ភាគ២២(ឈឺ)

1.2K 86 2
                                        

      ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ថេសា ចូលផ្ទះបាយធ្វើអាហារដែលនឹងតាំងចិត្តថាធ្វើវាជាពិសេសសម្រាប់ ជីមីន ព្រោះនាងដឹងថា ជីមីន មានប្រតិកម្មជាមួយខ្ចឹមបារាំងទើបមានចេតនាធ្វើម្ហូបដាក់ខ្ទឹមបារាំង ដែលដឹងថា ជីមីន ប្រតិកម្មខ្ចឹមបារាំងព្រោះតែលួចអានសៀវភៅកំណត់ហេតុ
      “ម្ហូបឆ្អិនហើយខ្ញុំខំធ្វើវាដោយផ្ទាល់ដៃណា៎ នាងមិនញ៉ាំទេឬ? ឬុមួយនាងនៅតែខឹងស្អប់ខ្ញុំ?” ថេសា ចូលតួកម្សត់ដើម្បីឱ្យ ជីមីន ញ៉ាំអាហារដែលនាងធ្វើ។ ជីមីន បានត្រឹមតែកាន់សមនិងស្លាបព្រានៅនឹងដៃសងខាងកែវភ្នែកសម្លឹងមុខ ថេសា និង ជុងហ្គុក ឆ្លាស់គ្នា នាងដឹងច្បាស់ណាស់បើនាងហ៊ានតែញ៉ាំអាហារដែលមានខ្ទឹមបារាំងនាងច្បាស់ជាចូលបន្ទប់សង្រ្គោះបន្ទាន់មិនខានទេ
      “ហើយមិនញ៉ាំទៅនៅសម្លឹងសម្លក់ស្អី!” សម្តីគំរោះគំរើយនិងកែវភ្នែកស្អប់ខ្ពើមប្រគល់ឱ្យជីមីន។ ត្រូវហើយគេបង្ខំឱ្យនាងញ៉ាំអាហារដែលនាងមានប្រតិកម្មជាមួយ គេមិនបានដឹងថានាងញ៉ាំហើយអាចនឹងក្បែរស្លាប់ក្បែររស់ កែវភ្នែកបង្កប់ទុក្ខសោកសម្លឹង ជុងហ្គុក ជាលើកចុងក្រោយមុននឹងដួសម្ហូបដាក់ចានញ៉ាំវាមួយម៉ាត់ទំពារមួយៗលេបទឹកភ្នែកដែលកំពុងតែចង់ស្រកចូលក្នុងពោះឱ្យអស់។ ថេសា ញញឹមកំណាចខណ:ដែលផែនការអាក្រក់របស់ខ្លួន កំពុងតែដំណើរការទៅដោយរលូន នាងនឹងចាំសើចពេលដែល ជីមីន វេទនា
      “ជុង..ជីមីនញ៉ាំអាហារខ្ញុំធ្វើដូចខ្ពើមរអើម ខ្ញុំអន់ចិត្តណាស់” សម្លេងមាយាដង្ហោយប្រាប់ ជុងហ្គុក ដើម្បីឱ្យគេធ្វើអ្វីម្យ៉ាង ជីមីន ញ៉ាំតែពីរបីម៉ាត់វាមិនគ្រប់គ្រាន់សមចិត្តថេសាទេ ប៉ុន្តែរោគសញ្ញាកំពុងតែធ្វើទុកជ្រាបរាងកាយរបស់ ជីមីន ហើយស្បែកចាប់ផ្តើមរមាស់កន្ទួលហើយក៏ចង់ក្អួតបណ្តាលឱ្យនាងនាំរាងកាយងើបចេញពីកៅអីរត់ទៅបន្ទប់យ៉ាងលឿន
      “មើលចរិតនាងចុះ” ថេសា ប្រើកែវភ្នែកក្រឡាប់ចាក់ពេបមាត់ឌឺ ជីមីន ដែលកំពុងតែវេទនាក្នុងខ្លួន
