< ក្រាក > ទ្វារបន្ទប់បើកដោយដៃតូចៗរបស់ Tae មុននឹងគេនាំរាងក្រាស់ចូលទៅធ្វើឲ្យនាយបានឃើញបន្ទប់គេជាលើកដំបូង មើលចុះដូចបន្ទប់ក្មេងអាយុ8ឆ្នាំចឹង ជញ្ជាំងបន្ទប់លាបពណ៌ស្វាយ មានភ្លើងតូចៗជារូបផ្កាយនិងបេះដូងចងពាសពេញ ជាពិសេសលើគ្រែមានសុទ្ធតែតុក្កតាទាំងតូចទាំងធំធ្វើឲ្យនាយឆ្ងល់ណាស់ថា Tae គេងបានដោយរបៀបណាបើតុក្កតាដណ្ដើមកន្លែងអស់ហើយចឹងនោះ ។
« កុំមើលងាយបន្ទប់យើងឲ្យសោះណា៎ ឃើញតូចចឹងមែនតែកក់ក្ដៅល្អណាស់ ធានាថាឯងគេងមួយយប់នេះហើយច្បាស់ជាចង់មកគេងថ្ងៃក្រោយទៀតមិនខាន » Tae និយាយពេលនាយចេះតែរេភ្នែកមើលនេះមើលនោះក្នុងបន្ទប់គេ ។
« ចុះបើពិតមែន ឯងឲ្យយើងមកគេងទៀតឬអត់? » Jungkook សួរវិញទាំងទឹកមុខច្រឡើមទាំងរាងតូចមិនដឹងបំណងពិតគេ បែរជាស្ញេញយល់ព្រមទៅវិញ ។
« ឲ្យតែឯងចង់ ប្រាកដជាបានស្រាប់ហើយម៉ោះ » ថាហើយ Tae ក៏ចាប់ដៃនាយទៅមុននឹងវាសតុក្កតាទៅម្ខាងហើយទាញឲ្យគេអង្គុយចុះ ស្រាប់តែរាងតូចធ្វើខ្សែភ្នែកស្រទន់ដាក់នាយឲ្យស្រឹមតាមតែម្ដង ។
« ពួកយើងជាមិត្តនឹងគ្នាយូរហើយត្រូវទេ ប៉ុន្មានឆ្នាំហើយអញ្ចេះ? » Tae
« 5ឆ្នាំ » Jungkook ឆ្លើយទាំងញញឹមតិចៗជាមួយភាពមិនដឹងអីរបស់រាងតូច ។
« អឺហ្នឹងហើយ បើជ្រុលជាពួកយើងស្និទ្ធស្នាលគ្នាចឹងហើយទោះបីយើងពឹងពាក់រឿងអីក៏ឯងនឹងជួយយើងដែរន៎? » Tae
« ចុះចង់ឲ្យយើងជួយធ្វើអី? » Jungkook សួរទើបរាងតូចដើរទៅបើកថតទូយកក្រដាសមួយសន្លឹកមកឲ្យនាយមើល ។
« គឺនេះ »
« ឯងចង់ប្រឡងយកអាហារូបករណ៍? » រាងក្រាស់សួរឡើងជាមួយទឹកមុខចម្លែក ។
« អ្ហឹម!! មុនពេលចូលថ្នាក់ទី12 សាកលវិទ្យាល័យ Yonsei នឹងចុះមកវិទ្យាល័យពួកយើងរើសសិស្សពូកែ ប្រឡងយកអាហារូបករណ៍ទៅរៀននៅទីនោះហើយឯងក៏ដឹងថាទីនោះល្បីប៉ុណ្ណាដែរ ទើបយើងចង់ប្រឡងយកអាហារូបករណ៍ទៅរៀនដោយខ្លួនឯង មិនចង់ឲ្យម៉ាក់លំបាកបង់លុយឲ្យយើងរៀនទេ » កាលបើរាងតូចប្រាប់ដូច្នេះធ្វើឲ្យ Jungkook ហាក់បីភាំងអស់រលីង ព្រោះតាមការពិតគេក៏ចង់ដាក់ពាក្យប្រឡងទៅរៀននៅទីនោះដូចគ្នាដើម្បីឲ្យប៉ាគេបានឃើញថាគេពូកែប៉ុណ្ណាហើយអាចធ្វើអ្វីៗបានដោយ ខ្លួនឯងទោះបីគ្មានការជួយពីគាត់ក៏ដោយ ប៉ុន្តែការប្រឡងនោះគឺគេរើសយកតែសិស្សម្នាក់ប៉ុណ្ណោះ គេស្រឡាញ់រាងតូចតែគេក៏គិតពីអនាគតខ្លួនឯងដូចគ្នា មិនដឹងថាគួរសម្រេចចិត្តយ៉ាងណាទេ ។
YOU ARE READING
- បេះដូងវង្វេងម្ចាស់ - (Completed)
Romanceមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...