ភាគ ០១

1.6K 29 0
                                    

        ពន្លឺព្រះអាទិត្យនៃរដូវស្លឹកឈើជ្រុះជះចូលមកក្នុងបន្ទប់សៀវភៅធំទូលាយ ម្រាមដៃស្រឡូនបើកសន្លឹកសៀវភៅពីមួយទំព័រទៅមួយទំព័រដោយការយកចិត្តទុកដាក់ យូរៗម្តងចិញ្ចើមក៏ជ្រួញចូលគ្នាព្រោះអត្ថន័យនៃពាក្យដែលខ្លួនកំពុងអាន
តុកៗ
សម្លេងគោះទ្វារតាមដោយទ្វារដែលត្រូវបើកចូលមកដោយអ្នកម៉ាក់ សក់ខ្មៅរលោងព្រោះការលាបពណ៌ត្រូវបានបួងឡើងតឹងសឹងតែគ្មានកូនសក់អោយធ្លាក់មកលើមុខ តំណើរពោរពេញដោយភាពថ្លៃថ្នូរ និងសម្លៀកបំពាក់ដែលត្រូវបានអ៊ុតត្រង់ភ្លឹងរហូតមើលភ្លីសឹងមិនឃើញ គ្រប់យ៉ាង់របស់គាត់គឺមានតែភាពឥតខ្ចោះ លើកលែងតែស្នាមញញឹមក្លែងក្លាយដែលតែងតែលម្អនៅលើមុខមួយនោះប៉ុណ្ណោះដែលធ្វើអោយគាត់មើលទៅមិនល្អគ្រប់យ៉ាងពេក
« ម៉ាក់មានការអីមែនទេ? »
« ខាឡានី មករកឯង នាងចាំនៅបន្ទប់ទទួលភ្ញៀវ »
« ចា៎ ខ្ញុំនិងចុះទៅ »
« កុំអោយនាងចាំយូរពេក វាមិនល្អទេ »
« ចា៎ » ហើយម៉ាក់ក៏ដើរចេញទៅវិញ ម៉ូរីសា មិនចម្លែកនិងភាពសោះកក្រោះរបស់គាត់ យ៉ាងណាធ្វើតួនាទីត្រឹមជាប្រពន្ធប៉ាក៏ហត់គ្រប់គ្រាន់សម្រាប់គាត់ទៅហើយ។
បន្ទាប់ពីម៉ាក់ចេញទៅផុត ម៉ូរីសាក៏រៀបសៀវភៅដែលកំពុងអានទុកវិញ ហើយក៏ប្រញាប់ចុះទៅក្រោមទាំងអារម្មណ៍ល្អ
« ខាឡានី! »
« រីសា! » ក្រមុំទាំងពីរដើរមកអោបគ្នាទាំងស្នាមញញឹម
« ឯងគួរតែប្រាប់ខ្ញុំមុនថាមក »
« គឺចង់សូប្រាយ៍នោះអី » ខាឡានី ជាក្មួយស្រីរបស់ ដន សាលវ៉ាថ័រ ហើយក៏ជាមនុស្សស្រីតែម្នាក់នៅក្នុងវិមានដេរ៉ូប៊េទីស៍ ចង់ចេញទៅណាម្តងៗគឺលំបាកខ្លាំងណាស់ ទម្រាំតែមកបានពេលនេះក៏អង្វរយ៉ាងយូរទម្រាំគាត់អនុញ្ញាត
« ពួកយើងទៅផឹកតែនៅក្នុងសួនទៅល្អទេ »
« ល្អណាស់ »
ថាហើយក៏នាំគ្នាដើរទៅ ហើយព្រោះភូមិគ្រឹះ ម៉េកខេនណា ធំគួរសម ទើបប្រើពេលយូរបន្តិចទម្រាំទៅដល់សួនខាងក្រោយ។ ដើរបណ្តើរនិយាយគ្នាបណ្តើរ សម្លេងសើចក្អាក់ក្អាយក៏មានឮរំពងពេញវេរ៉ង់ដាខាងលិច
