខ្លាំងណាស់ ខុសអីពីនាយដាច់ ដែលល្អគុណតែពីខាងក្រៅ តែធាតុពិតខាងក្នុងគឺ ចិត្តបានរលាយស្លាប់ទៅតាមវេលាកាលបាត់ទៅហើយ។
“ អូយ៎! ” ជាសម្លេងលម្អងដែលលាន់មាត់ឡើងព្រោះតែភាពភ្ញាក់ផ្អើល។
ឡានដែលបើកត្រង់ផ្លូវមុននេះ បែរជាធ្លាក់ជង្ហុកធំ ទើបបង្កឱ្យរលាក់ និងបង្កើតការប៉ះទង្គិចបន្តិចបន្តួច។ ចំណែកឯមីងឃ្យូដែលនៅជិតជេយ៉ុនក៏រេផ្លិចលឿនណាស់ដែរ ពោលគឺគេបានជួយទប់ខ្លួនជេយ៉ុន រាំងមិនឱ្យប្រាណតូចទៅបុកទង្គិចនិងកៅអីខាងមុខ។
“ យ៉ាងម៉េចហ្នឹងនាយដិន? ” ស៊ុងហ៊ុន រាងតម្លើងសម្លេងបន្តិចដាក់សូហ្វ័រឡានរបស់ខ្លួន។ ផ្លូវប៉ុនផ្លូវ មកជិះឱ្យធ្លាក់ជង្ហុកកើត!
“ អធ្យាស្រ័យផងទាងប្រោស ខ្ញុំបាទរវល់តែផ្ទៀងត្រចៀកស្តាប់ មានអារម្មណ៍ដូចជាឮសម្រឹបជើងសេះតត្រុកយ៉ាងម៉េចទេទាន! ” នាយដិន បរិយាយសេចក្តីប្រាប់ទៅកាន់ម្ចាស់ប្រុស។ នៅពេលដែលដិន និយាយដូច្នេះស៊ុងហ៊ុនរួមទាំងអ្នករាល់គ្នាក៏បានផ្ទៀងត្រចៀកស្តាប់ដូចគ្នាផងដែរ។ សម្លេងសម្រឹបជើងសេះគឺពិតជាឮពិតមែន។ ស៊ុងហ៊ុន បញ្ជាឱ្យដិនបើកឡានម្តងយឺតម្តងលឿនដើម្បីឱ្យប្រាកដចិត្តថាសម្រិបជើងសេះទាំងនោះកំពុងតែតាមពួកគេពិតមែនឬក៏អ្វី។ ហើយក៏ដូចជាអ្វីដែលបានគិតពិតមែន ដ្បិតនៅពេលដែលឡានបរលឿន សម្លេងជើងសេះក៏ដូចជាប្រឹងបោលតាមដែរ ហើយនៅពេលដែលឡានបន្ថយល្បឿន សម្រឹបជើងសេះក៏ចាប់បន្ថយល្បឿនដូចគ្នា។
ចាប់ដឹងពីភាពមិនប្រក្រតី ស៊ុងហ៊ុន ហូតកាំភ្លើងខ្លីសៀតនិងចង្កេះចាំត្រៀមប្រយុទ្ធ រីឯ ទេពសេនាមីងឃ្យូក៏បានត្រៀមកូនកាំបិទនិងម្ជុលពិសរួចជាស្រេចដូចគ្នា។ ដិន មីងឃ្យូ និង ស៊ុងហ៊ុន សុទ្ធតែជាអ្នកដែលចេះរបៀបការពារខ្លួនគឺប្រាកដជាគ្មានបញ្ហានោះទេ អ្វីដែលជាបន្ទុកគួរឱ្យបារម្ភជាជាបំផុតនោះគឺ លម្អង ជេយ៉ុន និងនាងឆើតនោះឯង។
លម្អង ភ័យខ្លួន ចាប់ញ័រចំប្រប់ដ្បិតស្រីមិនធ្លាប់ជួបហេតុការណ៍បែបនេះពីមុនមកឡើយ។ នាងស្រី ប្រឹងសសុលខ្លួនតិចៗចូលទៅជិតកាយមាំ ឱបដើមដៃរបស់គេជាប់ដើម្បី ទទួលបានអារម្មណ៍កក់ក្តៅខ្លះមកលួងលោមចិត្តដែលកំពុងតក្កមា។
