ភាគ ៥៤

253 12 0
                                    

ក្រឹប!!
ខូឡេន ទាញទ្វារបិតហើយក៏ដើរចូលទៅក្នុងភាពងងឹតបាត់ គេមិនបានទាំងចាប់អារម្មណ៍ផងថានៅក្បែរនោះកំពុងមានក្រសែរភ្នែកមួយគូរសម្លឹងមើលមកដោយភាពសង្ស័យ។

៙វិមានដេរ៉ូប៊េទីស៍
តុកៗ
« ចូលមក »
ក្រាក!!
បន្ទាប់ពីទទួលបានការអនុញ្ញាត អេវែល ក៏បើកទ្វារចូលមក
« ណេរ៉ូ ប្រាប់ថាចៅហ្វាយរកខ្ញុំមែនទេ? »
« កាំមេរ៉ាសុវត្ថិភាពដែលឯងផ្ញើរមកអោយ...វាមានតែប៉ុណ្ណឹងទេ? »
« ហេតុអី ឬចៅហ្វាយគិតថាមានអ្វីទៀត? » អេវែល ជ្រួញចិញ្ចើមសួរវិញ ជីមីន ញញឹមចុងមាត់ ផ្អែកខ្លួនទៅក្រោយសម្លឹងមើលដោយខ្សែរភ្នែកមុត
« វីឌីអូត្រូវបានលុបពាក់កណ្តាល »
« ខ្ញុំមិនដឹងពីរឿងនោះ »
« ចម្លែកមែន ព្រោះវាលុបចំពេលដែលឯងដើរលឹប-ល ទាញចំណាប់អារម្មណ៍ម៉ូរីសា អោយដើរទៅរកល្មម »
« ចៅហ្វាយចង់ថាខ្ញុំមានបំណងល្បួងអោយនាងដើរទៅបន្ទប់ក្រោមដីនោះ? »
« ហ្ហឹស... » ជីមីន ងើបឈរត្រង់ខ្លួនហើយដើរមករក បបូរមាត់ញញឹមមិនរលុប
« ហើយយើងគិតត្រូវដែរទេ? »
« ..... » អេវែលមិនតប នាយឈរស្ងៀមសម្លឹងជីមីន មិនដាក់ភ្នែក
« ឯងមានចេតនាអោយនាងដើរទៅបន្ទប់នោះ ហើយក៏ផ្ញើរវីឌីអូ មកអោយយើងព្រោះឯងដឹងច្បាស់ថាបើយើងឃើញនាងធ្លាក់ក្នុងសភាពបែបនោះ យើងប្រាកដជាចោលគ្រប់យ៉ាងហើយរត់ទៅរក »
« ខ្ញុំមិនដឹងថាចៅហ្វាយនិយាយពីអ្វី » អេវែល តបសម្លេងស្មើរ គេគ្មានភាពខ្លាចញញឺតបង្ហាញអោយឃើញនោះទេ
បឹប!!
ក-អាវស ត្រូវមនុស្សមានអំណាចចាប់ក្របួចទាញទៅរក
« ឯងលួចចូលបន្ទប់របស់យើងដើម្បីអី? » ជីមីន ជម្រិតសួរសម្លេងទាម អេវែល ខាំសាចក្នុងមាត់ណែន
« ខ្ញុំមិនបានចូល »
« កុំអោយយើងនិយាយជាលើកទីពីរអោយសោះ »
« ...... »
« ឯងចូលទៅលួចឯកសាររបស់ហ្គាឡេន មែនទេ? » កែវភ្នែកប្រាក់ចាស់ចាប់ផ្តើមឡើងក្រហម ភាពខឹងក្រោដសាយភាពចេញពីខ្លួនរហូត អេវែល ចាប់ដឹង
« ..... »
« អេវែល!!! »
« បើយើងយកវាយ៉ាងម៉េច!! » អេវែលស្រែកគំហកទៅវិញខ្លាំងៗ រាយកាយញ័រទទ្រឺតព្រោះកំហឹង ជីមីន ខាំថ្កៀមណែន ដៃក្តាប់ក-អាវអ្នកម្ខាងទៀតរឹតតែតឹងរហូតដកសង្ហើមសឹងមិនបាន
« ឯងមានបំណងអី!! ចង់យកទៅអោយដន ហើយបានមុខមាត់មែនទេ?! »
