ជំ. ៤៦

394 73 10
                                    

  ប្រដាប់ប្រដារបរបាញ់រៀបចំរួចរាល់អស់។ អ្នកដែលត្រូវទៅព្រៃគឺមានតែបួននាក់ប៉ុណ្ណោះ គឺ ស៊ុងហ៊ុន លម្អង ជេយ៉ុន និង លោកទេពសេនាមីងឃ្យូ។ ស៊ុងហ៊ុន មិនបានឱ្យអ្នកផ្សេងទៀតទៅ ដ្បិតនាយគិតថាគ្នាច្រើនប្រហែលជាអំពល់ទុក្ខនិងរណេងរណោងមុខក្រោយថែមទៀតផង។
រាងសង្ហារគ្របដណ្តប់ដោយអាវស្បែករឹបនិងខ្លួនបង្ហាញពីរាងសមសួនរបស់គេ ចង់បញ្ជាក់ថាទោះអាយុកាលគេចម្រើនដល់ខ្ទង់សាមហើយក្តីក៏គេនៅតែអាចយកឈ្នះក្មេងៗល្បាក់ម្ភៃបានយ៉ាងងាយ។ រាងសង្ហាររបស់យើងកំពុងតែឈរពិនិត្យសម្ភារៈ សម្រាប់បរបាញ់ មានដូចជាធ្នូរ និងស្នារជាដើម ដើម្បីឱ្យប្រាកដចិត្តមុនចេញដំណើរថាគ្រប់យ៉ាងគឺមានគ្រប់គ្រាន់ មិនខ្វះមុខខ្វះក្រោយនោះឡើយ។
  " លោកទេពសេនា ខ្ញុំសូមទៅជាមួយលោកផងបានទេ ខ្ញុំមិនប្រសព្វជិះសេះឡើយ " ដៃនិងភ្នែករវល់ហើយ តែត្រចៀកនេះវៀងវៃណាស់ នៅអាចស្តាប់ឮល្ហៀងៗពីកិច្ចសន្ទនារបស់ជេយ៉ុននិងមីងឃ្យូបាន។ ស៊ុងហ៊ុន រើសគ្រាប់ព្រួញដាក់ចូលក្នុងបំពង់ ធ្វើរឹកដូចជាមិនបានខ្វល់ទាំងដែលការពិតទៅគឺមានល្បិចក្នុងខ្លួនរួចស្រេចទៅហើយ។
" ជេយ៉ុន កាន់ឱ្យយើង ថ្ងៃនេះនាយនិងត្រូវជាជំនួយការរបស់យើង " នាយហុចបំពង់ដាក់ព្រួញឱ្យជេយ៉ុន រួចក៏ដើរបង្ហួសទៅមើលសេះរបស់ខ្លួន រឹកហីដូចគ្មានអីកើតឡើងទៅវិញ។ ភ្នែកគ្រប់គូតាមសម្លឹងផែនខ្នងនាយមាឌមាំជាប់ តែនាយមិនខ្វល់ ធ្វើមិនដឹង មិនអើរពើរ។
" តែខ្ញុំមិនចេះជិះសេះទេទាន ខ្ញុំសូមទៅជាមួយលោកទេពសេនាទៅចុះ " ជេយ៉ុន ដើរទៅជិតដ្បិតមិនចង់តម្លើងសម្លេង មើលទៅដូចជាមនុស្សឈ្លើយ។
" ក៏ជិះជាមួយខ្ញុំទៅគឺចប់រឿងហើយ! លម្អង មកបងជួយលើកអូនឡើង " សព្វនាមនេះគឺនាយហៅបន្លប់តែនៅនិងមុខគ្រប់គ្នាប៉ុណ្ណោះ លុះគ្មានមនុស្សពេលណាពួកគេនិងផ្លាស់ប្តូរ ហៅគ្នា ប្អូន បងទៅតាមធម្មតាវិញដូច្នោះដែរ។ នាយយើង លើកលម្អង ដាក់លើខ្នងសេះរួចសឹមឡើងមករកសេះរបស់ខ្លួន។ គេជំនាញ គេហក់ឡើងយ៉ាងងាយ ពិបាកតែជេយ៉ុន ដែលធ្លាប់តែប្រើទូកជាយានជំនិះ ទើបរកកន្លែងឡើងមិនឃើញសោះ ទម្រាំតែអាចឡើងបានក៏ត្រូវគេសម្លក់សម្លឹងមិនស្ទើរទេ។
សេះ បោលទៅមុខកាត់តាមដងព្រៃ ដើមឈើបៃតងចាស់ខ្ចី យោលយោគអង្រួនទៅមកមិនឈប់ឈរ។ ជិះចូលកាន់តែឆ្ងាយ សម្លេងសត្វយំក៏ចេះតែបន្លឺឡើងកាន់តែច្បាស់ទៅច្បាស់ទៅដូចគ្នា។ កម្លាំងរលាក់នៃសេះ បានរំកិលកាយតូចឱ្យបង្ខិតទៅមុខជារើយៗ ដោយខ្លាចធ្លាក់ទើបជេយ៉ុន លូកដៃទៅតោងអាវរបស់គេ តែក៏ត្រូវភ្ញាក់នៅពេលដឹងថាប្រអប់ដៃដែលធំជាងខ្លួនចាប់ដៃរបស់ខ្លួនឱ្យដាក់តោងលើស្មារទូលាយរបស់គេ។
