មេឃចាប់ផ្តើមងងឹត ជីមីនទម្លាក់កន្ទុយបារីដែលជក់អស់ចោលទៅក្នុងធុងសម្រាមបន្ទាប់មកក៏ដើរត្រឡប់ទៅក្នុងវិញ គេត្រូវការរកម៉ូរីសា ពេលនេះនាងប្រហែលជាឃ្លានព្រោះតាំងពីថ្ងៃនាងនៅមិនទាន់បានញាំអីនៅឡើយទេ តែពេលគេចូលទៅដល់ក៏ស្រាប់តែឃើញកាយតូចកំពុងរវល់ឈរចាប់នេះចាប់នោះនៅក្នុងផ្ទះបាយ
« ធ្វើអី? »
« អ្អាស! » សម្លេងដែលស្រាប់តែបន្លឺឡើងដោយមិនអោយដំណឹងមុនធ្វើអោយនាងក្រមុំភ្ញាក់រហូតជ្រុះរបស់ក្នុងដៃចូលក្នុងកន្លែងលាងចានអស់
« ជីមីន!! ហេតុអ្វីចូលមកមិនអោយសម្លេង ឃើញទេរបស់កំពប់អស់ហើយ » ម៉ូរីសាបើកភ្នែកធំៗងាកមកថាអោយដោយមិនសំចៃ ហើយពេលត្រឡប់ទៅសម្លឹងសសៃមីដែលជ្រុះប្រឡាក់អស់នោះទៀតនាងក៏កាន់តែខឹង
« នាងឆាមី? » ជីមីន ដើរទៅអើតមើល ម៉ូរីសាក៏ឈរជ្រែងចង្កេះសម្លក់តែនាយធ្វើជាបានឃើញ
« បើកំពប់ទៅហើយ ក៏ចេញទៅញាំខាងក្រៅទៅ » គេនិយាយងាយៗ តែនាងដែលជាអ្នកធ្វើបែរជាយល់ថាគេគួរអោយចង់ទះពីរបីដៃខ្លាំងណាស់
« តែនេះជាកម្លាំងញើសឈាមរបស់ខ្ញុំ »
« យ៉ាងម៉េច ឬថាចង់ទៅកើបមកញាំវិញ? » ជីមីន បញ្ជោះ ម៉ូរីសាខឹងមុខឡើងក្រហមអស់ នាងមិនដែលធ្វើម្ហូបអោយអ្នកណា គេជាមនុស្សដំបូងហើយក៏ធ្វើអោយនាងខាតបង់កម្លាំងអត់អំពើទៀត
« លោកធ្វើអោយវាកំពប់ ខ្ញុំនិងកើបអោយលោកញាំនោះអី. » មិននិយាយតែមាត់ដៃក៏លូកទៅច្បាមមីមួយក្តាប់ប្រុងនិងញុកមាត់គេទៅហើយ តែអ្នកកម្លោះរហ័សចាប់ដៃនាងជាប់មុន
« អាយុប៉ុន្មានហើយ លេងដូចជាកូនក្មេងទៅកើត » គេចាប់ដៃនាងទៅរលាក់ក្នុងកន្លែងលាងចានរហូតសសៃមីជ្រុះអស់ ទឹកមុខក៏មាំសម្លឹងមកដោយការបន្ទោស
« លោកជាអ្នកបញ្ឈឺខ្ញុំមុនទេ »
« ឮប៉ានាងសសើរមិនឈប់ថាសុភាពទន់ភ្លន់ តែនេះស្អី ត-សម្តីមិនប្រមាណខ្លួន ក្រែងខ្លាចយើងណាស់មិនមែនឬ?! » ជីមីន ស្តីអោយវែងអន្លាយ ម៉ូរីសាខាំមាត់សម្លក់មិនតបទើបនាយដកដង្ហើមធំហើយបើកទឹកលាងដៃអោយ
« ធ្វើអ្វីមិនចេះគិត មីក្តៅនៅហុយផ្សែងបែរជាយកដៃទៅចាប់ ឃើញទេឡើងក្រហមអស់ហើយ »
« លោកចេះរអ៊ូតាំងពីពេលណា ក្រែងធម្មតាស្ងប់ស្ងាត់ណាស់មែនទេ ហេតុអ្វីថ្ងៃនេះនិយាយច្រើនមិនឈប់ រអ៊ូដូចជាមនុស្សចាស់! » ពេលត្រូវថាអោយវិញ ជីមីនអត់មិនបាននិងងាកមកសម្លឹងមុខ តែស្រីជើងល្អបែរជាបែរជាម្ខាងធ្វើឫកហំ
« នាងតមាត់ច្រើនពិតមែន យើងស្រួលជាមួយនាងពេកឬអត់? » គេចាំថាថ្ងៃតំបូងៗដែលជួបគ្នា នាងឃើញគេហើយស្លេកមុខស្លេកមាត់យំទឹកភ្នែកកក្លេកក្លាក់ ហើយឥឡូវយ៉ាងម៉េចឈប់ខ្លាចហើយទើបហ៊ានតមាត់មិនឈប់បែបនះ?!