      “ទៅខ្វល់ធ្វើអី!!” ជុងហ្គុក អង្គុយញ៉ាំាអាហារតាមសម្រួលទោះបីជារសជាតិអាហារមិនដូចរាល់ដងតែក៏មិនពិបាកញ៉ាំដែរ អត់មាននាងម្នាក់ក៏គេរស់បានរស់ដោយមានក្តីសុខទៀតផង។ ជីមីន រត់ក្តោបខ្លួនចូលបន្ទប់បន្តរត់ចូលក្នុងបន្ទប់ទឹកក្អួត រួចក៏យំក្តោបខ្លួននៅក្បែរចានបង្កន់ ក្រចកដៃចាប់ផ្តើមអេះលើស្បែកដែលកន្ទួលរមាស់ ទឹកមុខស្លេកស្លាំងបបូរមាត់ប្រែពណ៌ទៅជាស្វាយ រាងកាយខ្សត់ខ្សាយចង់ស្រែកហៅឱ្យគេមកជួយតែសម្លេងស្រែកគ្មានកម្លាំងរបស់នាងគ្មានអ្នកណាឮទេ
      “ហឹក..ជួយខ្ញុំផង..ហឹក” នាងវេទនាខ្លាំងណាស់ខណៈដែលរោគកំពុងតែជ្រៀបពេញរាងកាយរបស់នាង ទើបខំត្រដរយោកយោងខ្លួនក្រាបលូនចេញពីបន្ទប់ទឹក ពេលមានប្រតិកម្មរូបរាងរបស់នាងប្រែប្រួលទៅជាពិបាកមើល
      “ខ្ញុំត្រូវទៅធ្វើការហើយថែខ្លួនផង” ជុងហ្គុក  ប្រាប់ ថេសា មុនទាញក្រវ៉ាត់កឱ្យរៀបរយដើម្បីទៅធ្វើការ
      ព្រូស! សម្លេងធ្លាក់របស់ចេញពីបន្ទប់ដែល ជីមីន កំពុងនៅខាងក្នុង ជុងហ្គុក ក៏ក្រលេកទៅមើលទ្វារដែលបិទមិនជិតបម្រុងនឹងទៅចូលមើលអ្នកខាងក្នុងតែត្រូវ ថេសា ឃាត់មិនឱ្យចូល
      “កុំខ្វល់អីជុង..នាងនោះទាក់ទាញចំណាប់អារម្មណ៍ទេ” ថេសា សម្លឹងទ្វារដែលរបើកបន្តិចស្នាមញញឹមកំណាចជាប់នៅលើផ្ទៃមុខ
      “អ្ហឹមម..” ជុងហ្គុក ងក់ក្បាលយល់ស្របក៏ដើរហួសបន្ទប់នោះទៅខាងមុខផ្ទះ
      ស្របពេលជាមួយគ្នានោះដៃញ័រៗទាញទូរស័ព្ទចុចខលហៅនរណាម្នាក់ ប៉ុន្តែងើបខ្លួនទៅក៏ប៉ះនឹងថូរផ្កាធ្វើឱ្យធ្លាក់បែក
      “លោកថេយ៍..ហឹក..ជួយខ្ញុំ..ផង” នាងខំប្រឹងនិយាយដាក់ទូរស័ព្ទទាំងដែលរាងកាយគ្មានកម្លាំង
      (ជី..នាងកើតអី? ជី..! ជីមីន!!! ឮខ្ញុំនិយាយទេ? ជី..!) សម្លេងស្រែកសួរពីអ្នកម្ខាងទៀតនាងស្តាប់ឮទាំងអស់ប៉ុន្តែរាងកាយខ្សោះអស់ពីខ្លួនទៅហើយ
      ជុងហ្គុក ដើរហួសដល់ឡានតែស្រាប់តែចាប់អារម្មណ៍នៅពេលដែល ជីមីន មិនទាន់ទៅធ្វើការ គេជ្រួញចិញ្ចើមគិត តើនាងចូលទៅក្នុងបន្ទប់ធ្វើអីទើបមិនទាន់ចេញមកទៀត? គេសួរខ្លួនឯងតែគ្មានចម្លើយ
