ម៉ោង៧យប់ទើប ជីមីន ត្រឡប់ចូលផ្ទះវិញ ពីព្រឹកមិញនាងទៅធ្វើការយឺតទើបត្រូវធ្វើការសង.. រាងកាយគ្មានកម្លាំងកំហែងយោងយោកខ្លួនដើរចូលក្នុងផ្ទះរួចក៏ហួសចូលបន្ទប់តែម្តង នាងដាក់ឯកសារលើតុមុននឹងដោះកាតាបទុកក្បែរគ្នា
“ការងារក្រុមហ៊ុនណាធ្វើដល់ម៉ោង៧?” សម្លេងផ្តាច់ការសួរឡើងក្នុងបំណងចាប់កំហុសរករឿងនាង
“ថែមម៉ោង!” នាងតបតែមួយម៉ាត់ក៏ដើរចេញគេចមុខពីគេ តែត្រូវគេចាប់ដើមដៃជាប់បញ្ឈប់ដំណើរនាង នាងងើយមើលមុខគេសម្លឹងចំក្រសែភ្នែកគេហាក់ចង់ចូលទៅដល់បេះដូងរបស់គេជ្រៀវរករូបខ្លួនឯង តើមាននៅក្នុងបេះដូងគេទេ?
“ថែមម៉ោងក្នុងការងារឬក៏ថែមម៉ោងធ្វើអ្វីផ្សេងជាមួយប្រុស?” សំណួររបស់គេធ្វើឱ្យ ជីមីន គាំងខ្លាំងតែម្តង នាងធ្វើការហត់ស្ទើរតែដកខ្យល់មិនរួច គេមកចោទប្រកាន់ថានាងមានប្រុស នេះឬលេសរករឿងដើម្បីឱ្យនាងព្រមបែកពីគេ? គេមានស្រីរហូតដល់មានផ្ទៃពោះមករករស់នៅក្រោមដំបូលផ្ទះតែមួយ នាងមិនមាត់មិនថាស្តីមួយម៉ាត់ផង គេចង់បានស្អីទៀត?
“ខ្ញុំហត់ណាស់ គ្មានកម្លាំងឈ្លោះជាមួយនាយទេ កុំមករករឿង” នាងហត់ពិតមែន ហត់ទាំងកាយ ហត់ទាំងចិត្ត នាងទ្រាំអស់ពីចិត្តហើយ គេនៅតែមិនយល់ចិត្តនាងទៀត ឬគេមិនដឹងថានាងឈឺ?
“ខ្ញុំមិនបានរករឿង ខ្ញុំឃើញនាងថើបជាមួយមនុស្សប្រុសច្បាស់ណាស់” ព្រះអើយ! តើនាងទៅថើបជាមួយប្រុសម្នាក់ណា? គេកាន់តែឆ្គួតហើយ ចង់រករឿងគួរតែរករឿងដែលសមហេតុផលជាងនេះ
“...” នាងស្ងៀមស្ងាត់មិនតបតជាមួយគេហើយក៏ព្យាយាមដើរគេចគេខ្ជិលឈ្លោះជាមួយ
“យ៉ាងម៉េចលុយដែលប៉ាខ្ញុំឱ្យនាងមិនគ្រប់គ្រាន់មែនទេ? ទើបខំទៅទាក់ប្រុសបន្ថែមទៀត” ជុងហ្គុក កាន់តែគិតអវិជ្ជមានច្រើនឡើងកាលបើ ជីមីន មិនតបតជាមួយ ក្នុងចិត្តគេនាងគឺអាក្រក់ខ្លាំង
“មួយម៉ាត់ខ្ញុំមានប្រុស ២ម៉ាត់ខ្ញុំទាក់ប្រុស ៣ម៉ាត់ខ្ញុំទិញដោយលុយ នាយក៏ជាម្នាក់ដែលគិតថាខ្ញុំទិញដោយលុយដែរមែនទេ?” កែវភ្នែកស្រអាប់ៗទឹកថ្លាៗកំពុងតែព័ទ្ធជុំវិញប្រឡង់ភ្នែក គេក្លាយជាមនុស្សចេះមើលងាយនាងហើយឬ? ត្រូវហើយ! គេកំពុងតែជាន់ឈ្លីកត្តិយសនិងផ្លូវចិត្តរបស់នាងក្នុងពេលតែមួយ
“រករឿងខ្ញុំ ចង់ឱ្យខ្ញុំយំទើបអស់ចិត្តមែនទេ? ឃើញខ្ញុំយំទើបញ៉ាំបាយឆ្ងាញ់តើមែនទេ? ចង់បានអីឱ្យប្រាកដប្រាប់ខ្ញុំមក ខ្ញុំនឹងធ្វើឱ្យ កុំរករឿងខ្ញុំ ខ្ញុំហត់ណាស់” ទឹកថ្លាក្តៅឧណ្ឌៗហូរស្រក់កាត់ថ្ពាល់នៅចំពោះមុខ ជុងហ្គុក នាងកំពុងតែយំនៅចំពោះគេ ហត់កាយមិនស្មើហត់ចិត្តទេ
“ធ្វើជាប្រពន្ធខ្ញុំនាងហត់ណាស់មែនទេ?”
