“ធូរច្រើននៅ?” ជុងហ្គុក ដាក់ខ្លួនអង្គុយលើកៅអ៊ីក្បែរគ្រែរួចក៏សួរនាងដោយសម្លឹងមុខចំ
“ស្អែកចេញពីពេទ្យបានហើយ” ជីមីន ញញឹមផ្អែមខណៈពេលដែល ជុងហ្គុក និយាយស្រួលបួលជាមួយ មិនសុំអ្វីច្រើនទេតែប៉ុណ្ណឹងនាងក៏សប្បាយចិត្តណាស់ទៅហើយ
“ស្នាមកន្ទួលនេះវានឹងបាត់ទេ?” ជុងហ្គុក ប្រើអារម្មណ៍និងកាយវិការចេញពីបេះដូង ស្ទាបអង្អែលលើផ្ទៃមុខដែលកន្ទួលក្រហមៗស្រាលៗជាមួយស្នាមញញឹមដ៏ផ្អែមបរិសុទ្ធ
“របួសវាគង់នឹងបាត់បើមានការប៉ះប៉ូវនិងព្យាបាល” ជីមីន និយាយន័យសុភាសិតទៀតហើយ ជុងហ្គុក ក៏យល់ពីន័យរបស់នាងច្បាស់ដែរ ទើបគេសួរនាងន័យធៀបវិញ៖
“ចុះបើដល់ដំណាក់កាលប៉ះប៉ូវនិងព្យាបាលលែងបាន តើនៅទ្រាំបន្តរឈឺឬប្តូរថ្នាំ?” ន័យធៀបរបស់គេគឺអ្វីៗបកក្រោយលែងបានហើយដែលគេមានថេសានៅក្បែរខ្លួន មិនអាចប៉ះប៉ូវសងការឈឺចាប់ឱ្យនាងវិញទេ តើនាងនៅក្បែរគេមិនរើសថេយ៉ុងទៀតឬ?
“ចម្លើយនេះខ្ញុំឆ្លើយរួចហើយ មិនផ្លាស់ប្តូរទេ!” សម្តីនិងកែវភ្នែកស្មោះត្រង់ប្រគល់ជូនជុងហ្គុក ធ្វើឱ្យគេមានអារម្មណ៍ថាគេស្រឡាញ់នាងមិនខុស
“អ..អួយ..ជុង.. ខ្ញុំចុកពោះណាស់” ទ្រាំឃើញគេសាសងយល់ចិត្តគ្នាមិនបានទើប ថេសា សម្តែងធ្វើជាឈឺហើយស្រែកនិងយកដៃខ្ទប់ពោះដាស់អារម្មណ៍ជុងហ្គុកឱ្យងាកមកមើល
“ហៅពេទ្យទេ?”
“មិនបាច់ទេ ប្រហែលជាខ្ញុំមិនស្រួលខ្លួន ពួកយើងទៅផ្ទះវិញទៅ” ថេសា យកកាន់ពោះប្រើកែវភ្នែកកម្សត់ឱ្យជុងហ្គុកអាណិត នាងមិនចង់ឱ្យពីរនាក់នេះយល់ចិត្តគ្នាស៊ីជម្រៅទេ
“អ្ហឹមម..ទៅផ្ទះក៏បាន” ជុងហ្គុក គ្រាហ៍ថេសាថ្នមៗរួចក៏ងាកទៅមើលមុខជីមីនដោយបោះសម្តីស្រាលៗ៖
“ខ្ញុំទៅសិនហើយណា៎” ជុងហ្គុក ញញឹមផ្អែមរួចក៏នាំថេសាចេញទៅ
ពេលយប់ស្ងប់ស្ងាត់ឮសូរតែសម្លេងដង្ហើមរបស់ខ្លួនឯងក៏មានអារម្មណ៍ថាឯកា ជីមីន អង្គុយលើគ្រែអ្នកជំងឺសម្លឹងមើលអាកាសតាមរយ:បង្អួចកញ្ចក់ នាងដកដង្ហើមធំម្តងហើយម្តងទៀតដូចជារង់ចាំនរណាម្នាក់
(ក្រសែភ្នែករបស់គេប្រាប់ថានឹងមករកខ្ញុំ ពេលនេះហើយមិនទាន់ឃើញមកទៀត ឬមួយខ្ញុំកាត់យល់តែខ្លួនឯង?) ជីមីន និយាយក្នុងចិត្តជាមួយអារម្មណ៍ដែលបានកើតឡើង គ្រប់ពេលវេលាដែលគេនៅក្បែរនាងក្រសែភ្នែករបស់គេបញ្ជាក់ថាស្រឡាញ់និងហួងហែងនាងគ្រប់យ៉ាងប៉ុន្តែគេមិនដែលនិយាយថាស្រឡាញ់នាងទេ ធ្វើឱ្យនាងមានអារម្មណ៍ថាកាត់យល់តែខ្លួនឯងរហូតមក
ក្រាក!
