ជំ.៦:ញញឹមឲ្យច្រើនតើបានទេ?

505 69 9
                                    

  «បងយ៉ុន បងទៅណាមិននៅសម្រាន្តជាមួយខ្ញុំទេអ្ហេស៎?» ម៉ាឌី ចាប់ដៃជេយ៉ុនជាប់បាញ់ក្រសែរភ្នែកឆ្លាស់ចុះឡើងរវាងជេយ៉ុននិងបុរសមុខមាំអង្គុយស្មឿកក្បែរខ្លួន។ អាច្រម៉ក់គិតចង់រាក់ទាក់និងស៊ុងហ៊ុនខ្លាំងណាស់ តែបន្ទាប់ពីឃើញគេអង្គុយតែស្មឿកមុខមិនសូវរីកដូច្នេះក្មេងក៏ខ្លាចរអាមិនហ៊ានសូវចូលទៅជិត។
  «គ្រែតូចមួយដាក់មនុស្សបីនាក់ចុះដែរអ្ហេ៎? ឯងដេកហ្នឹងហើយ បងទៅដេកបន្ទប់ពុកក៏បាន» ជេយ៉ុន ញញឹមស្រាលមុននិងបែរខ្នងដើរចេញទៅបន្សល់ទុកអាល្អិតឲនៅធ្វើមុខស្ញេញស្ញូញ។ ម៉ាឌី ដៀងភ្នែកមើលទៅកាន់ស៊ុងហ៊ុនទាំងញញឹមមិនសូវសម ខណៈ​នោះផងដែរម៉ាឌីក៏បានសង្កេតថាទឹកមុខស៊ុងហ៊ុនដូចជារៀងស្លេកស្លាំងមិនដូចជាពេលមុននេះសោះ។
  «ពូ.. ពូមិនស្រួលខ្លួនមែនទេ?» ចិត្តខ្លាចតែមិនឈ្នះចិត្តឆ្ងល់និងបារម្ភនោះទេ ខ្យល់សមុទ្រត្រជាក់ល្ហឹមរហើយត្រសៀកតែនាយបែរជាអាចមើលឃើញពីជម្រាបញើសហូរពីថ្ងាស់ទូលាយស្រាក់ៗ បបូរមាត់ស្លាំងស្វាយ ស៊ុងហ៊ុនចេះតែស្ទាបអង្អែលពោះជារើយៗទើបឲគេអត់បារម្ភមិនបាន។
  «...» ស៊ុងហ៊ុនមិនតបត្រឹមតែក្រវីក្បាលដូចស្រាំងទិចហើយប្រាស់ខ្លួនដេកលើកន្ទេលកក់ អាល្អិតម៉ាឌីក៏មិនចង់សួរដេញដោលច្រើនខ្លាចគេម៉ូវចិត្តទើបសម្រេចចិត្តដេកដែរទៅ។

  យប់អាធ្រាតចន្ទរះភ្លឺថ្លា ស្នូរទឹករលកត្របោលបាញ់ផ្ទប់មាត់ច្រាំងគ្រាំៗបង្កើតបានជាសម្លេងធម្មជាតិកំដរខ្យល់រាត្រីត្រជាក់ល្ហឹមដូចទឹកអប់បំពង់ខ្ចី។ ទន្ទឹមនិងសម្លេងធម្មជាតិយើងក៏បានឮសម្លេងថ្ងូចថ្ងូរស្រាលៗលាយឡំជាមួយគ្នាផងដែរ។ ញើសដូរដូចជាទឹក ខ្លួនប្រាណញ័រទទ្រុន ដៃក្តោបពោះដែលកំពុងឈឺឆ្អល់ក្រហាយធ្វើទុក្ខអណេក ស៊ុងហ៊ុនខាំថ្គាមរណ្តំលាក់សម្លេងឈឺចាប់ដែលបង្ករចេញពីបរិវេនពោះរបស់ខ្លួន។
  «អ្ហឹម..» អាល្អិតដេកក្បែរខ្លួនភ្ញាក់ដោយសម្លេងរសឹបរសាប់ចុះឡើង ម៉ាឌីងើបអង្គុយទាំងភ្នែកបើកមិនទាន់អស់តែត្រចៀកប្រឹងស្តាប់ពីប្រភពសម្លេងដែលកំពុងតម្អែតម្អូញស្រាលៗ។
  «ពូ!ពូកើតអីហ្នឹង?» ម៉ាឌីរៀងស្លន់ណាស់ដែរដ្បិតគេសួរជាច្រើនសារហើយ ចម្លើយមកវិញត្រឹមតែជាសម្លេងតម្អូញប៉ុណ្ណោះ ស៊ុងហ៊ុនរមូលខ្លួនដេកក្តោបពោះ ញើសហូរតាមជើងសក់សស្រាក់។
  «ឈ.. ឈឺ..» នាយកម្រើកបបូរមាត់និយាយយ៉ាងលំបាក់ ដឹងសភាពមិនស្រួល ម៉ាឌីមិនបង្អង់ទៀតនោះទេ គេត្រូវតែប្រញាប់ទៅប្រាប់ជេយ៉ុនទើបបាន។
  «ពូទ្រាំបន្តិចណា៎ ខ្ញុំទៅហៅបងយ៉ុនមក!»

វាយោរផាត់ស្នេហ៍Where stories live. Discover now