      “បាយៗ!” ថេសា ញញឹមលើកដៃលាគេដោលើកដៃម្ខាងឯដៃម្ខាងទៀតអង្អែលពោះតិចៗ ទើបជុងហ្គុក ញញឹមផ្អែមដាក់នាងវិញមុននឹងទាញទ្វារឡានបើកឡើងលូនខ្លួនចូល។ ជុងហ្គុក បើកឡានចេញទៅបន្តិច ឡានមួយផ្សេងទៀតក៏បើកចូលក្នុងបរិវេណផ្ទះ ឡាននោះបញ្ឈប់ហើយក៏លេចចេញនាយសង្ហាម្នាក់ហើយគេក៏រត់ចូលក្នុងផ្ទះយ៉ាងលឿន
      “ជី..កុំកើតអីណា៎” ក្នុងចិត្តភាវនាកុំឱ្យ ជីមីន កើតអីធ្ងន់ធ្ងរ គេចូលដល់ក្នុងផ្ទះមិនដឹងថាបន្ទប់ ជីមីន មួយណាក៏សួរអ្នកបម្រើលុះបានចម្លើយហើយក៏រត់ទៅបន្ទប់នោះយ៉ាងលឿន ថេយ៉ុង សឹងមិនជឿនឹងភ្នែកខណ:ដែលរាងកាយតូចដេកក្រាបលើឥដ្ឋ សភាពរបស់នាងគឺយ៉ាប់យ៉ឺនណាស់ រូបរាងរបស់នាងពិបាកមើលជាងរាល់ដងឆ្ងាយណាស់ អ្នកកំលោះសង្ហាចូលទៅបីត្រកងកាយនាងចូលក្នុងរង្វង់ដៃនាងក៏ឱបកញ្ចឹងកគេ ភ្នែកបើកតិចៗសម្លឹងមុខគេ
      “រូបរាងខ្ញុំអាក្រក់មើលណាស់មែនទេ? នៅស្រលាញ់ខ្ញុំទៀតអត់?” បបូរមាត់ស្លេកស្លាំងពណ៌ស្វាយសួរដោយសម្លេងខ្សោយៗនិងមានស្នាមញញឹមចំអក ភ្នែកបើកតិចៗសម្លឹងផ្ទៃមុខសង្ហា បើនាងស្គាល់គេមុនពេលស្គាល់ ជុងហ្គុក នាងប្រហែលជាស្រឡាញ់គេ ប៉ុន្តែបេះដូងរបស់នាងប្រគល់ឱ្យ ជុងហ្គុក អស់ហើយ គ្មានសេសសល់កម្ទេចកម្ទីចិត្តប្រគល់ឱ្យអ្នកផ្សេងឡើយ
      “ក្នុងកែវភ្នែកខ្ញុំនាងនៅតែស្អាត” គេប្រញាប់ប្រញាល់បីនាងចេញពីក្នុងបន្ទប់បោះជំហានវែងៗសម្តៅទៅឡាន គេមិនដឹងថានាងកើតអីទេគេដឹងតែត្រឹមថាត្រូវនាំនាងទៅមន្ទីរពេទ្យឱ្យបានលឿនបំផុត អ្នកបម្រើឃើញអាការៈជីមីនក៏បើកភ្នែកធំៗមុននឹងសួរ៖
      “អ្នកនាងជីមីនកើតអី?”
      “ខ្ញុំក៏មិនដឹងដែរ” ថេយ៉ុង ឆ្លើយរួចក៏បីជីមីនកាត់មុខអ្នកបម្រើតម្រង់ទៅឡានប្រើដៃម្ខាងបើកទ្វាររួចក៏រុញរាងកាយតូចច្រឡឹងដាក់ក្នុងឡានថ្នមៗរួចក៏ដើរវាងទៅម្ខាងទាញទ្វារឡានបើកចេញទៅ អ្នកបម្រើក៏ប្រញាប់លើកទូរស័ព្ទខលទៅ ជុងហ្គុក និងលោកស្រីលោកប្រុសជុន
     
      មន្ទីរពេទ្យ...
