ថេយ៉ុង បានមករក ជីមីន ដល់សាលារៀនព្រោះតាំងពីមានរឿងនៅមន្ទីរពេទ្យមកគេមិនទាន់ជួបបាននិយាយជាមួយនាងសោះ
“ជីមីន!” គេតាំងចិត្តដើរមករកនាងដល់កន្លែងចតឡាននៅរោងចតឡានក្នុងសាលារៀន
“ខ្ញុំថាពួកយើងកុំជួបគ្នាទៀតអី” ជួបគេភ្លាមនាងក៏និយាយពាក្យនេះ
“ហេតុអី?”
“បងបញ្ឈឺរឱ្យជុងហ្គុកធ្វើបាបខ្ញុំ , ថ្ងៃដែលនៅមន្ទីរពេទ្យ បងចាំបានទេ? បងឌឺគេអីខ្លះ គេធ្វើបាបខ្ញុំយ៉ាងម៉េចខ្លះ បងមានដឹងទេ?” នាងបញ្ចេញអារម្មណ៍ខឹងទៅកាន់គេប្រៀបដូចជាស្តីបន្ទោសទម្លាក់កំហុសគ្រប់យ៉ាងទៅឱ្យគេទាំងដែលការពិត ជុងហ្គុក ក៏មានចំណែកខុស
“មកពីបងអ៊ីចឹងឬ? គេអាក្រក់ប៉ុណ្ណាក៏ឯងមិនបន្ទោសគេ ឯងទម្លាក់កំហុសឱ្យបង អូខេ.. បងឈប់ពាក់ព័ន្ធនឹងជីវិតឯងទៀតហើយ ជូនពរឱ្យមានថ្ងៃដែលគេឃើញឯងល្អ” បញ្ចប់ប្រយោគ ថេយ៉ុង ក៏បែរខ្នងដើរចេញ ទាំងចិត្តឈឺខ្ទាំខ្ទេច គ្រាន់តែធ្វើជាបងប្រុស ប្អូនស្រី ក៏នាងចង់កាត់ផ្តាច់ ចង់បំផ្លាញទំនាក់ទំនងគេក៏បណ្តោយតាមដំណើរ។ ជីមីន លេបទឹកមាត់ផ្សើមបំពង់កខណ:ដែលស្តាយក្រោយនឹងទង្វើខ្លួន ទទួលស្គាល់ថានាងខឹង ថេយ៉ុង ដែលទៅបញ្ឈឺរ ជុងហ្គុក តែនាងមិនចង់បំផ្លាញទំនាក់ទំនងល្អជាមួយ ថេយ៉ុង ទេ ប៉ុន្តែវាក៏ទៅទាល់តែបាន ព្រោះតែសម្តីមិនគិតមុខក្រោយរបស់នាងមួយមុខគត់ភូមិគ្រឹះត្រកូលជុន..
ប្រអប់ដៃតូចម្ខាងលើកទៅទាញទ្វារឡានបើកឡើង រួចក៏ដាក់ជើងចុះលើឥដ្ឋការ៉ូតម្លៃថ្លៃនាំរាងកាយឱ្យចេញពីក្នុងឡាន ក៏រុញទ្វារឡានបិទវិញឮសូរ ផឹប! នាងតូចជ្រួញចិញ្ចើមមិនសប្បាយចិត្តខណ:ដែលក្រឡេកទៅឃើញសួនផ្កាដែលមិនប្រក្រតី ជំហានបោះទៅមួយៗថ្នមៗជើងសម្តៅទៅសួនផ្កា បេះដូងនាងតូចខ្ទេចខ្ទំដូចត្រូវរងទារុណកម្ម ផ្កាដែលខំដាំ មើលថែទាំ និងស្រឡាញ់បំផុតត្រូវខ្ទេចខ្ទីក្លាយជាទៅសំណល់កម្ទេចស្លឹកនិងដើមនៅថ្មីៗបៃតងស្រស់ តើអ្នកណាចិត្តអប្រិយមកបំផ្លាញវា?
“អ្នកណាជាអ្នកកាប់បំផ្លាញផ្កាទាំងនេះ?” សម្រែករបស់ជីមីន លាន់ឮខ្ទរខ្ទារពេញភូមិគ្រឹះ អារម្មណ៍របស់នាងពេលនេះខឹងឡើងញ័រទ្រូងទៅហើយ ហេតុអីក៏ធ្វើបែបនេះ? ដឹងស្រាប់ហើយថានាងស្រឡាញ់ផ្កាទាំងនេះណាស់ ចាំបាច់អីបំផ្លាញ?
