ជំ. ៤៩: មានការលះបង់ ទើបមានសេចក្តីស្រលាញ់

1.3K 115 54
                                    

  ពេលវេលាដើរទៅមុខឥតឈប់ឈរ រីឯមនុស្សក៏កំពុងព្យាយាមរត់ឱ្យទាន់ពេលវេលាកាលនិងគេដែរ។ អ្វីៗអាចឃាត់បាន តែពេលវេលានេះមួយ ទោះមានអំណាចឥទ្ធិពលខ្លាំងយ៉ាងណាក៏មិនអាចឃាត់ពេលវេលាឱ្យគាំងនៅតែមួយខណៈបានដែរ។
  នៅថ្ងៃស្អែក លោកទេពសេនា មីងឃ្យូ ត្រូវធ្វើដំណើរត្រឡប់ទៅកាន់មាតុប្រទេសរបស់គេវិញហើយ ដូច្នេះហើយ ទើបរើសយកថ្ងៃនេះជាពេលវេលាដ៏ល្អបំផុតក្នុងការសាកល្បងថ្វីដៃជាមួយនិងលោកឧត្តមនាវី។
  សូរ្យករស្ថិតនៅចំកណ្តាលវេហាស៍ ជះឥទ្ធិពលធ្វើឱ្យសូរ្យកាលមានសភាពក្តៅគួរឱ្យចំបែង។ តែស្ថិតក្នុងពេលតែមួយ យើងឃើញបុរសពេញរូបពីអ្នកកំពុងតែឈរតទល់គ្នាហាក់បីដូចមិនញញើតខ្លាចត្រូវខ្លោចប្រាណក្រោមរស្មីក៏ក្តៅសោះ។ មែនទែនទៅ កម្តៅព្រះអាទិត្យនៅក្តៅចាញ់កម្តៅនៃចិត្តរបស់ពួកគេផង ក្នុងចិត្តកំពុងតែពុះកញ្រ្ជោលស្ទើរដុតពួកគេឱ្យស្លាប់នៅកន្លែងទៅហើយ ដ្បិតម្នាក់ៗដែលកំពុងឈរនៅទីនេះសុទ្ធតែមានគោលដៅរាងៗខ្លួន។
  លោកឧត្តមនាវី ស៊ុងហ៊ុន ឥតមាននិយាយស្តីអ្វីមួយម៉ាត់តាំងតែពីឈានជើងចូលដល់ទីលានហ្វឹកហាត់ តែថ្ងៃនេះ ទីនេះគឺប្រៀបដូចជាសមរភូមិមួយរបស់នាយអ៊ីចឹង។ ថ្លោះធ្លោយគឺស្មើរនិងចាញ់ ប្រសិនបើចាញ់ ទោះមិនស្លាប់រូបក៏អាចស្លាប់ចិត្តដែរ។
  ចំណែកឯលោកទេពសេនាវិញ យើងធ្លាប់តែឃើញគេជាមនុស្សឆិល មានភាពក្រមិចក្រមើម នៅក្នុងថ្ងៃនេះយើងបានឃើញម្តងហើយពីសភាពមាំទាំរបស់គេ។ ទឹកមុខស្មើរធេង បីដូចសមុទ្រដែលស្ងប់ខ្យល់មុនខ្យល់ព្យុះមកដល់ បើសត្រូវបានឃើញក៏មានអារម្មណ៍រអាខ្លះដែរ។ នៅក្នុងដៃពួកគេសុទ្ធតែប្រដាប់ដោយលំពែងម្នាក់មួយ ព្រោះបានកំណត់ហើយថានិងល្បងវិជ្ជាគុណដោយប្រើលំពែង ដើម្បីទទួលបានលទ្ធផលដ៏សមស្រប។
  " ចាត់មនុស្សឱ្យទៅប្រាប់ជេយ៉ុនឱ្យរៀបចំខ្លួនធ្វើដំណើរទៅ វ្លើង ឱ្យហើយទៅ " យកសាំងទៅលេងនិងភ្លើងច្បាស់ណាស់ មីងឃ្យូ ញញឹមខើចមាត់ក្នុងន័យឌឺដង។ ក្នុងនាមស៊ុងហ៊ុនជាមនុស្សចិត្តត្រជាក់ គេនិងមិនឱ្យភ្លើងក្នុងចិត្តនោះមកដិតកម្លោច បំបាក់គេឱ្យកម្រោលនោះទេ ម្លោះហើយទើបបុរសញញឹមស្មើរៗទៅវិញ។
  " អ្វីក៏ដោយ ប្រសិនបើស្ថិតនៅក្នុងទឹកដីរបស់ខ្ញុំ ត្រូវតែជារបស់ខ្ញុំតរហូតទៅ " បញ្ចប់ប្រយោគភ្លាម មិនចាំយូរ ស៊ុងហ៊ុន វាត់លំពែងឡើងប្រកាសបើកការប្រយុទ្ធ។ វាយបំបុកលំពែងវាយប្រហារទៅរកពោះរបស់មីងឃ្យូតែនាយរហ័យទើបគេចទាន់មួយក្បាច់នេះ។
ពួកគេផ្តោះប្តូរទឹកដៃជាមួយគ្នាប៉ុន្មានក្បាច់ មើលទៅទឹកដៃល្អប្រហាក់ប្រហែលគ្នា មិនមាននរម្នាក់ទទួលរបួស ឬទទួលរងការវាយប្រហារធ្ងន់ធ្ងរឡើយ។