      ថេយ៉ុង បីរាងកាយដែលទន់ល្វាសល្វន់រត់ទៅក្នុងមន្ទីរពេទ្យឱ្យគ្រូពេទ្យជួយ
      “ជួយនាងផងលោកគ្រូពេទ្យ!” គេដាក់នាងលើគ្រែរុញចូលបន្ទប់សង្រ្គោះបន្ទាន់
      “សូមចាំនៅខាងក្រៅ!” ក្រុមគ្រូពេទ្យញាប់ដៃញាប់ជើងព្យាយាមជួយអ្នកជំងឺឱ្យអស់ពីចិត្ត។ ថេយ៉ុង ឈរនៅខាងក្រៅដើរទៅមកៗបារម្ភពីអការ:របស់នាងយ៉ាងខ្លាំង
      “អការ:របស់នាងដូចមនុស្សត្រូវថ្នាំពុល ចុះប្តីនាងទៅណា?” ថេយ៉ុង គិតដល់ចំណុចនេះក៏ចាប់ផ្តើមសង្ស័យលើអ្វីមួយ គេមិនយល់ទេអ្នកបម្រើនៅពេញផ្ទះបែរជាមិនដឹងថាស្រីល្អិតម្នាក់កើតអី ឯប្តីរបស់នាងមិនដឹងនៅឯណាទៀត។ សម្លេងឮរន្ថាន់លាន់ចេញពីស្បែកជើងទង្គិចជាមួយការ៉ូដាស់អារម្មណ៍ ថេយ៉ុង ឱ្យងាកទៅរកក៏ប្រហែលៗមុខទើបដឹងថាម្នាក់នោះជាអ្នកណា
      “ជីមីនកើតអី?” ជុងហ្គុក សួរព្រោះតែគេមិនដឹងពិតមែន គេបារម្ភពីជីមីនមិនចាញ់អ្នកណាអ្នកទាំងអស់ គ្រាន់តែឮអ្នកបម្រើខលប្រាប់ភ្លាមគេក៏ស្ទុះមកមើលនាងតែម្តង
      “ឯងជាប្តីនាងមិនដឹងផង ចុះទម្រាំខ្ញុំ?” ថេយ៉ុង ប្រើពាក្យសម្តីឌឺដងនិងទឹកមុខផ្ចាញ់ផ្ចារធ្វើឱ្យចិត្ត ជុងហ្គុក រង្គោះរង្គើខឹងស្ទើរតែហក់ទៅដាល់ឱ្យបែកថ្គាមតែក៏ជ្រើសស្ងៀមស្ងាត់ព្រោះមិនចង់មានរឿង
     
      ប៉ុន្មាននាទីក្រោយ..
      ទ្វារបន្ទប់សង្រ្គោះបន្ទាន់បើកឡើងធ្វើឱ្យបុរសមាឌមាំទាំងពីរប្រញាប់ប្រញាល់ចូលទៅស្តាប់លោកគ្រូពេទ្យនិយាយ៖
      “អ្នកជំងឺអស់អីហើយ គ្រាន់តែមានប្រតិកម្មជាមួយអាហារតែបើយកមកមន្ទីរពេទ្យមិនទាន់ទេលទ្ធផលអាចនឹងពិបាកស្មាន អ៊ីចឹងសុំលាទៅមើលអ្នកជំងឺផ្សេងទៀតហើយ” លោកគ្រូពេទ្យញញឹមផ្អែមរួចក៏ដើរទៅបន្ទប់អ្នកជំងឺផ្សេងទៀត
      “អាហារ?! ឬថេសាមានចេតនា?” ពេលបានឮសម្តីគ្រូពេទ្យ ជុងហ្គុក ក៏គិតពីអាហាតកាលពីព្រឹកមិញព្រោះ ថេសា ជាអ្នកធ្វើ
      “អ្នកណាជាថេសា?” ថេយ៉ុង ស្តាប់ឮក៏សួរដើម្បីបំបាត់ចម្ងល់ដែលចេះតែកើនឡើង
      “មិនមែនជារឿងរបស់ឯងទេ ទៅណាក៏ទៅៗ” ជុងហ្គុក មិនត្រូវធាតុជាមួយ ថេយ៉ុង តាំងពីឃើញមុខគ្នាលើកដំបូង ដែល ថេយ៉ុង ជាសត្រូវបេះដូងរបស់គេ
      “បើឯងចង់ទៅផ្ទះក៏ទៅៗទុកឱ្យយើងនៅមើលថែជី..” ថេយ៉ុង ដើរទៅបន្ទប់សម្រាកធម្មតាដែលមាន ជីមីន នៅក្នុងនោះ
      “ហៅគ្នាបានស្និទ្ធស្នាលណាស់ ឯងគ្រាន់តែជាអ្នកដទៃទេ!!!” ជុងហ្គុក ដើរទៅតាមពីក្រោយ ថេយ៉ុង តែក៏លេចមុខ ថេសា និងអ្នកបម្រើ២នាក់មកធ្វើឱ្យគេបែកអារម្មណ៍ឈ្លោះជាមួយ ថេយ៉ុង
      “អ្នកនាងជីមីនយ៉ាងម៉េចហើយ?”
