ភាគ ៣០

378 18 3
                                    

     ពេញមួយថ្ងៃដែលម៉ូរីសាជ្រើសរើសនៅសង្ងំម្នាក់ឯងក្នុងបន្ទប់ នាងអង្គុយអោបជង្គង់លើគ្រែសម្លឹងទៅតាមបង្អួចភ្លឹកភ្លាំងទៅក្នុងអន្លង់គំនិតរហូតដល់សម្លេងគោះទ្វារបន្លឺឡើង
តុកៗ
« រីសា? ខ្ញុំចូលទៅបានទេ? » រ៉ៃស្សែលនិយាយឡើងនៅផ្នែកម្ខាងទៀតនៃទ្វារ ម៉ូរីសា ជូតទឹកភ្នែកដែលមាននៅលើថ្ពាល់ទាល់តែអស់ទើបប្រញាប់រត់ទៅបើក
« រ៉ៃស្សែល »
« ខ្ញុំចូលទៅក្នុងបានទេ? » ម៉ូរីសា មិនតបតែងាកខ្លួនទៅម្ខាងបើកផ្លូវអោយអ្នកចំពោះមុខដើរចូលទៅក្នុង
« នាងមករកខ្ញុំមានការអីមែនទេ? »
« ខ្ញុំចង់បបួលទៅទិញរ៉ូប » រ៉ៃស្សែលប្រាប់ទាំងស្នាមញញឹម រៀងរាល់ឆ្នាំនៅថ្ងៃ Christmas ដេរ៉ូប៊េទីស៍ និងធ្វើពិធីជប់លាងធំមួយសម្រាប់អបអរ កូនចៅមិនថាឋានៈខ្ពស់ឬទាបគឺមានសិទ្ធចូលរួមគ្រប់គ្នាទាំងអស់...នេ៎ះបើមិនបានរ៉ៃស្សែលនិយាយនាងប្រហែលភ្លេចបាត់ហើយថាពីធីនិងកើតឡើងបីថ្ងៃទៀត
« ជីមីនដឹងដែរទេ? »
« កុំបារម្ភអីខ្ញុំសុំការអនុញ្ញាតរបស់គេរួចហើយ »
« អូ៎.....បើចឹងខ្ញុំសុំទៅផ្លាស់ខោអាវមួយភ្លែត »
« ខ្ញុំនិងចាំនៅខាងក្រោម »
« អូខេ »
..................

