ពួកគេចេញឡានពីចំណតក្រោមដី នៅតាមផ្លូវគ្មានអ្នកណានិយាយអ្វីក្រៅពីអង្គុយស្ងៀមរហូរពេលឡានឈប់ព្រោះភ្លើងស្តុបក្រហមទើបជីមីនងាកមកសម្លឹងនាង
« មិនសួរទេឬថាយើងនាំនាងទៅណា? »
« លោកនាំខ្ញុំទៅណា? » ម៉ូរីសាសួរគ្មានចេតនាផ្គើនតែអ្នកស្តាប់បែរជាញោចមាត់ញញឹមបន្តិច ព្រោះគិតថានាងនៅខឹងរឿងមីមិនទាន់បាត់
« យើងនាំនាងទៅហាងអាហារដែលយើងឧស្សាហ៍ទៅ »
« អញ្ចឹងឬ? » ម៉ូរីសាចង្ហរមាត់ភ្ញាក់ផ្អើលបន្តិច ជីមីនក៏បន្ត-តប
« គ្រប់ពេលដែលមក អាល់បានី យើងទៅញាំតែទីនោះប៉ុណ្ណោះ »
« លោកឧស្សាហ៍ទៅបែបនេះ គិតថាហាងប្រហែលមិនអន់ទេ » នាងគិតថាគេប្រហែលជានាំទៅញាំនៅហាងអាហារផ្កាយប្រាំតម្លៃរាប់រយ តែផ្ទុយទៅវិញឡានបែរជាបើកមកចតនៅចំណតសាធារណៈ ជីមីនចុះមកបើកទ្វារអោយម៉ូរីសាចេញបន្ទាប់មកក៏កាន់ដៃនាងដើរទៅរកហាងតូចៗតាមចញ្ចើមខ្នល់ដែលសុទ្ធតែជាប្រភេទអាហារអាស៊ី
« មកដល់ហើយ » ពេលនេះពួកនាងកំពុងឈរនៅចំពោះមុខហាងអាហារឥណ្ឌា ជីមីនងាកមកប្រាប់ហើយក៏ដើរទៅបើកទ្វារហាងអោយ
« មនុស្សច្រើនខ្លាំងណាស់ » ម៉ូរីសា ភាំងព្រោះចូលមកជួបនិងមនុស្សណែនតាន់តាប់ អ្នកខ្លះឈរជាជួររងចាំយកអាហារកម៉្មង់ ហើយអ្នកខ្លះទៀតក៏កំពុងអង្គុយញាំ នាងមើលមិនឃើញមានតុទំនេរនោះទេ
« យើងមានកន្លែងអង្គុយដែរឬ? » ជីមីន មិនបានឆ្លើយតែគេបន្តអូសដៃម៉ូរីសារហូតទៅដល់ក្រោយហាងដែលមានតុអង្គុយច្រើនតុទៀត
« នៅទីនេះភ្ញៀរច្រើនទើបម្ចាស់ហាងត្រូវទម្លាយថែមតុមកក្រោយ...យើងចូលចិត្តអង្គុយនៅទីនេះព្រោះវាមិនសូវរញ៉េរញ៉ៃដូចនៅខាងមុខ » គេបកស្រាយ អ្នកបម្រើអាហារដែលកំពុងឆ្លេឆ្លាលើកអាហារអោយភ្ញៀវពេលក្រឡេកមកឃើញជីមីន ក៏ប្រញាប់ញញឹមស្រស់ហើយដើរនាំផ្លូវពួកនាងទៅអង្គុយតុមួយនៅក្បែរជញ្ជាំង។
នៅខាងក្រោយរៀបចំខុសពីខាងមុខ តុដែលអង្គុយគឺនៅកៀកៗគ្នាហើយទាបៗ អ្នកញាំត្រូវអង្គុយលើពូកស្តើងដែលដាក់លើការ៉ូ មួយតុគឺអង្គុយបានតែ២ទៅ៤នាក់ប៉ុណ្ណោះ
ម៉ូរីសាជ្រើសរើសអង្គុយបែរខ្នងផ្អែកនិងជញ្ជាំង នាងដាក់ខ្លួនពែនភ្នែន ក្នុងពេលតែមួយក៏ចាប់អារម្មណ៍ថាភ្ញៀវប៉ុន្មាននាក់ដែលនៅក្បែរតុសម្លឹងមើលជីមីនមិនដាក់ភ្នែក ប្រហែលជាកំពុងចាប់អារម្មណ៍ហើយថាប្រុសសង្ហាម្នាក់នេះជាអ្នកណា តែប្រាកដណាស់អ្នកកម្លោះមិនបានខ្វល់ គេគ្រាន់តែដាក់គូទអង្គុយភ្លាមមនុស្សប្រុសដែលនៅក្បែរក៏ប្រញាប់ខិតចេញអោយឆ្ងាយទុកប្រឡោះយ៉ាងធំអោយ ធ្វើអោយម៉ូរីសាអត់ឆ្ងល់ថាពួកគេមានដឹងឬអត់ថាជីមីនជាអ្នកណា ឬខិតទៅក៏ព្រោះបង្ហាញការសមរម្យ?
