ក្រោយភ្លៀងមេឃគង់ស្រឡះ បន្ទាប់ពីសេចក្តីទុក្ខ សេចក្តីសុខក៏និងឈានចូលមកដល់ដូចគ្នា។
ក្រោយការខូចខាតជាដំណំ និងការចំណាយកម្លាំង បង្ហូរញើសក្រោមកម្តៅថ្ងៃចំនួនពីរថ្ងៃ អ្នកភូមិកោះអណ្តែតបានប្រមូលផ្តុំគ្នាជុំវិញគប់ភ្លើង ដើម្បីសំណេះសំណាលនិងអបអរដល់ការខំប្រឹងនិងភាពនឿយហត់របស់ពួកគេ។ សត្វជ្រូកព្រៃដែលប្រមាញ់បានត្រូវបានដាក់ឆ្អើរនៅលើភ្លើងចោលក្លិនឆ្ងុយភាយពេញច្រមុះ ការជួបជុំបែបសាមញ្ញនិងធម្មតា មិនមានសុរាអមអ្វីឡើយតែនៅតែធ្វើឲ្យការជួបជុំនេះសប្បាយហឹកហ៊ាក់តរហូត សម្លេងសើចនិងការជជែកផ្តោះផ្តងពីមាត់មួយឮបន្តរហូត ពួកគេអង្គុយនៅទីនេះតាំងពីក្បាលព្រលប់ទល់មេឃធ្លាក់ពន្លឺឈានដល់ពាក់កណ្តាលអាធ្រាតហើយក៏នៅមិនទាន់អស់រឿងនិយាយ។
“ពួកយើងអរគុណដល់អ្នកកម្លោះស៊ុងហ៊ុនច្រើនហើយ ក្មួយបានជួយជាកម្លាំងដល់ពួកយើងច្រើនណាស់” លោកអ៊ំមេភូមិនិយាយឡើង អ្នកឯទៀតក៏យល់ស្របជាមួយនិងមតិរបស់គាត់ផងដែរ ស៊ុងហ៊ុនបានផ្តល់កម្លាំងមួយផ្នែកធំជួយជាដៃជាជើងដល់អ្នករាល់គ្នា ដោយហេតុដូច្នេះធ្វើឲ្យអ្នកភូមិចាប់ផ្តើមស្គាល់គេកាន់តែច្រើននិងចាប់ផ្តើមបើកចិត្តស្វាគមន៍វត្តមានរបស់គេនៅទីនេះកាន់តែខ្លាំង។
“វាជាអ្វីដែលខ្ញុំបាទគួរតែធ្វើ អ្នកភូមិនេះបានជួយសង្រ្គោះជីវិតខ្ញុំ ផ្តល់ជម្រកឲ្យច្រកកោណ នៅទីនេះគួរតែខ្ញុំវិញទេដែលគួរតែប្រើពាក្យអរគុណ” ស៊ុងហ៊ុនងើបឈរពេញកម្ពស់សំពះឱនគំនាបដាក់រាល់គ្នា ធ្វើការថ្លែងអំណរគុណជាសារធារណៈជាពិសេសគឺទៅកាន់គ្រួសាររបស់អ៊ំសុីម។ នាយមាឌមាំដាក់ខ្លួនអង្គុយចុះវិញនៅជិតជេយ៉ុន សម្លឹងចំភ័ក្ត្រស្រទន់ហើយក៏ញោចស្នាមញញឹមមួយដែលធ្វើឲ្យលេចស្នាមក្រឡៅនៅលើថ្ពាល់របស់គេ នៅវិនាទីនោះជេយ៉ុនអាចស្វែងយល់ពីចិត្តរបស់ខ្លួនកាន់តែខ្លាំង គេយល់ហើយហេតុអ្វីបេះដូងដែលជាសភាវៈតូចប៉ុនបាតដៃនោះចេះតែលោតលឿនខុសប្រក្រតីរាល់ពេលលោកឧត្តមនាវីនៅជិត ការយកចិត្តទុកដាក់និងមើលថែកន្លងមកមិនមែនជាទង្វើរយកអាសារតែមួយមុខឡើយ តែវាក៏កើតចេញពីសេចក្តីស្រលាញ់ផងដែរ ហើយរាល់ពេលស្នាមញញឹមកម្រនោះរីកឡើងលើផ្ទៃមុខសង្ហារបស់គេ ជេយ៉ុនយល់ថា...ខ្លួនលង់កាន់តែជ្រៅ។
