.
ភាគ៥៦(ស្នេហាខំតែម្ខាងគ្មានផ្លូវទៅរួច)
ម្រាមដៃតូចស្រឡូនកាន់ទូរស័ព្ទបំណងខលទៅ ថេយ៉ុង ចំណែក ជុងហ្គុក បានទៅផ្សារដើម្បីទិញរបស់របរដែលត្រូវការចាំបាច់ក៏ដូចជាចំណីអាហារជាដើម។ ជីមីន ព្យាយាមចុចទៅអ្នកម្ខាងទៀតជាច្រើនដងប៉ុន្តែមិនចូលសោះ ធ្វើឱ្យនាងកើតការព្រួយបារម្ភទើបខលទៅសួរ ជេនណា
“អាឡូជេនណា!!” គ្រាន់តែ ជេនណា ចុចទទួលភ្លាមរាងតូចក៏ប្រញាប់ប្រញាល់និយាយទាំងតក់ក្រហល់ នាងខ្លាច ថេយ៉ុង មានរឿងព្រោះតែនាង
(ចាស៎បងជី..)
“បងថេយ៍នៅទីនោះទេ? មានខលទៅគាត់ចូលទេ?” ជីមីន សម្តែងអាការៈបារម្ភយ៉ាងខ្លាំង រហូតដល់ ជេនណា លួចសើច
(ពូថេយ៍ កំពុងត្រៀមខ្លួនឡើងយន្តហោះទើបខលមិនចូល តែបងកុំបារម្ភអី គាត់មិនកើតអីទេ) ជេនណា និយាយបណ្តើរងាកទៅមើលលោកពូរបស់ខ្លួនបណ្តើរ
“បងថេយ៍ទៅណា? ហេតុអីមិនលាសូម្បីមួយម៉ាត់?” កាលបើបានឮថា ថេយ៉ុង ត្រូវឡើងយន្តហោះ ជីមីន កាន់តែកើតចម្ងល់ថែមទៀត
(និយាយជាមួយគាត់ខ្លួនឯងទៅ , ពូថេយ៍.. បងជី..ចង់ជួប) ជេនណា ហុចទូរស័ព្ទឱ្យ ថេយ៉ុង ដែលកំពុងអង្គុយក្បែរវ៉ាលិសរង់ចាំជើងហោះហើររបស់ខ្លួនចេញដំណើរ
(អាឡូជី..) សម្លេងរបស់គេសោះកក្រោះដូចមនុស្សកំពុងខកចិត្ត
“បងទៅណា? ហេតុអីមិនប្រាប់ខ្ញុំ? ខ្ញុំនឹងទៅរកបង” ជីមីន ក្រោកឈរបើកទ្វារចេញទៅក្រៅទាំងដែលដើរជើងមួយចំហៀង មិនសមណា ថេយ៉ុង ធ្វើបែបនេះទេ តើគេចង់ទៅណា? បើទៅ គួរណាតែនិយាយគ្នាឱ្យច្បាស់លាស់សិនដែរ
(ហ្អឹមមម.. វាគួរតែដល់ពេលហើយ) ថេយ៉ុង ដង្ហើមធំយ៉ាងវែងមុននឹងនិយាយប្រយោគដ៏គ្មានជាតិមួយនេះ
“ពូ.. ទៅប្រលានយន្តហោះសេអ៊ូល” ជីមីន បក់ដៃហៅឡានតាក់ស៊ីមុននឹងឡើងជិះហើយប្រាប់កន្លែងដែលត្រូវទៅ ពី ប៊ូសាន ទៅ សេអ៊ូល មិនមែនជិតឯណា បើ ថេយ៉ុង ត្រូវឡើងយន្តហោះពិតមែន នាងក៏ទៅមិនទាន់ដែរ