“គឺយើង យ៉ាងម៉េច?” ថេសា ដើរចេញពីក្នុងផ្ទះ ក្រសោបឱបដៃចូលគ្នា ឈរញញឹមចំអែចំអន់ ចំអកឱ្យរាងតូច ដែលឈរធ្វើមុខមាំចង់យំចង់ខឹង
“ខ្ញុំទៅធ្វើស្អីនាង បានជានាងចេះតែចងកម្មចងពៀរជាមួយខ្ញុំមិនចេះចប់ ខ្ញុំបានបំផ្លិចបំផ្លាញស្អីដែលជារបស់នាងទៅហាស៎ កុង ថេសា!!?” សម្លេងស្រែកសួរខ្លាំងៗបញ្ជាក់ថាកំពុងតែខឹងនិងសួររកហេតុផល ខំទប់មកជាយូរហើយប៉ុន្តែ ថេសា ចេះតែធ្វើអាក្រក់បំផ្លាញនាងម្តងហើយម្តងទៀត ធ្វើឱ្យផ្ទុះចេញនូវកំហឹងដែលកប់ជ្រៅនៅក្នុងចិត្ត
“វត្តមានរបស់ឯងបំផ្លាញយើង បើគ្មានឯងយើងនិងជុង.. ប្រាកដជាមានក្តីសុខ ចាកចេញទៅ!” ថេសា មិនចាញ់សម្តីក៏ឆ្លើយតតាំងខ្លាំងៗដូចជាមនុស្សកំពុងឈ្លោះគ្នាខ្លាំង
“វត្តមានរបស់នាងទៅវិញទេដែលបំផ្លាញសុភមង្គលរបស់ខ្ញុំ.. ខ្ញុំស្អប់នាង! ហើយក៏ស្អប់កូនក្នុងផ្ទៃរបស់នាង តែខ្ញុំមិនដែលសូម្បីតែគិតថានឹងធ្វើអាក្រក់ដាក់នាងនិងកូន ព្រោះជាកូនរបស់ប្តីខ្ញុំ ជាប្រពន្ធចុងរបស់ប្តីខ្ញុំ ខ្ញុំទ្រាំនឹងទង្វើរបស់នាងដោយមិនតបតមិនមែនព្រោះខ្ញុំស្លូតទេ ព្រោះខ្ញុំយល់មុខជុងហ្គុក បើមានលើកក្រោយទៀតមិនហ៊ានធានាទេ កុំបង្ខំខ្ញុំឱ្យទាល់ច្រកឱ្យសោះ ប្រយ័ត្ន..” កែវភ្នែកមុតស្រួចរបស់នាងតូចបាញ់ទម្លុះបេះដូងរបស់ ថេសា ស្ទើរតែធ្លុះធ្លាយ ចិត្តដែលខឹងក្តៅពុះជ្រួលធ្វើឱ្យនាងក្លាយជាមនុស្សស្រីដែលសម្តីអាក្រក់មួយរំពេច
ខណៈនោះ ជុងហ្គុក ក៏ចេញពីធ្វើការមកល្មម ថេសា រេភ្នែកសម្លឹងគេបន្តិចក៏ទាញដៃរបស់ជីមីនមកដាក់លើកប្រៀបដូចជា ជីមីន ចង់ច្របាច់ករបស់នាងព្រោះរឿងអ្វីមួយ។ ជីមីន ធ្វើភ្នែកសព្រាតខណៈដែលមិនយល់ពីទង្វើរបស់ថេសា នាងឈរស្ងៀមភ្លឹកអារម្មណ៍សឹងតែមិនចង់ជឿថា ថេសា.ធ្វើដល់ថ្នាក់នេះ
“អួយ.. ជីមីន កុំធ្វើអីខ្ញុំ ខ្ញុំសុំទោស” ថេសា ចូលតួកម្សត់ស្រែកខ្លាំងនិងខំសម្តែងឱ្យនាយសង្ហាឃើញពេញៗភ្នែក
“លែងភ្លាម!” ជុងហ្គុក ដើរចូលមកចាប់ទាញដៃជីមីនចេញរួចក៏រុញមួយទំហឹងធ្វើឱ្យ ជីមីន ដួលអុកគូទទៅលើស្មៅ
“លោករុញខ្ញុំព្រោះនាង ហឹក” កែវភ្នែកកម្សត់និងសោកសាយងើយសម្លឹងមើលមុខ ជុងហ្គុក មុននឹងច្រត់ដៃលើដីជ្រោងខ្លួនងើបឈរ រួចក៏យំរត់ចេញពីពួកគេទៅខាងក្នុងភូមិគ្រឹះ
ផាំង!
