សាលកាត់ក្តី
ការជំនុំជម្រះត្រូវកើតមានឡើង សាលកាត់ក្តីត្រូវបានបើកទ្វារជាថ្មីបន្ទាប់ពីត្រូវបានបិទអស់រយៈពេលជាយូរថ្ងៃ។ មនុស្សម្នាជជែកគ្នា របូតពីមាត់មួយទៅមាត់មួយក៏ព្រោះតែចង់បែងចែករកហេតុផល រីឯខ្លះទៀតក៏ហាមាត់ជេរផ្ទេចផ្តាសា ដ្បិតក្នុងសង្គមដែលកំពុងតែអភិវឌ្ឍបែរជាមានពួកឈ្លើងសង្គមចាំលបលួចបង្កបញ្ហា បង្កើតភាពវឹកវល់ទៅវិញ។
បុរសប្រាំនាក់ ត្រូវបានលត់ជង្គង់ចុះ ដៃទាំងគូត្រូវបានចងស្លាបសេកក្រព័ទ្ធទៅក្រោយ និងស្ថិតក្រោមកែវភ្នែករាប់សិបគូនិងទទួលបានពាក្យត្មិះដៀលយ៉ាងតំណមដ្បិតពួកគេនេះហើយដែលជាពួកបាតសង្គម ធ្វើខ្លួនដូចជាឆ្កែ លបលួចវាយប្រហារលោកឧត្តមនាវីកាលពីប៉ុន្មានថ្ងៃមុន។
“ ពួកអស់លោកបង្កភាពចលាចល ប្រព្រឹត្តអំពើរអបាយមុខ ដូច្នេះរាជការនិងផ្តន្ទាទោសទៅតាមច្បាប់ ដោយត្រូវជាប់ពន្ធធនាគារ ដប់ឆ្នាំ និងត្រូវក្លាយជាអ្នកទោសរបស់រដ្ឋបន្ទាប់ពីចេញពីគុកវិញ! ” ជាសេចក្តីថ្លែងប្រកាសចុងក្រោយ មុននិងពួកគេត្រូវបានអូសទៅដាក់នៅក្នុងគុក។ មែនទែនទៅជនដៃដល់ ពុំមែនមានត្រឹមតែប៉ុណ្ណឹងនោះទេ ប៉ុន្តែពួកវាបាននគេចភាសខ្លួនអស់ខ្លះ រីឯខ្លះទៀតក៏សុខចិត្តសម្លាប់ខ្លួន ដ្បិតដឹងមិនអាចគេចផុតពីច្បាប់។
ស៊ុងហ៊ុន ស្ថិតនៅក្នុងបន្ទប់សៀវភៅ ទាំងអាការៈហត់ល្វើយជាខ្លាំង។ សៀវភៅ និងឯកសារជាច្រើនត្រូវបានតម្រៀបនៅលើតុ នាយប្រឹងមើលឡើងភ្នែកប្រែជាស្រវាំងអស់ទៅហើយ។ មួយរយៈនេះ មានរឿងផ្ទួនៗ នាយត្រូវដោះស្រាយរឿងកើតចលាចលព្រោះតែឧក្រិដ្ឋកម្មផង ត្រូវរៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីផង មួយថ្ងៃទល់មួយថ្ងៃរកតែពេលធ្មេចភ្នែកដេកមួយសន្លេតមិនបានផង។
“ លោកបង! ” សម្លេងស្រទន់របស់នារីត្រូវបានបន្លឺឡើង។ លម្អង អើតកតាមប្រឡោះទ្វារដែលនាងបានបង្ហើបបន្តិចនោះ តែមិនទាន់ហ៊ានចូលព្រោះមិនទាន់ទទួលបានការអនុញ្ញាតនៅឡើយ។
“ ចូលមកខាងក្នុងសិនមកលម្អង ” នាយប្រមូលសៀវភៅ និងក្រដាសដែលរាយលើតុ ទុកដាក់ទៅម្ខាង ដើម្បីឱ្យមើលទៅមានសណ្តាប់ធ្នាប់ជាងមុន ស្របពេលតែមួយ លម្អងក៏បានចូលខ្លួនមកដាក់អង្គុយទល់មុខស៊ុងហ៊ុនផងដែរ។
“ យល់ថាលោកបងនឿយហត់ នាងខ្ញុំយកតែម្លិះមកជូន តាំងតែពីថ្ងៃនោះមក លោកបងមិនទាន់បានសម្រាកស្រួលខ្លួនទេ ”