“ខ្ញុំទៅដល់ឥឡូវហើយ បងកុំទៅអីណា” ជីមីន និយាយប្រាប់ ថេយ៉ុង ទាំងអួលដើមក។ ពេលនេះទើបនាងយល់ច្បាស់ អ្វីដែលមានតម្លៃគួរតែតបស្នងឱ្យសមតម្លៃ ជាពិសេសទឹកចិត្តរបស់គេចំពោះនាង នាងគួរតែតបស្នងទៅគេយូរហើយ ប៉ុន្តែនាងនៅតែចិញ្ចឹមចិត្តស្រឡាញ់អតីតស្វាមីទើបធ្វើឱ្យគេខូចចិត្ត គេសុខចិត្តជ្រើសរើសដើរចេញឱ្យតែនាងបាននៅជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់ ថ្ងៃនោះនាងមិនគួរបដិសេធការសុំរៀបការរបស់គេទេ ហើយនាងរឹតតែមិនគួរនិយាយថានៅតែស្រឡាញ់ ជុងហ្គុក ចំពោះមុខដែរ នាងយល់អារម្មណ៍ដែលស្រឡាញ់ ដែលខំថែស្នេហាតែម្ខាង វាឈឺអួលណែនក្នុងទ្រូងឆ្វេងខ្លាំងណាស់
(មិនបាច់មកទេ.. ប្រហែលជា១០នាទីបងត្រូវឡើងទៅអាមេរិកហើយ មិនយូរទេនឹងត្រឡប់ មើលថែខ្លួនឯងផងណា៎) ស្តាប់តាមសម្លេងរបស់គេក៏ដឹងថាទៅទាំងចិត្តមិនចង់ដែរ
“ហ្អឹក.. បងថេយ៍! ប្រាប់ខ្ញុំមកថាបងទៅព្រោះអ្វី? ហេតុអីគេចពីខ្ញុំ?” ជីមីន ព្យាយាមសួរអ្នកម្ខាងទៀតសឹងតែទប់ទឹកភ្នែកមិនជាប់ មានអារម្មណ៍ថាខ្លួនឯងជាមេនាំរឿងតាំងពីដើរចូលជីវិតរបស់គេ
(និយាយឱ្យត្រង់ទៅបងចង់កាត់ចិត្ត សង្ឃឹមថាថ្ងៃណាមួយនឹងជួបមនុស្សដែលត្រូវចិត្ត មួយវិញទៀតបងចង់សិក្សាពីបទពិសោធន៍ថ្មីៗទាក់ទងនឹងការងាររបស់បង កុំបារម្ភអីបងជាមនុស្សប្រុសផ្លូវចិត្តរឹងមាំណាស់ គិតតែឯងវិញទៅ កុំខឹងគេយូរពេក ខាតពេលវេលាមានក្តីសុខខ្លាំងណាស់ មួយម៉ោងមាន៦០នាទីនិងមាន៣,៦០០វិនាទី ចុះមួយថ្ងៃមានប៉ុន្មានវិនាទី? វាមាន៨៦,៤០០វិនាទី គួរណាតែធ្វើអីឱ្យមានប្រយោជន៍និងមានសន្តិភាពផ្លូវចិត្ត រឿងខ្លះបើលែងលែងបានលើកលែងទៅ ឯងក៏ស្រឡាញ់គេ គេក៏ស្រឡាញ់ឯង គួរតែចាប់យកឱកាសនៅរស់នៅឱ្យមានក្តីសុខជាមួយគេវិញទៅមិនល្អជាង គ្រប់យ៉ាងជាមេរៀន ធ្វើឱ្យបងយល់ច្បាស់ថា ស្នេហាខំតែម្ខាងមិនអាចទៅរួចទេ ឯងក៏ប្រហែលជាទទួលបានមេរៀននេះដូចគ្នា កុំគិតពីបងអី បងមិនអីទេ)
ជីមីន អង្គុយស្តាប់ ថេយ៉ុង និយាយយ៉ាងស្ងៀមស្ងាត់ហើយក៏គិតច្រើនអំពីសម្តីរបស់អ្នកម្ខាងទៀត