“មែន!” ហត់ដែលគេមិនយល់ចិត្តនាងសូម្បីប៉ុនក្រចកដៃ
“ចង់លែងលះណាស់មែនទេ?”
(មិនចង់ទេ កុំអី!) នាងខ្លាចណាស់ បើគេសុំនាងលែងលះស្មើនឹង ថេសា ក្លាយជាភរិយាស្របច្បាប់ នាងនឹងខ្ទាតចេញពីដំណែងប្រពន្ធស្របច្បាប់ នាងមិនព្រមដាច់ខាត
“កុំភ័យអី!វាមិនងាយពេកទេ ខ្ញុំមិនសម្រេចបំណងនាងឱ្យទៅរកប្រុសថ្មីទេ ដរាបណាខ្ញុំមិនទាន់បានបំផ្លាញនាង”
ផាំង! គេដើរចេញពីបន្ទប់បិទទ្វារមួយទំហឹងតាមកម្លាំងដៃធ្ងន់ៗធ្វើឱ្យនាងភ្ងាក់ក្រញាងខ្លួនភ័យខ្លាចនឹងឫកពាផ្តាច់ការរបស់គេ
“..ហេតុអីក៏គេក្លាយទៅជាបែបនេះ?..ហឹក..” សំណួរសួរខ្លួនឯងទាំងគ្មានចម្លើយ ពីម្សិលមិញគេធ្វើល្អដាក់នាងនៅឡើយ តែថ្ងៃនេះគេប្រែប្លែក ប្លែកដល់ថ្នាក់នាងតាមមិនទាន់។ ជីមីន ដើរចូលបន្ទប់ទឹកបើកទឹកផ្កាឈូកខ្លាំងៗសង្ងំយំលេបលាក់ទឹកភ្នែកជាមួយទឹកផ្កាឈូក អារម្មណ៍ហេងហាងអស់កម្លាំងហាក់គ្មានសល់នរណាម្នាក់ក្នុងជីវិត អ្នកផ្សេងមើលងាយនាងមិនសូវឈឺដូចជាគេទេ គេមើលឃើញនាងត្រឹមតែជាស្រីមុខលុយម្នាក់ អ៊ីចឹងទេតើទើបគេមិនដែលផ្តល់ក្តីស្រឡាញ់និងភាពទន់ភ្លន់ឱ្យនាង
ផាច់! ផាច់!
“..ហឹក..ហឹក..” ជីមីន ទះមុខខ្លួនឯង២ដៃដើម្បីឱ្យស្វាង ឈប់គិតថាគេស្រឡាញ់ខ្លួនទៀត ពេលនេះធាតុពិតរបស់គេចេញហើយ គេប្រហែលជាចង់ឱ្យនាងចេញពីជីវិតគេហើយ ទើបខំប្រឹងរកនឹកថាស្តីចោទប្រកាន់មើលងាយនាង គេមិនដេញត្រង់ៗទេ គេប្រើវិធីដេញដោយឈាមត្រជាក់បំផុត តើនាងនៅធ្វើអីទៀត? នាងអស់តម្លៃក្នុងក្រសែភ្នែករបស់គេហើយ
“ប៉ាម៉ាក់! មកយកកូនទៅផង ហឹក..ត្រឹមតែថ្ងៃដំបូងកូនទ្រាំលែងបានទៅហើយ ហឹក..កូនគ្មានអ្នកណាទៀតទេ គ្មានអ្នកណាឱបកូនលួងលោមកូនទេ ហឹក..កូនឯកាណាស់” ពេលវេលាដែលឯកាបំផុតគឺ ជីមីន ត្រូវការភាពកក់ក្តៅពីនរណាម្នាក់ តែខណ:ពេលនេះគ្មានអ្នកណានៅក្បែរនាងទេ នាងមានក្បាលមួយតែឯង