“ បើមានរឿងអ្វីកើតឡើង ឯងត្រូវតែនៅជិតយើងជានិច្ច យល់ទេ ជេយ៉ុន? ” មីងឃ្យូ និយាយដោយសម្លេងតិចៗទៅកាន់ជេយ៉ុន យល់ថាគេក៏ជាមនុស្សប្រុសដូចគ្នា ប៉ុន្តែក្មេងនេះគេគ្មានជំនាញរឿងវាយតប់ សម្រាប់ការពារខ្លួនឡើយ ម្លោះហើយនាយត្រូវតែដើរតួជារនាំង ជាខែលការពាររបស់គេ។ យ៉ាងណាមិញពាក្យទាំងនោះ ក៏បានហោះចូលត្រចៀករបស់ស៊ុងហ៊ុនផងដែរ។
តាមរយៈក្រសែរភ្នែក ស្តែងចេញថាគេមិនបានពេញចិត្តពីភាពស្និទ្ធស្នាលនេះសូម្បីតែប៉ុន សសៃសក់ តែស្ថិតក្នុងដំណាក់កាលដែលកាន់តែតឹងត្អឹងដូច្នេះ ប្រសិនបើមានអ្នកការពារជេយ៉ុនម្នាក់ក៏ប្រសើរម្យ៉ាងដែរ នាយមិនអាចប្រកាន់ចិត្តប្រចណ្ឌក្នុងអំឡុងពេលនេះបានឡើយ។
“ បុាំង! ” ជាគ្រាប់សំណរទីមួយដែលបានផ្លាតចេញមកពីខាងគុម្ពោតព្រៃ។ មួយគ្រាប់នេះមិនបានបង្កជារបួសស្នាមឱ្យអ្នកណានោះទេ តែក៏ត្រូវនិងកង់ឡាន បង្អាក់ដំណើរពួកគេមិនអាចឱ្យបន្តដំណើរទៅមុខបាន។ នៅពេលឡាន ឈប់ទាំងតក់ក្រហល់បែបនេះ បង្កជាភាពចលាចលមួយខណៈដែរ។
មិនដឹងជាក្រុមមនុស្សមកពីណាទេ នាយសម្គាល់អត្តសញ្ញាណមិនបាន ព្រោះពួកវាសុទ្ធតែស្លៀកពាក់បាំងជិតៗអស់ មើលឃើញតែប្រឡង់ភ្នែកក្រឡោតៗប៉ុណ្ណោះ។
“ បុាំង! បុាំង! ” គ្រាប់កំភ្លើងផ្ទុះចេញបាចសាចដូចជាទឹកភ្លៀង។ ពួកគេមានជម្រើសតែពីរប៉ុណ្ណោះ ចេញទៅតតាំង ឬក៏សំងំស្លាប់នៅក្នុងនេះ។ ហើយជម្រើសដែលត្រូវបានជ្រើសរើស ប្រាកដណាស់ថាចេញទៅស៊ូតតាំង យ៉ាងណាក៏ខាងគេនេះមានឈាមជ័រជាអ្នកចម្បាំងមិនចេះខ្លាចស្លាប់ស្រាប់ទៅហើយ។
“ ខ្ញុំ មីងឃ្យូ និងនាយដិននិងបាញ់រះ ការពារអ្នកទាំងបី មិនថាបែបណាទេ ត្រូវតែរត់ទៅរកជំនួយឮទេ? ត្រូវតែរត់កុំបកក្រោយឱ្យសោះ! ” ក្នុងនាមជាមេបញ្ជាការមួយរូប ស៊ុងហ៊ុន ចេញបញ្ជាភ្លាមៗ។ យ៉ាងណាត្រូវតែឱ្យជនដែលគ្មានកម្លាំងស៊ូរត់រករួចខ្លួនឱ្យបាន ចំពោះនាយវិញ ជឿជាក់មុតមាំណាស់ថាខ្លួនមិនស្លាប់ត្រឹមគេឆ្លប់វាយប្រហារប៉ុណ្ណឹងនោះឡើយ។
“ អ្នកនាងលម្អងនិងឆើតរត់ទៅចុះ! ខ្ញុំអាចស៊ូនៅជាមួយលោកទាំងបីបាន ” ជេយ៉ុន មិនអាចនាំខ្លួនឱ្យរត់រករួចខ្លួនបាននោះឡើយ ក្នុងចិត្តពិតបារម្ភខ្លាំងមិនចង់ចាកចោលបុរសមួយជំហានណាឡើយ។ ស៊ុងហ៊ុន ប្រែជាទឹកមុខមាំ តានតឹងកាន់តែខ្លាំង ក្មេងនេះគួរតែស្តាប់គេម្តងក៏បានដែរ។
