ភាគ៥៤(ហេតុផលដែលបង្កើតហេតុ)

1.3K 79 0
                                    

      រាងតូចដើរជើងមួយចំហៀងត្រឡប់ទៅច្រាំង ហើយក៏ដាក់បង្គុយលើខ្សាច់ស្ងួតមុននឹងលូកដៃតូចស្រឡូនទៅអង្អែលើរបួសដែលមុតជ្រៅ ខណៈដែលកែវភ្នែកទាំងគូផ្ចិតផ្ចង់សម្លឹងទៅកាន់របួសដែលមានឈាម ខណៈនោះនាយសង្ហាដើរមកបន្ទន់ជង្គង់ពីមុខរបស់នាងមុនចាប់ទាញជើងតូចស្រឡូនយកមកមើល
      “កុំប៉ះ!” ជីមីន កន្ត្រាក់ជើងចេញពីប្រអប់ដៃមាំតែគ្មានលទ្ធផលព្រោះកម្លាំងដៃគេខ្លាំង ខណៈនោះនាងក៏ច្រត់ដៃទាំងសងខាងទៅក្រោយ សណ្តូកជើងស្រឡូនស្រឡៅនៅចំពោះគេទាំងទឹកមុខមិនរីក ព្រោះមិនពេញចិត្តសូម្បីបន្តិច
      “ខឹងបែបនេះគួរឱ្យស្រឡាញ់ណាស់” ជុងហ្គុក ញោចស្នាមញញឹមចុងមាត់ ខណៈដែលភ្នែកកំពុងតែសម្លឹងមុខរបួសរបស់នាង ថាតើគួរចាត់ការបែបណា? បើនាងមិនចង់ត្រឡប់ទៅផ្ទះវិញផង ពេលនេះម៉ោងជិត១០យប់ទៅហើយ តើនាងគិតអី? រឹងក្បាលគ្មានពីរ គួរតែផ្តល់មេរៀនខ្លះហើយ
      “របួសនេះទុកដល់ព្រឹកវានឹងហើមហើយ អូនគួរតែ*”
      “ជារឿងខ្ញុំ!” មិនឱ្យគេបញ្ចប់ប្រយោគទាន់ សម្តីកំបុតៗក៏និយាយកាត់
      “ជី..មីន” សម្លេងបង្អូសយ៉ាងវែងដើម្បីបញ្ជាក់ភាពអង្វរករ
      “ធ្វើឱ្យខ្ញុំបាត់ខឹងសិនទៅ ខ្ញុំនឹងទៅផ្ទះលាបរបួស” របួសឈឺសឹងតែស្លាបើហើយ តែត្រូវទ្រាំ ទ្រាំដើម្បីចង់ឱ្យគេបកស្រាយហេតុផលទាំងអស់ គ្រប់យ៉ាងតើវាយ៉ាងម៉េច? ហើយនៅរឿងមួយទៀតដែលនាងចង់ដឹង ចង់ឮ បំផុតនោះគឺប្រយោគ ‘បងស្រលាញ់អូន’
      “បងមិនដឹងថានឹងត្រូវចាប់ផ្តើមពីចំណុចណាទេ” ជុងហ្គុក ធ្វើជូរ ខណៈដែលត្របកភ្នែកបិទបើកៗស្រទន់ៗដាក់នាង គេជាមនុស្សដែលមិនចូលចិត្តបកស្រាយ មិនចូលចិត្តលួង មិនចូលចិត្តផ្អែម មិនចូលចិត្តអង្វរច្រើន តែនាង.. គឺនាង ប្រហែលជាគេត្រូវធ្វើរឿងដែលមិនចូលចិត្តទាំងនោះ
      “ពេលនោះលោកពិតជាបានដេកជាមួយ កុង ថេសា មែនឬអត់?” ជីមីន ប្រើសម្លេងម៉ឹងម៉ាត់សួរគេ  គេនិយាយបែបណាក៏នាងជឿដែរ ហើយនាងជឿជាក់ថាគេមិនអាចកុហកនាងទេ