     ពេញមួយថ្ងៃដែលម៉ូរីសា ចំណាយពេលដើរផ្សារជាមួយរ៉ៃស្សែល បន្ទាប់ពីរកបានរ៉ូបដែលត្រូវចិត្តហើយពួកនាងក៏បន្តទៅរកអីញាំនៅហាងអាហារអឺរ៉ុបល្បីឈ្មោះមួយកន្លែង
« ខ្ញុំថារ៉ូបរបស់នាងជីមីនឃើញហើយប្រាកដជាពេញចិត្ត »
« ខ្ញុំសង្ឃឹមបែបនោះទៅចុះ » ម៉ូរីសា ញញឹមមិនសូវសម នាងធ្វើជាកាន់កាំបិតហាន់ស្ទេកនៅក្នុងចានមិនហ៊ាននិយាយអ្វីទៀត
វាគួរអោយខ្មាស់ដែលនាងមានឈ្មោះដល់ទៅគូដណ្តឹងតែបែរជាមិនដឹងថាគេចូលចិត្តអ្វីខ្លះ
« ម៉ូរីសា ខ្ញុំសុំសួរមួយបានទេ? » ពេលនេះសម្លេងរបស់ រ៉ៃស្សែលស្រាប់តែប្រាកដប្រជា នាងដាក់សមស្លាព្រាចុះហើយផ្តោតអារម្មណ៍លើមុខរបស់ម៉ូរីសា នាំអោយនាងតូចមានអារម្មណ៍ប្រុងប្រយ័ត្នឡើងមកភ្លាម
« បាន សួរមកចុះ »
« នាងគិតយ៉ាងណាទៅលើជីមីន? »
« ហេតុអី? »
« ខ្ញុំគ្រាន់តែចង់ដឹងព្រោះពួកនាងជិតរៀបការហើយតែខ្ញុំបែរជាយល់ថាអ្នកទាំងពីរកំពុងមានបញ្ហានិងគ្នាដោះស្រាយមិនទាន់ចេញ »
« ជីមីន និយាយអ្វីប្រាប់នាងឬ? » ម៉ូរីសា ជ្រួញចិញ្ចើមបន្តិច នាងមិនដឹងថារ៉ៃស្សែល និងជីមីន ស្និតស្នាលនិងគ្នាខ្លាំងប៉ុណ្ណា ពួកនាងទើបតែជួបគ្នាបានមួយថ្ងៃប៉ុណ្ណោះ វាមិនអាចទៅរួចដែលរ៉ៃស្សែលមើលធ្លុះភាពមិនចុះសម្រុងរវាងនាងនិងជីមីនបាន កាលដែរសំខាន់សុខៗមកសួរបែបនេះមានចេតនាអ្វីអោយប្រាកដទៅ?
« អត់ទេ ខ្ញុំគ្រាន់តែនិយាយតាមការសង្កេតប៉ុណ្ណោះ »
« នាងស្គាល់ខ្ញុំទើបតែបានមួយថ្ងៃប៉ុណ្ណោះរ៉ៃស្សែល »
« ខ្ញុំស្គាល់នាងច្រើនជាងអ្វីដែលនាងគិតទៅវិញទេ រីសា » ម្នាក់ៗសម្លឹងមើលមុខគ្នា ម៉ូរីសានៅតែមិនយល់ពីបំណងពិតប្រាកដរបស់អ្នកម្ខាងទៀត
« ហេតុអីនាងលើកយករឿងនេះមកនិយាយ វាមិនមែនជាបញ្ហារបស់នាង » ម៉ូរីសា បោះសំណួរចំចំណុចអោយរ៉ៃស្សែលញញឹមបន្តិច
« អ្វីដែលជាបញ្ហារបស់ជីមីន ក៏ជាបញ្ហារបស់ខ្ញុំដូចគ្នា »
« នាងស្រឡាញ់ជីមីន? »
« អត់ទេ តែខ្ញុំដឹងថាជីមីនទុកនាងសំខាន់ប៉ុណ្ណា » មួយមាត់អោយម៉ូរីសាស្ងាត់លែងតប ដៃដែលកាន់សមក៏ទម្លាក់ចុះវិញ
« ព្យាយាមយល់ពីគេបន្តិចទៅម៉ូរីសា គេពិតជាត្រូវការនាង » រ៉ៃស្សែល បន្ថែម
« នាងស្គាល់គេច្បាស់ថ្នាក់នោះ? » ម៉ូរីសា លើកចិញ្ចើមម្ខាងសួរ ការសង្ស័យនៅតែមានដក់ជាប់ក្នុងចិត្តជានិច្ច
« ខ្ញុំធំធាត់ឡើងមកជាមួយគេ ទោះមិនស្គាល់ច្បាស់តែខ្ញុំដឹងល្មមថាគេឆ្លងកាត់អ្វី និងត្រូវការអ្វី »
« គេឆ្លងកាត់អ្វីខ្លះ? » ម៉ូរីសា សួរភ្លែតមិនចាំយូរ នាងត្រូវការចម្លើយ! នាងចង់ដឹងថាអ្វីទៅដែលធ្វើអោយចចកតូចរបស់នាងក្លាយជាមនុស្សបែបនេះ!
« នេះមិនមែនជាសំណួរដែលខ្ញុំគួរឆ្លើយ អ្វីដែលខ្ញុំចង់និយាយនៅថ្ងៃនេះគឺសុំអោយនាងរៀនបើកចិត្តទទួលយកគេខ្លះប៉ុណ្ណោះ »
អោយនាងបើកចិត្តទទួល តែគេខ្លួនឯងបែរជាសាងជញ្ជាំងឃាំងនាងមិនអោយចូលជិត បើបែបនេះអោយនាងធ្វើយ៉ាងណា?
« ជីមីន ជាអ្នកអោយនាងមកនិយាយមែនទេ? » វាជាការស្មាន តែវាក៏ធ្វើអោយអ្នកស្តាប់អស់សំណើច 
« មនុស្សដូចជាជីមីនគ្មានថ្ងៃបើកមាត់និយាយបញ្ហារបស់គេអោយអ្នកណាស្តាប់នោះទេ ផ្ទុយទៅវិញបើថ្ងៃនេះគេដឹងថាខ្ញុំមកសុំអង្វរនាងបែបនេះ គេប្រាកដជាសម្លាប់ខ្ញុំមិនខាន » បបូរមាត់ រ៉ៃស្សែលញញឹមធ្វើដូចជាថាសម្លាប់គ្រាន់តែជាពាក្យលេងសើច
« បើដឹងពីលទ្ធផលហើយ ហេតុអីក៏នៅជ្រើសរើសនិយាយ? »
« ព្រោះខ្ញុំក៏ចង់បានជីមីនពីមុនត្រឡប់មកវិញដែរ....ហើយមានតែនាងប៉ុណ្ណោះដែលអាចធ្វើអោយគេក្លាយជាមនុស្សដូចដើមបាន រីសា »