« បានហើយលែងដៃខ្ញុំ » ម៉ូរីសា កញ្ឆក់ដៃមកវិញ ភ្នែកមើលហួសអ្នកកម្លោះទៅរកសាកសពមីដោយការស្តាយស្រណោះ
« ខ្ញុំទើបតែចាប់មីដាក់ចាន បើលោកមិនមកស្ងាត់ៗអោយខ្ញុំភ្ញាក់ពេលនេះប្រហែលបានញាំបាត់ទៅហើយ »
« រៀបចំខ្លួនទៅយើងទៅញាំអីខាងក្រៅ » នាយនិយាយតែប៉ុណ្ណឹង ហើយក៏ដើរចេញទៅបន្ទប់ទទួលភ្ញៀវវិញ
« លោកចេញទៅញាំអីខាងក្រៅដោយគ្មានអង្គរក្សបានដែរឬ? » ម៉ូរីសា ឆ្ងល់ព្រោះតាមធម្មតាសត្រូវរបស់ Famiglia មានច្រើនហើយជីមីនជាអនាគតដន គ្រោះថ្នាក់គឺនៅចាំយាយីគេគ្រប់ពេលវេលា បើគ្មានអ្នកការពារបែបនេះ ហើយជ្រុលទៅជួបសត្រូវដោយចៃដន្យនោះគិតយ៉ាងម៉េច
« សេចក្តីស្លាប់គ្មានអ្នកណាអាចគេចផុត វាមានតែមុននិងក្រោយប៉ុណ្ណោះ យកអ្នកការពារតាមខ្លួនច្រើនក៏គ្មានប្រយោជន៌ដែរ » មាត់និយាយដៃកាន់សោរឡានហើយដើរទៅរកទ្វារជណ្តើរយន្ត
« លោកមិនខ្លាចស្លាប់ទេឬ? » ម៉ូរីសា រត់ទៅយកអាវក្រៅរបស់ខ្លួនមកពាក់ហើយដើរទៅតាមគេប្រកិត
« អត់ទេ » គេឈប់បន្តិច មុននិងបែរមកប្រឈមមុខនិងនាង
« កើតមកក្នុងថ្លុកឈាម ស្លាបទៅវិញក៏ក្នុងថ្លុកឈាម វាជាកិត្តិយសរបស់យើងដែលបានបម្រើសម្ព័ន្ធ តែនាង... » ម្រាមដៃមាំលើកមកអង្អែលមុខ-ស ថើរៗ
« យើងមិនអោយនាងស្លាប់ក្នុងថ្លុកឈាមដូចជាយើងនោះទេ ម៉ូរីសា »
« ព្រោះខ្ញុំមិនមែនជា made man ឬ? »
« ព្រោះនាងជាមនុស្សស្រីរបស់យើងទៅវិញទេ » ជីមីន ញូចចុងមាត់បន្តិចរួចក៏ទម្លាក់ដៃចុះវិញ
« ពួកយើងទៅបានហើយ » គេប្តូរមកចាប់ដៃរបស់ម៉ូរីសា ហើយដើរចូលទៅក្នុងជណ្តើរយន្តជាមួយគ្នា ឫកពារផ្ទុយស្រឡះធ្វើដោយគ្មានការសន្ទនាមុននេះកើតឡើង។
នៅក្នុងជណ្តើរយន្តស្ងាត់គ្មានអ្នកនិយាយអ្វី ម៉ូរីសាសម្លឹងមើលមុខសង្ហារបស់អនាគតស្វាមីមិនដាក់ នាងក្រឡេកចុះទៅមើលដៃដែលកំពុងដៃរបសខ្លួនហើយបេះដូងក៏ស្រាប់តែលោតញាប់ចម្លែក
