ថ្ងៃថ្មី...
ថ្ងៃថ្មីចាប់ផ្តើមឈានចូលមកដល់ថ្ងៃម្សិលមិញក៏ក្លាយទៅជាអតីតកាលប៉ុន្តែអ្វីដែលនាងកំពុងធ្វើដូចមិនផ្លាស់ប្តូរសោះគឺធ្វើអាហារមើលថែផ្ទះនិងកិច្ចការផ្សេងៗ នាងស្រឡាញ់គ្រួសារមួយនេះណាស់ហើយនាងក៏ថែវាខ្លាំងណាស់ដែរ
“អ៊ំ!ជួយយកម្រេចឱ្យខ្ញុំបន្តិចមក!” ជីមីន កំពុងតែញាប់ដៃក្នុងការធ្វើម្ហូបដោយមានអ្នកបម្រើជាជំនួយការ
“នេះអ្នកនាង!” អ្នកបម្រើហុចរបស់ដែលនាងត្រូវការឱ្យទៅនាង។ មិនប៉ុន្មាននាទីអាហារពេលព្រឹកពីរបីមុខល្មមសមក៏រួចរាល់ដាក់នៅលើតុអាហារ
“ឈ្ងុយដល់ហើយអ្នកនាង!” អ្នកបម្រើអត់នឹងមិនសរសើរមុខម្ហូបរបស់ជីមីនសឹងតែមិនបាន ព្រោះម្ហូបរបស់នាងឆ្ងាញ់ទាំងរសជាតិឈ្ងុយទាំងក្លិនស្អាតទាំងសោភ័ណភាព
“ចាស៎!” ជីមីន សើចស្ញេញដាក់អ្នកបម្រើបន្តិចក៏ដោះអៀមធ្វើអាហារចេញពីខ្លួនពាក់ទៅលើជញ្ជាំង
“អ៊ំជួយរៀបចំអាហារផងបន្តិចទៀតនឹងមានអ្នកចុះមកញ៉ាំហើយ!” សម្មភាពស៉ាំដែលបែបនេះតែងតែកើតឡើង ឱ្យតែនាងធ្វើម្ហូបរួចរាល់នាងនឹងសុំដកខ្លួនទៅធ្វើការងារផ្សេងទៀតរបស់នាង។ ពេលនេះនាងមកសួនច្បារទៀតហើយ នាងស្រឡាញ់ផ្កាចូលចិត្តដាំផ្កានិងមើលថែវាផងដែរ!
“យើងចង់ឱ្យឯងក្លាយជាផ្កាដែលមិនចេះរុះរោយ តែហេតុអីក៏ធម្មជាតិបង្កើតឯងមកឱ្យរុះរោយទៅវិញ? ចឹងមានន័យថាយើងកំពុងតែចង់ប្រឆាំងនឹងធម្មជាតិ តើមែនទេ?” នាងនិយាយជាមួយផ្កាធ្វើដូចផ្កាយល់សម្តីរបស់នាង ពេលនាងនិយាយជាមួយផ្កានាងមានអារម្មណ៍ថាមានក្តីសុខប្រៀបដូចផ្កានិងនាងជាមិត្តភក្តិនិយាយត្រូវដងត្រូវផ្លែគ្នា
“បើយើងរើសបានយើងចង់កើតជាផ្កាដ៏ស្រស់ស្អាតដូចពួកឯង តែយើងមិនក្រៀមស្វិតស្រពោនដោយសារអត់មានទឹក ហើយក៏មិនរុះរោយទៅតាមរដូវកាលនោះទេ យើងចង់ក្លាយជាផ្កាដ៏រឹងមាំ! ហឺស ហឺស ឯងកុំសើចយើងអី.. យើងគិតផ្តេសផ្តាសទេ!” បន្ទាប់គិតពីប្រយោគដើមឃ្លានាងមានអារម្មណ៍ថានាងគិតជ្រុះហួសពេកហើយ ផ្កាណាក៏ក្រៀមស្វិតស្រពោនពេលអត់ទឹកដែរ ហើយវាក៏រុះរោយទៅតាមរដូវកាលដូចគ្នា ចំណែកជីវិតមនុស្សក៏ស្រដៀងគ្នាដែរ គ្មាននរណាម្នាក់ដែលមិនជួបទុក្ខសោកនោះទេ! គ្រប់យ៉ាងទៅតាមធម្មជាតិកំណត់មក