“ អរគុណ លម្អង ” សំនួនសម្តីពិរោះ តែគ្មានជាតិផ្អែមនៅក្នុងនោះទេ សូម្បីតែសព្វនាមថា ‘អូន’ មួយម៉ាត់ក៏បុរសម្នាក់នេះមិនធ្លាប់ហៅនាងដែរ។ នាងយល់ហើយក៏សែនជូរចត់ ស្វាមីនាងប្រៀបដូចជាការដើម្បីតែបំពេញភារកិច្ចជាបុរស តែគ្មានភ្ជាប់មកជាមួយនិងមនោសញ្ចេតនាបន្តិចណាឡើយ។
“ លោកបងទៅសម្រាកនៅបន្ទប់ទេយប់នេះ ” នួនស្រី ព្យាយាមលាក់ពីភាពជូរចត់ដោយស្នាមញញឹមមិនសូវសមរបស់នាង។ នាងដឹងចម្លើយរួចមកហើយដែរ ប៉ុន្តែនៅតែចង់សួរ ក្រែងលោរគេអាចនិងដូរចិត្តក្នុងកំឡុងវិនាទីណាមួយ។
ស៊ុងហ៊ុន ទម្លាក់ពែងតែដែលខ្លួនបានក្រេបមុននេះចុះ ទឹកមុខស្ងប់ដូចទឹកសមុទ្រមុនពេលមានព្យុះភ្លៀង ទើប លម្អង ពិបាកស្ទង់រកចម្លើយ។
“ លម្អង បងមិនចង់ឱ្យចម្លើយរបស់បង ធ្វើឱ្យអូនឈឺចាប់ទេ ” ទោះបីគេមិនបានផ្តល់ចម្លើយក៏វានៅតែឈឺស្រាប់ទៅហើយ។ តាំងតែពីរៀបការមក ពួកគេពុំធ្លាប់គេងរួមគ្នាម្តងណាឡើយ ស៊ុងហ៊ុន តែងតែសំងំនៅបន្ទប់សៀវភៅ។ ទោះបីជាមិននៅទីនេះ ក៏ពួកគេនៅតែគេងបែកគ្នាដដែល ពោលគឺលម្អងគេងលើគ្រែ ចំណែកឯបុរសរបស់យើង បែរជាក្រាលកម្រាលគេងនៅជ្រុងម្ខាងនៃបន្ទប់ទៅវិញ។ ហេតុផលយ៉ាងណានាងមិនធ្លាប់ដឹង ដឹងត្រឹមតែថានាងជានារីទើបនាងសម្រប និងមិនសួរដេញដោលពីគេច្រើន។
“ បកស្រាយមក នាងខ្ញុំចាំស្តាប់លោកបង ” ស៊ុងហ៊ុន ហឺតដង្ហើមមួយខ្សឺតយ៉ាងវែង នាយបិទភ្នែកដ្បិតមិនអាចទ្រាំមើលពីភាពឈឺចាប់របស់នារី ដែលជ្រាបចេញមកជាទឹកភ្នែកបានឡើយ។ វាដល់ពេលសមល្មមដែលប្រាប់ការពិតទៅនាងហើយ វានិងធ្វើឱ្យនារីម្នាក់ឈឺចាប់បន្តិច តែវាក៏ប្រសើរជាងឱ្យនាងរង់ចាំក្តីសង្ឃឹមក្លែងក្លាយដែរ ព្រោះនាយមិនអាច និងមិនស្រលាញ់នរណាម្នាក់ដែលមិនមែនជា ជេយ៉ុន បាននោះឡើយ។
“ បងសូមទោសណា លម្អង តែបងមានមនុស្សក្នុងចិត្តរួចទៅហើយ ” តរុណី ស្រក់ទឹកនេត្រាកាន់តែខ្លាំងឡើង។ ស្រលាញ់មនុស្សម្នាក់មិនមែនជាកំហុសទេ អ្វីដែលជាកំហុសនោះគឺស្រលាញ់មនុស្សដែលមានម្ចាស់រួចទៅហើយ បេះដូងមួយនេះបែរជាខុសឆ្គងស្រលាញ់បុរសម្នាក់ដែលប្រាណទំនេរតែបេះដូងគ្មានកន្លែងសម្រាប់ដាក់នាងទៅវិញ។