  " តោងកមក ប្រយ័ត្នធ្លាក់ " បានគេអនុញ្ញាត ជេយ៉ុន ក៏លួចញញឹមបន្តិច អាចថាខ្លួនឯងអាត្មានិយមបន្តិច ដែលស្រលាញ់មនុស្សដែលមានម្ចាស់ទៅហើយ តែបើយើងអាត្មានិយមដើម្បីខ្លួនឯងខ្លះវាមិនអីទេមែនទេ?
  មកដល់ចង្កេះភ្នំ ពួកគេបានយកសេះទៅចង ហើយបន្តដំណើរដោយថ្មើរជើងវិញ ដ្បិតថាចង់ឡើងភ្នំដើម្បីបានដើរលេងផងនិងបាញ់សត្វផងក្នុងពេលតែមួយ។
" ជេយ៉ុន ចេះប្រើធ្នូទេ? " ខណៈពេលដែលស៊ុងហ៊ុនបណ្តើរលម្អង លោកទេពសេនាក៏បានឱកាសដើរស្ទឹមជាមួយនិងជេយ៉ុន។ ជេយ៉ុន យើងឱបដងធ្នូរបស់ ស៊ុងហ៊ុនជាប់ ក្រវីក្បាលបធិសេធថាមិនចេះនោះទេ។ រឿងប្រើធ្នូនាយគ្មានចំណេះជំនាញទេ តែបើនិយាយពីរឿង ប្រើសំណាញ់ ប្រើមងនោះទើបជាជំនាញពិតប្រាកដរបស់គេ។
" ខ្ញុំបង្រៀនបាញ់ធ្នូ យ៉ាងម៉េចដែរ? មិនពិបាកនោះឡើយ "
  " ឱ្យតែលោកចែករំលែក ខ្ញុំបាទរីករាយនិងរៀនសូត្រជានិច្ច " ស្នាមញញឹមស្រស់ស្អាតរីកឡើងលើមុខ គេក៏ចង់ចេះបាញ់ធ្នូដែរ ឃើញទាហានកាន់ប្រើប្រាស់ទំនងណាស់ តែគ្មានឱកាសបានសាកល្បងរៀនសោះ។ បំណាច់ជាគេចេញខ្លួនជួយបង្រៀនហើយ ម៉េចនិងអាចបដិសេធសំណើរមួយនេះបានទៅ។ មីងឃ្យូ បានឮហើយ បុរសអរណាស់ នាយយកធ្នូស៊ុងហ៊ុន ដែលជាប់និងដៃជេយ៉ុនឱ្យទៅម្ចាស់គេវិញ រួចក៏ហុចធ្នូរបស់ខ្លួនឱ្យទៅជេយ៉ុនវិញ។
" ធ្នូនេះរៀងធ្ងន់បន្តិចហើយ ខ្ញុំមិនទម្លាប់កាន់របស់ស្រាលទេ វាមិនធ្លាប់ដៃ "
" កាន់ត្រង់នេះ ហើយដាក់គ្រាប់ព្រួញចូលមក " ស៊ុងហ៊ុន ទច់ដំណើរ ឈប់ដើរតទៅមុខទៀតរង់ចាំមើល សកម្មភាពរបស់មីងឃ្យូនិងជេយ៉ុនវិញម្តង។ ឃើញ មីងឃ្យូ ឈរយ៉ាងប្រកិត កាន់ដៃរបស់ជេយ៉ុនយ៉ាងស្និទ្ធស្នាល បណ្តាលឱ្យទ្រូងគេក្តៅរងំ ក្តៅស្ទើរតែចេញផ្សែងតាមរន្ធទាំងប្រាំពីរទៅហើយ គេក្តាប់ធ្នូរបស់គេយ៉ាងណែន ដើរចេញទាំងអាការៈមិនសុខចិត្ត។ ប្រាកដណាស់ គេត្រូវតែដើរចេញមុនពេលដែលចិត្តពុះកញ្រ្ជោលខ្លាំងជាងនេះ រហូតដល់ថ្នាក់ទ្រាំលែងបាន។
" វឹប! មិនអន់នោះទេ ជេយ៉ុន! "  លោកទេពសេនាពោលសរសើរ នៅពេលគ្រាប់ព្រួញដែលជេយ៉ុនបាញ់ចេញទៅ ទៅជាប់និងដើមស្វាយដែលគោលដៅនាយបញ្ជាក់ប្រាប់ជេយ៉ុននោះឯង។ ទោះមិនត្រូវចំណុចមួយរយភាគរយ តែក៏រាប់ទុកថាល្អសម្រាប់អ្នកដែលទើបនិងរៀនលើកទីមួយ។
" ជេយ៉ុន ឯងរួចរាល់ហើយឬនៅ? " ពាក្យថា ឯង នេះគេមិនធ្លាប់ប្រើជាមួយជេយ៉ុនទេ តែពេលនេះក៏បានឮហើយ។ សម្លេងឱ្យរឹងកំព្រឹសដូចជាថ្ម ផ្លាស់ប្តូរលឿនជាងខ្យល់មូសុងទៅទៀត ទាំងដែលមុននេះនៅធម្មតា សម្លេងស្រទន់សោះ។
" ប្របាទ! ខ្ញុំទៅហើយទាន! " ជេយ៉ុន ឱនគំនាបបន្តិចដើម្បីលាមីងឃ្យូចេញទៅ រីឯបុរសនេះក៏ឈរតាមមើលដំណើររាងទាបតែមួយទាំងញញឹមគំនួចចុងមាត់ផង។

វាយោរផាត់ស្នេហ៍Where stories live. Discover now