ប្រុសតូចងាកចេញគេចពីកែវភ្នែកស្រទន់ដែលមានអំណាចគ្របគ្រងលើបេះដូង នាយកាយដំឡូងអាំងចេញពីភ្នក់ភ្លើងបោសៗផេះចេញ និងផ្លុំរហូតដល់វាក្តៅឧណ្ហៗសឹមហុចឲ្យទៅស៊ុងហ៊ុន។ បន្ទាប់ពីអាហារសាច់ ដំឡូងជ្វាជាបង្អែមលាងមាត់ដ៏ល្អបំផុតសម្រាប់អ្នកនៅទីនេះ។
ស៊ុងហ៊ុន ទទួលយកវាមកបរិភោគហើយក៏ក្រហឹមនៅដើមកនៅពេលដឹងដល់ពីរសជាតិផ្អែមល្មួតជាប់អណ្តាត នាយបរិភោគបណ្តើរស្តាប់អ្នកភូមិជជែកគ្នាតបណ្តើរ។
“លោកឋិតនៅក្នុងជួរទ័ពត្រូវទេ បើមិនប្រកាន់ទេពួកយើងអាចដឹងបានឬអត់តើលោកមានឋានន្តរស័ក្តិជាអ្វី?” អ្នកភូមិម្នាក់បន្លឺឡើង គាត់សួរទាំងមុខមិនសូវសម ទំនងខ្លាចថានាយទាហានម្នាក់នេះនិងប្រកាន់ជាមួយនិងសំនួរនេះ ស៊ុងហ៊ុន ក្រហឹមរួចក៏អង្គុយត្រង់ខ្លួនសម្រួលឥរិយាបថរបស់ខ្លួនបើប្រាប់ការពិតទៅតើពួកគេនិងគិតថានាយតម្កើងខ្លួនខ្ពស់ពេកដែរទេ?មើលឃើញពីការប្រែប្រួលរបស់នាយស៊ុងហ៊ុនហើយធ្វើឲ្យគ្រប់គ្នាបង្អាក់សកម្មភាព ក្នុងវង់ប្រែជាស្ងាត់ ភ្នែកគ្រប់គូប្រមូលផ្តុំមកលើស៊ុងហ៊ុនជាចំណុចរួម ត្រចៀកបះត្រង់ចាំស្តាប់ចម្លើយចេញពីបបូរមាត់ក្រាស់។
“ខ្ញុំ...ខ្ញុំកាន់កាប់ទាហានប្រាំមួយពាន់នាក់ជាង...” ថ្វីបើនាយពុំបានបញ្ជាក់ឲ្យចំអំពីឋានន្តរស័ក្តិពិតប្រាកដ តែចម្លើយប៉ុណ្ណេះក៏អាចឲ្យគ្រប់គ្នាចំហរមាត់បាន ទាហានប្រាំមួយពាន់នាក់ក៏មានន័យថាស្មើរនិងជីវិតចំនួនប្រាំមួយពាន់ដូចគ្នា គេតែម្នាក់មានអំណាចគ្រប់គ្រងមនុស្សរាប់ពាន់នាក់ក្រោមឱវាទ ឋានៈស័ក្តិយសមុខតែមិនមែនតូចតាចឡើយ ពិតជាគួរឲ្យស្ញប់ស្ញែងណាស់។
“ទាហានប្រាំមួយពាន់នាក់...” លោកអ៊ំចេតដែលជាមេភូមិទន្ទេញស្ងាត់ៗ បីដូចជាកំពុងតែរកនឹកអ្វីមួយ នៅវិនាទីដែលគាត់នឹកឃើញគាត់ក៏បើកភ្នែកធំៗមុននិងប្រកាសឮៗ។
“លោកឧត្តមនាវី! លោកឧត្តមនាវីដែលគេតែងតែស្ងើចសរសើរនោះហើយ!” លោកស្ទុះលត់ទល់ជង្គង់ម្ខាងដល់ដី ក្បាលឱនចុះគោរពដល់អ្នកមានឋានៈខ្ពស់ជាង អ្នកឯទៀតកាលបើចាប់បានហើយក៏ប្រញាប់ធ្វើតាមអ៊ំចេតដែរ ពួកគេក៏គោរពកោតក្រែងលោកឧត្តមនាវីនេះណាស់ទោះពុំដែលស្គាល់ថាលោកឧត្តមនាវីនោះមានរូបរាងបែបណាក៏ដោយចុះ អាស្រ័យដោយហេតុថារាល់ពេលដែលទៅដល់ទីក្រុងអ្នកនៅទីនោះអ្នកណាៗក៏សរសើរពីលោកមិនដាច់មាត់ រាល់ពេលដែលប្រុសៗត្រឡប់មកវិញក៏មិនភ្លេចចែកចាយអំពើរល្អរបស់លោកឲ្យអ្នកភូមិស្តាប់លើយ ពួកគេអាចឡើងចុះទៅទីក្រុងបានដោយសុវត្ថិភាពក៏ព្រោះតែមានក្រុមទាហានជើងទឹកការពារដែរ មិនតែប៉ុណ្ណោះលោកឧត្តមនាវីនេះហើយជាអ្នកស្មើរសុំព្រះអង្គឲ្យបញ្ចុះបន្ថយថ្លៃពន្ធសម្រាប់ការដឹកជញ្ជូនតាមផ្ទៃទឹក លោកបានជួយអ្នកភូមិច្រើនណាស់ទាំងដោយផ្ទាល់និងជាប្រយោល។ ពេលនេះ វេលានេះ លោកអ្នកធំគួរជាទីគោរពស្ថិតនៅនិងមុខពួកគេ អង្គុយនៅក្នុងហ្វូងរបស់ពួកគេ ហូបអាហាររួមនិងពួកគេ នេះគឺជាកិត្តិយសដ៏ធំសម្បើមសម្រាប់ភូមិកោះតូចមួយនេះ។
“ទាំងអស់គ្នាធ្វើអ្វីឆាប់ក្រោកឡើង! ជេយ៉ុន!” ស៊ុងហ៊ុន ឆ្លេឆ្លាខណៈដែលគ្រប់គ្នាបង្ហាញការដឹងគុណ ឱនលំទោនស្ទើរតែទន់ខ្លួនដល់ដី សូម្បីតែក្មេងចចេសជេយ៉ុនក៏ដូចគ្នា។
“យើងខ្ញុំមានភ្នែកឥតប្រស្រី ពុំបានស្វែងយល់ឲ្យដឹងរាក់ជ្រៅ មិនបានទទួលលោកឲ្យបានសមរម្យ សូមអធ្យាស្រ័យផងទានប្រោស”
“ខ្ញុំបាទក៏សុំអភ័យទោសដែលធ្លាប់ប្រើប្រាស់ពាក្យពេជចន៍មិនសមរម្យចំពោះលោកកន្លងមក” ជេយ៉ុនជួយបន្ថែមពីលើសម្តីលោកអ៊ំចេត ស៊ុងហ៊ុនក្រវីក្បាលទាញពួកគេឲ្យងើបអង្គុយតាមកន្លែងរបស់ពួកគេវិញ។
“ខ្ញុំពុំបានប្រកាន់ទោសពៃរ៍អ្វីឡើយ ខ្ញុំបានជំពាក់គុណជីវិតរបស់អស់លោករាល់គ្នានៅទីនេះ នៅលើកោះនេះខ្ញុំមិនមែនជាមេទាហានជើងទឹកអ្វីនោះទេ ខ្ញុំគ្រាន់តែជារាស្រ្តសាមញ្ញដែលសុំជម្រកជ្រកកោណ ផ្ញើរខ្លួនដែលពោរពេញទៅដោយរបួសម្នាក់ប៉ុណ្ណោះ” ស៊ុងហ៊ុនទម្លាក់ងារជាទាហានអង់អាចចោល តាំងខ្លួនឲ្យទាបតាមដែលអាចធ្វើទៅបានដូច្នេះពួកគេនិងមិនមានរនាំងវណ្ណៈខណ្ឌចន្លោះ។ បើគ្មានជេយ៉ុននិងឪពុកគេទេនាយប្រហែលក្លាយជាខ្មោចអនាថាអណ្តែតតាមសមុទ្របាត់ទៅហើយ បើមិនបានជួបអ្នកភូមិនេះទេនាយក៏និងគ្មានថ្ងៃទទួលអារម្មណ៍បែបនេះឡើយ..គឺអារម្មណ៍ដូចជានៅផ្ទះ..។
“ក្នុងភូមិយើងជិតប្រារពពិធីមង្គលហើយ យើងធ្វើឲ្យហឹកហ៊ាក់បន្តិចទៅដើម្បីទទួលលោកផង” អ៊ំសុីមលើកយោលបល់ឡើង អ្នកឯទៀតក៏អ៊ូអែរយល់ស្របជាមួយគាត់។
“ប្រាកដណាស់!”