  ដឹប!
  ស៊ុងហ៊ុន ឱនគេចផ្លែលំពែងមុតស្រួច រួចក៏សកត្រឡប់មួយក្បាច់ទៅវិញ។ ដងលំពែងក្រវាត់ត្រូវខ្នង រុញលោកទេពសេនាឱ្យឃ្លាតឆ្ងាយពីស៊ុងហ៊ុនបន្តិច។
  " វាយបានល្អណាស់! " មីងឃ្យូ ឆ្លៀតសរសើរហុចន័យឌឺដង ស៊ុងហ៊ុន ក៏ញាក់ស្មារមិនទទួលជ្រាបពាក្យអស់ទាំងនោះ។
  ដឹប!
  ម្តងនេះជាស៊ុងហ៊ុនវិញម្តងដែលទទួលបានការវាយប្រហារ ដងលំពែងវាត់ចំកជើងឱ្យនាយបាត់ចំហរមួយរំពេច។ នាយលត់ជង្គង់ផ្ទាល់និងដី តែមិនបាត់ស្មារតីព្យាយាមតបតវិញ។
  ឱកាសហុចដៃមកហើយ បើមិនចាប់គឺពិតជាគួរឱ្យស្តាយ។ មីងឃ្យូ ផ្ទួនៗបន្ថែមពីរបីក្បាច់ទៀតឱ្យស៊ុងហ៊ុនដកឃ្លាសឹងមិនទាន់ បានត្រឹមតែរងៗយកមួយរួចខ្លួន។
  ក្រឹក!ឆ្វាច់!
  ភ្លេចខ្លួនតែបន្តិច សន្ធឹកលំពែងទង្គិចគ្នាក៏លាន់ឮមួយប្រាវទៀត លោកទេពសេនា ឆ្កឹះលំពែងរបស់ស៊ុងហ៊ុនបាន ឱ្យគេគ្មានអាវុធតប ក្នុងពេលតែមួយក៏ជ្រុលដៃរុញលំពែងទៅបណ្តាលឱ្យឆូតចំដើមដៃខាងស្តាំរបស់ស៊ុងហ៊ុន។ នាយយើងលើកដៃខ្ទប់មុខរបួសដែលកំពុងតែហូរមកឥតឈប់ មួយល្វែងខាងលើនាយត្រូវរាងដំណមដែរ សុទ្ធតែស្នាមជាំដោយលំពែង នាយក៏ដឹងខ្លួនថាចាញ់ប្រៀបលោកទេពសេនាដែរ ពិតអីនាយធ្នឹកជាមួយកាំភ្លើង ជាមួយគ្រឿងផ្ទុះជាង។
  " លោកឧត្តមនាវីយ៉ាងម៉េចហើយ? " មីងឃ្យូ រត់ស្រមកមើលគេ មុននេះគឺពិតជាជ្រុលដៃពិតមែន នាយគ្មានចេតនាលេងខ្សែលើអ្នកដែលគ្មានអាវុធក្នុងដៃមកតទល់ជាមួយនិងនាយទេ។ ស៊ុងហ៊ុន លើកដៃម្ខាងឡើងជាសញ្ញាប្រាប់ថា គេមិនអីនោះឡើយ បន្តិចក្រោយមកគេក៏ប្រឈមជាមួយលោកទេពសេនាទាំងញញឹមស្ងួត។
  " លោកឈ្នះហើយ ជេយ៉ុន គឺជារបស់លោក " លក្ខខណ្ឌគឺអ្នកណារបួសមុន ជាអ្នកចាញ់។ ស៊ុងហ៊ុន គោះស្មារលោកទេពសេនារួចក៏ដើរបង្ហួសគេ ទទួលស្គាល់ខ្លួនឯងក្នុងនាមជាអ្នកចាញ់។ មីងឃ្យូ តាមមើលដំណើរគេ ទាំងដកដង្ហើមធំ ចម្លែកណាស់នាយបែរជាមិនសប្បាយចិត្តនិងជ័យជម្នះមួយនេះសោះ។ នាយឃើញកែវភ្នែកទទេរស្អាតរបស់ ស៊ុងហ៊ុន ដែលដើរចេញទៅ តែនាយអាចប៉ាន់ដឹងថាពីក្រោយភាពទទេរស្អាតនោះ មានរឿងដែលបានលាក់បង្កប់ច្រើនណាស់ ទោះមើលមិនដឹងថាវាជាអ្វី តែនាយក៏យល់បានខ្លះពីអារម្មណ៍របស់គេដែរ ទោះស៊ុងហ៊ុន សោះកក្រោះពិតមែន តែគេនៅតែជាមនុស្ស ដែលមានបេះដូង មានសាច់ឈាម មានមនោសញ្ចេតនាដូចគេឯងដែរ។ ដូចគេធ្លាប់និយាយថា កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ មនុស្សដែលធ្លាប់មានទំនាក់ទំនងជាមួយគ្នា ទៅស្និទ្ធស្នាលឬក៏អត់ ពេលដែលត្រូវនិយាយពាក្យលា រមែងមានការស្តាយស្រណោះដូចគ្នា។

វាយោរផាត់ស្នេហ៍Where stories live. Discover now