“ ត្រឹមពួកយើងបីនាក់ស៊ូរួចហើយ ឆាប់រត់ទៅ នេះជាបញ្ជា ខ្ញុំឱ្យឯងនាំអ្នកនាងលម្អងរត់! ” នាយបើកបំពង់ក តម្លើងសម្លេងជាងមុន។ ទឹកភ្នែកជេយ៉ុនស្រាប់តែហូរស្រក់ដោយមិនបានទទួលបញ្ជា គេតាមមើលរាងមាំទាំដែលបើកទ្វារចេញពីឡានដើម្បីបាញតទល់ជាមួយនិងពួកឆ្លបទាំងនោះ។
“ ឆាប់រត់ទៅ ជេយ៉ុន! ” ម្តងនេះជាសម្លេងរបស់លោកទេពសេនាម្តង។ មីងឃ្យូ បើកទ្វារយ៉ាងតក់ក្រហល់រួចចាប់ទាញរាងកាយស្តើងចេញពីឡាន ពុំនោះទេជេយ៉ុននិងមិនកម្រើកទៅណានោះឡើយ។
ស្របពេលអ្នកដែលមានកម្លាំងអាចប្រយុទ្ធតទល់បានកំពុងតែបាញ់តទល់ទៅវិញទៅមក អ្នកទាំងបីក៏ព្យាយាមរត់ទាំងភ័យភិតដូចគ្នា។
ជេយ៉ុន រត់ផងងាកក្រោយផង ដើម្បីមើលពីស្ថានភាពឈុតឆាកប្រយុទ្ធ ទោះបីស៊ុងហ៊ុននិងមីងឃ្យូដែលជាជើងឯកក៏ដោយ តែគ្នាតិចទល់ជាមួយនិងគ្នាច្រើនខ្លាចតែស៊ូមិនបានយូរនោះទេ។
“ អ្នកនាងលម្អងនិងឆើតរត់ទៅចុះ ខ្ញុំទៅជួយម្ចាស់ប្រុសវិញ! ” លម្អង ស្រែកឡូងៗក៏ឃាត់ជេយ៉ុនមិនឈ្នះដែរ ម្លោះហើយនាងក៏សម្រេចនាំនាងឆើតរត់ដើម្បីប្រញាប់ដល់ភូមិនិងអាងបានសុំជំនួយ។
និយាយពីជេយ៉ុនឯណេះវិញ គេរើសបានកំណាត់ឈើមួយទុកគ្រាន់ជាជំនួយក្នុងការតទល់។
“ ដឹប! ” មាឌល្អិត វាត់កំណាត់ឈើវាយទៅអាម្នាក់ដែលហៀបនិងលើកដៃបាញ់ទៅកាន់ស៊ុងហ៊ុន ឱ្យវាប្រកាច់នៅនិងកន្លែងភ្លាម។
“ លោកអត់មានត្រូវអីទេមែនទេ? ”
“ ម៉េចក៏នាយរត់មកវិញ? មិញនេះខ្ញុំឱ្យនាយរត់ នាយស្តាប់មិនយល់មែនទេ? ” ស៊ុងហ៊ុន ស្រែកទាំងកំហឹង លាយឡំនិងបារម្ភផង។ ក្នុងដំណាក់កាលស្លាប់រស់យ៉ាងនេះទៅហើយ ម៉េចបានជាក្មេងម្នាក់នេះមិនអាចស្តាប់គេបានសោះអ៊ីចឹង? បើសិនជាគេកើតអ្វីពិតមែន នាយនិងឆ្គួតចិត្តមើលលែងជាមិនខាន។
“ ខ្ញុំគ្រាន់តែបារម្ភពីលោក! ” ជេយ៉ុន ប្រកូកតបទាំងមានអារម្មណ៍ថាអន់ចិត្តជាខ្លាំង។ គ្រាន់តែបារម្ភ ចង់ចូលមកជួយតើវាធ្ងន់ធ្ងរ ត្រូវខឹងនាយដាច់ក្បាលដាច់កន្ទុយដល់ថ្នាក់នេះដែរមែនទេ?