      “អស់អីហើយ” ជុងហ្គុក ឆ្លើយរួចក៏ដើរចូលបន្ទប់សម្រាកជីមីន
      “យ៉ាងម៉េចហើយ?” ថេយ៉ុង សួរអ្នកជំងឺដែលដេកបើកភ្នែកសម្លឹងគ្រប់គ្នា ជីមីន ព្រិចភ្នែកញញឹមផ្អែមបញ្ជាក់ថានាងអស់អីហើយ
      “ដឹងខ្លួនថាប្រតិកម្មជាមួយអាហារទាំងនោះទេ?” ថេយ៉ុង សួរដើម្បីស្រាយចម្ងល់ទាំងអស់
      “ដឹង!” ជីមីន ឆ្លើយតែកែវភ្នែកមុតស្រួចសម្លក់សម្លឹង ថេសា ឥតព្រិច
      “បើដឹងហេតុអីក៏ញ៉ាំ?” ជុងហ្គុក ចូលមកសួរមកម្តង
      “ក្រែងលោកជាអ្នកឱ្យខ្ញុំញ៉ាំអ្ហេស?” សម្តី ជីមីន ធ្វើឱ្យ ថេយ៉ុង ក្តៅចេញផ្សែងក៏ប្រញប់ត្បកសំណួរ៖
      “គេឱ្យនាងលេបថ្មនាងលេបដែរមែន?” ថេយ៉ុង  ហាក់យល់បន្តិចហើយថាទំនាក់ទំនងជីមីននិងស្វាមីមិនប្រក្រតីទេ
      “បើគេសប្បាយចិត្តខ្ញុំនឹងលេប!” នាងឆ្លើយទាំងសម្លឹងមុខ ជុងហ្គុក មិនដកភ្នែក ជុងហ្គុក ក៏សម្លឹងមុខនាងដូចគ្នាធ្វើឱ្យ ថេសា មិនស្រួលក្នុងចិត្តទើបប្រញាប់កាត់ផ្តាច់ក្រសែភ្នែកទាំងពីរ
      “ឱ្យខ្ញុំសុំទោសណា៎ ខ្ញុំគ្មានចេតនាធ្វើអាហារដាក់ខ្ទឹមបារាំងទេ ជុង..ហឹក អូនមិនដឹងថានាងមានប្រតិកម្មទេ” ថេសា ចូលតួកម្សត់ដើម្បីឱ្យគ្រប់គ្នាជឿជាក់ តែ ថេយ៉ុង ក៏ជ្រួញចិញ្ចើមឆ្ងល់ ស្រីម្នាក់នេះជាអ្នកណា? មិនសមទេដែលជាប្អូនស្រីប្តីជីមីនកាយវិការវាដូចជាប្រពន្ធច្រើនជាង
      “ជី..ស្រីម្នាក់នេះជាអ្នកណា?” សម្លេង ថេយ៉ុង សួរនាងឮច្បាស់ណាស់ ប៉ុន្តែឆ្លើយមិនចេញទេ ឱ្យឆ្លើយថាជាប្រពន្ធចុងប្តីនាងអ៊ីចឹងហ្អេ៎? មាត់ហើបមិនរួចតែទឹកភ្នែកនៃភាពឈឺស្ទះទ្រូងកំពុងតែហូរកាត់កន្ទុយភ្នែកសន្សឹមៗ 
    
     
     

❥ក្រសោបស្នេហ៍ ស្វាមីផ្តាច់ការ❣️ Where stories live. Discover now