« មិនធ្លាប់មកកន្លែងបែបនេះឬ? » ជីមីនបង្ហើបសំណួរបន្ទាប់ពីកម៉្មងអាហារនិងរបស់ផឹកអោយខ្លួននិងម៉ូរីសារួច គេចាប់អារម្មណ៍ដឹងថានាងមើលទៅភាំងៗហើយក៏ព្យាយាមធ្វើខ្លួនមិនអោយមើលទៅរឹងពេកទាំងដែលក្រសែរភ្នែកពណ៌ត្នោតមួយគូរនោះសម្លឹងជុំវិញខ្លួនដោយភាពចម្លែកចិត្ត
« ហេតុអី ខ្ញុំបង្ហាញច្បាស់ថ្នាក់ហ្នឹងឬ? »
« នាងមើលទៅភ្ញាក់ផ្អើល »
« ខ្ញុំគ្រាន់តែមិនគិតថាមនុស្សដូចជាលោកចូលចិត្តអាហារបែបនេះ » ត្រង់នេះនាងនិយាយខ្សឹបបន្តិច យ៉ាងណាបើអោយអ្នកនៅក្បែតុឮមិនមែនជារឿងល្អទេ ព្រោះនាងគ្មានន័យមើលងាយអាហារឬការតុបតែងរបស់ហាងឡើយ ផ្ទុយទៅវិញនាងស្រម៉ៃចង់មកកន្លែងបែបនេះយូរមកហើយ
« មនុស្សដូចជាយើងយ៉ាងម៉េច? » ជីមីន លើកចិញ្ចើមសួរ
« គឺថ្លៃថ្នូរ ប្រកាន់ខ្លួន ហើយក៏ឫកពារញាំតែអាហារចុងភៅលំដាប់ បើអោយយកទៅប្រាប់អ្នកដទៃថាលោកមកអង្គុយញាំអីនៅទីនេះ គ្រប់គ្នាប្រាកដជាមិនជឿ »
« នោះមិនមែនជាការពិត អេវែល និងណេរ៉ូ ដឹងថាយើងចូលចិត្តកន្លែងនេះ »
« នោះព្រោះគេជាជំនិតរបស់លោក » គឺកូនចៅដែលត្រូវដើរតាមគ្នាគ្រប់ពេលមិនអោយដឹងបានយ៉ាងម៉េច
« យើងជាមនុស្សមានមាត់ របស់ណាដែលយើងចូលចិត្តយើងនិងញាំរបស់នោះ ហេតុអីត្រូវខ្វល់ពីសម្តីអ្នកដទៃ »
« ខ្ញុំមិនបានមានន័យអោយលោកខ្វល់ពីសម្តីអ្នកដទៃ »
« ហើយន័យរបស់នាងគឺ... » គេឈប់រងចាំអោយនាងបំពេញចន្លោះ តែម៉ូរីសាដកដង្ហើមមួយពេញពោះហើយបិតមាត់ងាកទៅម្ខាងខ្ចិលរវល់និងគេទៀត យ៉ាងណាក៏និយាយមិនឈ្នះឈប់ត្រឹមហ្នឹងគឺល្អហើយមុនពេលនាងនិយាយអ្វីដែលមិនគួរនិយាយនៅចំពោះមុខអ្នកនៅទីនេះ
« ស្ងាត់មាត់ហើយ? » ជីមីននៅមិនព្រមឈប់ គេមានចេតនាញោះច្បាស់ណាស់
« ខ្ញុំឃ្លាន » ម៉ូរីសា ប្តូរប្រធានបទ ដៃលើកអោបពោះទាំងទឹកមុខមិនរីក តាំងពីព្រឹងមកដល់ស្មានេះនាងមិនទាប់បានអ្វីចូលពោះមួយមាត់ទេ
« បន្តិចទៀតបានអាហារហើយ »
ហើយការពិតខុសពីអ្វីដែលជីមីននិយាយខ្លាំងណាស់ ពួកនាងត្រូវរងចាំមួយម៉ោងជាងទៀតទម្រាំតែអាហារលើកមកអោយ ព្រោះមនុស្សច្រើនចុងភៅធ្វើមិនទាន់បុគ្គលិកបានតែសុំទោស ភ្ញៀវខ្លះក៏ចេញទៅអស់ទាំងមិនទាន់បានអាហារ ធ្វើអោយពេលនេះនៅខាងក្រោយនេះមិនសូវមានមនុស្សប៉ុន្មានទេ
« ញាំរបស់នេះគេមិនប្រើស្លាបព្រាទេ » ម៉ូរីសា ធ្វើមុខស្លឺ នាងសម្លឹងបាយចំពោះមុខហើយក៏មីងមាំង ក្រែងបាយត្រូវញាំជាមួយស្លាបព្រាមិនមែនឬ?
