ជំ. ៤០: វាជាមនោសញ្ចេតនារបស់ខ្ញុំ

548 75 62
                                    

បំណងល្អពីអ្នកសរសេរ: ដកដង្ហើមឱ្យវែងៗ ចាំអានភាគនេះ

ប៉ុន្មានថ្ងៃមកនេះ ភូមិគ្រឹះចក្រសិរីហាក់ដូចជាមមាញឹកខុសពីធម្មតា។ បាវបម្រើតែងបោសសម្អាតផ្ទះកាន់តែស្អាតជាងរាល់ដង សូម្បីតែគៀនជញ្ជាំងក៏មិនឱ្យសល់ដែរ។ សួនផ្កាត្រូវបានថែទាំយ៉ាងល្អ ស្មៅកាត់តម្រឹមយ៉ាងស្អាតឥតខ្ចោះ។
នៅផ្ទះធំក៏មានរៀបចំលម្អផ្កាផ្ញី និងតុបតែងដោយក្រណាត់ពណ៌ មើលទៅដូចជាមានពិធីអធឹកអីដែលនិងត្រូវប្រារព្ធឡើង។
“ ជេយ៉ុន ទុកអង្ករនៅហ្នឹងហើយចាំមីងជាអ្នកត្រាំ ទៅជួយកាត់ស្លឹកចេកនាងនួនទៅ ” ជេយ៉ុន ឆ្លើយបាទរួចងើបដើរចេញដោយមិនភ្លេចយកកូនកន្តៀវមួយទុកដើម្បីកាត់ស្លឹកចេក។