      “បងស្រវឹង បងស្រពិចស្រពិលណាស់ ប៉ុន្តែបងជឿជាក់ថាកូនរបស់ ថេសា មិនមែនជាកូនរបស់បងទេព្រោះ*”
      “មិនមែនកូនលោកជាកូនរបស់អ្នកណា?!” នាងកាត់សម្តីរបស់គេទាំងកំហឹង មិនមែនជាកូនតែជ្រើសរើសកូននិងប្រពន្ធក្រោយចោលនាង មិនដែលខ្វល់សម្តីនិងសន្យារបស់ខ្លួនដែលប្រគល់ជូននាង គិតដល់ចំណុចនេះទឹកថ្លាក្តៅឧណ្ហៗក៏រមៀលស្រក់កាត់ថ្ពាល់ម៉ាត់ៗ
      “ស្តាប់បងនិយាយឱ្យចប់សិន” គេគ្រាំទ្រូងសឹងតែដាច់ខ្យល់ហើយខណ:ដែលឃើញទឹកភ្នែករបស់នាងហូរនៅចំពោះមុខគេ
      “និយាយមក”
      “បងមិនដឹងថាជាកូនរបស់អ្នកណាទេ ត្រឹមតែដឹងថាបងមិនអាចមានកូនបាន ភាគរយដែលបងអាចមានកូនបានគឺតែ០.៩៩ភាគរយប៉ុណ្ណោះ រឿងនេះបងដឹងច្បាស់តាំងពីមិនទាន់កើតហេតុ ប៉ុន្តែថ្ងៃដែល ថេសា ប្រាប់ថាកូននោះជាកូនរបស់បង បងក៏វិលវល់ បងក៏ជឿនាងហើយព្រមឱ្យនាងមកនៅរស់ដំបូលផ្ទះជាមួយអូន ចំណុចនេះបងខុសធ្ងន់ខ្លាំងណាស់ បងគួរតែវែកញែក ប៉ុន្តែបានបីខែក្រោយទើបបងវែកញែកជាមួយជីនចេញ*”
      “តែលោកនៅតែឱ្យនាងនៅក្បែរ អាហ្នឹងយ៉ាងម៉េចវិញ?!” នាងទ្រាំមិនបានក៏និយាយមួយប្រយោគកាត់គេទៀត
      “ព្រោះបង.. ឮហេតុផលនេះហើយកុំស្អប់បងណា៎” គេទាញដៃតូចស្រឡូនយកក្តោបក្រសោបក្នុងបាតដៃកក់ក្តៅ ភ្លាមៗនាងក៏ព្យាយាមទាញដៃទៅជូតទឹកភ្នែក ខណៈដែលងាកមុខចេញពីគេរហូត
      “និយាយទៀតមក” ជីមីន ខំប្រឹងខាំមាត់ទប់ទឹកភ្នែក ព្យាយាមស្តាប់ការបកស្រាយរបស់គេបន្ត
      “បងមិនចូលចិត្តឱ្យមនុស្សស្រីប៉ះពាល់ទេ”
      “ត្រូវហើយ! សូម្បីតែខ្ញុំ”
      “អូនដឹងថាព្រោះអីទេ? បងមិនដឹងថាវាជំងឺឬបណ្តាសាឱ្យប្រាកដទេ ឱ្យតែគ្រប់ពេលទទួលបានការប៉ះពាល់បងកើតចិត្តខឹងភ្លាមៗ វាបែបនេះតាំងពីបងពេញវ័យ ហើយយប់មួយបងក៏សុបិន្តឃើញមនុស្សស្រីសម័យបុរាណម្នាក់ស្រែកដាក់បណ្តាសាបងថា ‘ជាតិនេះបងមិនប៉ះពាល់កាយខ្ញុំ ខ្ញុំសូមដាក់បណ្តាសារឱ្យគ្រប់ៗជាតិបងស្អប់មនុស្សស្រីខ្លាចញញើតការប៉ះពាល់រហូតដល់បងមានកូនស្រី..’ នេះជាហេតុផលដែលបងទុកថេសានិងកូនឱ្យនៅក្បែរដោយមិនសើរើគ្រប់យ៉ាង” ត្រូវហើយគេជឿលើរឿងសុបិន្តដាក់បណ្តាសានោះ ហើយគេក៏មិនប្រាកដចិត្តថាវាពិតប្រាកដឬអត់? តែគ្រប់យ៉ាងគេបានធ្វើ បានជ្រើសរើសរួចហើយ ចង់កែប្រែយ៉ាងម៉េចក៏មិនបាន តែគេត្រឹមដឹងថាគេមិនអាចមានកូនជាមួយ ជីមីន បាន ទើបយកលេសថាកូនរបស់ ថេសា ជាកូនរបស់គេដើម្បីដោះបណ្តាសាឆ្គួតៗនោះ
      “អ្ហ៎.. អ៊ីចឹងហើយទើបលោកព្យាយាមដេញខ្ញុំ បង្ខំឱ្យខ្ញុំលែងលះព្រោះលោកចង់បង្កើតទ្រនំថ្មីជាមួយនាងនិងកូន ខ្ញុំច្បាស់ហើយ”
      “អូនគិតខុសហើយ.. តាំងពីដើមពីមុនពេលដែលយើងជួបមុខគ្នាបងក៏បានជួបអូនរួចទៅហើយ អូនជាស្រីក្នុងសុបិន្តរបស់បង បងធ្វើគ្រប់យ៉ាងព្រោះដើម្បីអូន ដើម្បីឱ្យពួកយើងបានរួមរស់ជាមួយ ព្រោះបើសិនបងមានកូនស្រីពិតមែន បណ្តាសាក៏ត្រូវរលាយ ប៉ុន្តែអំឡុងពេលដែលថេសាជិតបង្កើតកូន ចិត្តរបស់បងក៏ទោរទន់ បងក៏អាណិតនាង បើបងជ្រើសរើសអូន នាងនិងកូននឹងចាកចេញ ហើយបងក៏មិនចង់ឱ្យកូនយល់ថាបងអាត្មានិយមដែលមានប្រពន្ធហើយមានប្រពន្ធទៀត ទើបបង្ខំចិត្តសុំអូនលែងលះ” វាជាអារម្មណ៍ពិត ដំបូងគេគិតថា ពេលគេមានកូនហើយគេនិងមានក្តីសុខជាមួយ ជីមីន ព្រោះនាងអាចនឹងមិនពិបាកប៉ះពាល់គេដូចមុនទេ ប៉ុន្តែពេលវេលាចុងក្រោយដែលជិតដល់គោលដៅ គេក៏អាណិត ថេសា បារម្ភពីកូន ទើបជ្រើស ថេសា មិនមានន័យថាគេមិនគិតប្រពន្ធទេ គេគិតនាងណាស់ ទម្រាំដោះលែងនាងឱ្យរើសអ្នកថ្មីដែលល្អជាងគេ គេគិតឡើងចង់បែកផ្សែងដល់ថ្នាក់ធ្វើការលែងកើត ហើយទម្រាំបង្ខំចិត្តទៅសុំនាងលែងលះគេដេកគិតរាប់យប់ ហើយគេក៏គ្មានសុភមង្គល ហើយគេក៏ជឿថានាងគ្មានក្តីសុខ ទើបគ្រប់យ៉ាងបញ្ចប់ទៅត្រឹមការចុះហត្ថលេខាលែងលះ