“ ចុះម្ចាស់ស្រី? បានអ្នកណាការពារម្ចាស់ស្រីអ្ហាស៎? ” មួយឃ្លានេះ ដូចឆ្កៀលបេះដូងគេឱ្យឆ្កែសុីមិនខុសឡើយ។ បារម្ភអស់ពីពោះ មិនត្រឹមតែមិនត្រូវបានមើលឃើញហើយ ក៏ត្រូវខកចិត្តថែមទៀតផង។ ជេយ៉ុន ទោះចង់ឈឺចិត្តក៏គ្មានពេលឈឺដែរ ដ្បិតពេលនេះនាយក៏ត្រូវតទល់ជាមួយនិងពួកថ្លើមខ្មៅអស់នេះដែរ។
“ ត្រឡប់ទៅវិញ លោកអាចដាក់ទោសខ្ញុំបែបណាក៏បាន តែពេលនេះបារម្ភពីខ្លួនឯងសិនទៅ! ” និយាយចប់សឹងតែមិនទាន់ ក៏មានបុរសម្នាក់កាន់កាំបិតស្នៀតហក់បម្រុងមកចាក់ឱ្យចំបំពង់ក ផ្តាច់ជីវិតរបស់នាយតូចយើងតែម្តង តែជេយ៉ុនក៏រហ័សគ្រាន់បើទើបអាចគេចទៅម្ខាងទាន់។
“ ទៅរកកន្លែងពួនទៅជេយ៉ុន! ” មីងឃ្យូ ផ្ទាត់ម្ជុលពិសរបស់ខ្លួន ការពារជេយ៉ុន ទាំងមាត់ក៏ប្រឹងស្រែកក្តែងៗឱ្យគេរកកន្លែងមានសុវត្ថិភាព។ នៅលើខ្លួនក៏មានរបួសដែរ ប៉ុន្តែមើលទៅដូចជាខ្វល់ពីជេយ៉ុនច្រើនជាងអាត្ម័នខ្លួនឯង។
“ ស៊ុងហ៊ុន! អ្ហឹក! ” ស្រែកតែមួយវ៉ាស ហើយក៏ស្ងាត់សម្លេងទៅវិញ ដ្បិតកាំបិតស្នៀតមុខសស្ញាចដែលគប់តម្រង់មករកស៊ុងហ៊ុន ត្រូវបានរងជាប់ដោយរាងកាយតូចរបស់ជេយ៉ុនបានទៅហើយ។
សន្លាក់ជើងទ្រទម្ងន់ខ្លួនលែងជាប់ លោហិតចាប់ផ្តើមហូរចេញពីមុខរបួស ទាំងមានអារម្មណ៍ថាឈឺអន្ទះអន្ទែង។
“ ជេយ៉ុន! ” ស៊ុងហ៊ុន ស្រែកភ្លាត់សម្លេង ខណៈដែលបានឃើញកាយតូចតន់ត្រូវទំនាញផែនដីឆក់ទាញឱ្យដួលទាំងបែបនេះ។ នាយចូលទៅត្រកងកាយតូច ទាំងតំណក់ទឹកភ្នែកចាប់ផ្តើមជ្រាបមករឹមៗ។
“ ក្មេងល្ងង់ បងឱ្យអូនរត់ ហេតុអីក៏មិនស្តាប់! ” នាយក្រសោបកាយតូច និយាយខ្សឹបៗក្បែរត្រចៀក ឆ្លៀតថើបក្បាលគេតិចៗផង ទឹកភ្នែកនាយស្រក់ចុះដោយមិនអាចហាមបាន។ ក្នុងខណៈនេះ នាយលែងខ្វល់ពីអ្វីទាំងអស់ ក្រៅពីចង់នាំជេយ៉ុនចេញពីទីនេះ ដើម្បីបញ្ចូនគេឱ្យពេទ្យមើលយ៉ាងឆាប់រហ័សបំផុត។
“ បង.. បងសម្លាញ់ ” បបូរមាត់ស្លេកស្លាំង បង្ហើបទាំងលំបាកលំបិន តែក៏ប្រឹងទាញវាឱ្យគួចជាស្នាមញញឹម ព្រោះទទួលដឹងពីភាពកក់ក្តៅពីម្ចាស់ស្នេហ៍។
យូរណាស់ហើយដែលមិនបានស្ថិតក្នុងរង្វង់ដៃនេះ យូរណាស់ហើយដែលស៊ុងហ៊ុន មិនបានឱបគេដូច្នេះ។ អារម្មណ៍ដែលត្រូវបានឱបក្រសោបគឺពិតជាកក់ក្តៅខ្លាំងណាស់ អាចស្លាប់នៅក្នុងរង្វង់ដៃមួយនេះ ជេយ៉ុន និងមិនស្តាយនោះទេ។
“ សូមទោស! កុំកើតអីឱ្យសោះណា! ”
“ ម..មក..រក អូនវិញ..ហើយមែនទេ... អ.. អូនស្រលាញ់បង ” គេនិយាយបានតែប៉ុណ្ណោះក៏ស្ងាត់បាត់ទៅ ហើយសម្តីទាំងនេះក៏សមល្មមអាចរុញស៊ុងហ៊ុនទម្លាក់ចូលទៅក្នុងជ្រោះបាន។ គេមានអារម្មណ៍ថា ផែនដីលែងវិលទៀតហើយ ផែនដីរបស់គេកំពុងតែគាំងមួយកន្លែងហើយ ព្រោះម្ចាស់បេះដូងមួយដួងនេះកំពុងតែឃ្លាតឆ្ងាយពីគេហើយ។
“ បងស្រលាញ់អូនដូចគ្នា កុំទៅណា.. កុំទៅណាចោលបងអី ”សូមរង់ចាំភាគបន្ត....
ថូវគ្នាវិញអ្ហៃ 😞
YOU ARE READING
វាយោរផាត់ស្នេហ៍
Historical Fictionដើមដូងដុះអមមាត់ច្រាំង ឆ្នេរខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកនិងវាយោរសមុទ្រពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ... Original work by:Ykayy