“មកអង្គុយអីនៅទីនេះ?” មិនដឹងថាជុងហ្គុកមកស្តាប់នាងនិយាយពីពេលនោះទេដឹងត្រឹមតែថាពេលនេះគេនៅពីក្រោយខ្នងរបស់នាង
“..អ្ហា៎..” ជីមីនងាកមុខទៅប្រទះនឹងជុងហ្គុកនាងក៏គាំងបន្តិច
“អូយ.. ព្រូស!” ទប់លំនឹងមិនជាប់នាងក៏ដួលព្រូសចូលទៅក្នុងគុម្ពផ្កា
“សស្លក់សស្លើត!” ជុងហ្គុក ថាឱ្យជីមីនដែលនាងភ័យគ្រាន់តែឃើញគេសោះ ធ្វើដូចឃើញយក្ស
“ខ្ទេចកុលាបខ្ញុំអស់ហើយ!” នាងប្រញាប់ងើបឈរដោយមានជុងហ្គុកជួយលើក ហើយនាងក៏បារម្ភពីកុលាបដែលត្រូវខ្លួននាងសង្កត់អំបាញ់មិញ នាងក៏ប្រញាប់អោនចុះលើកវាឈរវិញតែត្រូវជុងហ្គុកចាប់ដៃជាប់
“ខ្វល់តែពីផ្កាមិនខ្វល់ពីរបួសខ្លួនឯងដែលមុតដោយសារផ្កាទេឬ? ឃើញទេវាឈាមហើយ” គេលើកកែងដៃរបស់នាងមកមើលក៏ឃើញថាមានឈាមហូរដោយសារបុតបន្លាកុលាប
“គឺ.. ខ្ញុំស្រឡាញ់ផ្កា!” នាងនិយាយតាមត្រង់អំពីចិត្តរបស់នាង នាងខ្វល់ពីអ្វីជុំវិញខ្លួនជាងខ្លួននាងផ្ទាល់
“នាងល្ងង់ច្រើនជាង.. គិតមិនបានវែងឆ្ងាយសោះ បើនាងមិនពាក់ស្រោមដៃហើយទៅលើកកុលាបវានឹងមុតដៃរបស់នាង!” សម្តីរបស់គេស្តាប់មើលទៅដូចជាស្តីឱ្យនាងតែវាបង្កប់នៅក្តីបារម្ភនៅក្នុងនោះដូចគ្នា
“ខ្ញុំមិនល្ងង់ទេ.. ផ្កាដែលខ្ញុំស្រឡាញ់ទោះបីជាវាមុតខ្ញុំឱ្យឈឺចុកចាប់.. តែខ្ញុំនៅតែព្យាយាមរក្សាវាឱ្យល្អសម្រាប់គ្រប់គ្នាគយគន់ ទោះបីជាខ្ញុំរបួសបន្តិចវាគង់នឹងជាមុខរបួស សំខាន់គឺផ្ការបស់ខ្ញុំរស់នៅស្រស់ស្អាត!” នាងនិយាយបែបជាសុភាសិតបើន័យចំសម្តៅទៅលើផ្កាបើន័យធៀបវិញសម្តៅលើស្នេហានាងចំពោះគេ ទោះបីនាងត្រូវឈឺដោយសារពាក្យសម្តីរបស់គេតែនាងមិនបោះបង់ទេនាងនៅតែបន្តរធ្វើល្អដើម្បីរក្សាទំនាក់ទំនងគេនិងនាង
“កុំទ្រាំក្រសោបកុលាបជាប់នឹងទ្រូងព្រោះថាវានឹងធ្វើឱ្យនាងឈឺ នាងកាន់តែអោប.. បន្លាវាកាន់តែមុត!” ន័យរបស់ជុងហ្គុកសម្តៅទៅលើស្នេហាដែលមិនអាចទៅរួច បើនាងនៅតែខំប្រឹងត្រដរថែរក្សាវានាងនឹងឈឺ.. គ្មានពាក្យថាស្បើយ កាន់តែមិនចង់ឱ្យវាបាត់បង់នាងកាន់តែឈឺចាប់
“ខ្ញុំទ្រាំក្រសោបវាទាំងបន្លាក៏ព្រោះតែវាជាផ្កាដែលខ្ញុំស្រឡាញ់ប៉ុណ្ណោះ!” ន័យរបស់នាងបញ្ជាក់ថាមនុស្សដែលនាងស្រឡាញ់ស្នេហាដែលនាងមានទោះបីវាត្រូវឈឺចាប់..តែនាងអាចទ្រាំបានហើយក៏មិនស្តាយក្រោយដែរ