ភាពអ៊ូអរត្រូវបានត្រឡប់មកវិញ គ្រប់គ្នាចាប់ផ្តើមជជែកគ្នាគួរតែរៀបចំពីធីបែបណា ក៏តែដាក់សាច់អ្វីដើម្បីទទួលលោកជាពិសេស ស្របពេលនោះដែរសមីខ្លួនហាក់ដូចជានៅងីងើជាមួយនិងអ្វីដែលកំពុងកើតឡើងនៅលើយ។
“នៅក្នុងរយៈពេលពីរថ្ងៃទៀតម៉ាលីសប្អូនស្រីជំនោរនិងរៀបការហើយ ពួកយើងនិងចូលរួមអបអរទាំងអស់គ្នា” ជេយ៉ុន ជួយបកស្រាយចម្ងល់ជូនស៊ុងហ៊ុន ដោយចង្អុរទៅកាន់ក្មេងស្រីដែលអង្គុយបន្ទាប់ពីជំនោរ នាងតូចក៏ញញឹមអឹមអៀនកាលបើគេនិយាយពីពិធីមង្គលការរបស់ខ្លួន។
“អ៊ីចឹងទេឬ”
“ជាកិត្តិយសណាស់ដែលបានលោកចូលរួមពិធីមង្គលការប្អូនស្រីរបស់ខ្ញុំ” ជំនោរ បង្ហាញពីសេចក្តីសោមនស្សទៅកាន់ស៊ុងហ៊ុនតាមរយៈស្នាមញញឹមស្រស់សង្ហាររបស់គេ ហើយវាក៏ជាលើកទីមួយដែលយើងឃើញលោកឧត្តមនាវីញញឹមតបទៅអ្នកកម្លោះជំនោរ។ម៉ោងបួនទាបភ្លឺ ពន្លឺចាប់ផ្តើមតម្លើងម្តងបន្តិច មេឃខៀវស្រងាត់សុីចង្វាក់សម្របជាមួយផ្ទៃសាគរល្បឹងល្វើយ វេលាថ្មើរនេះអ្វីដែលយើងឮច្បាស់បំផុតនោះគឺសម្លេងសត្វយំនិងស្នូរទឹករលកបោលប៉ប្រះនិងឆ្នេរខ្សាច់។ តាមរយៈពន្លឺដ៏តិចតួចស្ទើរភ្លឺស្ទើរងងឹតដោយហេតុព្រះអាទិត្យមិនទាន់អាចបញ្ចេញអំណាចគ្របគ្រងផ្ទៃមេឃទាំងមូលនៅឡើយ យើងអាចមើលឃើញនូវស្រមោលស្ទង់ៗមួយគូបណ្តើរគ្នាដើរតាមបណ្តោយឆ្នេរសមុទ្រ។
ជារើយៗស៊ុងហ៊ុនតែងតែលួចចោលកន្ទុយភ្នែកទៅកាន់ក្មេងប្រុសមាឌល្អិតដែលដើរទន្ទឹមនិងខ្លួន ពន្លឺដ៏ស្តួចស្តើង ខ្យល់ដែលបក់មកម្តងៗក៏ធ្វើឲ្យសក់ខ្មៅក្រឹបត្រូវរលាស់ទៅមកដូចជារេរាំតាមចង្វាក់ភ្លេង ស៊ុងហ៊ុននិងចំណាំហើយកត់ត្រាទុកក្នុងខួរក្បាលថាធម្មជាតិនាពេលទាបភ្លឺគឺជាពេលមួយដែលជួយលើកសម្រស់ជេយ៉ុនម្នាក់នេះឲ្យកាន់តែផូរផង់ទ្វេរដង។