« គេប្រើដៃបែបនេះ » ជីមីន លើកដៃស្តាំរបស់ខ្លួនមកបង្ហាញ ម៉ូរីសាមើលគេលាងដៃនិងទឹកក្នុងចានដែលអ្នកបម្រើយកមកអោយ បន្ទាប់មកក៏មើលគេហែក garlic naan ទៅជ្រលក់និង chicken tikka masala ហើយហុចមកអោយ នាងនៅស្ងៀមមិនដឹងថាគួរធ្វើយ៉ាងម៉េច
គេចង់បញ្ចុកនាងឬ?
« នៅទ្រឹងដល់ណា ហាមាត់ » អ្នកកម្លោះជ្រួញចិញ្ចើមបន្ទោសតិចៗ ម៉ូរីសាក៏បានតែហារតាមបញ្ជារបស់គេ
ហើយមួយមាត់ចូលទៅក្នុងមាត់ធ្វើអោយនាងតូចបើកភ្នែកធំសម្លឹងមុខសង្ហា មុននិងទម្លាក់ភ្នែកមករកចានម្ហូបជាច្រើនដែលនៅចំពោះមុខ ដៃខ្ទប់មាត់មិនចង់ជឿព្រោះវាឆ្ងាញ់ខ្លាំងណាស់ នាងសឹងតែស្រក់ទឹកភ្នែកទៅហើយ
« យ៉ាងម៉េចដែរ? » ឃើញប្រតិកម្មរបស់នាងជីមីនក៏សួរទាំងអស់សំណើចតិចៗ បបូរមាត់ក្រាស់ញញឹមជាប់ ឯមុខក៏ស្រស់ស្រាយមិនមាំដូចជារាល់ដង
« ឆ្ងាញ់ខ្លាំងណាស់ » មិននិយាយតែមាត់ ថែមទាំងលើកមេដៃពីរអោយទៀតផង
« នាងមិនដែលញាំទេឬ? »
« អត់ទេ មិនដែល »
« បើចូលចិត្តក៏ញាំបន្តទៅ ទុកអោយត្រជាក់មិនឆ្ងាញ់ទេ » ម៉ូរីសា ងក់ក្បាលផ្ងក់ៗរំភើបដូចកូនក្មេងបានស្ករគ្រាប់ នាងលាងដៃហើយញាំដោយមិនគិតច្រើនថារូបភាពគេមើលមកល្អឬអត់
អ្នកណាខ្វល់ ប៉ាម៉ាក់មិនបាននៅទីនេះចាំដាក់ទោសនោះទេ ពេលនេះមានតែជីមីន គេមិនប្រកាន់ហើយនាងក៏គ្មានអ្វីត្រូវខ្មាស់ដែរ៚leefaye
YOU ARE READING
ក្រសោបស្នេហ៍ថែបេះដូង [Pause]
Fanfictionអតិតកាលដប់ឆ្នាំមុននៅតែតាមលងបន្លាចម៉ូរីសារហូតដល់ថ្នាក់នាងមិនហ៊ានប្រឈមមុខនិងកែវភ្នែកពណ៌ប្រាក់មួយគូរនោះ។ មនុស្សស្រីដទៃអាចនិងលង់ចង់បានមនុស្សប្រុសដែលមានទាំងព្រមដូចជាជីមីនមកគ្រប់គ្រង តែនាងដឹងច្បាស់ថាអំណាច ភាពជាអ្នកប្រម៉ាញ់ និងមន្តស្នេហ៍អាថ៌កំបាំងទាំងនោះមិ...