« ខ្ញុំប្រាប់គាត់ហើយថាមិនអោយយកកុលាបទៅដាក់នៅបន្ទប់នោះ តែគាត់មិនស្តាប់ ទីបំផុតក៏ត្រូវអ៊ំប្រុសស្តីអោយ »
« ពិតមែនឬ? សំណាងហើយដែល ដន មិនដាក់ទោស ឮមកថាគាត់ស្អប់កុលាបក្រហមខ្លាំងណាស់ »
« ពិតមែនហើយ គាត់ស្អប់កុលាបក្រហមខ្លាំងណាស់សូម្បីតែឈ្មោះរបស់វាក៏មិនចង់ឮផង »
« ដល់ថ្នាក់ហ្នឹងឬ? » ម៉ូរីសា ងាកទៅបើកភ្នែកធំៗដាក់មិត្ត ពេលនេះពួកនាងដើរមកដល់ខាងចុងវេរ៉ង់ដាទៅហើយ គ្រាន់តែបក់ស្តាំបន្តិចនិងដល់ទ្វារធំចេញទៅសួនខាងក្រោយតែព្រោះរវល់និយាយគ្នាទើបមិនបានចាប់អារម្មណ៍ស្រមោលដែលដើរចេញមកពីជ្រុងម្ខាងទៀតទម្រាំតែដឹងគឺដើរមកទល់មុខគ្នាទៅហើយ
« អុ៎ » ម៉ូរីសា ភ្ញាក់ថយក្រោយមួយជំហ៊ានពេលកែងដៃត្រូវមិត្តទាញអោយឈប់ដើរ នាងងើយមុខសម្លឹងអ្នកដែលខ្លួនបិះបុកតែក៏ត្រូវភាំង
« បងប្រុស » ខាឡានី ដើរទៅកៀកមិត្ត នាងសម្លឹងមើលបងប្រុសរបស់ខ្លួន តែកែវភ្នែកពណ៌ប្រាក់មួយគូរនោះក៏កំពុងសម្លឹងមើលទៅម៉ូរីសាវិញដូចគ្នា
« ខានជួបគ្នាយូរហើយម៉ូរីសា ម៉េកខេនណា » សម្លេងគ្រលរជ្រៅរបស់ ជីមីន ដេរ៉ូប៊េទីស៍ ធ្វើអោយឆ្អឹងខ្នងម្ចាស់ឈ្មោះព្រឺខ្ញាក ដៃក្តាប់ចូលគ្នាណែនទាំងខ្លួនប្រាណចាប់ផ្តើមញ័រ អតិតកាលដែលគិតថាភ្លេចទៅហើយក៏ត្រឡប់មកវិញធ្វើអោយជើងស្រឡូនឈានថយក្រោយមួយជំហ៊ានទៀតរក្សាគម្លាតរវាងគេនិងនាងអោយកាន់តែឆ្ងាយ
« ចា៎ »
« ហ្ហឹស! » សម្លេងសើចដើម-ក-ដូចមនុស្សព្យាយាមទប់សំណើចបន្លឺឡើងពីមនុស្សប្រុសម្នាក់ទៀតដែលឈរនៅក្បែរនោះ គេខ្ពស់ជាងជីមីនបន្តិច សសៃសក់ក៏មានពណ៌មាសខុសដាច់ពីសសៃសក់ខ្មៅរលោងរបស់ជីមីនតែបែរជាដូចមនុស្សស្រីម្នាក់ទៀតដែលកំពុងឈរក្បែនាង ខាឡានី.....មនុស្សប្រុសដែលកំពុងឈរជិតជីមីន ជាបងប្រុសបង្កើតរបស់ ខាឡានី ហើយបើចាំមិនខុសឈ្មោះរបស់គេគឺ ខាវីនដ្រា ហារីងតុន!