ម្រាមដៃតូចៗទាញទ្វារបន្ទប់បិទឮៗរួចក៏ផ្អែកខ្នងនឹងទ្វារឈរសម្រក់ទឹកភ្នែកបញ្ចេញភាពឈឺចុកចាប់ចេញពីក្នុងទ្រូង ជីមីន ដាក់ដៃលើទ្រូងយំរហូតដល់ដង្ហក់ខ្យល់ ក្នុងចិត្តឈឺ ប្រចណ្ឌដែលគេមើលឃើញអ្នកផ្សេងល្អជាងខ្លួន និង ព្យាយាមសួរខ្លួនឯង តើនៅទ្រាំលេបលាក់ភាពឈឺដល់ពេលណាទៀត? ហេតុអ្វីក៏មិនដើរចេញពីគេខណ:ដែលនាងក៏មានសិទ្ធិនឹងដើរចេញ ក្តីស្រឡាញ់ធ្វើឱ្យឈឺចាប់បែបហ្នឹង ហេតុអីទ្រាំបន្ត? ត្រូវតែបញ្ចប់វា ទម្លាក់សម្ពាធនិងអម្រែកគ្រប់យ៉ាងចោល
កែវភ្នែកក្រហមព្រោះកំពុងយំក៏រេសម្លឹងមើលរូបថតរៀបការដែលដាក់លើតុក្បាលដំណេក ចំណងអាពាហ៍ពិពាហ៍នេះហើយធ្វើឱ្យនាងដើរចេញពីគេមិនបាន
ជីមីន ទម្លាក់ខ្លួនអង្គុយលើពូកល្មើយ ព្យាយាមរម្ងាប់អារម្មណ៍តាងតឹងនិងខឹង ពេលឮសម្លេងបើកទ្វារដើរចូលមកនាងក៏ប្រញាប់ប្រញាល់លើកប្រអប់ដៃទៅវាសទឹកភ្នែកដែលនៅជាប់រង្វង់ភ្នែកចេញ
“លោកស្រឡាញ់ខ្ញុំឬអត់ជុងហ្គុក?” សម្លេងសួរក្ងួរៗទើបងើបពីយំ ទឹកមុខមាំប្រើបញ្ជាក់ភាពពិតប្រាកដ ប៉ុន្តែសំណួររបស់នាងហាក់គ្មានចម្លើយសោះព្រោះគេនៅឈរត្រឹងធ្វើមុខស្មើនិងកែវភ្នែកទទេស្អាត
“...ខ្ញុំយល់ហើយ.. ខ្ញុំទ្រាំឱ្យថេសាធ្វើបាបដោយមិនតបតព្រោះគិតថាលោកក៏ស្រឡាញ់ខ្ញុំប៉ុន្តែការពិតមានតែខ្ញុំម្ខាង.. លោកដឹងឮគ្រប់យ៉ាងថាខ្ញុំបរិសុទ្ធតែលោកកាន់ជើងនាងស្តាប់សម្តីកុហករបស់នាង ធ្វើបាបខ្ញុំ បំផ្លាញខ្ញុំ ព្រោះនាង លោកគិតថាខ្ញុំគ្មានបេះដូងមិនចេះឈឺចាប់តើមែនទេ? ទុកខ្ញុំជាស្អីទៅ?” នាងមិនបានយំចំពោះមុខគេទេព្រោះតែខ្សោះទឹកភ្នែកអស់ហើយ ប៉ុន្តែនាងបានយំនៅក្នុងទ្រូងដែលស្ទើរតែស្ទះម្តងៗ
“សុំ..ទោស” ពាក្យសម្តីដំបូងរបស់គេ គឺសុំទោសនាងក៏ព្រោះតែដឹងកំហុស ក៏គិតថាខ្លួនឯងអាត្មានិយមដូចគ្នាដែលយល់តែអារម្មណ៍ខ្លួនឯង បើគេយល់ពីនាងតែបន្តិចមិនធ្វើឱ្យនាងគ្រាំគ្រាដល់ម្លឹងទេ
“សុំទោសហើយខ្ញុំបាត់ឈឺឬ? មានដឹងខ្លះអត់? ថា ខ្ញុំប្រចណ្ឌលោក ខឹងលោក ស្អប់នាង ខ្ញុំមិនដែលចង់ឱ្យលោកទៅពាក់ព័ន្ធនឹងនាងទេ ខ្ញុំឈឺប៉ុណ្ណាពេលលោកមើលថែនាងនិងកូន ខ្ញុំច្រណែនដែលខ្លួនឯងគ្មានកូនដូចនាង ខ្ញុំឈឺពេលដែលលោកធ្វើដូចជាស្អប់ខ្ពើមរាងកាយរបស់ខ្ញុំ ហ៊ឹក! ខ្ញុំឈឺណាស់ ពិបាកទ្រាំណាស់” ទីបំផុតទឹកភ្នែកក៏ហូរច្រោកៗឥតលាក់លៀម ធ្វើជាមនុស្សរឹងមាំវាពិតជាពិបាកខ្លាំងណាស់ ពេលខ្លះចង់បោះបង់ម្តងៗព្រោះហត់ខ្លាំងពេក ហត់នឹងឈឺ ហត់នឹងលាក់ វាស្ទះថប់ខ្លាំងណាស់