“មើលថែខ្លួនណា៎.. ខ្ញុំស្រលាញ់បង.. បងប្រុស” ឮពាក្យបងប្រុសម្តងៗ ថេយ៉ុង ចេះតែមានអារម្មណ៍ថាឈឺម៉េចក៏មិនដឹងទេ ប៉ុន្តែគេបានជ្រើសផ្លូវដើម្បីកាត់ចិត្តរួចហើយ សុភាសិតគេថា ឃ្លាតកាយនាយចិត្ត វាក៏ប្រហែលបែបនោះឯង
(អ្ហឹម.. បងជិតដល់ម៉ោងទៅហើយ ត្រឡប់ទៅធ្វើការវិញចុះ ជួយៗមើលកន្លែងការងារឱ្យបងផងណា៎.. កុំភ្លេចមើលថែខ្លួនឯង ធ្វើឱ្យខ្លួនឯងសប្បាយចិត្តណា៎.. ប៉ុណ្ណឹងសិនហើយ)
“បកក្រោយវិញពូ..” ជីមីន ចុចបិទទូរស័ព្ទហើយក៏ស្រែកប្រាប់អ្នកបើកតាក់ស៊ីឱ្យបកទៅផ្ទះរបស់ ជុងហ្គុក វិញ ព្រោះបើនាងទៅសេអ៊ូលមុនគេក៏វាមិនកើត
ឡានទំនើបបើកចូលខាងក្នុងបរិវេណផ្ទះដែលស្ងប់ស្ងាត់ វាមិនចម្លែកទេព្រោះទីនេះគ្មានមនុស្សនៅតាំងពីដើមក ពេលនេះ ជីមីន នៅតែម្នាក់ឯងក៏ប្រហែលជាគេងលក់បាត់ហើយមើលទៅ ជុងហ្គុក គិតហើយក៏ញញឹមផ្អែមមុននឹងបើកគូទឡានយករបស់របរក៏ដូចជាគ្រឿងសម្រាប់ធ្វើម្ហូបចេញ រួចក៏យួរដើរចូលក្នុងផ្ទះ ទុកលើតុអាហារមុននឹងដើរទៅមើល ជីមីន នៅក្នុងបន្ទប់
“ជី.. ជីមីន! បងមកវិញហើយ”
ក្រាក!
ទ្វារបើកបង្ហាញឡើង នៅក្នុងបន្ទប់មានតែភាពទទេស្អាត ជុងហ្គុក ចាប់ផ្តើមធ្លាក់ទឹកមុខ ស្នាមញញឹមលើផ្ទៃមុខស្រស់បស់ក៏លែងមាន ព្រោះគិតថាអតីតភរិយារត់គេចចេញពីខ្លួន គេមិនដែលដឹងសោះថានាងមិនចង់ក្បែរគេដល់ថ្នាក់នេះ គេដឹងថាពីមុនគេមិនល្អ តែពេលនេះគេសុំឱកាសប៉ះប៉ូវហើយទេតើ.. ហេតុអីនាងមិនចង់ផ្តល់ឱកាសឱ្យគេម្តងទៀត? ធ្វើខ្លួនចិត្តដាច់ធ្វើអី បើនាងក៏ស្រឡាញ់គេដែរហ្នឹង
ប្រអប់ជើងមាំឈានថយក្រោយមុននឹងបែរខ្លួនដើរត្រឡប់ទៅឡានវិញ ដើម្បីទៅតាមនាង ប៉ុន្តែពេលដើរទៅដល់មុខផ្ទះក៏ឃើញនាងចុះពីលើតាក់ស៊ីហើយញឹមៗមិនសូវសមដាក់អ្នកបើកតាក់ស៊ីគេក៏ប្រញាប់ប្រញាល់ដើរទៅជិតនាង
“ខ្ញុំអត់មានលុយទេពូ..” ជីមីន ឈរជើងម្ខាងព្យាយាមធ្វើខ្លួនគួរឱ្យអាណិតដាក់អ្នកបើកតាក់ស៊ី ពូបើកតាក់ស៊ីញញឹមតិចៗបញ្ជាក់ថាគាត់មិនយកលុយក៏បាន
“មិនអីទេ!”