      “ហេតុផលរបស់លោកអស្ចារ្យណាស់ ឈ្នះអស់មារសត្រូវ សូម្បីសុបិន្តក៏លោកជឿ សូម្បីនាងក៏លោកអាណិត ចុះខ្ញុំ? ខ្ញុំដែលខំត្រដរព្រោះតែស្រលាញ់លោកយ៉ាងម៉េចវិញ អាណិតខ្លះទេ?” ក្រោយពីបានស្តាប់ហេតុផលឆ្គួតៗរបស់គេហើយនាងសឹងតែច្របាច់កគេឱ្យស្លាប់ទេ គំនិតរបស់គេដូចមនុស្សសរសៃរប្រសាទ តើអ្នកណាអាចគិតបានធ្វើបានដូចគេទៅ? ក្នុងលោកនេះប្រហែលមានតែមួយទេ
      “បងដឹង បងយល់ បងសុំទោស” ជុងហ្គុក លោខ្លួនទៅឱបក្រសោបរាងតូចនៅក្នុងរង្វង់ដៃខណ:ដែលនាងគិតតែពីយំរហូត
      “កុំយំ” គេលើកមេដៃផ្តិតទឹកភ្នែកចេញពីថ្ពាល់របស់នាង ហាក់ឃាត់នាងកុំឱ្យ ខណៈដែលគេមិនអាចឱ្យនាងបញ្ឈប់ទឹកភ្នែកបានគេណែនទ្រូងស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយ
      “..” នាងឈប់សួរនាំ គិតតែបង្ហូរទឹកភ្នែកតែមួយមុខគត់ មិនមែនចង់យំទេ តែទឹកភ្នែកវាចេះតែហូរហើយហូរទៀត គ្រប់យ៉ាងគេដឹងតាំងពី៣ខែដំបូងប៉ុន្តែគេនៅតែធ្វើឱ្យនាងទឹកភ្នែក គេដឹងគ្រប់យ៉ាងប៉ុន្តែគេធ្វើមើលមិនឃើញ គេគិតយ៉ាងម៉េចជាមួយនាងឱ្យប្រាកដ គេអាណិតស្រីក្រោយ តែគេមិនអាណិតនាង ឬគិតថានាងមិនចេះឈឺចាប់? នាងមិនមានជាតុក្តតាជ័រឯណា
      “កុំបែបនេះអីណា៎.. ចំណែកមួយដែលបងធ្វើបាបអូន ក៏ព្រោះតែបងប្រចណ្ឌអូនជាមួយ ថេយ៉ុង ដើមឡើយបងគិតថាអូនមិនស្រលាញ់បងទេ” ពិតមែនហើយ ដំបូងឡើយនាងមិនសូម្បីឃាត់គេមិនឱ្យយក ថេសា ព្រោះតែគេមិនដឹងថានាងហាមាត់មិនរួច ក្រោយមកនាងស្និទ្ធស្នាលជាមួយ ថេយ៉ុង ទៀត វាកាន់តែធ្វើឱ្យភ្លើងកំហឹងរបស់គេឆេះឆួល គេសឹងតែឆ្គួតព្រោះនាងទៅពាក់ព័ទ្ធប្រុសផ្សេង ចុះទម្រាំនាង.. នាងឃើញគេមានកូនជាមួយអ្នកផ្សេង តើនាងឈឺយ៉ាងណាទៅ? ណ្ហើយ! តាំងពីដើមដល់ពេលនេះ គ្រប់យ៉ាងជាកំហុសរបស់គេ
      “ខ្ញុំក៏គិតថាលោកមិនស្រឡាញ់ខ្ញុំដែរ” មិនឱ្យគេបញ្ចប់ប្រយោគបានចប់ស្រួលបួលនាងក៏តបភ្លាម ត្រូវហើយ គេមិនដែលនិយាយថា ស្រឡាញ់ មកកាន់នាងមួយម៉ាត់ផង ទាំងដែលនាងធ្លាប់និយាយពាក្យស្រឡាញ់ទៅកាន់គេ
      “ហេតុអីនិយាយបែបនេះ?”