  ចម្ការចេកលាតសន្ធឹងក្នុងផ្ទៃដីដប់ហិចតា បើក្រឡេកមើលទៅគឺមានតែពណ៌ខៀវស្រងាត់និងចេកដែលទម្លាក់ត្រយ៉ូងតាមគុម្ពរបស់វា។ ជេយ៉ុន ជាអ្នកកាត់ស្លឹកចេកទម្លាក់មកដីរីឯសុីនួនក៏ចាំប្រមូលស្លឹកចេកដែលខ្ចីល្អដើម្បីទុកវេចនំ។
“ សុីនួន នៅផ្ទះធំមានពិធីអីមែនទេ? ” ទម្រាំនិងដាច់ចិត្តសួរយូរគួរសមដែរ ដ្បិតកម្លោះនេះរាងរអែងខ្លាចសុីនួនគិតថានាយនេះរស់នៅមិនចេះចូលចំណោមនិងគេមិនដឹងពីអ្វីដែលកំពុងតែកើតឡើងក្នុងផ្ទះម្ចាស់ខ្លួនសោះ។ សុីនួន ធ្វើមុខឆ្ងល់បន្តិចតែក្រោយមកក៏ញញឹមមកវិញ។
  “ នេះអ៊ំប្រិមប្រិយអត់បានប្រាប់ជេយ៉ុនទេអ្ហរ? ” នាយយើងក្រវីក្បាលដូចគោស្រាំងទិចបញ្ជាក់ថានាយពិតជាមិនដឹងអ្វីពិតមែន។
  “ ថ្ងៃស្អែកនេះ ថ្ងៃចូលរោងរបស់ម្ចាស់ប្រុសយើងហើយណា! ”  ផាំង!ដូចត្រូវរន្ទះបាញ់ចំកណ្តាលក្បាលអ៊ីចឹង! សុីនួននិយាយដោយញញឹមបិទមាត់មិនជិត តែនាងមិនបានដឹងទេថាពាក្យប៉ុន្មានម៉ាត់របស់នាងបានកន្រ្តាក់ផ្តាច់បេះដូងជេយ៉ុនទាំងមូល។ ដំណឹងមួយនេះដ្បិតទើបតែបានដឹង តែវាបានចូលមកវាយប្រហារបេះដូងឱ្យខ្ទេចខ្ទាំគ្មានសល់ ជេយ៉ុន ប្រឹងលាក់ទឹកភ្នែកទុកហើយសួរបញ្ជាក់ទាំងបបូរមាត់ញ័រទទ្រើក។
“ ល-លោកប្រុសស៊ុងហ៊ុនអ្ហេស៎? ចូលរោងការ? ”
“ អឹមម! តាមពិតទៅម្ចាស់ប្រុសភ្ជាប់ពាក្យនិងអ្នកនាងលម្អងយូរហើយតែដោយសារតែសង្រ្គាមទើបត្រូវពន្យាពេលរៀបការ លោកម្ចាស់និងលោកជំទាវរង់ចាំឱកាសនេះយូរហើយ នៅទីបំផុតម្ចាស់ប្រុសអាចរៀបការបានហើយ! ” កែវភ្នែកតរុណីនិងនរៈសុទ្ធតែចាំងចែងដូចគ្នា ប៉ុន្តែវាចាំងក្នុងន័យផ្សេងគ្នា។ សុីនួន ត្រេកអរនិងម្ចាស់ប្រុសដែលរៀបការមានគូរស្រករ ចំណែកឯជេយ៉ុនក៏រលីងរលោងដោយសារតែពិភពលោកមួយនេះកំពុងតែបាក់ធ្លាក់សង្កត់គេហើយ។ ក្នុងទ្រូងអួលណែនដូចស្លាក់ខ្វិតខ្ចី បេះដូងស្រស់ថ្ងៃឈឺជាងពេលណាៗទាំងអស់ នាយតូចយើងហាក់ផ្គុំបំណែកតូចៗនៃរឿងរ៉ាវគ្រប់យ៉ាងបានហើយ។ ហេតុតែគេមានគូរកំណាន់បែបនេះសោះ ទើបគេគ្មានអាសូរដល់បេះដូង បំភ្លេចចោលនូវសេចក្តីស្នេហ៍ដ៏បរិសុទ្ធរបស់ខ្លួន។ បើគេដឹងខ្លួនថាមានម្ចាស់បេះដូងរួចទៅហើយម្តេចឡើយចូលមកប្រលែងក្តីស្នេហ៍ជាមួយខ្លួនធ្វើអ្វី ពាក្យស្រលាញ់ដែលនិយាយកន្លងមកនោះតើជាអ្វីទៅ? អំពើរល្អដែលសាងមកពីមុនតើជាការសម្តែងបំភ័ន្តភ្នែកទេតើមែនទេ? បើដូច្នោះមែនហេតុអ្វីក៏ធ្វើដូចស្រលាញ់យ៉ាងនេះ?
ជេយ៉ុន បែរខ្នងដើម្បីកំបាំងទឹកភ្នែកពីសុីនួន ចំណែកតរុណីស្មានតែគេចង់ដឹងបន្ថែមទៀតទើបចេះតែរៀបរាប់ឱ្យជេយ៉ុនស្តាប់ជារើយៗ។
“ ជេយ៉ុន ប្រហែលជាមិនស្គាល់អ្នកនាងលម្អងទេព្រោះទើបតែមកនៅ។ អ្នកនាងលម្អងជាកូនស្រីច្បងរបស់លោក ប្រាក់ គង្គ។ លោកនិងលោកម្ចាស់ ចក្រសិរី ជាសម្លាញ់និងគ្នាយូរណាស់មកហើយ ហើយក៏សម្រេចផ្សំផ្គុំកូនៗទាំងពីរតែម្តងទៅ”
“ ម្ចាស់ប្រុសនិងអ្នកនាងលម្អងពិតជាសមគ្នាណាស់ ស្អាតសង្ហារហើយពូកែដូចគ្នា ជាពិសេសជាកូនរបស់មេទ័ពដូចគ្នាទៀតផង ហិហិ ” នាងក្រមុំចេះតែរៀបរាប់ដោយឥតបានដឹងសោះថាអ្នកដែលនាងកំពុងតែដើរជាមួយទ្រហ៊ោរយំក្នុងចិត្តស្ទើរលិចថ្លើមប្រម៉ាត់អស់ទៅហើយ កាន់តែស្តាប់គឺកាន់តែឈឺ មិនសមណាចិត្តស្មោះត្រង់ត្រូវបានគេបោកប្រាស់ បំផ្លាញញក់ញីដូចផ្ការលួយដូច្នេះសោះ។
“ ម្ចាស់ប្រុសមើលទៅដូចហីៗទេ ប៉ុន្តែស្រលាញ់អ្នកនាងលម្អងស្ទើរលេប ដឹងថាអ្នកនាងចូលចិត្តផ្កាម្លិះក៏បញ្ជាឱ្យគេដាំផ្កាម្លិះពេញផ្ទះ.... ” សម្លេងនួនស្រីកាន់តែខ្សោយទៅៗ ដោយសារតែក្នុងសោតាពេលនេះគឺរងំដោយសម្លេងស្រែកយំរបស់បេះដូងកម្សត់។
“ បងស្រលាញ់អូន”
“ម្លិះតែមួយទងគត់របស់បង”
  “សុីម ជេយ៉ុន បេះដូងមួយនេះជារបស់អូនហើយ”
“បងមានតែសុីម ជេយ៉ុន ម្នាក់គត់ មិនថាទីនេះឬទីណា ឋាននេះឬឋានខាងមុខ បើមិនមែនជាអូនបងសូមឲ្យខ្លួនឯងមិនអាចស្រលាញ់អ្នកណាផ្សេងទៀតទៅចុះ!”
“រង់ចាំបងត្រឡប់មកវិញឮទេ?”
  ពាក្យផ្អែមល្ហែមរំពងពេញក្នុងខួរក្បាលតែបែរជារំញោចក្នុងទ្រូងឱ្យកាន់តែឈឺចាប់ទៅវិញ។ បេះដូងត្រូវបានប្រេះបែកជាលើកទីពីរ ហើយប្រាកដណាស់ថាវាជារបួសដែលគ្មានថ្ងៃអាចជាសះស្បើយបានឡើយ។

វាយោរផាត់ស្នេហ៍Where stories live. Discover now