ពាក្យសម្តីកាលពីថ្ងៃរបស់រ៉ៃស្សែល ធ្វើអោយម៉ូរីសា គិតមិនឈប់ កន្លងមកនាងទទួលស្គាល់ថាបន្ទាប់ពីជួបគ្នាម្តងទៀតនាងមិនបានព្យាយាមយល់ពីជីមីនសូម្បីតែបន្តិច ផ្ទុយទៅវិញនាងតែងតែគិតថាគេជាមនុស្សអាក្រក់គួរអោយស្អប់និងគួរអោយខ្លាច ជាពិសេសការផ្លាស់ប្តូរទាំងស្រុងពីអត្តចរិករបស់គេរឹតតែធ្វើអោយនាងលែងស្គាល់ទៀតថាមនុស្សប្រុសម្នាក់នេះជាអ្នកណា 
« ណេរ៉ូ » ម៉ូរីសា ងាកទៅរកមនុស្សជំនិតដែលអង្គុយនៅលើសាឡុងឆ្ងាយពីខ្លួនគួរសម
« បាទ អ្នកនាង »
« មកអង្គុយទីនេះបន្តិច ខ្ញុំមានរឿងសួរលោក » ទឹកមុខម៉ូរីសា មិនសូវស្រស់ប៉ុន្មាន ទោះជារាងស្ទាក់ស្ទើរតែណេរ៉ូនៅតែព្រមដើរមកតាមបញ្ជា
« អ្នកនាងមានអ្វីឬ? »
« ម្សិលមិញជីមីនផឹកមែនទេ? » ចម្លើយនេះនាងដឹងហើយគ្រាន់តែសួរសាកប៉ុណ្ណោះ
« បាទ »
« ហើយហេតុអ្វីគេមានរបួសនៅលើខ្លួន? » ធម្មតារកស៊ីនៅក្នុងសង្គមងងឹតមានរបួសជារឿងធម្មតា តែមិនថាយ៉ាងណានាងក៏ត្រូវតែដឹងពីមូលហេតុដែលធ្វើអោយគូដណ្តឹងរបស់នាងត្រូវឈឺខ្លួន។
« ចៅហ្វាយមានទម្លាប់មួយ គ្រប់ពេលដែលគាត់ស្មុកស្មាញគាត់និងបបួលគ្នាប្រកួត »
« ប្រកួត? »
« គឺប្រកួតវៃគ្នា....ច្បាប់នៃការប្រកួតគឺត្រូវវៃរហូតដល់វៃលែងកើត »
« មានន័យថាម៉េច? »
« គឺអ្នកចូលប្រកួតគ្មានសិទ្ធឈប់ ទោះមានរបួសក៏ត្រូវតែបន្តរហូតដល់ចៅហ្វាយគាត់ហត់ហើយលែងចង់បន្តទើបអាចឈប់បាន » គ្រាន់តែឮច្បាប់នេះ ម៉ូរីសា ក៏អាណិតអ្នកសំណាងអាក្រក់ដែលត្រូវជីមីន ហៅឡើងលើសង្វៀនមុនទៅហើយ
« គេធ្វើបែបនេះយូរហើយឬ? »  ម៉ូរីសា សួរតែណេរ៉ូមិនតប នាយសម្លឹងមើលមកដោយក្រសែរភ្នែកដែលធ្វើអោយនាងដឹងចម្លើយបានច្បាស់
« ហើយចុះពេលនេះគេនៅឯណា? »

.........................
អរគុណសម្រាប់ការអាន 🤍
៚leefaye

ក្រសោបស្នេហ៍ថែបេះដូង [Pause] Where stories live. Discover now