      “បានហើយ.. ខ្ញុំឈឺចាប់រួចហើយ ឈប់សើរើទៅ គ្រប់យ៉ាងវាបានបញ្ចប់អស់ហើយ” ដៃតូចស្រឡូនរុញដើមទ្រូងហាប់ណែនចេញមុននឹងលើកដៃជូតទឹកភ្នែកចេញឱ្យជ្រះពីថ្ពាល់ ហើយក៏ក្រោកឈរដើរខ្ជើចៗលើវាលខ្សាច់ ឃើញដូច្នេះគេក៏ក្រោកដើរទៅតាមនាង រួចក៏លើកបីនាងឱ្យចូលក្នុងរង្វង់ដៃមិនឱ្យនាងដឹងខ្លួន
      “ដាក់ចុះភ្លាម ខ្ញុំចង់ដើរខ្លួនឯង”
      “លើកដៃតោងកបងមក”
      “អត់!” ក្រែងគេស្អប់ការប៉ះពាល់ហ្អេស៎? ឱ្យនាងតោងកគេ តោងរួចគេទម្លាក់នាងលើខ្សាច់អីទៅ វាមិនបាក់ចង្កេះស្លាប់ហើយទេហ្អេស? មិនលេងចូលទេ
      “បើមិនតោងបងនឹងថើប”
      “ថើបមក បើពូកែថើប.. អ្ហឹមមម” នាងនិយាយឌឺគេមិនទាន់ចប់ប្រយោគផងគេក៏ទម្លាក់បបូរមាត់លេបត្របាក់មាត់ទន់ៗរបស់នាងដែលលេបលាក់ឃ្លោងឃ្លាដែលបម្រុងនឹងនិយាយចូលទៅក្នុងពោះឱ្យអស់
      ដឹបៗ
      ដៃតូចលើកទៅវាយស្មារបស់គេខ្លាំង គេថើបនាងសឹងតែដង្ហើមលែងរួចទៅហើយ គេដកមាត់ចេញក៏ញោចស្នាមញញឹមចុងមាត់ នាងមិនស្ទាត់ក្នុងការថើបសោះ គួរតែបង្រៀនខ្លះហើយ
      “ញញឹមស្អី?” សម្លេងសួរកំបុតៗ
      “ទៅផ្ទះវិញ” គេមិនឆ្លើយ តែបែរជានិយាយថាទៅផ្ទះ ខណៈដែលដៃរបស់គេបីនាងជាប់ តម្រង់ដំណើរត្រឡប់ទៅផ្ទះវិញ
      “អត់ទៅទេ”
      “អូនចង់យ៉ាងម៉េច?”
      “នៅទីនេះហើយ កំដរខ្ញុំ កុំដេកឱ្យសោះ”
      “ជើងរបស់អូន” គេបារម្ភពីជើងរបស់នាងពិតមែន
      “កុំយកលេស.. ដាក់ខ្ញុំចុះ ខ្ញុំចង់គេងទីនេះលើភ្លៅរបស់លោក លោកហាមដេកឱ្យសោះ”
      គេទម្លាក់នាងលើឆ្នេរខ្សាច់ថ្នមៗហើយក៏អង្គុយចុះដាក់ភ្លៅទំនងជាឱ្យនាងគេងពីលើ ដើមឡើយនាងស្ទាក់ស្ទើចិត្ត ខ្លាចគេទ្រាំមិនបានច្រាននាងចេញ ប៉ុន្តែមុននេះនាងឱបករបស់គេមិនឃើញអីផង ទើបសម្រេចចិត្តដេកទីនេះ
      “ហាមដេក!” ហៀបនឹងបិទភ្នែកគេងទៅហើយ ឆ្លៀតងើយមើលមុខរបស់គេគម្រាមទៀត នាងមានចេតនាធ្វើបាបគេច្បាស់ណាស់ 
     
    

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ حيث تعيش القصص. اكتشف الآن