បុរសម្នាក់នេះ គឺពិតជារៀបការព្រោះតែកាតព្វកិច្ចពិតមាន។ គ្រួសារ ប្រាក់ និង គ្រួសារផាក សុទ្ធតែជាវង្សរាជការដូចគ្នា។ ដោយលោក ប្រាក់ គង្គ ជាមេទាហាន ជើងគោក រីឯលោក ចក្រសិរី គឺជាមេទ័ពជើងទឹក ក្រោមហេតុផលដើម្បីពង្រីកនិងពង្រឹងទ័ព មេទ័ពទាំងពីរក៏សម្រេចផ្សារភ្ជាប់សាច់ឈាមគ្នា តាមរយៈការផ្សំផ្គុំកូនប្រុសស្រី ឱ្យក្លាយទៅជាគូស្រករនិងគ្នា។ ស៊ុងហ៊ុន ទោះបីមិនបានស្រលាញ់ក៏មិនបានប្រកែក ដ្បិតបុរសជាបុត្រល្អមិនចង់ឱ្យឪពុកអាប់ឱនកិត្តិតសនោះឡើយ។ លុះដល់ ស៊ុងហ៊ុន បានជួប ជេយ៉ុន ទើបនាយបានដឹងថាខ្លួននាយមិនមានចិត្តប្រតិព័ទ្ធលើនារីណាឡើយ តែបែរជាមានទំនោរទៅរកបុរសដូចគ្នាទៅវិញ។ ប៉ុន្តែស្រុកជំនាន់ដើមដែលមានគំនិតចាស់គំរិលនិងច្បាប់ប្រទេសដ៏សែនចង្អៀតចង្អល់បានក្លាយទៅជាបញ្ហារាំងស្ទះដ៏ធំបំផុត ដោយមិនតម្រូវឲមានការស្រលាញ់ភេទដូចគ្នាបាននោះឡើយ វាក៏ជាបញ្ហាចម្បងដែលសង្កត់ ស៊ុងហ៊ុន ជាប់មិនអាចបដិសេធនិងមង្គលការមួយនេះបាន។ ប្រសិនបើនាយរុញច្រានមង្គលការមួយនេះចោល ឪពុកក៏ត្រូវជាប់ឈ្មោះជាមនុស្សទឹកមាត់មិនប្រៃ ចំណែកឯជេយ៉ុននិងនាយក៏ត្រូវមានទោសផងដែរ។ ប្រសិនបើទោសទារុណ នាយជាអ្នកទទួលរ៉ាប់រងតែម្នាក់ក៏មិនថ្វី តែមានទោសទាំងជេយ៉ុនទៀតផង ដូច្នេះនាយមិនអាចប្រថុយ ធ្វើតាមបេះដូង ហើយនាំជេយ៉ុនមកស្ថិតក្នុងគ្រោះថ្នាក់ដោយសារតែនាយនោះទេ។
“ ក្នុងនាមខ្ញុំជាស្រ្តី ខ្ញុំមិនធ្លាប់ប្រាថ្នាអ្វី ក្រៅពីពិធីមង្គលការស្របតាមប្រពៃណីនិងគ្រួសារតូចមួយ ប៉ុន្តែប្រសិនបើចិត្តលោកបងមិនអាចមានខ្ញុំបាន ខ្ញុំក៏មិនបង្ខំ ខ្ញុំសូមត្រឹមនៅក្បែរបងបំពេញនាមជាភរិយាប៉ុណ្ណោះ ” នាងនិយាយទៅនេះ មិនមែនអង្វរទទូចសូមក្តីស្រលាញ់នោះឡើយ នាងគ្រាន់តែចង់បំពេញតួនាទីជាភរិយាដូចជានារីរៀបការហើយទូទៅប៉ុណ្ណោះ។
ហេតុអ្វីទើបនាងមិនសូមលែងលះ បើដឹងថារស់នៅមានឈ្មោះជាភរិយាហើយនាងនៅតែគ្មានសិទ្ធទទួលបានក្តីស្រលាញ់ពីគេដដែល? រឿងបែបនេះ នារីត្រកូលខ្ពង់ខ្ពស់ មានចំណេះដឹងដូចជានាងអាចស្វែងយល់យ៉ាងងាយនិងគិតបានយ៉ាងល្អន់ល្អិត។ ប្រសិនបើអ្នកទាំងពីរ លែងលះគ្នាបន្ទាប់ពីការរួចមិនបានមួយខែផង និងកើតមានរឿងអាស្រូវពុំខាន។ ចាស់ៗនិងមើលមុខគ្នាលែងចំ ហើយវាក៏អាចបណ្តាលជាទំនាស់ផ្ទៃក្នុងផងដែរ។ នាងគិតពីអ្នកគ្រប់គ្នា គិតពីប្រយោជន៍រួម ទោះបីនាងមិនបានទទួលក្តីស្រលាញ់ពីស៊ុងហ៊ុនក្នុងនាមជាភរិយា តែហោចណាស់ក៏នាងទទួលបានក្តីស្រលាញ់ក្នុងនាមជាប្អូនស្រី ម្យ៉ាងវិញទៀត ស៊ុងហ៊ុន តែងតែគោរពនិងឱ្យតម្លៃនាងដែលជាស្រ្តីណាស់ ម្ល៉េះហើយនាងក៏គួរតែតបស្នងសេចក្តីគោរពយ៉ាងសមតម្លៃទៅកាន់គេវិញផងដែរ។
“ ជ្រុលជាឱ្យខ្ញុំដឹងថាលោកបងមានម្ចាស់ចិត្តហើយ លោកបងមិនគិតប្រាប់ខ្ញុំថាគេជាអ្នកណាទេមែនទេ? ” លម្អង ជូតទឹកភ្នែកលើថ្ពាល់ចេញ ជំនួសមកវិញនូវស្នាមញញឹមថ្ពាល់ខួចដ៏ស្រស់ស្អាតរបស់នាង។ ឃើញបែបនេះស៊ុងហ៊ុនក៏បានស្បើយក្នុងទ្រូងមួយកម្រិត ដ្បិតវាល្អជាងអ្វីដែលនាយបានគិតទុកក្នុងចិត្ត លម្អង មិនបានខឹងស្អប់នាយនោះឡើយ។
“ ប្រសិនបើមានពេលវេលាណាល្អបងនិងប្រាប់ប្អូន ”
“ លម្អង ចង់ទៅលេងភ្នំស្រល់ ទៅបរបាញ់សត្វជាមួយលោកបងនៅអាទិត្យក្រោយផងតើបានទេ? ” បើកុំតែបាន លម្អង រំឮក ស៊ុងហ៊ុន ស្ទើរតែភ្លេចបាត់ថា លោកទេពសេនា មីងឃ្យូ បានបបួលគេទៅបរបាញ់សត្វ។ ស៊ុងហ៊ុន ធ្វើមុខដូចជាភ្ញាក់ផ្អើលណាស់ ពិតគេនេះរវល់ឡើងភ្លេចភ្លាំងដូចជាតាចាស់ទៅហើយ។
“ មានអី បើប្អូនចង់ទៅ ទៅបានទេតើ! ”
“ លម្អង ចង់យក ជេយ៉ុន ទៅជាមួយដែរ ទុកឱ្យនាងឆើត នៅផ្ទះចុះ ព្រោះនាងមិនចំណាប់និងរឿងឡើងភ្នំទេ ហើយបុិនខ្លាចទៀត ” ជាការពិត ស៊ុងហ៊ុន មិនបានចង់ឱ្យ ជេយ៉ុន ទៅនោះឡើយ។ មូលហេតុក៏ព្រោះតែនាយទៅនេះគឺទៅជាមួយនិងមីងឃ្យូ និយាយដោយអាត្មានិយមបន្តិចទៅចុះ នាយមិនចង់ឱ្យអ្នកទាំងពីរបានជួបគ្នានោះទេ។ នាយមិនចូលចិត្តក្រសែភ្នែក ដែលមីងឃ្យូមើលទៅកាន់ជេយ៉ុន មិនចូលចិត្តពេលមីងឃ្យូយកអាសារជេយ៉ុន ជ្រុលហួសហេតុពេក តែបើនាយមិនអនុញ្ញាតនោះលម្អងនិងកើតចម្ងល់បន្សល់ជាការសួរដេញដោលពុំខាន។
“ ប្អូនចង់យកអ្នកណា ក៏យកអ្នកទៅចុះ ”រង់ចាំភាគបន្ត....
ល្មមរំងាប់ចិត្តខឹងលើ បងឧត្តមនាវីបានហើយ 🥲
YOU ARE READING
វាយោរផាត់ស្នេហ៍
Historical Fictionដើមដូងដុះអមមាត់ច្រាំង ឆ្នេរខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកនិងវាយោរសមុទ្រពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ... Original work by:Ykayy