« ពួកបងនិយាយការងាររួចហើយឬ? » ជាខាឡានីដែលសួរ
« នៅទេ » ជីមីន តបតែភ្នែកនៅតែសម្លឹងមើលមនុស្សស្រីចំពោះមុខមិនដាក់ គេសម្លឹងពីលើចុះក្រោម ហើយក៏ពីក្រោមឡើងលើ ធ្វើអោយអ្នកដែលត្រូវសម្លឹងកាន់តែធ្វើខ្លួនមិនត្រូវ បរិយាកាសតានតឹងរហូតម៉ូរីសា យល់ថាដកដង្ហើមមិនចង់ចេញ។
« លោកប៉ាប្រហែលជាកំពុងរងចាំអ្នកទាំងពីរនៅបន្ទប់ធ្វើការ បើអស់អីហើយខ្ញុំសុំខ្លួនសិនហើយ » ព្រោះតែជីមីនខ្ពស់ជាងនាង ទើបម៉ូរីសាសម្លឹងមើលត្រឹមចង្ការគេប៉ុណ្ណោះ នាងមិនហ៊ានសម្លឹងភ្នែកគេតែក៏ក្លាហានល្មមនិងនិយាយប្រាប់គេហើយអូសដៃខាឡានីចេញមក នាងមិនខ្វល់ហើយក៏មិនចង់រងចាំគេនិយាយសួរនាំបង្កើតសន្ទនាអ្វីទៀត នាងចង់ចេញពីទីនេះអោយបានលឿនបំផុត។
« រីសា ឯងមិនអីទេមែនទេ? » ពេលចេញមកដល់សួនខាងក្រៅ ខាឡានី ក៏សួរឡើងដោយភាពព្រួយបារម្ភព្រោះទឹកមុខមិត្តពេលនេះមិនល្អប៉ុន្មានទេ
« មិនអីទេ ប្រហែលគ្រាន់តែចាញ់រងារទេដឹង » ពេលនេះអាកាសធាតុចាប់ផ្តើមត្រជាក់ហើយលេសនេះប្រហែលជាប្រើការបាន ម៉ូរីសាមិនចង់ប្រាប់ខាឡានីទេថា បងប្រុសជីដូនមួយរបស់នាងធ្វើអោយនាងខ្លាចយ៉ាងណា។
ពេញមួយរសៀលដែលក្រមុំទាំងពីរចំណាយពេលអង្គុយផឹកតែនិយាយគ្នាលេង ទម្រាំតែជីមីននិងខេវីននិយាយការងារជាមួយប៉ាចប់មេឃក៏ចាប់ផ្តើមងងឹត ហើយក្រសែរភ្នែកចុងក្រោយដែលជីមីនសម្លឹងមើលមកមុនពេលដែលគេឡើងឡានត្រឡប់ទៅវិញធ្វើអោយនាងមានអារម្មណ៍មិនល្អនោះទេ។
« រីសា » ពេលជូនតំណើរភ្ញៀវទៅអស់ ប៉ាក៏ស្រាប់តែងាកសម្លឹងមើលមក ហើយជាមួយទឹកមុខមាំរបស់គាត់អារម្មណ៍មិនស្រួលមុននេះក៏កាន់តែកើនឡើង
« ទៅជួបប៉ានៅបន្ទប់ធ្វើការ ប៉ាមានរឿងនិយាយជាមួយឯង »
« ចា៎ »
បន្ទាប់ពីនិយាយចប់គាត់ក៏ដើរទៅបាត់ ម៉ូរីសា ប្រញាប់ងាកទៅរកម្តាយ តែពេលឃើញគាត់គេចភ្នែកចេញនាងក៏ចាប់ផ្តើមភ័យភ្លាម
« ម៉ាក់ ខ្ញុំមានបានធ្វើអ្វីខុសមែនទេ? » ធម្មតាម៉ូរីសា ជាកូនស្តាប់បង្គាប់ នាងមិនធ្លាប់ជំទាស់ចិត្តម៉ាក់ប៉ានោះទេ ពេលដែលប៉ាហៅទៅជួបបែបនេះគឺមានតែពេលដែលនាងធ្វើអ្វីមួយមិនពេញចិត្តគាត់តែប៉ុណ្ណោះ
« បន្តិចទៀតឯងនិងដឹងហើយ ប្រញាប់ដើរតាមទៅកុំអោយប៉ាឯងចាំយូរ »

ក្រសោបស្នេហ៍ថែបេះដូង [Pause] Where stories live. Discover now