សម្លេងទ្វារបើកចូលមកមិនបានដាស់អារម្មណ៍រាងតូចឱ្យក្រោកចេញពីអារម្មណ៍អណ្តែតអណ្តូងបានទេពោលគឺនាងនៅត្រេងត្រឹងខ្លួនស្ងៀមនៅឡើយមិនបានចាប់អារម្មណ៍រាងសង្ហារដែលចូលមកទេ
“នាង!!” នាយសង្ហារហៅដាស់វិញាណរាងតូចឱ្យត្រឡប់ចូលក្នុងខ្លួន នាងភ្ងាក់ក្រញេងក្រញាងខ្លួនហាក់ភ័យនឹងវត្តមានរបស់គេ រួចក៏បើកភ្នែកធំៗងើយកសម្លឹងមុខគេភ្លឹបភ្លែតៗហាក់មិនចង់ជឿដែលគេលេចវត្តមាននៅទីនេះ
“ស្លេវស្លឺភ្នែក បេះដូងគាំងឬអត់ហ្នឹង?” ជុងហ្គុក ឃើញអាការៈមិនប្រក្រតីរបស់ភរិយាក៏សួរ តែមិនមែនព្រោះតែការបារម្ភទេ សួរផ្គើនច្រើនជាង
“អ្ហ៊ឺ...” ជីមីន លាន់មាត់ថ្ងូរបង្អូសសម្លេងយ៉ាងវែង ធ្វើមុខជូរសម្លឹងមើលគេ ក្នុងកាលៈទេសៈបែបណាក៏នាងគួរឱ្យស្រឡាញ់ដែរដូចពេលនេះជាដើម
“កុំមកអ្ហ៊ឺ..ពេញមួយថ្ងៃហើយមានងូតទឹកឬអត់?” ជុងហ្គុក ដាក់ថង់សម្លៀកបំពាក់លើគ្រែក្បែរខ្លួនជីមីនមុននឹងអង្គុយចុះធ្វើមុខស្មើ
“អើមែន! ភ្លេចងូតទឹកចាំងូតស្អែកសរុបហ្មងទៅ ហ៊ិ! ហ៊ិ!” ជីមីន បញ្ចប់សម្តីដោយសើចយ៉ាងស្រស់ដាក់នាយសង្ហារ ឫកពារបស់នាងគួរឱ្យចង់ចាប់ក្រញិចក្រញីខ្លាំងណាស់
“កុំមកសើច បែបនេះមិនគួរឱ្យស្រឡាញ់ទេណា៎” កាយវិការកូនក្មេងសមនឹងអាយុរបស់នាងគេពេញចិត្តនិងទទួលស្គាល់ថាគួរឱ្យស្រឡាញ់ ប៉ុន្តែសម្តីមិនបានស្របនឹងចិត្តទេ
“ចុះបើគួរឱ្យស្រឡាញ់ នាយស្រឡាញ់អត់?” ជីមីន តាមសម្លឹងកែវភ្នែករបស់គេដើម្បីស្វែងរកចម្លើយដ៏ស្មោះត្រង់ចេញពីចិត្តរបស់គេ
“ខ្ញុំអត់ចេះស្រឡាញ់មនុស្សស្រីទេ!” ជុងហ្គុក ងាកមុខចេញទៅមើលអ្វីផ្សេងបែបមិនស្មោះត្រង់
“ចុះដែលថាមិនស្អប់ខ្ញុំនោះ?”
“នាងដូចជាប្អូនស្រីម្នាក់ទៀតរបស់ខ្ញុំ” ជុងហ្គុក ងាកមកញញឹមដោយលើកដៃទៅចាប់ច្បាមសក់របស់រាងតូចអង្អែលញក់ញីតិចៗ តាមរបៀបបងប្អូនស្រឡាញ់គ្នា
“ប្អូនស្រី?” នាងស្ទើរតែមិនជឿថាជុងហ្គុកនាងជាប្អូនស្រី តើវាជាការពិតដែរទេ?