“នេះបងយកទៅ.. កុំឱ្យស៊យ” ជុងហ្គុក ដកលុយពីកាបូបហុចឱ្យអ្នកបើកតាក់ស៊ីដែលបម្រុងនឹងបើកចេញទៅ មើលទៅគាត់ក៏មិនមានជីវ:ភាពធូរធារណាស់ណាដែរ ប៉ុន្តែចិត្តល្អ
“អរគុណ!” ពូបើកតាក់ស៊ីទទួលលុយទាំងញញឹមមុននឹងបើកចេញទៅ
“អូនទៅណា? បងស្មានតែរត់គេចពីបងបាត់ហើយ” ស្របជាមួយសំណួរគេក៏ចាប់លើកបីរាងតូចចូលក្នុងរង្វង់ដៃ ព្រោះមិនចង់ឃើញនាងដើរទាំងលំបាកលំបិន
“ទៅជួបប្រុស.. ជួបហើយក៏មកវិញ” ជីមីន ឆ្លើយទាំងមុខស្មើ ដើម្បីឱ្យគេលង់ជឿ និយាយឱ្យចំទៅនាងក៏គ្មានហេតុផលអីដែលត្រូវចេញទៅក្រៅដែរ
“និយាយឱ្យស្រួលបួលមើល ពិបាកស្តាប់ណាស់” ជុងហ្គុក មិនជឿសម្តីរបស់នាងសូម្បីតែបន្តិច គេមិនខ្វល់ថានាងទៅក្រៅធ្វើអីទេ អ្វីដែលសំខាន់គឺនាងត្រឡប់មករកគេវិញ
“ពិបាកស្តាប់ កុំស្តាប់ បិទត្រចៀកចោលទៅ!!” ជីមីន និយាយកំបុតៗដាក់នាយ
“តែបងស្តាប់សម្តីរបស់អូន” នាងស្រែកក៏តាមតែនាងទៅ គេនៅតែនិយាយផ្អែមដាក់នាងដដែលហ្នឹង មិនដឹងថាគេក្លាយជាបុរសផ្អែមល្ហែមពីពេលណាទេ
គេបីនាងដាក់លើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ហើយក៏ញញឹមដាក់នាងមុននឹងប្រាប់៖
“អូនប្រហែលជាស្អុះហើយ ចាំបងទៅយកសម្លៀកបំពាក់មកឱ្យផ្លាស់ប្តូរ ចាំបន្តិចណា៎” គេឱនមុខនិយាយជាមួយនាងខណ:ដែលប្រអប់ដៃលូកទៅអង្អែលសក់ខ្មៅរលាស់របស់នាងថើៗតាមរបៀបមនុស្សយកចិត្តទុកដាក់។ ជីមីន មិនមាត់អ្វីទាំងអស់តែក៏លួចញញឹមក្នុងចិត្ត ចេះទៅផ្សារទិញម្ហូបទិញសម្លៀកបំពាក់អីណា បែកគ្នាមួយរយៈសោះចេះច្រើនដល់ហើយ
“យកទៅ..បងមិនដឹងថាពេញចិត្តឬអត់ទេ.. ប៉ុន្តែមនុស្សស្រីស្លៀកពណ៌ផ្កាឈូកមើលទៅស្រស់ស្អាតណាស់” ជុងហ្គុក ដាក់បង្គុយក្បែររាងតូចមុននឹងហុចថង់សម្លៀកបំពាក់ម៉ាកល្បីឱ្យនាង ហើយថែមទាំងនិយាយបូរបាច់ប្រាប់ពីសម្លៀកបំពាក់មួយឈុតនោះ
“អួយ.. ទិញខោក្នុង អាវក្នុងធ្វើអី??” បើកថង់ភ្លាម ជីមីន ភ្ងាក់ព្រឺតក៏ប្រញាប់ប្រញាល់ងើបមើលមុខគេទាំងបើកភ្នែកធំៗ គេទៅទិញបែបនេះមកមិនខ្មាសអ្នកលក់ទេហ្អេស៎?
“បើមិនទិញបានអីពាក់” គេឆ្លើយធម្មតាៗ
“ហើយដឹងទំហំទៀត លួចវាស់ពីពេលណា?” ជីមីន ខាំបបូរមាត់សួរតិចៗខណ:ដែលកំពុងសួរគេទាំងអៀន
“ពេលឱប ពេលកាន់ បងចេះតែស្មានៗទៅ” ជុងហ្គុក ឆ្លើយទាំងលួចសើចនៅក្នុងចិត្ត
“អ្ហួយ...” នាងលួចព្រោះខ្យល់ចេញពីពោះដើម្បីឱ្យធូរចិត្តបន្តិច គេលេងស្រស់ៗបែបនេះ នាងអៀនណាស់