ពេលនៅក្នុងបន្ទប់សម្ងាត់គេធ្លាប់សន្យាថានិងការពារនាង បន្ទាប់មកគេក៏ការពារនាងពីការដាក់ទោសរបសប៉ាទាំងដែលវាអាចមានផលប៉ះពាល់ដល់តំណែងរបស់គេ ហើយពេលនេះក៏និយាយថានិងមិនព្រមបណ្តោយអោយនាងស្លាប់ក្នុងថ្លុកឈាមព្រោះនាងជាមនុស្សស្រីរបស់គេទៀត
គេពិតជាខ្វល់ខ្វាយពីនាងពិតមែនឬ?
« លោកនិងមិនបណ្តោយអោយមានរឿងអ្វីចំពោះខ្ញុំពិតមែនឬ? » នាងស្អប់ចម្ងល់ព្រោះវាធ្វើអោយមានអារម្មណ៍ដូចជាត្រូវខ្ទប់ច្រមុះមិនអោយដង្ហើម បើបានចម្លើយនៅពេលនេះខួរក្បាលនាងអាចនិងមិនសូវគិតច្រើនក៏ថាបាន
« យើងធ្លាប់សន្យានិងនាងរួចហើយ ហើយយើងក៏មិនមែនជាមនុស្សមិនគោរពពាក្យសម្តីរបស់ខ្លួនឯងដែរ » ទឹកមុខរបស់គេពោរពេញដោយភាពប្រាកដប្រជាពេលដែលសម្លឹងមក
« អរគុណ » ម៉ូរីសាតបពាក្យចេញពីចិត្ត អារម្មណ៍នៅពេលនេះត្រូវទទួលស្គាល់ថាពិតជាជ្រួលជ្រាបនិងពាក្យសម្តីរបស់គេពិតមែន
មនុស្សជាច្រើននិហាយថាជីមីន ដេរ៉ូប៊េទីស៍ ជាមនុស្សប្រុសអត្មានិយម គេឃោឃៅ ហើយក៏គិតតែពីខ្លួនឯង តែថ្ងៃនេះគេបែរជាធ្វើអោយនាងយល់ថាជួនកាលនៅក្នុងខ្លួនបិសាចដែលគួរអោយខ្លាចមួយនោះប្រហែលជាមិនមែនពោរពេញដោយភាពខ្មៅងងឹតទាំងអស់នោះទេ
ជួនកាលនាងអាចធ្វើអោយគេល្អជាមួយនាងបានច្រើនជាងនេះក៏ថាបាន ព្រោះត្រឹមប៉ុន្មានថ្ងៃដែលបានជួបគ្នានាងក៏អាចមើលឃើញទៅហើយថាចំពោះមុខមនុស្សគ្រប់គ្នានិងពេលនៅតែពីរនាក់នាងគេប្រែប្រួលដូចជាមនុស្សពីរផ្សេងគ្នាយ៉ាងណា
ប្រហែលវាជាការពិតដែលជីមីនពិតជាបារម្ភ និងខ្វល់ខ្វាយពីនាងពិតមែន៚leefaye
STAI LEGGENDO
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanfictionអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...