“ហ៊ឹម..!” ជុងហ្គុក ងក់ក្បាល
“អ្ហ៎! ខ្ញុំច្រឡំខ្លួនឯង ច្រឡំក្រសែភ្នែកបងប្អូននិងស្នេហា ច្រឡំការហួងហែងរបស់លោក ភ្លេចគិតទៅថាជុងស៊ូក៏លោកហួងហែងមិនឱ្យពាក់ព័ន្ធជាមួយប្រុសៗដែរ ហឹក.. ខ្ញុំយល់ច្បាស់ហើយពេលនេះ ហើយក៏ឈប់ច្រឡំទៀតដែរ” ជីមីន អារកាត់យល់តែខ្លួនឯងទាំងដែលជុងហ្គុកមិនបានបញ្ជាក់ ទឹកភ្នែកក៏ស្រក់នៅចំពោះមុខគេតាមចិត្តដែលឈឺ
“ក្មេងចម្កួត! យំបែបនេះអាក្រក់មើលណាស់ កុំយំ” ជុងហ្គុក យកមេដៃទៅផ្តេកផ្តិតទឹកភ្នែកចេញពីក្រោមភ្នែកនាង គេមិនចង់ឃើញនាងយំទេ
“នាងក៏ដឹងថាខ្ញុំក៏មានថេសានិងកូន ប្អូនស្រីបែបនេះហើយទើបនៅក្បែរគ្នាបានរហូត ក្តីស្រឡាញ់ដែលខ្ញុំផ្តល់ឱ្យនាងបានតែប៉ុណ្ណឹង” ជុងហ្គុក ធ្វើតាមអ្វីដែលអាចធ្វើបាន ការធ្វើបែបនេះបញ្ជាក់ថាគេមិនបានអាត្មានិយមទេ ត្រូវអត់? ភរិយាមានត្រឹមឈ្មោះព្រោះឋាន:របស់នាងនៅពេលនេះគេអាចឱ្យបានត្រឹមតែប្អូនស្រីទេ
“ហ៊ឹក! មិនចង់បានទេតែក៏ព្រមទទួល ហ៊ឹក! ប្អូនស្រីក៏បាន” ជីមីន យំពេបមាត់លើកដៃជូតទឹកភ្នែកចេញ នាយសង្ហារក៏ទាញនាងទៅឱបជាប់ទ្រូងធំមាំកក់ក្តៅដោយក្តីពេញចិត្ត
“ពួកយើងគេចទៅដើរលេងនៅបរទេសមួយរយ:ទៅ ល្អទេ?” គ្រប់ពេលដែលមានបញ្ហានិងពេលដែលចង់នៅក្បែរនាង គឺគេតែងតែនាំនាងគេចទៅកន្លែងណាមួយតែពីរនាក់ ទោះបីមិនអាចគេចបានរហូតប៉ុន្តែវាជាមួយរយៈពេលដែលគេអាចនៅក្បែរនាងដោយស្ងប់ចិត្ត
“ខ្ញុំជាប់ការងារហើយហ្នឹង!” ជីមីន ងើបខ្លួនមើលប្រើក្រសែភ្នែកម្សត់សម្លឹងមុខគេ ដែលបញ្ជាក់ថានាងក៏ចង់នៅជាមួយគេតែពីរនាក់ដូចគ្នា
“សម្រាកទៅ ស្អែកចេញពីពេទ្យហើយ”
“ចុះនាយគេងកន្លែងណា?”
“កន្លែងដែលមាននាង” គេប្រើទឹកមុខស្មើធេងនិយាយ ប៉ុន្តែន័យសម្តីរបស់គេមិនរាបស្មើដូចទឹកមុខទេ ពោលគឺធ្វើឱ្យស្រទាប់បេះដូងនាងតូចរីកមាឌរហូតទប់អាការ:ស្ទើរមិនបាន
“ផ្អែមតិចៗ គេងហើយ រាត្រីសួស្តី!” បបូរមាត់ផ្កាឈូកស្រាលញោចស្នាមញញឹមបន្តិច ក៏ដាក់ខ្លួនគេងបែរខ្នងដាក់នាយសង្ហារ ពោលគឺនាងគេងទាំងមានស្នាមញញឹមលើផ្ទៃមុខដ៏ស្រស់ស្អាត។ ជុងហ្គុក ក៏ញោចស្នាមញញឹមផ្អែមដូចគ្នា ខណៈពេលនេះគេមានក្តីសុខបំផុតទោះបីជាក្តីសុខមិនពេញលេញក៏ដោយ សុំឱ្យថ្ងៃស្អែកគេអាចនៅក្បែរ ធ្វើល្អដាក់ និយាយផ្អែមជាមួយនាងដូចថ្ងៃនេះផងចុះ