“ខ្ញុំសូមអភ័យទោស...” ជេយ៉ុនបន្លឺឡើងកាត់សម្លេងរលកនិងសត្វយំ នៅស្ងៀមៗគេស្រាប់តែសូមទោសក៏បង្កជាភាពងឺងឆ្ងល់ដល់អ្នកដែលមានវ័យច្រើនជាង តែមុននិងស៊ុងហ៊ុនអាចសួរពីមូលហេតុបានជេយ៉ុនក៏បន្តប្រយោគដែលមិនបានបញ្ចប់របស់គេ “ខ្ញុំសូមទោសដែលប្រើពាក្យស្មើរលើស្មើរក្រោមជាមួយលោកអាស្រ័យដោយដឹងថាលោកជាអ្នកណាតាំងពីដំបូង”
ជេយ៉ុនបង្អាក់ដំណើររបស់ខ្លួនរួចបែរទៅកាន់សមុទ្រខៀវស្រងាត់ ស៊ុងហ៊ុនក៏ធ្វើតាមគេដែរ។
“ខ្ញុំបានដឹងដោយសារស្លាកឈ្មោះនៅលើអាវរបស់លោក”
“យើងបាននិយាយរួចហើយថាពុំបានប្រកាន់អ្វីនោះឡើយ”
“ពេលនេះឋានៈលោកត្រូវបានអ្នកគ្រប់គ្នាដឹងហើយ ខ្ញុំបាទប្រហែលជាត្រូវប្រើអាកប្បកិរិយាឲ្យបានសមរម្យជាងនេះហើយ អ្ហឹះៗ” បញ្ចប់ប្រយោគជាមួយនិងសម្លេងសើចនៅបំពង់ក សម្លេងសើចនេះប្រៀបដូចជាតន្ត្រីប្រគុំកំដរត្រចៀកស៊ុងហ៊ុនដូច្នោះដែរ។ ស៊ុងហ៊ុន ឈានមួយជំហានមកខាងមុខដូច្នេះគេអាចឈរទល់មុខជាមួយនិងក្មេងប្រុស ភ្លាមៗទិដ្ឋភាពផ្ទៃសមុទ្រក៏ត្រូវបានជំនួសដោយមុខសង្ហារខាបព្រលឹង ជេយ៉ុនងើយមើលគេទាំងភ្នែកចាំងព្រិចៗ។
“មិនថាឋានៈយើងជាអ្វីឡើយ ឯងនៅតែជាក្មេងដែលចចេសនិងរឹងរូសជានិច្ចសម្រាប់យើង” និយាយនេះគឺចង់បានន័យថា មិនថាខ្លួនឋានៈអ្វី មានងារជាអ្វីក៏គម្លាតវណ្ណៈមិនបានខណ្ឌរវាងគេនិងជេយ៉ុនឡើយ។ ប្រាកដណាស់ការពិតដែលជេយ៉ុនជាក្មេងរឹងរូសគឺគួរឲ្យធុញ តែ...វាប្រហែលជាឈឺចាប់ប្រសិនបើក្មេងម្នាក់ព្យាយាមរក្សាគម្លាតពីគេ។សូមរងចាំភាគបន្ត
YOU ARE READING
វាយោរផាត់ស្នេហ៍
Historical Fictionដើមដូងដុះអមមាត់ច្រាំង ឆ្នេរខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកនិងវាយោរសមុទ្រពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ... Original work by:Ykayy