ជំ. ៣៦: កុំបំភ្លេចស្នេហ៍អូនចោលអី

468 66 21
                                    

បន្ទាប់ពីរស់នៅទីនេះបានមួយរយៈ ជេយ៉ុនសង្កេតឃើញថា ស៊ុងហ៊ុន ពុំសូវជាបាននៅផ្ទះប៉ុន្មាននោះទេ។ គេរូតចេញពីផ្ទះតាំងតែពីព្រឹករហូតដល់មេឃងងឹតរកមើលអ្វីលែងឃើញទើបត្រឡប់ចូលផ្ទះវិញ។ ជួនកាលស្ទើរតែមួយថ្ងៃពេញជេយ៉ុនមិនបានយល់ភ័ក្រ្តបុរសសូម្បីតែបន្តិច ហើយបើកាលណាដែលបានជួបហើយ គេក៏ធ្វើជាប្រងើយកណ្តើយ មុខមិនឱ្យក្រោយមិនបែរ មិនចង់សូម្បីតែជ្រលក់មាត់និយាយរក។
“ ជេយ៉ុន ទៅកាច់ផ្កាមក ហើយដាក់អប់ក្នុងទឹកទុកឱ្យម្ចាស់ប្រុសផង ទាំងទឹកសម្រាប់លុបមុខ ទាំងក្នុងទឹកងូតណា ”  ការងារមួយធ្វើមិនទាន់រួចពីដៃស្រួលបួលផង មីងប្រិមក៏ជួយបន្ថែលការងារមួយទៀតឱ្យនាយតូចយើងឱ្យហើយ។ មិនមែនជេយ៉ុនខ្ជិល ទម្រន់មិនចង់ធ្វើការទេប៉ុន្តែនាយគ្រាន់តែឆ្ងល់ហេតុអីក៏ស៊ុងហ៊ុនដាក់កម្រិតប្រើឱ្យគេឯងដាក់ផ្កាម្លិះក្នុងបន្ទប់ ក្នុងទឹកគេងូតរាល់ថ្ងៃ ជុំវិញផ្ទះទៀតសោតក៏សុទ្ធតែគុម្ពផ្កាម្លិះ រីកខ្លះរោយខ្លះ សស្គុសពេញតែធ្លាផ្ទះ។
“ ម្ចាស់ប្រុសចូលចិត្តផ្កាម្លិះណាស់អ្ហេមីង? ” ជេយ៉ុន កោសដូងបណ្តើរ មាត់ប៉ប៉ោចសួរទៅមីងបណ្តើរ។ មីងក្រវីក្បាលតតាត់ តែចម្លើយរបស់គាត់បែរជាផ្ទុយពីនោះទៅវិញ។
“ ពីមុនអត់ទេ តែតាំងពីគាត់ត្រឡប់មកពីសង្រ្គាមលើកមុនវិញ មកដល់ក៏បញ្ជាឱ្យដាំផ្កាម្លិះគ្រប់កន្លែងដែលមានដីទំនេរ ក្នុងបន្ទប់គាត់មិនដែលឱ្យបាត់ក្លិនផ្កាម្លិះទេចឹងហើយបានជាត្រូវកាច់ផ្កាស្រស់ដាក់ក្នុងបន្ទប់គាត់រាល់ថ្ងៃ។ ចម្លែកដែរ ម្ចាស់ប្រុសពីមុនមិនចូលចិត្តផ្កាភ្ញីស្អីទេ តែឥឡូវវិញណា ទៅណាក៏សៀតផ្កាម្លិះតាមខ្លួនដែរ ”  អ៊ីចឹងសោះ ទើបបានជាជេយ៉ុនតែងតែឃើញស៊ុងហ៊ុន សៀតផ្កាម្លិះជាប់ក្នុងហោប៉ៅអាវរបស់គេរាល់ថ្ងៃ។ នាយតូចយើងស្រាប់តែរំពៃនឹកដល់អានុស្សារចាស់ៗកាលពីនៅល្អូកល្អើននិងគ្នា។ ស៊ុងហ៊ុន ប្រាប់ថាគេចូលចិត្តមល្លិកាណាស់ ដ្បិតនោះជាក្លិនដែលជាប់មានលើខ្លួនរបស់ជេយ៉ុន ម្យ៉ាងទៀតស៊ុងហ៊ុនក៏ច្រើនតែហៅខ្លួនថាម្លិះជំនួសឱ្យឈ្មោះរបស់ជេយ៉ុន គេនៅតែស្រលាញ់ផ្កាម្លិះ តើគេនិងនៅតែស្រលាញ់ខ្លួនដែរទេ? កាន់តែគិតកាន់តែមិនយល់ មិនយល់សោះពីចិត្តបុរស បើគេនៅស្រលាញ់ បើគេនៅរឮកដល់នាយដែរ តើចាំបាច់អីត្រូវសម្តែងលាក់ពុតធ្វើជាមិនស្គាល់។

វាយោរផាត់ស្នេហ៍Where stories live. Discover now