« មែនហើយ យើងចង់បានមុខមាត់ យើងចង់បានការទទួលស្គាល់ បើចឹងពិតមែនវាយ៉ាងម៉េច!! មិនបានមែនទេ?!! » អេវែល បើកភ្នែកធំៗសម្លឹងមុខជីមីន មិនព្រិច តំណក់ទឹកថ្លាដែលនៅក្នុងប្រឡោះភ្នែកសឹងតែស្រក់ចុះមក
« បើឯងចង់បានការទទួលស្គាល់ ឯងត្រូវរកវាមកដោយខ្លួនឯង មិនមែនមកលួចរបស់អ្នកដទៃបែបនេះ!! » ជីមីន តបទៅវិញដោយសម្លេងទាបតាមជើងធ្មេញ
« ចុះពេលដែលឯងលួចគ្រប់យ៉ាងចេញពីយើង ហេតុអីមិនឃើញឯងនិយាយពាក្យនេះ?! »
« .... » អ្នកដែលត្រូវថាអោយប្រែជាស្ងាត់និយាយអ្វីលែងចេញ បានតែខាំធ្មេញក្រឺតក្រកដោយកំហឹងសឹងតែផ្ទុះ
« យើងជាបងរបស់ឯង តែឋានៈយើងប្រៀបមិនបាននិងបាតជើងរបស់ឯងផង....ហេតុអី? ឬមកពីយើងកើតចេញពីស្រីចង្រៃដែលមិនមែនជាពូជអ្នកថ្លៃថ្នូរដូចជាម្តាយឯង?!
« អេវែល!!! »
« យ៉ាងម៉េច?!!! » ម្នាក់ៗគំហកដាក់គ្នាមិនសំចៃ ការឈឺចាប់ដែលមើលឃើញនៅក្នុងកែវភ្នែកពណ៌ទឹកសមុទ្រមួយគូរនោះធ្វើអោយ ជីមីន ញ័រដៃទទ្រឺត
« យើងមិនធ្លាប់ទុកអ៊ំស្រីជាមនុស្សស្រីប្រភេទនោះ »
« អញ្ចឹងឬ? បើចឹងហេតុអីក៏ឯងសម្លាប់គាត់!! ប្រាប់មកមើកហេតុឯងបានជាឯងសម្លាប់គាត់!!! » អេវែល ស្រែកម្តងទៀតនៅចុងប្រយោគ ស្របគ្នានិងទឹកភ្នែកដែលហូរចុះមកដោយការឈឺចាប់
គេឈឺខ្លាំងណាស់ ឈឺស្ទើរស្លាប់ដែលត្រូវទ្រាំមើលម្តាយស្លាប់ដោយមិនអាចធ្វើអ្វីបាន ហើយក៏រឹតតែឈឺទ្វេរដងពេលដែលត្រូវមករស់បម្រើអាប្អូនចង្រៃដែលសម្លាប់ម្តាយគេដោយផ្ទាល់ដៃបែបនេះ!!
« ..... »
« ឆ្លើយមិនចេញមែនទេ? » អេវែល សួរដោយភាពចំអក់ឡកលើយ
បឹប!! ហើយក៏គ្រវាស់ដៃដែលកំពុងចាប់ក-អាវខ្លួនចេញមួយទំហឹង
« ឯងស្អប់ សាលវ៉ាថ័រណាស់ តែធាតុពិតឯងក៏មិនខុសប៉ុន្មានពីគាត់ដែរ » អេវែលឈប់បន្តិច មុននិងដើរទៅរកជីមីន កាន់តែជិត
« ឈប់កុហកខ្លួនឯងថាជាមនុស្សត្រឹមត្រូវទៀតទៅ ជីមីន ដេរ៉ូប៊េទីស៍ ព្រោះមនុស្សអត្មានិយមដូចជាឯង ស្រែកឃ្លានតែអំណាចប៉ុណ្ណោះ »
មួយប្រយោគដូចជាបាតដៃដែលទះកំផ្លៀងអោយនាយស្ពឹកអស់ពេញមួយតួខ្លួន ជីមីន ក្តាប់ដៃណែនសឹងតែបាក់ ចំណែកអេវែល ពេលដែលនិយាយចប់ក៏បែរខ្នងដើរចេញពីបន្ទប់បាត់
ផាំង!!
សម្លេងបិតទ្វារឮលាន់រំពង ពេលនេះបន្ទប់ទាំងមូលត្រឡប់មកស្ងប់ស្ងាត់ម្តងទៀត លើកលែងតែភាពសោកសៅនិងភាពខឹងក្រោដប៉ុណ្ណោះដែលនៅតែបន្តរុំព័ទ្ធកាយមាំមិនទៅណា
« យើងមិនដូចជាប៉ា...យើងគ្មានថ្ងៃដូចគាត់នោះទេ!! »

