ថ្ងៃថ្មីហើយ ហេតុអ្វីក៏គ្រប់យ៉ាងមិនល្អដែរផងទៅ។ ជេយ៉ុន រំពឹងថាកិច្ចសន្ទនារវាងគេនិងស៊ុងហ៊ុនគឺត្រឹមតែជាសុបិនអពមង្គលមួយតែប៉ុណ្ណោះ ប៉ុន្តែការពិតនៅតែជាការពិតពុំអាចចៀសផុតនោះឡើយ ទោះបីជាឈឺក៏ជេយ៉ុនត្រូវទទួលយកការពិតនេះឱ្យខានតែបាន។ ត្រូវតែទទួលស្គាល់ថារវាងនាយនិងស៊ុងហ៊ុនដើរដល់ចុងបញ្ជប់នៃផ្លូវហើយ គ្មានផ្លូវណាដែលអាចពង្វាងមករកគ្នាវិញបាននោះទេ។
គ្រាន់តែព្រឹកឡើងភ្លាម មីងប្រិមមកផ្ទះតូចដើម្បីមកមើលក្មួយភ្លាម នៅពេលគាត់មកដល់គាត់ឃើញជេយ៉ុនអង្គុយបញ្ឈរជង្គង់ទ្រទម្ងន់ក្បាលរបស់ខ្លួន គេមិនបានយំនោះទេ តែនាយមើលទៅដូចជារាងកាយដែលគ្មានដួងវិញ្ញាណមួយអ៊ីចឹង។
“ ជេយ៉ុន ” អ្នកមីងដង្ហោយហៅក្មួយដោយថ្នមសម្លេង ជួយថ្នាក់ថ្នមចិត្តកុំឱ្យគ្រាំស្រុាំជាងនេះ។
“ យ៉ាងម៉េចហើយ? ” បបូរមាត់ក្រៀមក្រញ៉ង់បង្ខំបង្កើតឱ្យបានជាស្នាមញញឹមក្លែងក្លាយមួយ ជេយ៉ុនងើបក្បាលឡើង ទម្លាក់ជើងចុះអង្គុយសំយ៉ុងជើងវិញ។
“ មិនអីទេមីង ត្រូវរបួសតិចតួច សម្រាកកាលពីយប់មិញហើយ ឥឡូវបានធូរច្រើនហើយ ”
“ មីងមិនមែនសួរពីរបួសលើខ្លួនទេ មីងកំពុងតែនិយាយពីបេះដូងរបស់ឯង ” សូម្បីតែញញឹមបន្លំក៏មិនចេញទៀតដែរ ជេយ៉ុនទម្លាក់ទឹកមុខចុះ សំយ៉ុងក្បាលគេចមិនចង់ឱ្យម្តាយមីងបានឃើញពីនេត្រាស្ងួនដែលចាប់ផ្តើមជោជន់ដោយភាពទន់ខ្សោយពីក្នុងចិត្តមកនោះឡើយ។
“ វាឈឺតិចៗតែឈឺមិនឈប់ មើលមិនឃើញស្នាមតែខ្ញុំដឹងថាគ្មានបំណែកណាដែលនៅល្អទៀតនោះឡើយ ”
“ ... ” មើលទៅគេដូចជាមានពាក្យចង់និយាយច្រើនទៀតទើបអ្នកមីងសំងំស្ងាត់ស្ងៀមសិន។ ជេយ៉ុនប្រឹងដកដង្ហើមមួយៗវែងៗ សឱ្យដឹងថាគេមានសភាពតឹងណែនពីខាងក្នុងពន់ពេក នៅពេលដែលគេងើបមុខមកប្រឈមជាមួយនិងវ័យចំណាស់ គាត់ក៏មើលឃើញយ៉ាងច្បាស់ពីទឹកភ្នែក ទាំងកំពុងហូរស្រក់ ទាំងកំពុងថ្កល់នៅក្នុងភ្នែក មិនបាច់បរិយាយទៀតក៏ដឹងថាគេកំពុង ទទួលបន្ទុកឈឺចាប់ឥតគណនា។
“ ពួកយើងពិតជាធ្លាប់ស្គាល់គ្នាមែនណាមីង ទេមិនមែនស្គាល់នោះទេ គឺពួកយើងធ្លាប់ស្រលាញ់គ្នា! ពួកយើងធ្លាប់រៀបការរួចហើយ ខ្ញុំមិនបានច្រឡំទេមីង ហឹក.. ខ្ញុំមិនបានកុហកទេ ” កាន់តែរៀបរាប់ទឹកភ្នែកកាន់តែហូរ មីងប្រិមពិតជាចង់ជួយរំលែកសេចក្តីទុក្ខរបស់នាយខ្លាំងណាស់ តែគាត់ពុំដឹងគួរជួយដោយរបៀបណាឡើយ លើសពីនេះទៅទៀតគាត់រឹតតែមិនអាចអារកាត់សេចក្តីអ្វីបាន។
“ មីងមិនធ្លាប់ដឹងថារឿងរ៉ាវវាយ៉ាងណាខ្លះទេ មីងជឿឯងណា មីងគ្មានសិទ្ធអារកាត់លើចិត្តរបស់ឯងទេ តែរឿងខ្លះយើងបានត្រឹមតែគិត តែមិនប្រាកដថាវានិងក្លាយជាការពិតស្របតាមបំណងយើងនោះឡើយ ” គាត់មិនបានជាន់ពន្លិច តែគាត់កំពុងតែពន្យល់គេឱ្យបន្លាយការគិតឱ្យបានកាន់តែឆ្ងាយច្រើនជាង។
សេចក្តីស្រលាញ់ អាចកើតឡើងដោយហេតុផលមួយ ក៏អាចបញ្ចប់ទៅវិញដោយហេតុផលមួយដូចគ្នា ពេលខ្លះយើងគ្រាន់តែបានជួប បានស្គាល់ បានស្រលាញ់ តែមិនប្រាកដថានិងបាននៅជាមួយគ្នាជានិរន្តរ៍កាលនោះឡើយ។
“ ឈប់យំទៅណា លោកម្ចាស់និងលោកជំទាវចង់ជួបឯងផង មីងនាំទៅងូតទឹកនិងអាលបានផ្លាស់ប្តូរខោអាវចេញ ”
“ បាទមីង ”
YOU ARE READING
វាយោរផាត់ស្នេហ៍
Historical Fictionដើមដូងដុះអមមាត់ច្រាំង ឆ្នេរខ្សាច់សាក្សី កត់ត្រាចាររឿងនៅលើកោះដាច់ស្រយាលភូមិអ្នកនេសាទ រឿងបងនិងអូនសូមឲទឹករលកនិងវាយោរសមុទ្រពាំនាំវាទៅកាន់គ្រប់ទីកន្លែង គ្រប់ឋានផងអើយ... Original work by:Ykayy