“គ្មានអ្នកណាល្ងង់ដូចនាងទេ! រឹងក្បាលណាស់” គេចាប់ដៃនាងចេញពីផ្កាកុលាប ដឹងថាបន្លាវាមុតហើយក៏ឈឺតែនាងខំលើកវាឱ្យឈរត្រង់ជួរវិញទៀត បើចង់លើកណាស់មិនយកស្រោមដៃមកពាក់
“ម៉ោះទៅក្នុងលាបថ្នាំ..” គេលើកដៃនាងយកមកមើលហើយក៏ឃើញថាមានឈាមតិចៗ គេក៏អូសរាងកាយតូចរបស់នាងចូលទៅក្នុងផ្ទះតាមកម្លាំងបុរសមាឌធំដូចជាគេ
“ខ្ញុំអាចលាបខ្លួនឯងបាន!” ជីមីន ចាប់បះដៃជុងហ្គុកចេញពីនាងដោយបដិសេធមិនឱ្យជុងហ្គុកលាបថ្នាំឱ្យ
“អង្គុយចុះទៅ កុំរឹងក្បាលពេក” ទោះបីសម្តីកម្រោះកម្រើយតែគេក៏បារម្ភពីនាង ធ្វើឱ្យបេះដូងរបស់នាងរីកមាឌដូចប៉ោងៗផ្លុំខ្យល់
“កូនប្រសារកើតអី?”
“របួសបងថ្លៃទៅត្រូវនឹងអីមក?”
ជុងស៊ូនិងអ្នកស្រីជុនចុះពីខាងលើផ្ទះក៏សួរនាំជីមីនដែលអង្គុយលើសាឡុងចាំជុងហ្គុកយកថ្នាំមកលាបឱ្យ
“សស្លក់សស្លើតពេកអញ្ចឹងហើយ!” ជុងហ្គុក ដើរមកដោយកាន់ប្រអប់ថ្នាំ ឫកពារបស់គេកំពុងតែបារម្ភពីនាងតែសម្តីរបស់គេកំពុងតែថាឱ្យនាង។ លោកស្រីជុននិងជុងស៊ូមើលមុខគ្នាលួចសើចជុងហ្គុក មិនបានស្រឡាញ់តែខ្វល់ខ្វាយ! ហើយក៏ដើរទៅអង្គុយសាឡុងផ្សេងទុកឱ្យប្តីប្រពន្ធគេមើលថែគ្នា
“វាផ្សាបន្តិចហើយតែខ្ញុំនឹងថ្នម!” ជុងហ្គុក ជូតអាកុលលាងឈាមឱ្យនាងហើយក៏យកបង់មកបិតពីលើស្នាមមុតតូចៗដោយបន្លាកុលាប។ ជីមីន តាមមើលពីសម្មភាពរបស់ជុងហ្គុកមើលទៅគេដូចបារម្ភពីនាងដល់ហើយ
“រួចរាល់ហើយ” ជុងហ្គុក រៀបចំប្រអប់ថ្នាំឱ្យរៀបរយវិញ
“លំបាកដល់ជុងហ្គុកហើយ!” នាងនិយាយទាំងក្រែងចិត្តគេ
“បើដឹងថាអញ្ចឹងហើយកុំរឹងក្បាលទៀត!” សម្តីមួយម៉ាត់ណាក៏មិនពិរោះស្តាប់ដែរ! ទឹកមុខជីមីនក៏ស្រពោនទៅតាមសម្តីនោះដូចគ្នា
“ច្បាស់ជាសរសេរអក្សរមិនកើតហើយ តើទៅរៀនយ៉ាងម៉េច?” ជុងហ្គុកថាឱ្យនាងទៀតហើយ តែពាក្យថាឱ្យរបស់គេស្តាប់ឱ្យយល់ន័យទៅគេកំពុងតែបារម្ភ
“ថ្ងៃនេះថ្នាក់ខ្ញុំមិនរៀនទេ!”ញ៉ាំអាហពេលព្រឹករួចរាល់ជុងហ្គុកនិងលោកស្រីជុនក៏ទៅធ្វើការ ជុងស៊ូក៏ទៅសាលារៀន ជីមីននៅផ្ទះជាមួយអ្នកបម្រើឯទៀត.. តែក៏មានអារម្មណ៍ថាឯកាដោយសារតែដៃរបួសធ្វើអីមិនកើត បន្លប់ទុក្ខសោកក៏មិនបាន!