ព្រឹកថ្ងៃថ្មី
« យប់មិញបាត់ទៅណា?! » នៅតុដែលកំពុងញាំអាហារពេលព្រឹក ដន ក៏ស្រាប់តែសួរ គាត់មិនបានសម្លឹងមក ភ្នែកនៅចាប់អារម្មណ៍ជាមួយកាសែតក្នុងដៃមិនដាក់
« នៅជាមួយម៉ូរីសា » ជីមីន ឆ្លើយតាមត្រង់មិនគិតលាក់ ហើយវាក៏ធ្វើអោយមនុស្សចំណាស់សើចដើម-ក ចេញមកបន្តិច
« មានស្រីក៏ចោលកិច្ចការ អនាគតទៅយើងផ្ញើរ Famiglia ក្នុងដៃឯងបានឬអត់? »
« ខ្ញុំមិនបានចោលកិច្ចការ »
« តែក៏បណ្តោយអោយហ្គាឡេន ដើរបង្ករបញ្ហានៅពីក្រោយខ្នង? » សម្លេងគាត់ប្រែជាប្រាកដប្រជា ដៃទម្លាក់កាសែតចោល ហើយក៏បន្តសម្លឹងមកដោយការប៉ាន់ប្រមាណ
« ឬក៏វាប្រើកូនស្រីរបស់វាមកបន្ទន់ចិត្តឯងអោយព្រមបិតភ្នែកបិតត្រចៀកហើយ? »
« ម៉ូរីសា មិនបានពាក់ព័ន្ធ » ជីមីន ប្រកែកភ្លាមទាំងសម្លេងមិនពេញចិត្ត
« បើចឹងក៏និយាយមកហេតុអីបានជាឯងមិនព្រមធ្វើអ្វី? ឬចាំអោយទឹកផុតច្រមុះសិនទើបស្រវេរស្រវារកទំនប់? »
« ខ្ញុំមានផែនការរបស់ខ្ញុំហើយ ដន មិនបាច់បារម្ភទេ »
« យើងមិនគួរបារម្ភស្រាប់ទៅហើយ តែក្នុងពេលដែល ខាឡូ ត្រូវគេលបសម្លាប់បាន ឯងនៅគិតថារឿងនេះវាធម្មតាទៀតដែរទេ? »
« តែការស្លាប់របស់ខាឡូ នៅមិនទាន់បញ្ជាក់នៅឡើយថាជាស្នាដៃរបស់អ្នកណា »
« ហ្ហឹស » សាលវ៉ាថ័រ សើចដើម-ក សម្លឹងកូនប្រុសដោយការអស់សំណើចបន្តិច
« ឈប់សម្តែងធ្វើល្ងង់ទៀតទៅ យើងដឹងថាឯងកំពុងធ្វើអ្វី » សម្តីនេះធ្វើអោយដៃដែលលើកកែវកាហ្វេមកផឹកនៅទ្រឹងមួយខណៈ
« ខ្ញុំមិនយល់ថាដន ចង់និយាយពីអ្វី »
« ឯងសង្ស័យប្អូនប្រុសរបស់វាមែនទេ? » សាលវ៉ាថ័រ លើកចិញ្ចើមម្ខាងសួរ ជីមីន ក្រេបកាហ្វេរបស់ខ្លួនមួយក្អឹកមុននិងទម្លាក់កែវចុះហើយត្រឡប់មកសម្លឹងមុខឳពុក
« ខ្ញុំមិនចាប់អារម្មណ៍និងរឿងរបស់ពួក ខាវ៉ាល្យេរ៍....បើ ដន អស់កិច្ចការហើយខ្ញុំសុំលាទៅសិនហើយ » និយាយចប់ក៏ងើបឈរពេញកម្ពស់ហើយដើរចេញទៅបាត់
សាលវ៉ាថ័រ មិនឃាត់ តែភ្នែករបស់គាត់នៅតែបន្តតាមសម្លឹងមើលខ្នងរបស់កូនរហូតដល់គេចេញទៅផុត ទើបងាកមកបន្តអាហារពេលព្រឹករបស់ខ្លួនស្ងាត់ៗទាំងខួរក្បាលកំពុងសញ្ជឹងគិតទៅឆ្ងាយ
« គេថាមនុស្សដែលមិនពូកែនិយាយជាមនុស្សដែលមានរឿងនិយាយច្រើនបំផុត....ពេលនេះ ខាឡូ ស្លាប់ហើយ រឿងរ៉ាងជាច្រើនក៏ប្រហែលត្រូវកប់បំបាត់ទៅជាមួយសាកសពរបស់វាដែរ » សុខៗ ដន ក៏ស្រាប់តែនិយាយ
« ឯងថាយើងរស់បានប៉ុន្មានថ្ងៃទៀតទៅ ខេស្ស៍ » ហើយសំណួរចម្លែកដែលគាត់សួរទាំងគ្មានទិសតំបន់ឡើងមកនេះធ្វើអោយម្ចាស់ឈ្មោះភាំងមិនដឹងគួរតបបែបណា
« មិនអីទេ យើងឆ្អែតហើយ ត្រៀមឡានទៅ »
« បាទទាន »

___________________

អរគុណសម្រាប់ការអាន 🤍
រាត្រីសួស្តីណាអ្នកទាំងអស់គ្នា 🥰❤️
៚leefaye

ក្រសោបស្នេហ៍ថែបេះដូង [Pause] Where stories live. Discover now