(សុំទោស.. ខ្ញុំយល់ពីទំហំចិត្តឈឺចាប់របស់នាងហើយ គ្រប់យ៉ាងមកពីខ្ញុំមិនគិតឱ្យបានវែងឆ្ងាយ ខ្ញុំអាត្មានិយមដែលមិនហ៊ានដោះលែងនាង ខ្ញុំមិនដាច់ចិត្តឱ្យនាងចេញពីជីវិតរបស់ខ្ញុំទេ ខ្ញុំខ្លាចថានាងឈប់ស្រឡាញ់មនុស្សអាក្រក់ដូចខ្ញុំ) ជុងហ្គុក និយាយក្នុងចិត្ត គេឈឺចាប់មិនចាញ់នាងប៉ុន្មានទេ ស្រឡាញ់នាងតែមិនអាចសូម្បីតែនិយាយពាក្យថាស្រឡាញ់ទៅកាន់នាងម្តងសោះ គេតែងតែបញ្ជាក់នូវទង្វើរហូតដល់ថ្នាក់នាងមិនយល់ពីក្តីស្រឡាញ់របស់គេពិតឬអត់?
“សុំទោស.. ដែលផ្តល់នូវទង្វើបញ្ជាក់ថាស្រ..ឡាញ់ តាំងពីដំបូងដល់ពេលនេះ ខ្ញុំជ្រើសរើស ថេសា រួចហើយ នាងក៏ដឹង ខ្ញុំឱ្យឋាន:បានត្រឹមតែជាប្អូន..ស្រី” ទឹកមុខ កែវភ្នែក ពាក្យសម្តីរបស់គេរាបស្មើ ដែលមិនបង្ហាញថាគេឈឺ គេស្តាយ គេស្រណោះឡើយ មើលទៅគេធម្មតា ទាំងដែលមិនធម្មតា
“ហឹក.. ប្អូនស្រីគេរំលោភបំពានគ្នាដែរឬ? ប្អូនស្រីគេធ្វើបាបគ្នាដែរឬ? ប្អូនស្រីគេប្រចណ្ឌគ្នាដែរឬ? លោកស្រឡាញ់ខ្ញុំ គ្រាន់តែប្រាប់ថាស្រលាញ់មួយម៉ាត់វាលំបាកខ្លាំងឬ? លោកក៏ដឹងច្បាស់ថាបេះដូងរបស់លោកស្រឡាញ់ខ្ញុំ ហេតុអីនៅមាត់រឹង?” នាងនៅតែមានជំនឿថាគេស្រឡាញ់ វាមិនមែនមួយភាគរយប៉ុន្តែពេញបេះដូង
“ក្តីស្រឡាញ់ដែលយល់ខុសគឺឈឺចាប់ ពេលខ្លះរឿងឈឺចាប់មិនមែនកើតពីកំហុសតែម្ខាង គឺវារួមចំណែក បើនាងទម្លាក់កំហុសទាំងអស់ឱ្យខ្ញុំ ខ្ញុំក៏ទទួល តែត្រូវគិតមើលផងថាខ្លួនឯងខុសអីខ្លះ” សម្តីរបស់គេម៉ាត់ៗមួយៗបង្កប់រយពាន់លានអត្តន័យ បញ្ចប់ប្រយោគប្រអប់ដៃធំមាំចាប់បើកទ្វារដើរចេញពីបន្ទប់តម្រង់ទៅកាំជណ្តើរចុះទៅញាប់ៗរួចក៏បោះជំហានវែងៗទៅឡានមុននឹងទាញទ្វារបើកចូលខាងក្នុងបើកចេញទៅ
គេទៅបាត់រាងតូចក៏ក្តោបមុខរួចក៏មុខត្របោមជង្គង់ចុះលើឥដ្ឋត្រជាក់ស្រិប គិតពីកំហុសរបស់ខ្លួន គិតចុះគិតឡើងមិនដឹងថាខ្លួនឯងខុសអី
“ស្រឡាញ់ខុសដែរឬ? ទ្រាំដើម្បីបានក្បែរខុសដែរឬ? ន័យរបស់លោកបើខ្ញុំដើរចេញនឹងលែងឈឺចាប់ តើមែនទេ? លោកសប្បាយចិត្តពេលខ្ញុំចាកចេញតើមែនទេ? ហ៊ឹក.. ”