“ខ្ញុំសម្រេចចិត្តហើយថាគំនូសមួយនេះ ខ្ញុំគូសតែពាក់កណ្តាលទេ!” នាងលើកយករូបគំនូសដែលនាងគូសមកមើល ហើយអ្នកដែលនៅក្នុងគំនូរនោះគឺជុងហ្គុក។ កែវភ្នែករបស់គេសម្លឹងមកនាងគឺបែបមិនពេញចិត្តរហូតនាងក៏គូសវាឡើង មុខរបស់គេមិនដែលញញឹមដាក់នាងវាក៏បានលេចឡើងក្នុងគំនូរមួយនេះ នាងមិនដឹងមិនយល់ថាចិត្តគេបែបណាទេ? ព្រោះគេមិនដែលបង្ហាញអារម្មណ៍ ទង្វើ និង សម្តីបន្តិចសោះ ធ្វើឱ្យនាងពិបាកស្មានដល់ផ្លូវចិត្ត
“ខ្ញុំកំពុងតែលង់ចិត្តទៅលើគេមែនទេ? ច្បាស់ហើយមែនទេថាស្រឡាញ់?” នាងសួរខ្លួនឯងទាំងដែលនាងដឹងរួចទៅហើយថានាងកំពុងតែស្រឡាញ់គេ នាងដឹងក្នុងចិត្តច្បាស់រួចទៅហើយថាជុងហ្គុកមិនបានស្រឡាញ់នាងទេ នាងតែងតែរំភើបចិត្តចំពោះទង្វើគេទោះបីជាសម្តីគេកំបុតៗបន្តិចនាងអាចទ្រាំបាន
“ក្នុងបេះដូងគេមានអ្នកណាផ្សេងទេ? ហេតុអីក៏ដាក់ខ្ញុំចូលមិនបាន?” ស្របនឹងសំណួរទឹកភ្នែករបស់នាងក៏ស្រក់ចុះមក តក់ៗ ទៅលើក្រដាសគំនូរបង្ករឱ្យវាមានស្នាមបន្តិច នៅពេលវាស្ងួតទៅវិញក៏នៅជាប់ដានដែលអាចដឹងបានថាវាជាទឹកភ្នែក
“កាន់តែក្រសោបកាន់តែឈឺមែនទេ? តែខ្ញុំមិនប្រលែងវាទេ.. ខ្ញុំចង់ក្បែរនាយ សូមកុំតែលែងលះទៅបានហើយ.. ខ្ញុំនឹងចាំ ចាំរហូតដល់ពេលដែលនាយព្រមស្រឡាញ់ខ្ញុំវិញ” កែវភ្នែកស្រអាប់ពេញដោយទឹកភ្នែកនៅជាប់រង្វង់ភ្នែក បេះដូងឈឺខ្ទោកៗដូចគេចាប់ឆ្គៀល មិនយល់ទេថាហេតុអីក៏ស្នេហានាងនិងគេទៅមិនរួច រៀបការក៏រៀបរួចហើយ វាមិនមានរនាំងអ្វីទៀតទេ ហេតុអីបេះដូងគេរឹងមាំម្លេះ ? មាំដល់ថ្នាក់អំពើល្អភាពទន់ភ្លន់របស់នាងយកឈ្នះមិនបាន
“កុំគិតច្រើនអី ក្រែងឯងចង់ធ្វើជាផ្កាដែលរឹងមាំហ្អេស? គ្រាន់តែមនុស្សរឹងមាំឯងធ្វើមិនបានផងទៅរំពឹងអីធ្វើផ្ការឹងមាំ” នាងលើកដៃជូតទឹកភ្នែកចេញស្របពេលនិយាយលើកទឹកចិត្តខ្លួនឯង
“ហឺម...” នាងដកដង្ហើមធំបែបធូរចិត្តហើយក៏រៀបចំទុកដាក់ក្រដាសគំនូរចូលទៅក្នុងប្រអប់សម្ងាត់ទុកក្នុងទូរចាក់សោរបិទជាប់ដោយមិនឱ្យនរណាដឹងបេះដូងគេគ្មានអ្នកណាទេ ! ហេតុអ្វីស្រឡាញ់នាងមិនបាន?